​គ​.​ជ​.​ប បន្ត​ពិនិត្យ​សម្រាំង​យក​បេក្ខជន​សម្រាប់​ដំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​​

ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី5 មករា 2016, 05:47 PM​
http://vodhotnews.com

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​បន្ត​ពិនិត្យ​លើ​ឯកសារ​បេក្ខជន​ឈរឈ្មោះ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​បន្ត​ទៀត​នៅ​ព្រឹក​ស្អែក ដើម្បី​សម្រាំង​យក​បេក្ខជន​ឈរឈ្មោះ​ជា​អគ្គលេខាធិការ​៣​រូប និង​អគ្គលេខាធិការរង​ចំនូ​ន​១២​រូប បន្ទាប់​ពី​ការប្រជុំ​នា​រសៀល​នេះ​ពុំ​ទាន់​មាន​ការសម្រេចចិត្ត​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ការប្រជុំ​ពិនិត្យ​សម្រាំង​បេក្ខជន​ទាំងអស់​នៅ​រសៀល​នេះ​ថា ការពិនិត្យ និង​សម្រាំង​យក​បេក្ខជន​៣​នាក់​សម្រាប់​ឈរ​ជា​អគ្គលេខាធិការ និង​១២​នាក់​ឈរ​ជា​អគ្គលេខាធិការរង ត្រូវការ​ពេល​ច្រើន​ដោយសារតែ គ​.​ជ​.​ប ត្រូវ​ពិនិត្យ​ឲ្យបាន​ល្អិ​ល្អន់​ពី​លក្ខណៈសម្បត្តិ​របស់​បេក្ខជន​ម្នាក់ៗ​។ លោក​ឲ្យដឹង​ដែរថា បេក្ខជន​ដែល​កំពុង​ត្រូវ​បាន​ពិនិត្យ​នេះ​គឺ មាន​លក្ខណៈសម្បត្តិ​ប្រហាក់ប្រហែលគ្នា ដែល​លោក​ថា ធ្វើឲ្យ​គ​.​ជ​.​ប ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការវិនិច្ឆ័យ​។

​លោក​បន្ថែមថា​៖ “​យើង​គ្រាន់តែ​ថា​ពិនិត្យ​ឲ្យបាន​ជាក់ច្បាស់​…​ទី​មួយ​យើង​ផ្ទៀតផ្ទាត់​នៅ​នឹង​ការ​ពិត ទី​ពីរ​យើង​មាន​ការ​ផ្គូរ​ផ្គង​គ្នា​ពិនិត្យ​ទៅនឹង​ឆ្នាំ​(​បម្រើ​)​ការងារ ពិនិត្យ​បទពិសោធន៍​(​ការងារ​)…​មាន​ការពិបាក​ដោយសា​រ​ខ្លះ​(​បេក្ខជន​)​មាន​(​បទពិសោធន៍​)​ប្រហាក់ប្រហែល​គ្នា​ពេក​អ៊ីចឹងទៅ​”​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា នីតិវិធី​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល ខែ​មករា ឆ្នាំ​២០១៦​នេះ​។ លោក​បន្ថែមថា ប្រធាន គ​.​ជ​.​ប មាន​សិទ្ធិ​ស្នើ​ឈ្មោះ​បេក្ខជន​ដែល​ឈរ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​មកកាន់​សមាជិក​របស់ គ​.​ជ​.​ប​។ លោក​បន្តថា បេក្ខជន​ដែល​នឹង​ត្រូវ​ក្លាយជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ត្រូវ​ទទួល​បាន​ការឯកភាព​ពី​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​។​

​លោក​បន្ថែម​ទៀត​ថា បើសិន​ជា​បេក្ខជន​ដែល​ប្រធាន​ស្នើ​មក​ហើយ តែ​មិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិក គ​.​ជ​.​ប ទេនោះ  គ​.​ជ​.​ប ត្រូវ​អនុវត្ត​នីតិវិធី​ជ្រើសរើស​ដំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​បន្តទៀត ហើយ​ក្នុង​រយៈពេល​នេះ អគ្គលេខាធិការ​ចាស់​នឹង​នៅតែ​បំពេញ​កិច្ចការ​របស់​ខ្លួន​ដដែល​។​

​បើ​តាម​លោក ហង្ស ពុទ្ធា បេក្ខជន​ឈរឈ្មោះ​សម្រាប់​ដំណែង​អគ្គលេខា​ធី​ការ​មាន​ដូចជា លោក ទេព នីថា អគ្គលេខាធិកា​រគ​.​ជ​.​ប បច្ចុប្បន្ន លោក យ៉ា ណាវុ​ធ ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា លោក រុន សារាយ ជា​មេធាវី និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និង​លោក ឡុង ឡេង នាយក​អង្គការ​សកម្មភាព​ដើម្បី​សុខភាព​ជា​ដើម​។ ចំណែក​បេក្ខជន​សម្រាប់​ដំណែង​អគ្គលេខាធិការរង​មាន​ដូចជា​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក លោក នាង សាវ៉ាត អ្នកសម្របសម្រួល​របស់​សមាគម​អាដហុ​ក​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក គឹម ឈន អ្នកសម្របសម្រួល​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល និង​លោក សុ តុលៈ​ទី​ប៉ោ អគ្គលេខាធិការរង គ​.​ជ​.​ប បច្ចុប្បន្ន​ជា​ដើម​។​

គួរបញ្ជាក់​ថា សមាសភាព​របស់​សមាជិក គ​.​ជ​.​ប មាន​៤​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​១​រូប​មក​ពី​សង្គម​ស៊ីវិល​៕

​សូម​សរសេរ​មកកាន់ លោក ទូច សុខា តា​មេ​យៈ sokha@vodhotnews.com 

What Next?

Recent Articles

One Response to "​គ​.​ជ​.​ប បន្ត​ពិនិត្យ​សម្រាំង​យក​បេក្ខជន​សម្រាប់​ដំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​​"

  1. Judge says:

    សូមមេត្តាកុំយល់ ថា មានតែលោក ទេព នីថា ដែលមានសមត្ថភាព ក្នុងកិច្ចការងារ ក្នុងការបោះឆ្នោត។ រាស្ត្រខ្មែរ ទទូចឲយមានការកែប្រែ គណកម្មាធិការបោះឆ្នោតទាំងស្រុង។
    បើយល់ថាគ្មានលោក ទេព នីថា គណកម្មការបោះឆ្នោតមិនអាចធ្វើបាន នោះបានសេចក្តីថា គណកម្មការទាំង ៩ រូប គ្មានសមត្ថភាពក្នុងកាតព្វកិច្ច ពិសេសគឺឆន្ទៈរបស់រាស្ត្រគែជាប្រធានបថនៃប្រជាធិបតេយ្យ។
    សំនៀង