ក្រសួង​សុខាភិបាល​ថា​មិនមានបំណង​យក​ពេទ្យ​គន្ធ​បុប្ផា​មកគ្រប់គ្រង ខណៈ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​សិក្សា​ពីការគ្រប់គ្រង​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ | ម៉ោង 3:09 PM
http://vodhotnews.com

សុខភាព

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា (រូបថតពីហ្វេសប៊ុក​របស់​លោក​)


ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយថាក្រសួងមិនមានបំណងយកមន្ទីរពេទ្យគន្ធបុប្ផាមកគ្រប់គ្រងនោះទេ ខណៈរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយកាលពីខែកុម្ភៈ ដោយក្រុមការងារនោះទទួលបន្ទុកលើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៨ ខែឧសភា ក្រសួងសុខាភិបាលបញ្ជាក់ថាក្រសួងបានឭពាក្យចចាមអារ៉ាមមួយចំនួនថាក្រសួងសុខាភិបាលមានបំណងយកមន្ទីរពេទ្យគន្ធបុប្ផាមកគ្រប់គ្រងខ្លួនឯង។ ក្រសួងបញ្ជាក់ថា៖ “ក្រសួងមិនមានបំណងក្នុងការយកមន្ទីរពេទ្យគន្ធបុប្ផាមកគ្រប់គ្រងដោយខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ ក្រសួងសុខាភិបាល ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម បេអាត រីចឈ្លីរ៍ ដែលជាស្ថាបនិកមូលនិធិគន្ធបុប្ផា កំពុងខិតខំរិះរកគ្រប់មធ្យោបាយនិងវិធានការដែលអាចអនុវត្តបាន ដើម្បីទ្រទ្រង់ដំណើរការនិងជួយឧបត្ថម្ភគាំទ្រ មន្ទីរពេទ្យនេះក្នុងការអភិវឌ្ឍប្រកដដោយនិរន្តរភាពសំដៅបម្រើផលប្រយោជន៍ប្រជាជនកម្ពុជាទូទៅ ជាពិសេសក្នងុការផ្តល់សេវាការពារ ពិនិត្យនិងព្យាបាលជំងឺ ជូនដល់មាតានិងកុមារកម្ពុជាយើង”។

ក្រសួងសុខាភិបាលឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាមួយជាពីររហូតដល់៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

ចំណែកក្នុងសេចក្តីសម្រេចមួយចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយវីអូឌីទើបតែទទួលបាន ក្រុមការងារដែលបង្កើតនោះមានតួនាទីនិងភារកិច្ចធ្វើការងារជាមួយ ស្ថាបនិកនិងប្រធានមន្ទីរពេទ្យ លោក Beat Richnerនិងមន្រ្តីពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលព័ត៌មាននិងគ្រប់គ្រងព័ត៌មាននិងសិក្សាលើទិដ្ឋភាពហិរញ្ញវត្ថុ ប្រតិបត្តិការ សេវាសុខាភិបាលនិងនីតិវិធីនៃ ការគ្រប់គ្រងរបស់មន្ទីរពេទ្យ។ ក្រុមការងារក៏នឹងសិក្សាបញ្ហាហិរញ្ញប្បទាននៃមូលនិធិគន្ធបុប្ផា ដើម្បីធានាចីរភាពនៃដំណើរការជាប្រចាំរបស់មន្ទីរពេទ្យទៅថ្ងៃអនាគតដោយផ្អែកលើគោលការណ៍សមស្របនិងប្រសិទ្ធភាព។

បើតាមសេចក្តីសម្រេច ក្រុមការងារក៏នឹងរៀបចំយន្តការនៃការគ្រប់គ្រងនិងកិច្ចដំណើរការរបស់មន្ទីរពេទ្យនៅពេលរដ្ឋាភិបាលទទួលយកមន្ទីរពេទ្យនេះមកគ្រប់គ្រងវិញ ដើម្បីឲ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យរដ្ឋដែលមានស្តង់ដារគំរូនាពេលអនាគត។ ក្រុមការងារនេះមានលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាននិងលោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលជាអនុប្រធាន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបដិសេធអត្ថាធិប្បាយបន្ថែមលើលិខិតរបស់ក្រសួង ដោយលោកបញ្ជាក់ថា៖ “អត់មានខុសអីទេ(រវាងសេចក្តីប្រកាសរបស់ក្រសួងនិងសេចក្តីសម្រេចរបស់រដ្ឋាភិបាល) ពន្យល់អស់ហើយ មើលទៅ”

វីអូឌីមិនអាចសុំការបញ្ជាក់ពីលោកស្រី ងួន សុខា ប្រធានក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផានិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បាននៅឡើយទេ ដោយលោកស្រីបានស្នើឲ្យដាក់សំបុត្រទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដើម្បីសុំធ្វើបទសម្ភាសន៍។

គួរបញ្ជាក់ថាលោក លោក Beat Richner បានដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ១៩៩២។ លោកធ្លាប់បានអំពាវនាវដល់សហគមន៍អន្តរជាតិ រដ្ឋាភិបាលស្វីសនិងរដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដោយអះអាងថាកុមារកម្ពុជាជាងមួយម៉ឺននាក់នឹងបាត់បង់ជីវិតឬក៏មិនអាចរួចផុតពីពិការភាពឡើយ ប្រសិនបើអត់មានការព្យាបាលដោយមន្ទីរពេទ្យមួយនេះ។ លោកបន្តថាកាលពីឆ្នាំ២០១៥ មន្ទីរពេទ្យចំណាយអស់៤៣លានដុល្លារអាមេរិក៕ ដោយ ស៊ុន ណារិន និងហ៊ុន សិរីវឌ្ឍន៍

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles