Thu, 7 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ផ្ទុះមតិរិះគន់របស់មហាជនជុំទិសឡើងផ្អើលពេញបណ្តាញសង្គមពីឈុតកំប្លែង នាយក្រូចឱបនាងភីម ផ្ដេកផ្ដួលពពាក់ពពូន រមៀលគ្នាដូចថ្លាន់លេបចំណីលើឆាកថា ខ្វះសីលធម៌ មិនក្រែងចិត្តប្ដីផងនោះ ក្រុមកំប្លែងពែកមី ដែលកំពុងកាក់កប ក៏រងការរិះគន់បន្ថែមថា ខ្វះការអប់រំ ខ្វះសីលធម៌ មានតែភាសាស្រែក សម្លុត និងពាក្យពេចន៍អសុរោះ។
ស្តែងឡើងការសម្ដែងនៅថ្ងៃឆ្លងឆ្នាំសកល ២០១៥ ចូលឆ្នាំ ២០១៦ ត្រង់ឈុតកំប្លែងនាយក្រូច យកប្រពន្ធនាយតាក់ស៊ីមកលេងសើច បន្ទាប់មកនាយតាក់ស៊ីខឹងហើយនាយពែកមី ថា «នែអាតាក់ស៊ី បើលេងអីចឹងហ្អែងខឹង អូខេ ឲ្យប្រពន្ធហ្អែងទៅធ្វើសំណង់វិញទៅ»។
មហាជនដាក់សំណួរសួរថា សមទេសម្តីបែបហ្នឹង? លោក វ៉ិចទ័រ គួរមើលឡើងវិញ វាពិតជាអសីលធម៌ហួសហេតុពេកហើយ?
ទន្ទឹមនឹងនោះក៏មានការលើកឡើងថា ក្រុមកំប្លែងពែកមី ក្រោមការដឹកនាំរបស់លោក វ៉ិចទ័រ លេងមិនសូវល្អមើលដូចកាលពីដំបូងទេ ហើយការសម្ដែងរបស់ពួកគេយូរៗទៅ មានតែឈុតឆាកជេរគ្នា និងប្រើពាក្យឈ្លើយៗ។
ក្រុមអ្នកបញ្ចេញមតិរិះគន់ទាំងនោះក៏បានលើកបង្ហាញឲ្យដឹងទៀតថា៖ «ចាប់តាំងពីថ្ងៃដែលក្រុមនេះយកជំងឺនាយតាក់ស៊ីមកលេងសើចប្រមាថជីវិតគាត់ និងថ្មីៗនេះទៀត ក្រុមនេះបានកំពុងក្លាយជាក្រុមតណ្ហាដឹកមុខ អសីលធម៌ ដោយយកប្រពន្ធនាយតាក់ស៊ីមកលេងស្ទាបអង្អែលដូចដាច់ដាបដណ្តើមគ្នាបី»។
ជាការបកស្រាយ និងសូមទោសមហាជនភាពឆ្គាំឆ្គងពីចេតនាសម្តែងកំប្លែងពីត្រង់ឈុត នាយក្រូចឱបនាងភីមផ្ដេកផ្ដួលននៀលលើឆាក ប្រធានក្រុមដឹកនាំកំប្លែងនាយ ពែកមី ក៏បានធ្វើជាវីដេអូឃ្លីប បង្ហាញឲ្យមហាជនបានដឹងជាមួយសម្ដីបញ្ជាក់ពីសាមីខ្លួនទាំងបី នាយក្រូច នាយតាក់ស៊ី និងនាងភីម ថាពួកគេគ្មានការអាក់អន់ចិត្ត ហើយនាយ តាក់ស៊ី ក៏គ្មានការខឹងប្រចណ្ឌនាយក្រូច រឿងឱបនាងភីម ជាភរិយារបស់ខ្លួនដែរ។
