ពី​ក្មេង​ល្ងង់ខ្លៅ​ក្រីក្រ​ ដើរ​រើស​ចំណី​តាម​ផ្លូវ​បរិភោគ ​ទៅ​ជា​សេដ្ឋី​ចិត្តធម៌

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ។ រូបថត/Video ដោយ គាំ ច័ន្ទរស្មី និង​ កែវ រតនា

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ។ រូបថត/Video ដោយ គាំ ច័ន្ទរស្មី និង​ កែវ រតនា




ភ្នំពេញប៉ុស្តិ៍

ឆាក​ជីវិត​មនុស្ស​អាច​ប្រែប្រួល​ពី​ភាពអាប់ឱន​ជូរចត់​ទៅ​ជា​​ល្អ​ប្រសើរ​បាន​វា​អាស្រ័យ​លើ​ភាព​អំណត់​ដោយ​ត្រូវ​បូជា​កម្លាំង​កាយ​ចិត្ត​ចំពោះ​ក្ដីសុបិន​របស់​ខ្លួន​ដែល​ជា​គោលដៅ​នៃ​ជីវិត​។

សម្រាប់​​​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉េងលី ជា​ស្ថាបនិក និង​​ជា​នាយក​ក្រុមហ៊ុន Mengly J. Quach Holding បាន​ប្រែ​ក្លាយ​ជីវិត​របស់​លោក​ពី​បុគ្គល​​​​​​​ល្ងង់ខ្លៅ​អវិជ្ជា​ជូរចត់ និង​ក្រីក្រ​ទៅ​ជា​​បុគ្គល​ជោគជ័យ​ត្រចះ​ត្រចង់។

លោក ម៉េងលី ជា​អ្នក​ខេត្ត​បាត់ដំបង​កើត​នៅ​ក្នុង​ឆ្នាំ ១៩៦៩ ជា​ជំនាន់​ដែល​មនុស្ស​ក្នុង​វ័យ​នេះ​ត្រូវ​ជួប​ការ​លំបាក​វេទនា​តោកយ៉ាក​ដោយ​ត្រូវ​ឆ្លងកាត់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ពិសេស​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

ជា​កុមារ​ក្នុង​របប​ព្រៃផ្សៃ ប៉ុល ពត មិន​មាន​អ្វី​ជា​អនុស្សាវរីយ៍​ល្អ​ទុក​ជា​គតិ​សម្រាប់​និទាន​ឲ្យ​កូនចៅ​​ជំនាន់​ក្រោយ​​បាន​ស្ដាប់​ទេ​ព្រោះ​ជីវិត​ពោរពេញ​ដោយ​ក្ដី​ជូរចត់​មិន​​អាច​ពិពណ៌នា​បាន​។

ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៩ ដល់ ១៩៨១ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ឆ្លង​កាត់​សោកនាដកម្ម​ជាថ្មី​ទៀត​នោះ​ជា​ពេល​ដែល​ពួកគេ​ឆ្លងកាត់​ភ្នំ​ដង​រែក​ក្បែរ​ព្រំដែន​ កម្ពុជា-ថៃ​ដោយ​ប្ដូរ​ជីវិត​ឆ្លង​ចូល​ទឹកដី​ថៃ​ដ៏សែន​គ្រោះថ្នាក់។

ប្រវត្តិ​មួយ​នេះ​សឹង​តែ​គ្មាន​នរណា​ម្នាក់​បាន​លាតត្រដាង​ប្រាប់​ពិភពលោក​ឡើយ។ ជំនាន់​នោះ​គ្រួសារ​ខ្មែរ​ដែល​សេសសល់​ពី​ការ​កាប់​សម្លាប់​ដោយ​ពួក ប៉ុល ពត បាន​ឆ្លង​កាត់​ភ្នំ​ដងរែក​បាន​ប្រឈម​នឹង​ការ​បាញ់​ទម្លាក់​ពី​លើ​ភ្នំ​ដងរែក​ដោយ​ទាហាន​ថៃ​​​។ សំណាង​ល្អ​ក្រុម​គ្រួសារ​លោក​បាន​រួច​ផុត​ពី​ក្ដី​ស្លាប់។

លោក គួច ម៉េងលី បាន​តំណាល​ថា “យើង​ឃើញ​ទិដ្ឋភាព​ដែល​ជាតិ​សាសន៍​ផ្សេង​ទៀត​កម្រ​បាន​ឃើញ​រួមមាន៖ មនុស្ស​ចាស់​ប្រុស​ស្រី​បែក​ខួរ​ស្លាប់​ខ្លះ​បាក់ដៃ​បាក់ជើង​របួស​ឈាម​ហូរ​​ រីឯ​ក្នុង​ទឹក​ពោរពេញ​ទៅ​ដោយ​សាកសព​ខ្មែរ​នោះ​គឺជា​មហា​សោកនាដកម្ម។ ប៉ុន្ដែ​ភាព​ជូរចត់​នេះ​ធ្វើឲ្យ​មនុស្ស​រឹងប៉ឹង​ដោយ​ប្រែ​ក្លាយ​ការ​ឈឺចាប់​ទាំង​នោះ​ទៅ​ជា​ការ​ខិតខំ​អភិវឌ្ឍ​ខ្លួនឯង។

