ពលរដ្ឋ​ក្រីក្រ​បារម្ភ​ខ្លាច​ខ្វះ​សេវា​សុខាភិបាល​បន្ទាប់​ពី​ឮ​ថា​មន្ទីរពេទ្យ​រដ្ឋ​ត្រូវ​គេ​យក​ធ្វើ​ជា​ធនាគារ

ដោយ សាន សែល
2016-03-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អគារ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ២០១៦ ៨៥៥
អគារ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន នៅ​លើ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​២៩៤ ត្រូវ​បាន​គេ​អះអាង​ថា​នឹង​ត្រូវ​ក្លាយ​ជា​ធនាគារ​ឯកជន។ រូបថត​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ RFA/San Sel


ក្ដី​ស្រមៃ​របស់​ប្រជាជន​ក្រីក្រ​ដែល​ថា មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន នឹង​បើក​ទ្វារ​វិញ​ក្រោយ​ពី​បិទ​ជាង​បី​ឆ្នាំ​មក ត្រូវ​រលាយ​សូន្យ។ អគារ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ឬ​ពេទ្យ​កាកបាទ​ក្រហម​នៅ​ខាង​ត្បូង​វិមាន​ឯករាជ្យ កំពុង​ត្រូវ​គេ​ជួសជុល​រៀបចំ​ទៅ​ជា​ធនាគារ​ឯកជន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រជាជន​ក្រីក្រ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​ព្យាបាល​មិន​បង់​ប្រាក់​នៅ​មន្ទីរពេទ្យ​រដ្ឋ​នេះ ត្អូញត្អែរ​ថា ខ្វះ​សេវា​សុខាភិបាល​រដ្ឋ​ដែល​មិន​បង់​ប្រាក់ បន្ទាប់​ពី​មន្ទីរពេទ្យ​នេះ​បាន​បិទ​ទ្វារ និង​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ធនាគារ។

លោកស្រី លុយ សារី ធ្លាប់​ទៅ​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ដោយ​មិន​ចាំបាច់​បង់​ប្រាក់។ លោកស្រី​សរសើរ​ពី​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​នេះ ដោយសារ​បុគ្គលិក​ប្រើ​សម្ដី​សមរម្យ មិន​គំរោះគំរើយ និង​យក​ចិត្ត​ទុក​ដាក់​អ្នក​ជំងឺ​ក្រីក្រ​ដូចជា​លោកស្រី បើ​ទោះ​បី​ជា​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ក្តី។

កំពុង​អង្គុយ​លាង​សាច់​មាន់​សម្រាប់​ដាំ​បបរ​លក់​នៅ​ពេល​រសៀល លោកស្រី សារី ប្រាប់​ថា សព្វថ្ងៃ​លោកស្រី​មាន​ជំងឺ​វង្វេងវង្វាន់ ហើយ​លោកស្រី​តែង​ទៅ​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​ចំការមន ដើម្បី​ព្យាបាល​ជំងឺ។

ផ្ទះ​របស់ លោកស្រី សារី ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ច្រក​ចូល​វត្ត​ប្រយូសវង្ស លើ​មហាវិថី​ព្រះ​នរោត្តម។ តំបន់​រស់នៅ​របស់​លោកស្រី​មាន​ច្រក​ចេញ​ចូល​កាច់​កុង​ចុះ​ឡើង ដែល​ម៉ូតូ​ពីរ​ពិបាក​នឹង​ជៀស​គ្នា​រួច។ ផ្ទះ​របស់ លោកស្រី លុយ សារី នៅ​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ទេ។ លោកស្រី​ឲ្យ​ដឹង​ថា ពេល​ឈឺ​ថ្កាត់​ពេល​យប់​ព្រលប់ លោកស្រី​អាច​ទៅ​មន្ទីរ​នេះ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ព្យាបាល ដោយ​មិន​ចាំបាច់​អស់​លុយ​កាក់​ច្រើន។ លោកស្រី សារី បាន​ដឹង​ពី​ការ​បិទ​ទ្វារ​របស់​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន យូរ​មក​ហើយ ក៏ប៉ុន្តែ​លោកស្រី​រំពឹង​ថា មន្ទីរពេទ្យ​រដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​នេះ នឹង​បើក​ទ្វារ​ជា​ថ្មី បន្ទាប់​ពី​ជួសជុល​ហើយ។

ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ​លេខ​២៩៤ អគារ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ព័ន្ធ​របង​បន្ទះ​ដែក​ពណ៌​ខៀវ។ បុរស​មួយ​ក្រុម​កំពុង​រៀបចំ​ដាក់​ការ៉ូ​ការ៉ូឡា​លើ​ទីធ្លា​ដី​ក្នុង​បរិវេណ​មុខ​មន្ទីរពេទ្យ។