ក្នុងវីដេអូឃ្លីបនោះ ពួកគេក៏អះអាងថា៖ «សមាជិកក្រុមកំប្លែងទាំងអស់ស្រឡាញ់គ្នាដូចបងប្អូនបង្កើត»។ទន្ទឹមនឹងនោះទំព័រហ្វេសប៊ុកលោក វ៉ិចទ័រ ក៏លើកឡើងថា៖ «សូមឲ្យបងប្អូនធ្វើការរិះគន់ មកក្នុងន័យស្ថាបនាផង កុំរិះគន់ក្នុងន័យជាន់ពន្លិចអី»។
លោក វ៉ិចទ័រ បកស្រាយដែរថា៖ «រាល់ការសម្តែងពួកយើងសុទ្ធមានការហាត់សម ហើយក៏សួរទៅនាយតាក់ស៊ី និងនាង ភីម ដែរ ហ៊ានសម្តែងឈុតបែបហ្នឹងទេ។ បើពួកគេថាមិនហ៊ានក៏មិនឲ្យសម្តែងដែរ»។
ប៉ុន្តែទោះជាមានវីដេអូបកស្រាយលើឈុតឆាកសម្ដែងមួយនេះរួចហើយក្ដី ក៏អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននៅតែបន្ដបញ្ចេញមតិរិះគន់ថា ពួកគេមិនមែនសំដៅលើតែឈុតនាយក្រូច ឱបពពាក់ពពូនជាមួយនាងភីម ឲ្យនាយតាក់ស៊ីប្រចណ្ឌនោះឡើយ។
ការរិះគន់បានបាញ់ព្រួញជារួមទៅលើសាច់រឿងកំប្លែងកន្លងមករបស់ក្រុមនាយពែកមី ដែលពោរពេញដោយភាសាគំរោះគំរើយ ជេរប្រទេច ស្រែកជំទាល សំឡេងថ្ងូរបែបអាសអាភាស និងសម្ដីអសីលធម៌ ខណៈដែលសាច់រឿងកំប្លែងខ្លះមិនមានការអប់រំ.សមនឹងចំណាយពេលទស្សនា។
ជុំវិញមតិរិះគន់នៅតែបន្ដបោកបក់លើក្រុមកំប្លែងនេះ ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីនាយ ពែកមី និង លោក សុវណ្ណ រិទ្ធី ហៅ វ៉ិចទ័រ បានទេ។ ប៉ុន្តែក្រោយពីចេញវីដេអូបកស្រាយហើយនៅតែរងការរិះគន់ធ្ងន់ៗនោះ នាយពែកមី បានតបថា៖ «ខុសទៀត ខំបកស្រាយកុំឲ្យបងប្អូនយល់ច្រឡំ បងប្អូនថាយើងខ្ញុំសម្ដែង ហ៊ឺ! ខុសរហូត ធ្វើអ្វីក៏ខុស»។
លោកលើកឡើងទៀតថា៖ «ខ្ញុំចង់ឲ្យល្អឥតខ្ចោះណាស់។ គ្មានសិល្បៈណាមិនចង់បានការគាំទ្រទេ»។
យ៉ាងណាមិញ នាយពែកមី បានបញ្ជាក់ថា៖ «អត់អីទេ យើងខ្ញុំនឹងខំប្រឹងប្រែងឲ្យល្អជាងនេះទៀត ឲ្យបងប្អូនបានសប្បាយចិត្តបានសើចកម្សាន្ដ។ សូមអរគុណ!»៕

មិនថាកំប្លែងនៅតាមទូរទស្សន៌ និងកំប្លែង កាត់សក់ គ្មានក្រមសីលធម៌ទាំង អស់ក្រុម នាយពែកមី, មិនគួហៅឲ្យសំដែងទៀតទេ, ក្រសួងវប្បធម៌ គួតែហៅទៅអប់រំផង,