នៅ​ឆ្នាំ ១៩៨៤ ក្រុម​គ្រួសារ​លោក​ក៏​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ដោយ​ចាប់ផ្ដើម​ជីវិត​​សាជាថ្មី​នៅ​រដ្ឋ​កាលីហ្វនីញ៉ា​។ ការ​តស៊ូ​នឹង​ជីវិត​ដែល​ខ្វះ​ចំណេះដឹង​នៅ​សហរដ្ឋ​​អាមេរិក​ក្នុង​វ័យ ១៥ ឆ្នាំ​នៅ​ពេល​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​គិត​ថា​ភាព​ជា​យុវជន​​ជំនាន់​ពួកខ្ញុំ​ក៏​ដូចជា​បងប្អូន​ខ្មែរ​ដទៃ​ទៀត​ជា​មេរៀន​មួយ​បញ្ជាក់​ថា​រាល់ការ​ជោគជ័យ​នីមួយៗ​វា​មិន​បាន​មក​ដោយ​ងាយស្រួល​នោះ​ទេ។

ជីវិត​ពោរពេញ​ទៅ​ដោយ​ភាពជូរចត់ និង​បទបែន​ច្រើន​ដែល​ជា​កក្ដា​ធ្វើឲ្យ​មនុស្ស​រឹងប៉ឹង​បាន​។ ការ​ធ្លាក់​ខ្លួន​ ការ​ប្រឈម​ទាំងឡាយ​នោះ​បាន​នាំ​​ឲ្យ​​បងប្អូន​ប្រុស​ទាំង​ ៨ នាក់​របស់​​លោក​​ខិតខំ​តស៊ូ​ដើម្បី​រស់ និង​​រលាស់​ខ្លួន​ឲ្យ​ចេញ​ឲ្យ​ផុត​ពី​ភាព​ល្ងង់ខ្លៅ អវិជ្ជា និង​ភាព​ក្រីក្រ។

លោក គួច ម៉េងលី បាន​​រៀបរាប់​ថា​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ ១៩៨០ កូន​ខ្មែរ​នៅ​អាមេរិក​ប្រៀប​ដូច​សត្វ​ស្វា​រស់នៅ​ក្នុង​ភាព​ជា​មនុស្យ​ល្ងង់ខ្លៅ។ លោក​បាន​និយាយ​ថា «គេ​យក​ពួកយើង​ទៅ​ដាក់​​ព្រលាន​យន្ដហោះ​យើង​មិន​​ដែល​ស្គាល់​​បង្គន់​យ៉ាង​ម៉េច​ផង​ពួក​ខ្ញុំ​ និង​​ខ្មែរ​ដទៃ​ទៅ​ក្បង់​ទឹក​ក្នុង​ចាន​បង្គន់​បត់​ជើង​ធំ​ញ៉ាំ។ នេះ​ជា​រឿង​អាម៉ាស់​មួយ​ដែល​​មិន​គួរ​នឹង​យក​មក​និយាយ​ទេ​តែ​ត្រូវ​តែ​និយាយ​​ឲ្យ​បាន​ដឹង។​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​ផឹក និង​ក្បង់​ទឹក​ក្នុង​ចាន​បង្គន់​បន្ទោ​បង់​ផឹក​ដែរ​នោះ​ព្រោះ​យើង​មិន​ដឹង»។


លោក ឧកញ៉ា គួច ម៉េងលី (កណ្ដាល) ថត​ជុំ​គ្នា​ជាមួយ​បុគ្គលិក និង​សិស្ស​ក្នុង​អង្គ​សិក្ខា​សាលា​មួយ​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក

លោក ឧកញ៉ា គួច ម៉េងលី (កណ្ដាល) ថត​ជុំ​គ្នា​ជាមួយ​បុគ្គលិក និង​សិស្ស​ក្នុង​អង្គ​សិក្ខា​សាលា​មួយ​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក

ដើម្បី​អភិវឌ្ឍ​ខ្លួន​ដំបូង​​ខ្ញុំ​បូជា​ពេលវេលា​លើ​ការងារ និង​សិក្សា​រៀនសូត្រ​ពី​ព្រឹក​ព្រលឹម​​ដល់​ម៉ោង ៣ កន្លះ​ព្រឹក​ដោយ​មិន​ដែល​ស្គាល់​ថ្ងៃ​សៅរ៍-អាទិត្យ​ឡើយ។

លោក​ថា ​គ្រួសារ​លោក​យក​ពលកម្ម​ជា​ដើម​ទុន​ធ្វើការ​ជា​អ៊ុត​ខោអាវ​ដាក់​ឡេវ​ខោអាវ និង​កិច្ចការ​ទាំងឡាយ​ណា​ដែល​អាច​រក​ប្រាក់​ទៅ​សាលា​បាន​។ ការ​ខិតខំ​ប្រឹងប្រែង​ទី​បំផុត​លោក​បាន​​រៀន​ខាង​ផ្នែក​វេជ្ជសាស្ត្រ​។

