នយោបាយ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីទស្សៈកិច្ចរយៈពេល១៣ថ្ងៃរបស់លោក នៅឯប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
19 តុលា 2016
ហ៊ាន សុជាតា
វីអូអេខ្មែរ
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកមិនទាន់អាចសន្និដ្ឋានបានថា បាតុកម្មនោះមានការបញ្ជាពីថ្នាក់ដឹកនាំគណបក្សប្រឆាំងឬយ៉ាងណាទេ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា បាតុកម្មប្រឆាំងរូបលោកក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិបដិសេធចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកមិនទាន់អាចសន្និដ្ឋានបានថា បាតុកម្មនោះមានការបញ្ជាពីថ្នាក់ដឹកនាំគណបក្សប្រឆាំងឬយ៉ាងណាទេ ដោយលោកបន្ថែមថា គណបក្សសង្គ្រោះជាតិហាក់ដូចជាគ្មានឯកភាពគ្នាទាក់ទងនឹងបាតុកម្មនៅក្រៅប្រទេសនោះទេ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖
«សញ្ញាសួរថា តើករណីនេះយ៉ាងម៉េច? ករណីដែលថាគណបក្សនៅភ្នំពេញគាត់ប្រកាសជារូបភាព ហើយខាងក្រោយគាត់បញ្ជាឲ្យធ្វើ ឬមួយក៏ថ្នាក់ដឹកនាំនៅភ្នំពេញជំហរថា មិនធ្វើ តែអ្នកដឹកនាំនៅ Adelaide (អូស្ត្រាលី) មិនស្តាប់»។
នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចរយៈពេល១៣ថ្ងៃ នៅក្នុងប្រទេសអូស្ត្រាលី និងនូវែសេឡង់។
បើទោះជាមានបាតុកម្មប្រឆាំងរូបលោក និងឪពុកលោកយ៉ាងណាក្តី នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកថា ទស្សនកិច្ចរបស់លោកទទួលជោគជ័យដោយមានការជួបពិភាក្សាជាមួយសមាជិកសភា និងព្រឹទ្ធសភារបស់ប្រទេសអូស្ត្រាលី និងនូវែសេឡង់ ដើម្បីពង្រឹងទំនាក់ទំនងទាំងទេសចរណ៍ ពាណិជ្ជកម្ម ការអប់រំតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការបង្កើនចំនួនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសជាដើម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល។ ក៏ប៉ុន្តែលោកថា បាតុកម្មប្រឆាំងនឹងរូបលោកដោយគ្មានគោលបំណង និងសារជាក់លាក់នោះ បានត្រឹមតែធ្វើឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមាននិន្នាការនយោបាយផ្សេងគ្នាឈ្លោះគ្នាតែប៉ុណ្ណោះ។ ហើយលោកថា អ្នកនយោបាយគប្បីប្រកួតប្រជែងគ្នាក្នុងទម្រង់ដែលធ្វើឲ្យប្រទេសជាតិរឹងមាំ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖
«សិទ្ធិដឹកនាំការបាតុកម្មជាសិទ្ធិរបស់គាត់។ ប៉ុន្តែសំណួរមួយសួរថា ជម្រើសបែបណាដែលយើងរកយកមកធ្វើការបញ្ចេញមតិ ត្រូវពិចារណាឲ្យបានច្បាស់លាស់លើកត្តា២ គឺទី១មូលហេតុឲ្យបានច្បាស់លាស់។ ទី២ផលប្រយោជន៍ យើងជជែកគ្នា ធ្វើវេទិកា ធ្វើបាតុកម្មប្រឆាំង តើមួយណាបានប្រយោជន៍ជាង»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសជារឿយៗជួបការតវ៉ាប្រឆាំងនឹងរូបលោក។ ក៏ប៉ុន្តែ លោកថា គណបក្សកាន់អំណាច គ្មានផែនការរៀបចំបាតុកម្មសងសឹកវិញនោះទេ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បដិសេធការលើកឡើងថា គណបក្សជំទាស់ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែតនោះ។
លោក អេង ឆៃអ៊ាង បញ្ជាក់ប្រាប់ VOA ថា ការតវ៉ារបស់បុគ្គលឯកជនណាមួយនោះ ជាការបញ្ចេញមតិផ្ទាល់ខ្លួន មិនពាក់ព័ន្ធ ឬតំណាងឲ្យគណបក្សនោះទេ៖
«គណបក្សសង្គ្រោះជាតិ យើងត្រៀមខ្លួនធ្វើកិច្ចការទាំងឡាយណាដែលជាតួនាទី កាតព្វកិច្ច ប៉ុន្តែមុននឹងធ្វើអ្វីមួយ យើងនឹងមើលលើបរិយាកាសនយោបាយ […] តែយើងរីករាយនឹងការជួបជជែកគ្នា ក្នុងក្របខណ្ឌក្នុងសភាក្តី ក្រៅសភាក្តី ឲ្យមានដំណោះស្រាយរវាងខ្មែរនិងខ្មែរ ដើម្បីធ្វើម៉េចឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីវិញ។ វាទទួលបានផលចំណេញទាំងអស់គ្នា»។
លោក មាស នី អ្នកវិភាគសង្គម និងឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា អ្នកនយោបាយនៅកម្ពុជាមានទំនោរទៅរកការលាបពណ៌គ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលភាគី ឬបុគ្គលណាមួយមាននិន្នាការនយោបាយផ្សេងគ្នា។លោកថា ការណ៍នេះរំខានដល់ការស្វែងរកដំណោះស្រាយនយោបាយពិតប្រាកដ ហើយជនរងគ្រោះទៀតសោត គឺប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។
លោក មាស នី បន្តថា ការមិនជជែកគ្នារវាងអ្នកនយោបាយដូចសព្វថ្ងៃនេះ ធ្វើឲ្យការអភិវឌ្ឍរបស់កម្ពុជាមានភាពយឺតយ៉ាវជាងប្រទេសដទៃក្នុងតំបន់។
អ្នកវិភាគរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«សំខាន់គឺត្រូវកាត់បន្ថយការលាបពណ៌ វាមិនមែនជារឿងស្រួលតែអាចធ្វើបាន តាមរយៈការទំនាក់ទំនងគ្នា ការយោគយល់គ្នា។ កាលណាអ្នកនយោបាយនៅតែយកការលាបពណ៌គ្នាមកធ្វើជាឧបករណ៍សងសឹក ឬចោទប្រកាន់គ្នាទៅវិញទៅមក នោះសង្គមយើងនៅតែមានការបាក់បែកគ្នារហូត»។
ក្នុងដំណើររបស់លោកទៅកាន់សហរដ្ឋអាមេរិកកាលពីខែមេសាកន្លងទៅ លោក ហ៊ុន ម៉ាណែត ក៏បានរងការតវ៉ាប្រឆាំងពីពលរដ្ឋនៅក្រៅប្រទេស ហើយលោកក៏រងការចោទថា អង្គរក្សរបស់លោកបានធ្វើឲ្យអ្នកស៊ើបអង្កេតបរទេសមួយរូបរបួសផងដែរ។ រហូតមកដល់ពេលនេះ រឿងក្តីនេះនៅមិនទាន់បញ្ចប់នៅឡើយទេ៕
I knew it 100% right now CPP the world evil man HUN SEN trying to spreading his evil act world wide. they are using Cambodian blood monies to buy Cambodian that living abroad every country in the world. I do not think they can buy me because I do not need that bloody money. after all that evil did not wanted to learn how to live in peace