យ៉េង វីរៈ៖ ការ​ប្រឡូក​នយោបាយ​គឺ​យើង​យក​ជោគវាសនា​របស់​យើង​មក​ក្តាប់​នៅ​ក្នុង​ដៃ

លោក យ៉េង វីរៈ ក្នុង​ពេល​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ហេង ជីវ័ន

លោក យ៉េង វីរៈ ក្នុង​ពេល​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ១១ ថ្ងៃ​កាលពី​ចុង​ឆ្នាំ ២០១៥ ត្រូវ​បាន​លោក​ យ៉េង វីរៈ ចាត់​ទុក​ថា​ជា​បទពិសោធ​ល្អ​មួយ​នៅ​ក្នុង​ជីវិត​​របស់​​លោក​ដែល​ធ្វើ​ឲ្យ​លោក​​កាន់តែ​រឹងមាំ​កាន់តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម។

លោក យ៉េង វីរៈ ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី ២ ខែ​សីហា​ឆ្នាំ ២០១៥​។ តាម​គម្រោង​​នៅ​ក្នុង​ជំហាន​ដំបូង​គណបក្ស​នេះ​នឹង​ធ្វើការ​បណ្តុះ​បណ្តាល​​សមាជិក​របស់​ខ្លួន​នៅ​តាម​ឃុំ-សង្កាត់​ឲ្យ​បាន​ចំនួន​ ២០០ ឃុំ-សង្កាត់​ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅក្នុង​ឆ្នាំ ២០១៧។

នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ លោក យ៉េង វីរៈ បាន​ថ្លែង​ថា​៖ «យើង​មិន​​លោភ​លើ​បរិមាណ​ទេ​យើង​​ផ្តោត​លើ​គុណភាព។ អ៊ីចឹង​​យើង​បណ្តុះ​បណ្តាល​សមាជិក​យើង​​ប្រហែល​ជា ២០០ ឃុំ-សង្កាត់​ ទំនង​ជា​សមាជិក​ ១០០០០ នាក់​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ហ្នឹង​ហើយ​យើង​នឹង​សម្រិត​​សម្រាំង​ឲ្យ​មាន​បេក្ខជន​ប្រហែល​ជា ១៥០០ ​នាក់​ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ ឃុំ សង្កាត់»។

នៅក្នុង​ជំហាន​ដំបូង​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ផ្តោត​សំខាន់​តែ​ទៅ​​លើ​ខេត្ត​ចំនួន​​ ៥ ​សិន​ប៉ុណ្ណោះ​គឺ​ខេត្ត​កំពង់ស្ពឺ​កំពត តាកែវ ព្រៃវែង ស្វាយរៀង​ ឬ​ក៏​កំពង់ធំ​ក៏​ប៉ុន្តែ​ក៏​​នឹង​ផ្តោត​លើ​ឃុំ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដែរ។

លោក​ វីរៈ ​បាន​មាន​ប្រសាសន៍​ថា​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​មាន​គោល​គំនិត​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ​គឺ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ការ​យក​ច្បាប់​ជា​ធំ​យក​ប្រជាពលរដ្ឋ​ជា​ធំ​ជាដើម​។ ក៏​ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​ឈរ​លើ​គុណ​តម្លៃ​ដែល​គុណ​តម្លៃ​ទី​ ១ គឺ​សាមគ្គីភាព​ទី​ ២ ​គឺ​យុត្តិធម៌​ទី​ ៣ គឺ​អហិង្សា។ «ហើយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យើង​ហ្នឹង​គឺ​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​មាន​ជីវិត​ថ្លៃថ្នូរ​ហើយ​ប្រទេស​ជាតិ​យើង​ហ្នឹង​មាន​អធិបតេយ្យ​ពេញលេញ។ ដើម្បី​សម្រេច​បាន​នូវ​បេសកកម្ម​នេះ និង​​គោលបំណង​នេះ​គឺ​យើង​ត្រូវ​បណ្តុះ​អ្នក​ដឹកនាំ​ល្អ​ហើយ​នឹង​​កសាង​មូលដ្ឋាន​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា​យើង​»។ លើស​ពី​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​លក្ខណ​ពិសេស​ជាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា «​គឺ​យើង​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​យើង​មាន​គោលការណ៍​យក​សមាជិក​ជា​ធំ​សមាជិក​ជា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​សមាជិក​ជា​អ្នក​សម្រេច​ចិត្ត​ទៅ​លើ​គោលនយោបាយ​ទៅ​លើ​សេចក្តី​សម្រេច​សំខាន់ៗ​របស់​គណបក្ស។ យើង​​ផ្តោត​លើ​ហៅ​ថា​ប្រជាធិបតេយ្យ​បែប​វិមជ្ឈការ​បាន​ន័យ​ថា​យើង​យក​មូលដ្ឋាន​ជា​ធំ»។ គណបក្ស​នឹង​បណ្តុះបណ្តាល​បង្ក​លក្ខណៈ​ឲ្យ​សកម្មជន​នៅ​មូលដ្ឋាន​មាន​សមត្ថភាព​លទ្ធភាព និង​ធនធាន​ក្នុង​ការ​​ដោះស្រាយ​បញ្ហា​មូលដ្ឋាន​របស់​ពួកគាត់​។ «ឧទាហរណ៍​ថា​ត្រូវ​ទម្លាក់​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​ទៅ​មូលដ្ឋាន​ឲ្យ​ឃុំ-សង្កាត់​ហ្នឹង​មាន​ធនធាន ថវិកា សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​គាត់​មិន​ដូច​សព្វ​​ថ្ងៃ​ទេ»។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​គ្រាន់តែ​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​ជា​អ្នក​កសាង​សមត្ថភាព​បង្ក​លក្ខណៈ​ងាយស្រូល​ដល់​​សមាជិក និង​ប្រជាពលរដ្ឋ​មិនមែន​ជា​អ្នក​មាន​សិទ្ធិ​អារ​កាត់​ ឬ​ធ្វើ​សេចក្តី​សម្រេច​បែប​អត្តនោម័ត​គ្រប់​រឿង​ដូច​មេដឹកនាំ​គណបក្ស​ដទៃ​នោះ​ទេ។ លោក ​វីរៈ ​បន្ត​ថា​៖ ​«ហើយ​គោលការណ៍​មួយ​ទៀត​នោះ​គឺ​ភាព​ជា​ម្ចាស់​គឺ​សមាជិក​យើង​ហ្នឹង​មាន​ភាព​ជា​ម្ចាស់​ទៅលើ​គណបក្ស​ជា​គណបក្ស​របស់​យើង​ទាំងអស់​គ្នា​ហើយ​ដោយសារ​តែ​គាត់​តាំង​ខ្លួន​ជា​ម្ចាស់​របស់​គណបក្ស​អ៊ីចឹង​ទៅ​គាត់​ចូលរួម​ទាំង​កម្លាំង​កាយ​ចិត្ត​ និង​ធនធាន​ផង​ដែរ»។


លោក យ៉េង វីរៈ (ឆ្វេង) នៅពេល​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ រូបថត RFA

លោក យ៉េង វីរៈ (ឆ្វេង) នៅពេល​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ រូបថត RFA

លោក​ យ៉េង វីរៈ ដែល​ទុក​ពុក​មាត់​មើល​ទៅ​ដូច​ជា​ជនបរទេស​នោះ​បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​អស់​រយៈពេល ១៣ ឆ្នាំ​ដែល​មជ្ឈមណ្ឌល​នេះ​បាន​ដើរ​​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ការ​បណ្តុះ​បណ្តាល​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​អំពី​ច្បាប់ អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់។ លើស​ពី​នេះ​មជ្ឈមណ្ឌល​ក៏​បាន​ផ្តល់​សេវា​ពិគ្រោះ​ផ្នែក​ច្បាប់ និង​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ផ្សេងៗ​ជាពិសេស​ការ​រំលោភ​បំពាន​សិទ្ធិ​​សិទ្ធ​ដីធ្លី និង​សិទ្ធិ​ការងារ​ដែល​ជា​បញ្ហា​ក្តៅ​គគុក​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