ឆ្នាំ ១៩៩៤ ក្នុង​​អំឡុង​ពេល​​សិក្សា​វិជ្ជាពេទ្យ​នៅ​សហរដ្ឋអាមេរិក​លោក​បាន​​ចាក់​សោ​ឃុំ​ខ្លួន​ឯង​នៅក្នុង​ផ្ទះ​ចំនួន​បី​ថ្ងៃ​មិន​ព្រម​ចេញ​មក​ខាង​ក្រៅ​ទេ​ពីព្រោះ​ក្រ​ពេក​គ្មាន​លុយ​​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ។ ទី​បំផុត​លោក​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ នៅ​សហរដ្ឋអាមរិក​គ្រូពេទ្យ​ជាទូទៅ​មាន​ប្រាក់ខែ​ច្រើន​។

ដោយ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ និង​វេទនា​ពន់ពេក​លោក​នឹក​ចង់​​ជួយ​ព្យាបាល​សុខភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ។ ឆ្នាំ ២០០២ ​ចូល​ស្រុក​វិញ​ក្នុង​នាម​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត។ លោក​រៀប​អាពាហ៍​ពិពាហ៍​នៅ​ឆ្នាំ ២០០៤ ​នៅ​ស្រុក​ខ្មែរ។ នៅ​ពេល​នោះ​លោក និង​ភរិយា​ចាប់ផ្ដើម​បើក​គ្លីនិក និង​សាលា​បង្រៀន​ភាសា​អង់គ្លេស​ដោយ​មាន​ដើមទុន​ត្រឹម ២ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​វិទ្យាស្ថាន​​អន្ដរទ្វីប​អាមរិកកាំង​ (AIS) មាន​សិស្ស​ជាង ១ ម៉ឺន​នាក់​។

ក្នុង​នាម​ជា​​អ្នក​អប់រំ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជា​វេជ្ជបណ្ឌិត​លោក​ឧកញ៉ា​មាន​បំណង​ដាំ​ពូជ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី​ប្រកប​ដោយ​​ចំណេះ និង​​ជំនាញ​​ទៅ​​តាម​តម្រូវការ​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​ជាតិ​ និង​អន្ដរជាតិ។

សាលា​អន្ដរទ្វីប​អាមេរិកាំង​របស់​វេជ្ជបណ្ឌិត ម៉េងលី ចាំបាច់​ត្រូវ​កែច្នៃ​ច្របាច់​បញ្ជូន​គ្នា​រវាង​​កម្មវិធី​សិក្សា​ពី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​កម្ពុជា​ជាមួយ​នឹង​កម្មវិធី​សិក្សា​របស់​អាមេរិក​ដោយ​បញ្ចូល​​​ជំនាញ​ចាំបាច់​ផ្សេង​ទៀត​ដែល​នឹង​​នាំ​ឲ្យ​សិស្ស​អាច​ឈរ​ជើង​​នៅ​ទីផ្សារ​ប្រកួត​ប្រជែង​បាន​ពិសេស​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​ទើប​​ចូល​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​ ២០១៥។ កម្មវិធី​សិក្សា​ថ្មី​រួមមាន៖ សេវាកម្ម និង​សង្គម​ដោយ​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​យល់​ពី​ការ​លំបាក​របស់​អ្នកដទៃ។

បង្រៀន​យុវជន​អំពី​សុជីវធម៌ ភាព​ទន់ភ្លន់​រួសរាយ​រាក់ទាក់ និង​ទស្សនកិច្ច​សិក្សា​ដើម្បី​ឲ្យ​គាត់​យល់​បរិយាកា​សង្គម​សិល្បៈ កីឡា និង​កិច្ចការ​សង្គម។ គោលដៅ​ចម្បង​នៃ​ការ​បណ្ដុះ​បណ្ដាល​​របស់​​លោក​គឺ​បង្រៀន​​​មនុស្ស​ឲ្យ​ចេះ​ដឹង​ពី​​របៀប​វិនិច្ឆ័យ​ឲ្យ​ចេះ​គិត ចេះ​ថ្លឹងថ្លែង​ពី​ហេតុ និង​ផល​ចេះ​អធ្យាស្រ័យ និង​​ការ​​យោគយល់​ដល់​គ្នា​ និង​គ្នា​​។

លោក វេជ្ជបណ្ឌិត​ក៏​បាន​មើល​ថា​ទំនាស់​ផ្នែក​នយោបាយ​អំពើ​ពុករលួយ​ ភាព​ក្រីក្រ ឧក្រិដ្ឋកម្ម គ្រឿង​ញៀន បាត់បង់​ដីធ្លី និង​អំពើ​ពាលា​អាច​នឹង​ទាញ​​គោល​នយោបាយ​​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដើរ​ក្នុង​ល្បឿន​យឺត។

លោក​បញ្ជាក់​ថា​កម្ពុជា​យើង​ខំ​ដើរ​ទៅ​មុខ​បាន ១០ ជំហាន​ហើយ​ថយ​ក្រោយ ១១ ជំហាន។ អំពើ​ពុករលួយ​មិន​ត្រឹម​តែ​​ជា​ឧបសគ្គ​ដែល​នាំ​ឲ្យ​ប្រទេស​ដើរ​ថយ​ក្រោយ​​ទេ​ប៉ុន្ដែ​ជា​ឧបសគ្គ​នាំឲ្យ​យុវជន​អាយុ​ក្រោម ៣៤ ឆ្នាំ​មិន​​អាច​​​ជួយ​​អភិវឌ្ឍ​ជាតិ​បាន​។