អ្នកដឹកនាំក្រុម អ្នកនិពន្ធ និងសមាជិកក្រុម ត្រូវពិនិត្យមើលឡើងវិញទាំងអស់គ្នាបើចង់ឱ្យការគាំទ្រពីមហាជននៅបន្តមាន។ កុំគិតថាជាការរិះគន់បែបណា ត្រូវចាំថា “មានកន្លែងស្អុយហើយទើបរុយក្រវែល” ក្រុមនេះបើសម្តែងនៅលើឆាកតាមទូរទស្សន៍ដោយមានការនិពន្ធ និងដឹករឿងពីតាវិកទ័រនោះគ្រាន់បើ តែបើត្រូវគេជួលក្រុមនេះទៅសម្តែងជាលក្ខណៈឯកជន ឧ. តាមផ្សារទំនើបជាដើម គឺ គ្មានការដឹករឿងគ្មានសាច់រឿងអីទេ កាយវិការសំដែង និងសំដីសំដៅនិយាយ ប្រកបដោយភាពអសីលធម៌ ចំអេសចំអាស អាសអាភាស គឺលៃត្រឹមតែឱ្យអ្នកមើលសើចប៉ុណ្ណោះ។ តែក្រុមនេះមិនបានគិតថា ក្នុងចំណោមអ្នកមើលការសំដែងនោះក៏មានក្មេងៗតូចៗផងដែរ។ យើងឯកភាពនឹងយោបល់ថា កាលពីដំបូង ក្រុមនេះលេងប្រកបដោយការអប់រំ ប្រកបដោយសីលធម៌គួរឱ្យសាទរ តែក្រោយក្រុមនេះបានល្បីវ៉ាដាច់គេហើយម្នាក់ៗមានលុយកាក់មក តួសំដែងនីមួយៗហាក់ឡើងចាង លែងរវីរវល់ស្តាប់អ្នកដឹកនាំ អ្នកនិពន្ធ របស់ខ្លួន លេងអ្វី និយាយអ្វីតាមតែការនឹកឃើញរបស់ខ្លួន ហើយពីមួយថ្ងៃទៅមួយថ្ងៃក្រុមនេះ ទៅជាអនាធិបតេយ្យនៅលើឆាក មានពេលខ្លះគេបង្ហាញកាយវិការទាត់ធាក់ ជេរគ្នាដូចក្មេងអន្ធពាលនៅក្រៅរបស់សាលា។ នៅឈុតឆាកខ្លះ នាយពេកមីខ្លួនឯងដែលជាប្រធានក្រុម ពេលសមាជិកមិនបានជួយឥវ៉ាន់ទៅក្នុងវិញ ក៏ស្រែកជេរលេង ប្រហែលគាត់គិតថាគេនឹងសើចនៅពេលឮគាត់ជេរ? ដោយតួភាគច្រើនសុទ្ធតែពុំបានទទួលការអប់រំខ្ពង់ខ្ពស់នោះ អ្នកនិពន្ធ និងជាអ្នកដឹកនាំក្រុមផងនោះគឺត្រូវតាមមើលសកម្មភាពរបស់កូនក្រុមឱ្យបានជាប្រចាំ ទើបការគាំទ្រពុំចេះសាបរលាប ហើយម្យ៉ាងទៀត ការទៅលេងជាលក្ខណៈ ឯកជននៅពេលគេជួលទៅម្តងៗនោះ អ្នកមើលការខុសត្រូវក្រុមកំប្លែនេះក៏គួរមានវិធានការអ្វីមួយដើម្បីកុំឱ្យអ្នកទៅសម្តែងនោះចេះតែសម្តែងផ្តេសផ្តាសតាមការនឹកឃើញរបស់ខ្លួន ព្រោះអ្នកសិល្បករក៏មានបង្កប់តួនាទីអប់រំ និងធ្វើជាគំរូល្អដល់មហាជនផងដែរ។
I don’t like their show. No education