បើ​ទោះបី​ជា​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ទទួល​បាន​​ការ​​បណ្តុះបណ្តាល​ពី​ច្បាប់​អាច​យក​ចំណេះដឹង​ទាំង​នោះ​ទៅ​ការពារ​ខ្លួន​ទប់ស្កាត់​បាន​​នូវ​ការ​រំលោភ​បំពាន​ផ្សេងៗ​ជាច្រើន​ក៏ដោយ​​ ក៏​នៅពេល​លោក យ៉េង វីរៈ ចាប់​ផ្តើម​ធ្វើការ​​ពិនិត្យ​វិភាគ​ជា​រួម​ទៅ​ឃើញ​ថា «អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ត្បឹត​ថា​មាន​ប្រយោជន៍​​សម្រាប់​សហគមន៍​សម្រាប់​ក្រុម​គោលដៅ​របស់​យើង​មែន​ប៉ុន្តែ​នៅ​មាន​កម្រឹត​។ ខ្ញុំ​ជួយ​បាន​តែ​មនុស្ស​មួយ​ក្រុម​សហគមន៍​មួយ​ចំនួន​ប៉ុន្តែ​អត់​​បាន​ជួយ​ដល់​​ពលរដ្ឋ​ដែល​រងគ្រោះ​ដូច​គ្នា​ដោយសារ​ការ​រំលោភ​សិទ្ធិ​ដែល​ត្រូវការ​យុត្តិធម៌​ដែល​មាន​ទ្រង់ទ្រាយ​ដល់​រហូត​ទៅ​​ទូទាំង​ប្រទេស​នោះ​ទេ​»។

ដោយសារ​តែ​ហេតុ​ដូច្នេះ​ហើយ និង​ដោយសារ​តែ​គ្មាន​ជំនឿ​ទៅ​លើ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​លោក វីរៈ និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​បាន​ពិភាក្សា​គ្នា​ហើយ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ឡើង​។

លោក​ វីរៈ បាន​និយាយ​មួយៗ​ច្បាស់ៗ​ដោយ​សម្តី​ស្រទន់​សុភាព​ថា​ការ​មាន​តែ​អំណាច​ខាង​សីលធម៌​ខាង​សេដ្ឋកិច្ច​គឺ​មិន​​ទាន់​គ្រប់គ្រាន់​ទេ «គឺ​យើង​ត្រូវ​មាន​អំណាច​ខាង​អាជ្ញា​ខាង​សមត្ថកិច្ច​ផង​ហើយ​មាន​តែ​សកម្មភាព​របស់​គណបក្ស​នយោបាយ​ទេ​ដែល​នាំ​ឲ្យ​យើង​អាច​ទៅ​កាន់​អំណាច​រដ្ឋ​អំណាច​អាជ្ញា​ជា​សមត្ថកិច្ច​ដែនដី​ដែល​យើង​អាច​នឹង​​បំពេញ​តួនាទី​មួយ​ទៀត​ក្នុង​នាម​ជា​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ទាំង​ពួង​នៅក្នុង​មូលដ្ឋាន​»។ លោក​បន្ត​ថា​ក្រុម​របស់​លោក​បាន​បង្កើត​​គណបក្ស​នយោបាយ​នេះ​ឡើង​គឺ​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក៏​ដើម្បី​​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាតិ​ផង​ដែរ​។

ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​​នេះ​ឡើង​​ត្រូវ​បាន​លោក​ វីរៈ ពន្យល់​ថា​ជា​ការ​ ​«បង្កើត​នូវ​ជម្រើស​មួយ​ថា​យើង​​អាច​រៀប​គណបក្ស​បែប​​ហ្នឹង​ឲ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​យក​គោលការណ៍​សមាជិក​ធិបតី​អី​ជាដើម​នេះ​ហើយ​អ្នក​ដឹកនាំ​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​អ្នក​​កសាង​​សមត្ថភាព​អ្នក​បង្ករ​លក្ខណៈ​ឲ្យ​សមាជិក​អ៊ីចឹង។ អ៊ីចឹង​ហើយ​នេះ​ជា​​គណបក្ស​មួយ​ដែល​ខុស​គេ​ហី​គំនិត​ហ្នឹង​យើង​ជឿ​ថា​ថ្ងៃ​ក្រោយ​ទៅ​ប្រហែល​ជា​គេ​អាច​មើល​អាច​រៀនសូត្រ​អី​ពី​យើង​អ៊ីចឹង​ដែរ​ប្រហែល​ជា​គេ​អាច​ឈាន​ទៅ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស​គេ​ជា​បណ្តើៗ​អ៊ីចឹង​ដែរ​តាម​មើល​ទៅ​»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ផែនការ​ជាក់លាក់​រួច​ហើយ​ថា​នឹង​ធ្វើការ​បណ្តុះ​បណ្តាល​សមាជិក​មកពី ២០០ ឃុំ-សង្កាត់​ហើយ​ធ្វើ​យ៉ាង​ណា​ត្រូវ​សម្រិត​សម្រាំង​ឲ្យ​​បាន​ ១០០ ឃុំ-សង្កាត់ ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅក្នុង​ឆ្នាំ ២០១៧ ហើយ​នៅក្នុង​ការ​ប្រកួត​ប្រជែង​ទាំង ១០០ ឃុំ​នោះ​គណបក្ស​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់​នឹង​ឈ្នះ​បាន​ជា​មេឃុំ​ ២០ ឃុំ សង្កាត់​។ បន្ទាប់​មក​គណបក្ស​ត្រូវ​​រៀបចំ​ដឹកនាំ​ភូមិ​ ឃុំ-សង្កាត់​ដែល​ឈ្នះ​នោះ​ឲ្យ​គេ​មើល​ឃើញ​ថា​ជា​ភូមិ​ឃុំ សង្កាត់​គំរូ។ ចំណែក​នៅក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ គណបក្ស​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​គណបក្ស​ណា​មួយ​បាន​សំឡេង​លើស​ពី ៥០ បូក​ ១ ​នោះ​ឡើយ។ លោក​ យ៉េង វីរៈ បញ្ជាក់​ថា៖ «យើង​មិន​លោភ​រហូត​ដល់​ថា​យើង​ឈ្នះ​ដាច់​បង្កើត​រដ្ឋាភិបាល​នោះ​ទេ​ប៉ុន្តែ​យើង​ជឿ​ថា​ការ​ប្រឹងប្រែង​របស់​យើង​នឹង​ទទួល​បាន​ជោគជ័យ​ដោយ​អាច​បំបែក​មិន​ឲ្យ​គណបក្ស​ប្រជាជន​មិន​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​​បាន​ ៥០ ​បូក ​១ ​ទេ»។

ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈ្នះ​ឆ្នោត​គណបក្ស​នេះ​នឹង​ត្រូវ​បង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ​​ដោយ​នឹង​ផ្តល់​ឱកាស​ដល់​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចូលរួម​ដឹកនាំ​រដ្ឋាភិបាល​ដោយ​បែង​ចែក​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​។ «​ឲ្យ​គាត់​កាន់​ក្រសួង​កាន់​ស្ថាប័ន​​តាម​ជំនាញ​​តាម​សមត្ថភាព​របស់​គាត់​ដែល​គាត់​សាកសម​កាន់​ការងារ​នៅ​ក្រសួង​ ឬ​ស្ថាប័ន​នោះ​ហើយ​ឲ្យ​គាត់​បញ្ចេញ​ស្នាដៃ។ អ៊ីចឹង​យើង​​យក​គោលការណ៍​បង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ​»​។

លោក យ៉េង វីរៈ កើត​នៅ​ថ្ងៃ​ទី​ ៨ ខែ​មករា ឆ្នាំ ១៩៦១ នៅក្នុង​គ្រួសារ​​​មាន​​ជីវភាព​មធ្យម​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​បងប្អូន​ ៥ ​នាក់​ហើយ​លោក​ជា​កូន​កណ្តាល​។ ទាំង​នៅក្នុង​សម័យ​សង្គ្រាម និង​រហូត​មក​ដល់​បច្ចុប្បន្ន​លោក វីរៈ បាន​បន្ត​រស់​នៅ​ក្នុង​ប្រទេ​​កម្ពុជា​ក្នុង​នោះ​ក៏​ទទួល​រង​ការ​ឈឺចាប់​ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ទៃ​ទៀត​ដែរ។ ប៉ុន្តែ​នៅ​​​ក្រោយ​ពេល​ដែល​របប​ខ្មែរ​​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ​លោក ​វីរៈ​ បាន​ចេញ​ទៅ​រៀន​ខាង​​គរុកោសល្យ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រឿង​យន្ត​កសិកម្ម​នៅ​សហភាព​សូវៀត​អស់​រយៈពេល ៥ ឆ្នាំ​គឺ​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ១៩៨៦​។ នៅ​ពេល​វិល​ត្រឡប់​មក​ពី​រៀន​នៅ​សហភាព​សូវៀត​វិញ​លោក​មិន​បាន​ធ្វើការ​ជា​អ្នក​បណ្តុះបណ្តាល​ខាង​បច្ចេកទេស​គ្រឿង​យន្ត​កសិកម្ម​ដែល​លោក​​បាន​រៀន​នោះ​ទេ​ដោយ​លោក​ត្រូវ​គេ​ឲ្យ​ធ្វើការ​នៅ​ការិយាល័យ​បច្ចេកទេស​កសិកម្ម​គ្រឿង​យន្ត​នៃ​ក្រសួង​កសិកម្ម។