លោក​ថ្លែង​​ថា «នៅ​ប្រទេស​ណា​ក៏​មាន​អំពើ​ពុករលួយ​ដែរ​ក៏​ប៉ុន្ដែ​ទំហំ​នៃ​អំពើ​ពុករលួយ​នៅ​ប្រទេស​គេ​មាន​កម្រិត​គេ​អត់​បឹត​ពី​អ្នក​ក្រ​ទេ​គេ​ពុករលួយ​គេ​ធំៗ​គឺ​មិន​ឲ្យ​ពុករលួយ​រហូត​ដល់​សូម្បី​សរសៃ​ល្អិត​ក៏​មើល​ឃើញ​ពី​អំពើ​ពុករលួយ​ទេ។ នៅ​ស្រុក​គេ​បើ​គេ​ញ៉ាំ​ឆ្អែត​ហើយ​គឺ​ស្ងប់​ហើយ​។ តាម​ខ្ញុំ​ដឹង​នៅ​ស្រុក​ខ្មែរ​ស៊ី​ឆ្អែត​ហើយ​នៅ​តែ​មិន​ស្ងប់​មិន​ទាន់​អស់​ចិត្ត​ទៀត»​។

លោក​បន្ដ​ថា​មាន​បុព្វហេតុ​​ចម្បង​ផ្សេង​ទៀត​ដែល​បណ្ដាល​​​ឲ្យ​ជាតិសាសន៍​ខ្មែរ​មិន​សូវ​លូតលាស់​សេដ្ឋកិច្ច​មិន​ជឿនលឿន​នោះ​គឺ «អបាយ​មុខ​គ្រប់​ប្រភេទ»​ ដែល​កំពុង​វាយ​គ្រប​សង្កត់​លើ​សីលធម៌​ខ្មែរ។

លោក​ថ្លែង​ថា «បើ​​ប្រទេស​ខ្មែរ​យើង​លង់​នឹង​ស្រា ប៊ីយែរ បារី ​គ្រឿងញៀន ស្រីញី ពុករលួយ ហើយ​មិន​មាន​ភាព​​ស្នេហា​ជាតិ​មាតុភូមិ​ មិន​មាន​​គំនិត​ជួយ​ស្រោចស្រង់​ដី​ខ្មែរ វប្បធម៌​ខ្មែរ ឈាម​ខ្មែរ​ឲ្យ​លូតលាស់​ទេ​តើ​ពេល​ណា​នឹង​រីកចម្រើន? ​នេះ​ខ្ញុំ​មិន​​និយាយ​ប៉ះ​លើ​បុគ្គល​​ណា​ម្នាក់​​ទេ​ខ្ញុំ​និយាយ​​ពី​អារម្មណ៍​របស់​ខ្ញុំ​ជា​បុគ្គល​​ឯកជន​»។ «ខ្ញុំ​មក​រស់នៅ​ក្នុង​មាតុភូមិ​យើង​វិញ​ពី​ឆ្នាំ ២០០២ នេះ​ខ្ញុំ​ឃើញ​អ្វី​ដែល​មិន​គួរ​ឃើញ​ខ្ញុំ​ឆ្លង​កាត់​អ្វី​ដែល​មិន​គួរ​ឆ្លង​កាត់»។


លោក លោក វេជ្ជបណ្ឌិត ម៉េងលី ពិនិត្យ​ហ្វីល​អ្នក​ជំងឺ។ ហ្វេសប៊ុក

លោក លោក វេជ្ជបណ្ឌិត ម៉េងលី ពិនិត្យ​ហ្វីល​អ្នក​ជំងឺ។ ហ្វេសប៊ុក

លោក ម៉េងលី បាន​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​ជម្នះ​​រាល់​ឧបសគ្គ​ទាំងឡាយ​ដែល​រារាំង​​ការ​រីកចម្រើន​របស់​ជាតិ​។ ប៉ុន្ដែ​នៅ​តែ​ទាន់​យក​ឈ្នះ​លើ​បុគ្គល​ក្រុម​មន្រ្តី​ និង​ឈ្មួញ​មួយ​ចំនួន​ដែល​​កំពុង​យក​ជើង​រាទឹក​ដែល​​សំដៅ​ដល់​ពួក​បុគ្គល​ពុករលួយ ការ​មិន​គោរព​ច្បាប់​នៅ​កម្ពុជា។