បុរស​ម្នាក់​ដែល​កំពុង​ច្រៀក​ក្ដារ​នៅ​ជាន់​ផ្ទាល់​ដី បញ្ជាក់​ថា រយៈពេល​ជាង​មួយ​ខែ​កន្លះ​ទៀត អគារ​មន្ទីរពេទ្យ​នេះ​នឹង​ត្រូវ​ជួសជុល​រួច​រាល់។ គាត់​ថា គេ​នឹង​បើក​ជា​ធនាគារ​ដាក់​លុយ។ នៅ​ជាន់​ទី​១ បន្ទប់​ដែល​ជា​កន្លែង​ធ្លាប់​ដាក់​អ្នក​ជំងឺ កំពុង​ត្រូវ​រៀបចំ​ដាក់​ម៉ាស៊ីន​ត្រជាក់ លាប​ពណ៌ និង​ជួសជុល​ជា​ថ្មី។

បុរស​ម្នាក់​ទៀត​ដែល​ប្រាប់​ថា​មក​ធ្វើ​ជា​ជាង​កំបោរ​នៅ​ទីនេះ​រយៈពេល​មួយ​ខែ​មក​ហើយ រៀបរាប់​ថា លោក​មិន​បាន​ដឹង​ច្បាស់​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​នឹង​បើក​ធនាគារ​នេះ​ទេ។ លោក​ឮ​ថា មន្ទីរពេទ្យ​នេះ​នឹង​ក្លាយ​ជា​ធនាគារ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ឆ្លើយ​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​ផ្តល់​យោបល់​ឲ្យ​សាកសួរ​មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​សុខាភិបាល មិន​លើក​ទូរស័ព្ទ។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏ប៉ុន្តែ​លោក​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់​មិន​អាច​ឆ្លើយ​តប​បាន​ទេ។

ពលរដ្ឋ​ក្រីក្រ ភ្នំពេញ ២០១៦ ៨៥៥
ប្រជាជន​រស់នៅ​ក្នុង​ប្លុក​វត្ត​ប្រយូសវង្ស លើ​មហាវិថី​ព្រះ​នរោត្តម ដែល​ធ្លាប់​ទទួល​សេវា​សុខាភិបាល​ពី​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន។ រូបថត​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ RFA/San Sel


កាល​ពី​ពេល​កន្លង​ទៅ នៅ​ពេល​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន បិទ​ទ្វារ បុគ្គលិក​មន្ទីរពេទ្យ​នេះ​សង្ស័យ​ថា រដ្ឋាភិបាល​បាន​លក់​មន្ទីរពេទ្យ​ទៅ​ឲ្យ​ឯកជន។ ក្រោយ​មក ក្រុម​គ្រូពេទ្យ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាក់ទង​នឹង​រឿង​នេះ។ ក៏ប៉ុន្តែ​បុគ្គលិក​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី ហើយ​គ្រូពេទ្យ​ខ្លះ​បាន​ទៅ​បម្រើ​ការ​នៅ​តាម​គ្លីនិក​ឯកជន។

ចរន្ត​នៃ​ការ​ប្ដូរ​ទីតាំង​គ្រឹះស្ថាន​រដ្ឋ កំពុង​កើន​ឡើង ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ​ឡើង​ថ្លៃ។

សន្ទស្សន៍​ស្ដីពី​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន ខ្នៃ ហ្វ្រែង (Knight Frank) បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ កើន​ឡើង​ជាង ២៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ដែល​កើន​ខ្ពស់​ជាង​គេ​លំដាប់​ទី​២ បន្ទាប់​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន (Japan) ក្នុង​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

កាល​ពី​ពេល​ថ្មី​នេះ ទីតាំង​ក្រសួង​បរិស្ថាន ចាស់​ក្បែរ​វិមាន​ឯករាជ្យ ត្រូវ​បាន​ផ្ទេរ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ ហើយ​បាន​រំកិល​ការិយាល័យ​របស់​ខ្លួន​នៅ​លើ​សំណង់​អគារ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា «អគារ​មរតក​តេជោ» នៅ​ជាប់​ច្រាំង​ទន្លេ​ក្បែរ​កាស៊ីណូ​ណាហ្គា (Naga World)

