ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥


និស្សិត​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ​មេខ​រៈ​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ស្ថាប័ន​យុត្តិធម៌​ អន្តរាគមន៍​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល។

នៅក្នុង​លិខិត​មួយ​ដែល​គោរពជូន​លោក ហ៊ុន សែននិង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តធម៌ និស្សិត​៦នាក់​ដែល​បានផ្តិត​ស្នាមមេដៃ​ បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈហើយ​បានស្គាល់​និង​សិក្សា​​ជាមួយយុវជន​ គង់ វ៉ៃយ៉ា។

ពួក​គេសរសេរ​ថា​៖ “យុវជននេះ​មាន​អាកប្បកិរិយាល្អ មិន​ដែល​បង្ក​​ការ​រំខានឬ​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​សង្គម​ឡើយ។ យើង​ខ្ញុំ​ជឿថា​យុវជន​គង់ រ៉ៃយ៉ា ពិត​ជា​មិនមាន​បំណង​ធ្វើ​ឲ្យ​មាន​ចលាចល​នៅក្នុងសង្គម​ដូច​ការ​ចោទប្រកាន់នោះទេ គឺ​គ្រាន់​តែ​បញ្ចេញ​មតិ​ផ្ទា​ល់​ខ្លួន​ក្នុង​នាម​ជា​យុវជន​ម្នាក់​សិក្សា​នៅ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន ដែលមានការយល់ដឹង​នូវអត្ថន័យ​នៃ​ពាក្យ​បដិវត្តន៍ពណ៌​នៅមាន​កម្រិតតែប៉ុណ្ណោះ”។​

និស្សិតទាំងនោះ​បន្ត​ថា​​យុវជន​គង់ រ៉ៃយ៉ា​ មិន​មាន​ខ្សែ​បណ្តាញ​និង​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម មិន​​ធ្លាប់​បង្ក​ចលាចលណា​មួយ​ក្នុង​សង្គម​និង​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យមាន​ភាព​វឹកវរ​ដល់​សង្គម​នោះ​ឡើយ។​

កញ្ញា អៀន សុផន អាយុ​២៣ឆ្នាំ ​ជានិស្សិត​ឆ្នាំ​ទី​៣​នៅសាកលវិទ្យាល័យ​ខេមរៈ ផ្នែកទំនាក់ទំនង​អន្តរជាតិ ប្រាប់វីអូឌី(VOD)ថា​ក្រុមនិស្សិត​នឹង​យក​លិខិត​នោះ​ទៅ​ដាក់​នៅ​ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី ខុទ្ទ​កាល័យ​របស់នាយករដ្ឋមន្រ្តីនិង​ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទនេះ។ កញ្ញា​បន្ត​ថា​ក្រុមនិស្សិត​យល់ថា​យុវជន​គង់ រ៉ៃយ៉ា គ្រាន់តែបញ្ចេញម​តិ​និង​អារម្មណ៍​របស់​លោក​តែ​ប៉ុណ្ណោះ។ កញ្ញាមានប្រសាសន៍ថា៖ “ការចាប់ខ្លួន​គាត់​មិន​ទាន់ត្រឹមត្រូវទេ។ គាត់គ្រាន់តែ​បញ្ចេញមតិ​ដូច​ពលរដ្ឋ​ទូទៅតែ​ប៉ុណ្ណោះ​”។​

ករណីនេះ តុលាការ​នឹង​ប្រកាសសាលក្រមនៅថ្ងៃអង្គារស្អែកនេះ។ នៅក្នុង​សវនាការកាលពីកន្លងទៅ យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​

ចៅក្រមជំនុំជម្រះ​ លោក​ ហេង សុខណា ធ្លាប់​បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់​ទងនឹងសារដែល​គាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែល​មានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថ​ន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះម​ហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។

ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ថាខ្លួនមិនបានយល់ច្បាស់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។​

គង់ រ៉ៃយ៉ា អះអាងថាគ្រូរបស់​ខ្លួន​បាន​ពន្យល់​ថាបដិវត្តន៍ពណ៌ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ពោល​គឺ​មាន​ន័យ​ប្រ​ហាក់ប្រហែល​នឹង​ពាក្យ​ថា​បាតុកម្ម។

គួរបញ្ជាក់​ថា​យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌"

  1. people says:

    the communist dictator of veitcong slave very scare of the new technology ‘ they don’t know anything and so dump’ .they only know how to kill ‘,how to do the dirty trick ,how to corrupted ,how to take anyone who strange to them put in jail even no law’ .king dom of veitcong slave never care about cambodian people’ they care only veitname and serve veitcong only even the king never care the cambodian people because his mum is yioun-veitcong-spy.GOD bless all cambodian people’