លោក​បាន​​ចោទ​ជា​សំណួរ​ថា «តើ​យើង​ត្រូវការ​ទុក​ជើង​ទាំង​នោះ​ឬ​អត់? បើ​​ដើមឈើ​បាក់​រាំង​ពាក់កណ្ដាល​តើ​យើង​សុខចិត្ត​ឲ្យ​នៅ​គាំង​ទៅ​មុខ​មិន​​រួច​ ឬ​ត្រួវ​កាប់​ចេញ។ បើ​យើង​ស្រឡាញ់​ជាតិ​ស្រឡាញ់​កូន​ខ្មែរ ឈាម​ខ្មែរ និង​​កុំ​ឲ្យ​គេ​មើល​ងាយ​ មើល​ថោក​កូន​ខ្មែរ​យើង​​ត្រូវ​សាមគ្គី​គ្នា​ចូលរួម​ធ្វើ​មិន​ត្រូវ​ចាំ​បុគ្គល​ម្នាក់​ធ្វើ​នោះ​ទេ»​។ លោក​បន្ថែម​ថា​ «​ទាល់​​តែ​ទាំងអស់​គ្នា​ធ្វើ​ហើយ​យើង​​មិន​ចាំ​តែ​បន្ទោស​អ្នក​ណា​ទេ​បើ​ឃើញ​ពុករលួយ​ស្រែក​បើ​ឃើញ​​អយុត្តិធម៌​ស្រែក​បើ​ឃើញ​អ្វី​មួយ​មិន​ប្រក្រតី​ចូរ​កុំ​ខ្លាច កុំ​បាក់​ស្បាត​ កុំ​ញញើត​ពី​ព្រោះ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​មិន​អាច​​អភិវឌ្ឍ​​​បាន​ធ្វើឲ្យ​ខ្មែរ​យើង​នៅ​ក្រ​រហាម​វេទនា​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​នៅ​តែ​អាប់ឱន ធ្វើឲ្យ​បរទេស​នៅ​តែ​មើល​ងាយ»។

ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​មធ្យម និង​វែង​លោក​សាស្ដ្រាចារ្យ ឧកញ៉ា គួច ម៉េងលី បាន​ជំរុញ​ឲ្យ​សមាជិក​សង្គម​ទាំង​មូល​ពិសេស​យុវជន​យក​ចិត្ត​ទុក​​ដាក់​សិក្សា​លើ​វិស័យ​អប់រំ សុខាភិបាល ទេសចរណ៍ និង​កសិកម្ម​ធ្វើ​ជា​សសរស្ដម្ភ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អាស៊ាន។

លោក ម៉េងលី មាន​ជំនឿ​ថា៖ ​«ពូជ​ខ្មែរ​យើង​មិន​អន់​ទេ​ ពូជ​ជា​អ្នក​កសាង ពូជ​អ្នក​​ក្លាហាន​បើ​ទោះបី​ជា​​យើង​អភិវឌ្ឍ​ក្រោយ​គេ​មែន​តែ​យើង​នឹង​រត់​ទាន់​គេ​។ ប៉ុន្ដែ​យើង​ត្រូវ​ចាប់ផ្ដើម​ពី​ឥឡូវ​នេះ​តទៅ។ បុគ្គល​នីមួយៗ​ត្រូវ​តែ​ម្ចាស់​ការ​ដោយ​ខ្លួនឯង។ បើ​យើង​ពង្រឹង​វិស័យ​អប់រំ​ និង សុខាភិបាល​ជា​គ្រឹះ​នៃ​ការ​ចាប់​ផ្ដើម​ផលិត​ធនធាន​មនុស្ស​នោះ​យុវជន​​នឹង​​ចេះ​កសាង​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ​ដោយ​ខ្លួនឯង»។

ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​មាន​វិជ្ជាជីវៈ​ពី​សហរដ្ឋ​អាមេរិក​លោក​មាន​ការ​រន្ធត់​ចិត្ដ​នៅ​ពេល​ឃើញ​ឥរិយាបថ​របស់​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​គ្មាន​សីលធម៌ គ្មាន​ក្ដីមេត្ដា និង​គ្មាន​ក្ដីសន្ដោស​ដល់​អ្នក​​ជំងឺ​ក្រីក្រ។

លោក​ថ្លែង​ថា​៖ «វិស័យ​សុខាភិបាល​យើង​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី ១ ដល់ ១០ ខ្ញុំ​ឲ្យ ២ ពិន្ទុ។ បើ​អ្នក​ក្រ​ទៅ​ពេទ្យ​ខ្ញុំ​ហាន​​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់​។ ស្រី​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​គឺថា​ក្នុង​សតវត្សរ៍​ទី ២១ តើ​កម្ពុជា​​យើង​ត្រូវ​ឆ្លង​កាត់​ភាព​វេទនា​នេះ​បន្ដ​ទៀត​ឬ​យ៉ាង​ណា?

ពី​ក្មេង​ល្ងង់ខ្លៅ​ក្រីក្រ ដើរ រើស​ចំណី តាម​ផ្លូវ​រិភោគ​ទៅ​ជា​សេដ្ឋី​ចិត្តធម៌


លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​អត់​​ដែល​​​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»​។

គាត់​គ្មាន​វិជ្ជាជីវៈ ​គ្មាន​ភាព​ទន់ភ្លន់ គ្មាន​មេត្ដាធម៌​នេះ​ខ្ញុំ​មិនមែន​និយាយ​ទាំងអស់​ទេ​ខ្ញុំ​និយាយ​បើ​ខ្ញុំ​បាន​ជួប ១០ មាន​អាក្រក់​ ៩ ​។ បើ​មាន​អាកប្បកិរិយា​​មារយាទ​អំនួត អឿ ឈ្លើយ ម៉ាបាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាង​ម៉េច​ទៅ។ ពេល​គេ​ទៅ​ព្យាបាល​ម្ដង​សឹងតែ​លុត​ជង្គង់​​អង្វរ​គាត់ (​ពេទ្យ)​។ ពេទ្យ​ដែល​​គ្មាន​ជំនាញ​វិជ្ជាជីវៈ ក្រម​សីលធម៌​ទាំង​នោះ​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស។