បន្ទាប់ពី​បាន​​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​បាន​រយៈពេល ៥ ឆ្នាំ​លោក​ក៏​ចេញ​ទៅ​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​វិញ​គឺ​នៅក្នុង​អំឡុង​ឆ្នាំ ១៩៩១ នៅពេល​ដែល​ភាគី​ខ្មែរ​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារិស​។ ដោយសារ​តែ​មាន​ចំណេះដឹង​ខាង​ភាសារ​អង់គ្លេស​ដោយសារ​តែ​លោក​បាន​ព្យាយាម​លួច​រៀន​ក្រៅ​ម៉ោង​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ធ្វើ​ការងារ​រដ្ឋ​លោក​ វីរៈ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​និយាយ​ថា​៖ «ប្រវត្តិ​ចូល​អង្គការ​គឺ​ចាប់ផ្តើម​ពី​អ្នក​បកប្រែ​ភាសារ​អង់គ្លេស​រហូត​ក្រោយ​ម៉ោ​ក៏​ក្លាយ​ទៅ​ជា​អ្នក​កាន់​កម្មវិធី​រហូត​បាន​ធ្វើ​ជា​នាយករង​នាយក​ប្រតិបត្តិ​អី​បន្ត​បន្ទាប់​មក​»

យ៉េង វីរៈ៖ ការ​ប្រឡូក​នយោបាយ​គឺ​យើង​យក​ជោគវាសនា​របស់​យើង​មក​ក្តាប់​នៅ​ក្នុង​ដៃ


លោក វីរៈ បាន​រៀបការ​នៅ​ឆ្នាំ ១៩៨៧ ហើយ​បច្ចុប្បន្ន​លោក​មាន​កូន ៤ នាក់ ប្រុស​ ៣ នាក់​ប៉ុន្តែ​ជា​អកុសល​កូន​ប្រុស​ច្បង​របស់​លោក​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​មាន​អាយុ ២២ ឆ្នាំ​ខណៈ​កំពុង​រៀន​ឆ្នាំ​ទី ២ នៅ​មហាវិទ្យាល័យ​កសិកម្ម​ចម្ការដូង​។

លោក វីរៈ បាន​ធ្វើការ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​អស់​រយៈពេល​ ២៥ ឆ្នាំ​ក្នុង​នោះ​លោក​បាន​ធ្វើ​ជា​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​អស់​រយៈពេល ១៣ ឆ្នាំ​។ នៅក្នុង​ការ​បំពេញ​ការងារ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​អស់​រយៈពេល ២៥ ឆ្នាំ​នេះ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន​គឺ​ការ​ចាប់​ឃុំ​ខ្លួន​រូប​លោក​អស់​រយៈពេល ១១ ថ្ងៃ​នៅ​ពន្ធនាគារ​ព្រៃស​ដោយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​កាលពី​ចុង​ឆ្នាំ ២០០៥ ដោយសារ​តែ​លោក​បាន​ចូលរួម​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ ធ្នូ​ដែល​នៅ​ក្នុង​ពិធី​នោះ​បដា​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​កាល​ណោះ​មាន​លោក កឹម សុខា ជា​ប្រធាន​ប្រជាពលរដ្ឋ​បាន​សរសេរ​សារ​បញ្ចេញ​មតិ​នៅលើ​បដា​មួយ​ផ្ទាំង​ប៉ះពាល់​ដល់​រដ្ឋាភិបាល។ នៅពេល​នោះ​មិនមែន​មាន​តែ​លោក​ យ៉េង វីរៈ តែ​ម្នាក់​នោះ​ទេ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ចាប់​ឃុំ​ផង​ដែរ។

