ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី5 មករា 2016, 12:11 PM
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធីទូរស័ព្ទដៃ(Appទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាពរបស់លោក ប្រវត្តិរូបនិងការចុះឈ្មោះគាំទ្ររូបលោកជាដើម។
លោក ហ៊ុន សែន ដែលបច្ចុប្បន្នកំពុងសកម្មនឹងការប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក បានក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួចបំផុតដែលបានប្រើប្រាស់បច្ចេកវិទ្យានេះមួយនេះ។ កាលពីខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានដាក់ឲ្យប្រើប្រាស់នូវAppទូរស័ព្ទរបស់លោក។ ចំណែកកាលពីខែមីនា ឆ្នាំ២០១៥ ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ប្រធានាធិបតី លោកXi Jinping។ ចំណែកសហរដ្ឋអាមេរិកវិញបានបើកឲ្យមានកម្មវិធីទូរស័ព្ទរបស់ប្រធានាធិបតី តែមិនមែនសម្រាប់បុគ្គលប្រធានាធិបតីណាមួយនោះទេ។
លោក ហ៊ុន សែន ដែលសកម្មនឹងហ្វេសប៊ុកមួយរយៈពេលចុងក្រោយនេះ បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃចន្ទថា៖ “ខ្ញុំមានសេចក្តីរីករាយសូមជូនដំណឹងដល់ជនរួមជាតិនិងសាធារណជនថា ក្រៅអំពីFacebookគឺខ្ញុំមានWeb SiteនិងAppផ្ទាល់ខ្លួនមួយបន្ថែមទៀត ដែលពេលនេះអាចទាញមកទុកក្នុងទូរស័ព្ទដៃ(Download)សម្រាប់ទូរស័ព្វប្រភេទAndroid ។ សម្រាប់iOSគឺនឹងដាក់អោយ Download នៅពេលឆាប់ៗខាងមុខនេះ”។
លោក ហ៊ុន សែន ក៏បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួនមួយមានឈ្មោះថាwww.samdechhunsen.gov.kh។ បើតាមគេហទំព័រនិងកម្មវិធីទូរស័ព្ទនោះ មានការនិយាយពីប្រវត្តិរបស់នាយករដ្ឋមន្រ្តី ការវិនិយោគនៅកម្ពុជានិងមានការបំពេញព័ត៌មានដើម្បីគាំទ្រនាយករដ្ឋមន្រ្តី ដោយមានដាក់ឈ្មោះអាយុ ភេទ និងលេខទូរស័ព្ទផងដែរ។

ក្នុងពិធីសម្ពោធស្ពានអាកាស៥មករា ដែលគេស្គាល់ថាស្ពានតិចណូ លោក ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានថ្លែងថា៖ “ហ៊ុន សែន បើមិនលេងគឺមិនលេងទេ បើបានតែជ្រុលលេង គឺថាមានអ្ហែងមទាំងពីកប៉ាល់ហោះថតពីលើ។ …អាហ្នឹងឲ្យដឹងថាម៉េចទៅហ៊ុន សែន ហ្នឹង។ មិនលេង អញមិនខ្ចីលេង”។ លោកបញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់ណា យើងទៅដល់ហ្នឹង។ អាហ្នឹងនិយាយតាមមួយបែបអញ្ចឹងហ្មង។ កុំឲ្យអ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយកអាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេលដំណាក់កាលមួយ សូមឲ្យពួកអ្នកធ្វើវិភាគ ចេញមកវិភាគឡើងវិញ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។
កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៥ លោក ហ៊ុន សែន បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោកបន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថាហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមានអ្នកចុចចូលចិត្តទៅដល់ជិត១លាន៧សែន៥ម៉ឺននាក់ ចាប់តាំងពីលោកបានប្រកាសប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ លោកបានប្រើប្រាស់ប្រព័ន្ធនេះជាញឹកញាប់តាមរយៈការបង្ហោះសារនយោបាយ រូបភាពនិងការផ្សាយផ្ទាល់សកម្មភាពរបស់លោក។ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ៣លាននាក់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ចុះឈ្មោះគាំទ្រ នឹងបានរង្វាន់ ជាសម្ងាត់ ! បើ ហៅ ប្រជុំ បានលុយ បានសារុង បានប៊ីចេង !
អត់ចាប់អារម្មណ៏ មនុស្សចង្រៃ ប្រទេសមួយហ្នឹង