ជាក់ស្ដែង​ឧបសគ្គ​ជាតិ​ធំៗ និង​​ភាព​​អន់​ថយ​របស់​កម្ពុជា​មិនមែន​បណ្ដាលពី​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឡើយ​ជាក់ស្ដែង​បណ្ដាល​មកពី​បុគ្គល​ខ្វះ​ការ​អប់រំ និង​មិន​មាន​មនសិការ​ស្នេហា​សីលធម៌ ​និង​មិន​ស្នេហា​ជាតិ​មាតុភូមិ។

ទោះ​ជា​យ៉ាង​ណា​កម្ពុជា​មិន​ដើរ​ថយ​ក្រោយ​ទេ​មាន​តែ​ទៅ​មុខ​ប៉ុន្ដែ​​ល្បឿន​លឿន​​ប៉ុន​ណា​នោះ​វា​អាស្រ័យ​ទៅ​អ្នក​ឲ្យ​តម្លៃ។

លោក​និយាយ​ថា «ក្នុង​រយៈពេល ១២ ឆ្នាំ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ច្រើន​មាន​ការ​ជឿនលឿន​ច្រើន​ប្រជាជន​រស់​ធូរធារ​ច្រើន ​ហេដ្ឋា​រចនាសម្ព័ន្ធ​មាន​​ច្រើន​ប៉ុន្ដែ​វា​មិន​ទាន់​​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​ខ្មែរ​មាន​មោទនភាព​លើ​ទឹកដី​ខ្មែរ​នៅ​ឡើយ​ទេ។ ចុះ​ហេតុ​អ្វី​បាន​ជា​មិន​ទាន់​ហើយ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ផ្សេង​ទៀត​គេ​ជឿន​លឿន? ចម្លើយ​មក​ពី​គេ​មាន​ច្បាប់ គេ​គោរព​ច្បាប់ មាន​សីលធម៌​រស់នៅ​ល្អ​។ សរុប​មក​អ្វី​ក៏​វា​អាស្រ័យ​លើ​គ្រឹះ​នៃ​ការ​អប់រំ​ដែរ​អាវុធ​ដ៏មុត​ស្រួច​គឺ​ចំណេះដឹង​ (Wisdom) ជា​ទុន​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង គ្រួសារ​ និង​សង្គម​»​។

លោក​សាស្ដ្រាចារ្យ​បាន​បញ្ជក់​ថា៖ «ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វា​គ្មាន​អ្វី​ប្រសើរ​ជាង​វិស័យ​អប់រំ និង​សុខាភិបាល​ទេ​វា​ជា​គ្រឹះ​ដែល​​ធ្វើឲ្យ​មនុស្ស​យើង​មាន​កម្លាំង​ធ្វើ​បើ​យើង​មាន​កម្លាំង​ធ្វើ​តែ​គ្មាន​ចំណេះ​ធ្វើ​ក៏​ធ្វើ​ទាំង​ងងឹត​ងងុល​ដែរ។ រួច​ហើយ​​បើ​សុខភាព​យើង​មិន​ល្អ​ក៏​ធ្វើ​បែប​ទន់ខ្សោយ​ដែរ។

ទាន់ទឹន​នឹង​​នយោបាយ​​ការ​បរទេស​ខណៈ​ដែល​​កម្ពុជា​មាន​​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​​ចិន​មាន​​អ្នក​វិភាគ​នានា​បាន​លើក​​​ឡើង​ថា​វត្ដមាន​ឥទ្ធិពល​ចិន​នៅ​​កម្ពុជា​អាច​នាំ​គ្រោះ​ជាង​នាំ​លាភ​ដល់​កម្ពុជា​ប៉ុន្ដែ​លោក​សាស្ដ្រាចារ្យ គួច ម៉េងលី មាន​ទស្សនៈ​ផ្ទុយ។

លោក​បាន​ថ្លែង​ថា «មិន​ថា​​ប្រទេស​ណា​ទេ​ពេល​គេ​មក​វិនិយោគ​ស្រុក​ខ្មែរ​សុទ្ធ​ជា​ចំណុច​ល្អ​ទាំងអស់​បើ​ទោះ​អាមេរិក​​គេ​​មិន​សូវ​ស្វាគមន៍​ខ្មែរ​ហើយ​ចិន​គេ​ស្វាគមន៍​ខ្មែរ​ហេតុអ្វី​មិន​យក? សំខាន់​យើង​ម្ចាស់​ប្រទេស​យើង​មាន​ភាព​ថ្លៃថ្នូ​ប៉ុន​ណា? យើង​​ចេះ​ស្រឡាញ់​ខ្លួន​ប៉ុន​ណា​? បើ​យើង​ឃើញ​​តែ​លុយ​គេ​ភ្លេច​កំណើត​ ភ្លេច​អត្តសញ្ញាណ​នោះ​មិន​ថា​ប្រទេស​ចិន កូរ៉េ ឬ​អាមេរិកាំង​ទេ​គង់​តែ​គេ​សង្កត់​ពី​លើ​ដូច​តែ​គ្នា​ទេ។