លោក​ វីរៈ និយាយ​ថា​៖ «ខ្ញុំ​បាន​ស្គាល់​បន្ទប់​ពន្ធនាគារ​បាន​ស្គាល់​ពន្ធនាគារ​ព្រៃស​បាន​ឃើញ​ពី​សភាព​ពិត​នៅក្នុង​ពន្ធនាគារ​ជីវិត​ពិត​នៅក្នុង​ពន្ធនាគារ​ហើយ​ខ្ញុំ​មិន​បាន​គឹត​ថា​វា​ជា​រឿង​គួរ​ឲ្យ​​សោកស្តាយ​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ជា​បទពិសោធ​នៅក្នុង​ជីវិត​មួយ​ដែល​ល្អ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​​រឹងមាំ​កាន់តែ​មាន​កម្លាំង​ចិត្ត​ថា​វា​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​ធ្វើការ​ឲ្យ​មាន​​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ការ​យក​​ច្បាប់​ជា​ធំ​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​​»។

លោក​បន្ត​ថា​ការ​ចាប់​​​រូប​លោក​ដាក់​ពន្ធនាគារ​នេះ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​អ្នក​ដែល​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម​វា​មិនមែន​កើតឡើង​​តែ​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ​សូម្បី​តែ​រូប​លោក​ដែល​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ខិតខំ​ធ្វើការ​ដើម្បី​បម្រើ​សង្គម​ក៏​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ផង​ដែរ។ ទោះ​យ៉ាង​ណា «វា​ជា​រឿង​ដែល​ផ្តល់​កម្លាំង​ចិត្ត​ខ្ញុំ​ព្រោះ​អី​ព្រោះ​ខ្ញុំ​បាន​យល់​ពី​ខ្លួន​ខ្ញុំ​ច្បាស់​ថា​ខ្ញុំ​មិនមែន​ជា​ឧក្រិដ្ឋជន​ទេ​ខ្ញុំ​មិនមែន​ជា​អ្នក​ដែល​ទៅ​សម្លាប់​គេ​ខ្ញុំ​មិនមែន​ជា​អ្នក​ដែល​ទៅ​ប្រព្រិត​អំពើ​ឧក្រិដ្ឋ​អី​ទេ​អ៊ីចឹង​ខ្ញុំ​ជឿ​ទៅ​លើ​សេចក្តី​ល្អ​ដែល​មាន​នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​យើង​»​។

កាលពី​នៅ​ជា​យុវជន​រៀន​នៅ​វិទ្យាល័យ​លោក​ វីរៈ​ មិន​ដែល​មាន​បំណង​​ថា​ចង់​ធ្វើ​ជា​អ្នក​នយោបាយ​នោះ​ទេ​ប៉ុន្តែ​លោក​មាន​បំណង​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ដោយសារ​តែ​​លោក​ស្រឡាញ់​គោរព​គ្រូ​របស់​លោក​ពីព្រោះ​គ្រូ​បង្រៀន​មាន​កម្មវិធី​ច្បាស់លាស់​ក្នុង​ការ​បង្រៀន​សិស្ស​ដោយ​ពុំ​មាន​ការ​​ត្រួតត្រា​​ ឬ​ការ​រឹតត្បឹត​ពី​ថ្នាក់​លើ​នោះ​ឡើយ​។ ប៉ុន្តែ​បើ​ទោះបី​ជា​មិន​បាន​ធ្វើ​ជា​គ្រូ​នៅ​តាម​សាលា ឬ​នៅ​តាម​មហាវិទ្យាល័យ​ក៏​ដោយ​ក៏​លោក​បាន​ធ្វើ​ជា​គ្រូ​បណ្តុះបណ្តាល​ខាង​ជំនាញ​​​អភិវឌ្ឍន៍​សហគមន៍​ខាង​ច្បាប់​​ផង​ដែរ​។ ​«នៅ​ពេល​ដែល​​ខ្ញុំ​​ធ្វើការ​នៅ​ក្នុង​សង្គម​ស៊ីវិល​ខ្ញុំ​តែងតែ​គឹត​ថា​ខ្ញុំ​គឺ​ជា​​មនុស្ស​សង្គម​ស៊ីវិល​ហើយ​ខ្ញុំ​គឹត​ថា​សង្គម​ស៊ីវិល​អង្គការ​ហ្នឹង​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើការ​រហូត​ទៅ​ដល់​ជីវិត​ចុងក្រោយ​របស់​ខ្ញុំ​ពីព្រោះ​វា​ជា​កន្លែង​មួយ​ដែល​យើង​អាច​យក​គំនិត​ចេះ​ដឹង​របស់​យើង​យក​គំនិត​ច្នៃ​ប្រឌិត​របស់​​យើង​​ និង​ភាព​ម្ចាស់​ការ​របស់​យើង​​ទៅ​អនុវត្ត​បាន​ច្រើន​យើង​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ការងារ​បាន​ច្រើន​»​។