ដោយឡែក​ព័ត៌មាន​ស្ដីពី​ការ​ប្រែ​ក្លាយ​ពី​មន្ទីរពេទ្យ​រដ្ឋ ទៅ​ជា​ធនាគារ​ឯកជន​នៅ​ពេល​នេះ ធ្វើ​ឲ្យ លោកស្រី លុយ សារី និង​អ្នក​ជិត​ខាង​គាត់​ផ្សេង​ទៀត​អស់​សង្ឃឹម។ សង្ឃឹម​ធ្លាប់​គិត​ថា សហគមន៍​ក្រីក្រ​របស់​គាត់ នឹង​អាច​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន វិញ។ តាំង​ពី​ពេល​ដែល​មន្ទីរពេទ្យ​នេះ​បិទ​ទ្វារ​តាំង​ពី ៣​ឆ្នាំ​មុន​មក លោកស្រី​ខកខាន​ទទួល​ការ​ព្យាបាល៖ «»

ក្រៅ​ពី​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ក៏​មាន​មន្ទីរពេទ្យ​ផ្សេង​ទៀត​ដែរ​ដែល​ផ្តល់​សេវា​ព្យាបាល​ឥត​គិត​ថ្លៃ ដូចជា​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ទីរពេទ្យ​ជប៉ុន។

លោកស្រី សារី រៀបរាប់​ថា គាត់​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ចេះ​តែ​បាន​ហើយ ក៏ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ប្រាក់។ លោកស្រី​ថា គ្រួសារ​លោកស្រី​ដែល​រស់នៅ​ពឹង​លើ​របប​លក់​បបរ​សាច់​មាន់​បន្តិចបន្តួច គ្មាន​លទ្ធភាព​មាន​ប្រាក់​ទៅ​បង់​ថ្លៃ​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​ព្យាបាល​ឯកជន​ផ្សេង​ទៀត​ទេ៖ «»

លោកស្រី សារី មាន​ប័ណ្ណ​បញ្ជាក់​ភាព​ក្រីក្រ​ដែល​លោកស្រី​ធ្លាប់​ទទួល​បាន​សេវា​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន។ លោកស្រី​ធ្លាប់​ទៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត​ដែរ តែ​គេ​តម្រូវ​ឲ្យ​លោកស្រី​បង់​ថ្លៃ​សេវា ហើយ​ពេល​ទៅ​ពេទ្យ​ផ្សេង​ម្តងៗ ត្រូវ​ចំណាយ​ប្រាក់​ជិះ​ម៉ូតូ​ឌុប​ដែល​គាត់​មិន​មាន​ប្រាក់​បង់​គ្រប់គ្រាន់៖ «»

ថវិកា​ចំណាយ​លើ​វិស័យ​សុខាភិបាល​បាន​កើន​ឡើង​ជាង ១​ពាន់​លាន​រៀល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ ពី ៨២៥​ពាន់​លាន​រៀល​នៅ​ឆ្នាំ​២០១៤ ដល់ ៩៣២​ពាន់​លាន​រៀល​នៅ​ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដាស់​តឿន​ដល់​គ្រូពេទ្យ​នៅ​កម្ពុជា ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជូន​ប្រជាជន​ដោយ​មិន​រើសអើង​អ្នក​មាន ឬ​អ្នក​ក្រ។

នៅ​ឆ្នាំ​២០១៦ ក្រសួង​សុខាភិបាល រៀបចំ​គោលដៅ​យុទ្ធសាស្ត្រ​បង្កើន​ល្បឿន​នៃ​ការ​កាត់​បន្ថយ​មរណភាព​មាតា ទារក និង​កុមារ និង​កាត់​បន្ថយ​ប្រេវ៉ាឡង់​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​ស្ត្រី និង​កុមារ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ទីតាំង​មន្ទីរពេទ្យ​រដ្ឋ រដ្ឋាភិបាល​គួរ​បង្កើត​ជា​មជ្ឈមណ្ឌល​មន្ទីរពេទ្យ​រដ្ឋ​សម្រាប់​ទទួល​ព្យាបាល​ជំងឺ​ជូន​ប្រជាជន ពិសេស​អ្នក​ក្រីក្រ ប្រកប​ដោយ​គុណភាព​ខ្ពស់​ជាង​មុន ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​សេវា​សុខាភិបាល​ពី​រដ្ឋាភិបាល​ប្រកប​ដោយ​សមធម៌៖ «»

លោកស្រី លុយ សារី ចង់​ឃើញ​ថា រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាជន​ក្រីក្រ​ពិត​ប្រាកដ៖ «»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​ក្រីក្រ​បារម្ភ​ខ្លាច​ខ្វះ​សេវា​សុខាភិបាល​បន្ទាប់​ពី​ឮ​ថា​មន្ទីរពេទ្យ​រដ្ឋ​ត្រូវ​គេ​យក​ធ្វើ​ជា​ធនាគារ"

  1. Anonymous says:

    នយោបាយ បំបាត់ មន្ទីពេទ្យ រដ្ឋ គឺ សម្លាប់ ប្រជាពលរដ្ឋ ក្រី ក្រ ដោយ ប្រយោល !