លោក​ថ្លែង​ថា​ប្រទេស​ចិន​គេ​ទូលំ​ទូលាយ​​អំណោយផល​មក​ដល់​ខ្មែរ​យើង​ជាង​អាមេរិក​ហើយ​បើ​អាមេរិក​ទាមទារ​ច្រើន​ពេក​ក្បាច់ក្បូរ​ពេក។ នយោបាយ​អាមេរិកាំង​ជា​នយោបាយ​បើក​ចំហ​តែ​បិទ​ទ្វារ។

លោក​ថ្លែង​ថា «សម្រាប់​ចិន​មិន​ដូច​អាមេរិក​ទេ​បើ​គេ​ជួយ​គឺ​ជួយ​ហើយ​តែ​លក្ខខណ្ឌ​​អ្វី​ទៀត​អាស្រ័យ​​លើ​យើង​​ទេ​។ សំខាន់​គឺ​យើង​ជា​ម្ចាស់​​ផ្ទះ​ធ្វើ​ច្បាប់​យ៉ាង​ម៉េច​ដើម្បី​ការពារ​ផលប្រយោជន៍​ខ្មែរ​យើង យើង​​មិន​មែន​ចាំ​តែ​យក​លុយ​គេ​ហើយ​បណ្ដោយ​ឲ្យ​បង្វិល​ស្រេច​ចិត្ត​គេ​ទេ​»។

ពេល​សួរ​ថា​ប្រសិន​បើ​លោក​ជា​មេដឹកនាំ​ប្រទេស​វិញ​តើ​កិច្ចការ​អ្វី​ដែល​​លោក​គិត​ថា​នឹង​ធ្វើ​មុន​គេ​? លោក​ឆ្លើយ​ថា​ «ខ្ញុំ​មិន​អាច​ក្លាយ​ជា​មេដឹកនាំ​ហើយ​ក៏​មិន​​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​ដែរ​ខ្ញុំ​ជា​អ្នក​រកស៊ី​ប៉ុន្ដែ​បើ​ខ្ញុំ​អាច​ផ្ដល់​យោបល់​គឺ​ខ្ញុំ​បណ្ដុះ​ខ្មែរ​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ខ្ញុំ​គិត​ថា​ត្រូវ​ផ្ដោត​ខ្លាំង​ទៅ​លើ​ «ចំណេះដឹង​ ជំនាញ និង​សីលធម៌​»។

លោក​ឧកញ៉ា គួច ម៉េងលី ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា​លោក​បាន​ចែក​រំលែក​ទាំង​ចំណេះដឹង​ទាំង​ជំនាញ​ដល់​សង្គម​វិញ​ដោយ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​​រាប់សែន​ដុល្លារ។

លោក​ខុស​ពី​ឧកញ៉ា​ជាច្រើន​ទៀត​ដែល​មិន​ទាន់​ជួយ​ចែករំលែក​ដល់​​សង្គម​​វិញ។

លោក​ថ្លែង​ថា៖ «រឿង​​ធ្វើ​បុណ្យ ធ្វើ​ទាន ការ​ចែក​រម្លែក​ដល់​សង្គម​វា​ជា​សន្ដាន​ចិត្ត​សប្បុរសធម៌​មាន​នៅក្នុង​អារម្មណ៍​បេះដូង​របស់​ខ្ញុំ​ជា​បំណង​ប្រាថ្នា​ធ្វើ​ជា​មនុស្ស​ល្អ​។ ធ្វើ​ល្អ​បាន​ល្អ ​ធ្វើ​អាក្រក់​បាន​​អាក្រក់​ប៉ុន្ដែ​ខ្ញុំ​គិត​ថា​បើ​មនុស្ស​យើង​ជា​មនុស្ស​មាន​សប្បុរសធម៌​ក្នុង​ខ្លួន​មាន​ចំណេះដឹង និង​មាន​មនសិការ​​ស្នេហា​ជាតិ​ត្រូវ​នឹក​ដល់​ភាព​ជូរចត់​ពី​អតីតកាល​ក្ដី​វេទនា​ និង​​ស្គាល់​​តែ​ការ​ឈឺចាប់​ដូច្នេះ​ត្រូវ​មើល​កញ្ចក់​រួច​សួរ​ខ្លួនឯង​ថា តើ​ហេតុ​អ្វី​យើង​ត្រូវ​បន្ដ​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​លំបាក​វេទនា​ទៀត?


What Next?