ក៏​ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​គឺ​នៅក្នុង​អំឡុង​ឆ្នាំ ២០១៥ លោក​ វីរៈ បាន​ផ្លាស់ប្តូរ​ផ្នត់​គំនិត​នេះ​ដោយ​លោក​​ត្រូវ​ឈាន​មួយ​ជំហាន​ទៀត​ទៅ​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ដោយសារ​តែ​គឹត​ឃើញ​​ថា​ការ​ធ្វើការ​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​អាច​ជួយ​ប្រជាពលរដ្ឋ​បាន​តិច​ខណៈ​ដែល​អ្នក​ត្រូវការ​ឲ្យ​ជួយ​មាន​ចំនួន​ច្រើន​។ លោក​បន្ត​ថា​បញ្ហា​សង្គម​បញ្ហា​ប្រទេស​ជាតិ​ជាច្រើន​ត្រូវការ​ធ្វើការ​ដោះស្រាយ​ជា​ប្រព័ន្ធ​មិន​អាច​ធ្វើការ​ដោះស្រាយ​មួយ​ករណី​មួយ​ករណី​បាន​ទេ​ទើប​លោក​មក​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ឡើង​។

ទោះ​យ៉ាង​ណា​ការ​បង្កើត​គណបក្ស​នយោបាយ​ក៏​វា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​លោក​ វីរៈ ​នោះ​ដែរ​ពីព្រោះ​ក្នុង​អំឡុង​ដែល​លោក​ធ្វើការ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​លោក​ក៏​តែងតែ​ធ្វើ​ការ​បណ្តុះបណ្តាល​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង​ដែរ​។ បុរស​ដែល​មាន​ជីវិត​បែប​សាមញ្ញ​រូប​នេះ​បញ្ជាក់​ថា​៖ ​«នៅក្នុង​គណបក្ស​ទៀត​សោធ​ការ​ធ្វើ​នយោបាយ​គឺជា​ការ​ដោះស្រាយ​បញ្ហា​ការ​ប្រឡូក​ក្នុង​នយោបាយ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​គឺជា​រឿង​ល្អ​ជា​រឿង​ដែល​យើង​យក​ជោគវាសនា​របស់​យើង​មក​ក្តាប់​នៅក្នុង​ដៃ​យើង​គឺ​យើង​ត្រូវ​យក​គោល​នយោបាយ​របស់​យើង​ទៅ​បង្ហាញ​ប្រជាពលរដ្ឋ​យើង​នាំ​ប្រជាពលរដ្ឋ​ទៅ​គោលដៅ​របស់​យើង​គោលដៅ​របស់​យើង​ហ្នឹង​យើង​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​រស់នៅ​មាន​ជីវិត​ថ្លៃថ្នូរ​ហើយ​ឲ្យ​ប្រទេស​ជាតិ​យើង​ហ្នឹង​មាន​អធិបតេយ្យ​​ពេញលេញ​»​៕


Contact author: សូ វិសាល

What Next?

Recent Articles

One Response to "យ៉េង វីរៈ៖ ការ​ប្រឡូក​នយោបាយ​គឺ​យើង​យក​ជោគវាសនា​របស់​យើង​មក​ក្តាប់​នៅ​ក្នុង​ដៃ"

  1. Judge says:

    អរគុណលោក វិរៈ ដែលបង្ហាញពីឆន្ទៈ ដល់គុកនៃការបញ្ចេញមតិ ឬទស្សនៈ ( ព្រៃស)។
    សំនៀង