Recent Articles

4 Responses to "ពី​ក្មេង​ល្ងង់ខ្លៅ​ក្រីក្រ​ ដើរ​រើស​ចំណី​តាម​ផ្លូវ​បរិភោគ ​ទៅ​ជា​សេដ្ឋី​ចិត្តធម៌"

  1. CountryStudent says:

    Good idea, helpful and useful comments of yours Dr. Mengly, but it seems to me that you are afraid and or hesitate to talk about the most essential and extream issues that cause life and death of Cambodia. It’s the future of the whole country plus you and your children.
    It’s about Independent, sovereignty, and the territory of Cambodia. The present government is not our government, it betrays us. It serves Vietnamese interest, not Cambodia. It’s under Vietnamese control behind the scene. No true Vietnamese and Cambodian history is allowed to teach in Cambodia; in this case, what history you teach in your school. The border is kept moving inside Cambodia; illegal immigrants enter freely, stay freely. do freely in Cambodia never end. Viet’s spy are every where in the country. Concession land 99 years given to Vietnamese for some 1,000,000 ha. near the border. Vietnam has nearly 100 millions population and Cambodia has 15 million population. Concession land to Vietnam is between slave and boss because that concession land area is not under control of Khmer authority. Vietnamese flow its citizens to live there as much as they want. What kind of concession business is this???? This is the same strategy how Vietnamese took Kampuchea Krom. Civilian go first then the troops and government go after to protect its citizen. Well, there are many more negative things to mention about this current government and the situation of Cambodia.
    I understand that you are a business man, you are making lots money from this country and regime; you are afraid to say all the facts, but you need to understand that if the nation fails you fail too. You extract money from this easy society if this benefits society loses to Vietnam, I don’t Vietnam is going to work with you. When this country was fallen into Khmer Rough, all the rich persons at that time also fall too and got killed. Obb, you can escape back to the U.S., but abandon yous assets in Cambodia

  2. Bopha says:

    ល្អណាស់!!! បើអាចសូមឱ្យអ្នកកាសែតសើររើសរេសេរពីប្រវត្តិជំនាន់ ១៩៧៩-៨១ ដែលប្រជាជនខ្មែរ​នាំ​គ្នាស្វែងរករស់នៅប្រទេសទីបី ដោយឆ្លងកាត់ប្រទេសសៀម ហើយត្រូវពួកតិរច្ឆាននេះគៀងទំលាក់​មក​តាមភ្នំដងរែក ព្រះវិហារ ដោយឱ្យដើរឆ្លងកាត់ចំការមីន និងបានបាញ់រះលើប្រជាជនដែលក្រាញថយ​ក្រោយមិនឆ្លងកាត់ចំការមីនមកដីខ្មែរវិញ…. ឈឺចាប់ណាស់ ដូចវេជ្ជបណ្ឌិតបានលើកខាងលើស្រាប់។ ជឿថាគង់មានអ្នកកាសែត ឬ អ្នកចេះដឹងណាម្នាក់ ដែលបានដឹងព្រឹត្តិការណ៍នោះនៅមានជីវិត ដើម្បី​សរសេរបរិយាយរឿងនេះ ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងថា មនុស្សចិត្តតិរច្ឆាននៃប្រទេសជិតខាង​គេ​ធ្វើមកលើជនភៀសសឹកខ្មែរយ៉ាងណាខ្លះ ហើយតើអំពើអមនុស្សធម៌បែបនេះយើងអាចប្តឹងទៅតុលាការ​ICC បានឬទេ? សូមអរគុណ លោកវេជ្ជបណ្ឌិតដែលបានរំលឹករឿងនេះឡើង។ ជឿថាមានខ្មែរមិនតិច​ទេ​ដែលបានឆ្លងកាត់កូនវាលពិឃាដនេះ បន្សល់ទុកនូវការព្រាត់ប្រាស់និរាស កំព្រា គ្មានកោះត្រើយ។

  3. Judge says:

    សូមអរគុណជាអនេក ដល់ការចែករំលែក ដល់ ឆន្ទៈ និង មនសិការជាតិ ពិតប្រាកដរបស់ឧកញ៉ា ដែលជាកូនខ្មែរដែលធ្លាប់លំបាកក្នុងជីវិត តែមិនបំភ្លេចដល់វាសនាកូនខ្មែរនិងជាតិ។
    នេះជាគំរូរដល់ប្រសើរនៃការតស៊ូជីវិត និង ដំណើរជីវិតប្រកបដោយសុឆន្ទៈរបស់ជីវិតខ្លួននិងជាតិ។ ជាពិតប្រាកដ អំពើពុករលួយជាឧបសគ្គដ៏ធំធេងនៃការដុះដាលរបស់ប្រជាជននិងជាតិ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងប្រទេសអាមេរិក តែព្យាយាមរំលែកនិងបណ្តុះបណ្តាលដល់យុវជនពិតប្រាកដ ប្រសើរជាងឱកាសបំពុល យុវជន ដោយ ស្រី ស្រា បារ ល្បែង ឆក់យកប្រយោជន៏ផ្ទាល់ខ្លួនដោយខ្មៅងងឹតនឹងភាពវង្វេងនិងជំរុញដល់ភាពវង្វេង។
    សូមបងប្អូនមេត្តាចែករំលែក អត្ថបទនេះ និង ខ្លឹមសារនេះដល់កូនខ្មែរ ជាសារៈប្រយោជន៏។
    សំនៀង

  4. peaceful says:

    បើអត់បាយបរិភោគ អាចរស់បាន ០១អាទិត្យ តែបើគ្មានមេត្តាធម៌មិនអាចរស់បាន០១នាទីទេ