លោក ឈាន ពិសិដ្ឋ ដែលបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នាមិនចូលបំភ្លឺ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 5:18 PM
http://vodhotnews.com

សិទ្ធិមនុស្ស

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)


មន្ត្រី​នគរបាល​ព្រំដែននៅខេត្តបន្ទាយមានជ័យ លោក ឈាន ពិសិដ្ឋ​ ដែលទាញកំាភ្លើងបាញ់មន្ត្រី​នគរ​បាល​ធ្វើការជាមួយគ្នានោះ ​មិន​បានចូលបំភ្លឺនៅ​អគ្គនាយកដ្ឋានអន្តោរប្រវេសន៍រាជធានីភ្នំពេញ តាម​ការ​សន្យា​នោះ​ទេ។

កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍លោក ឈាន ពិសិដ្ឋ ដែលធ្លាប់ផ្តួលខ្លួនមុខរថយន្តរបស់មន្រ្តីបក្សប្រឆាំងនោះ បានប្រើអាវុធខ្លី​ បាញ់​​ទៅលើ​លោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់ តែមិន​ប៉ះ​ពាល់​ដល់អាយុជីវិត​នោះទេ។

ក្នុង​លិខិតបំភ្លឺរបស់នាយកដ្ឋានច្រកទ្វារទី១ ការិយាល័យច្រកទ្វារព្រំដែន​អន្តរជាតិ ​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​រ​ព្រំ​ដែនអន្តរជាតិប៉ោយប៉ែត មានខ្លឹមសារ​ថា លោក ឈាន ពិសិដ្ឋ បានសន្យាចូលបំភ្លឺ នៅ​អគ្គនាយ​ក​ដ្ឋាន​អន្តោរប្រវេសន៍ នាព្រឹកថ្ងៃទី១០មេសា ជុំវិញការប្រើកំាភ្លើងបាញ់លើ​លោក សេម មករា។

ប៉ុន្តែអ្នក​នាំ​ពាក្យអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោក កែវ វណ្ណថន បានប្រាប់ VOD នៅថ្ងៃនេះថា លោក ឈាន ពិសិដ្ឋ មិនបាន​ចូលបំភ្លឺនៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នោះទេ។ ទោះជាយ៉ាងណាលោក វណ្ណថន បញ្ជាក់ថា ករណីលោក ពិសិដ្ឋ នឹងត្រូវ​ចាត់វិធានការច្បាប់​។

លោក​និយាយថា ​«ឥឡូវ​នេះ​អគ្គនាយក​ដ្ឋាន​អន្តោរប្រវេសន៍កំពុង​ធ្វើរបាយការណ៍ជូនក្រសួង ហើយយើងកំពុង​អនុវត្តតាមច្បាប់»។

VOD មិនអាចសុំការបំភ្លឺពីលោក ឈាន ពិសិដ្ឋ បានទេនៅថ្ងៃនេះ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សសមាគម អាដហុក លោក ស៊ុំ ចន្ទគា យល់ថា ករណីបាញ់​បោះ​ដោយ​សេរី​ដែល​ប្រព្រឹត្ត​ដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ ឈាន ពិសិដ្ឋ នោះព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ​ ត្រូវ​​ស្រាវ​ជ្រាវ​ចាប់​បុគ្គលនោះមក​ផ្តន្ទាទោស​តាមច្បាប់ មិនត្រូវ​នៅស្ងាត់ស្ងៀមបែបនេះនោះទេ។

លោក ស៊ុំ ចន្ទគា បញ្ជាក់ថា បើតុលាការមិនចាត់វិធានការច្បាប់លើលោក ឈាន ពិសិដ្ឋ ទេ ពល​រដ្ឋ​នឹង​អស់​ជំនឿ​លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកនិយាយថា «រឿងលោក ឈាន ពិសិដ្ឋ​ គេល្បីទូទំាងប្រទេស​ហើយ​ បើគាត់មើលអត់ឃើញទៀត [តុលាការ]ជារឿងមួយសង្គម មជ្ឈដ្ឋានទំាងអស់​គេមើល​ឃើញ​ទៅ​លើដំណើរទំាងអស់ ធ្វើឲ្យបាត់ជំនឿ មក​ពីខ្លួនយើង​»។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់VOD នៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុង​ប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បាន​បាញ់លើលោក សេម មក​រា​ កាល​ពីថ្ងៃទី៩មេសា។ លោកបន្តថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវ​បណ្តេញ​ចេញ​ពីក្រ​បខ​ណ្ឌ​នគរ​បាល​ជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។ លោកនិយាយថា «គ្រាន់​តែលើក​កំាភ្លើង​វាខុសច្បាប់ដែលអាច​ទទួលទោសព្រហ្មទណ្ឌហើយ ។ បាញ់មេឯងទៀត​ បាញ់ទំាងឯកសណ្ឋានទៀត សមតែនឹងគុក»។

លោក ខៀវ សុភ័គ បានបង្ហើប​ថា ក្រុមសមត្ថកិច្ចបានដឹងពីតម្រុយដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់ពីទីតំាងនោះទេ ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ។

កាល​ពីខែ​ធ្នូ​ ឆ្នាំ​មុន លោក ឈាន ពិសិដ្ឋ ត្រូវ​បានគេបង្ហោះវីដេអូ ដែលបង្ហាញថាគាត់បានធ្វើជាដេកដួលនៅមុខ​រថយន្ត​ សកម្ម​ជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ឌិន ពុទ្ធី ដោយ​ចោ​ទថា​មន្ត្រីបក្ស​ប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក​ លោក ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់ឃុំ​ខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ​ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​ដោះ​លែង​វិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ឈាន ពិសិដ្ឋ ដែលបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នាមិនចូលបំភ្លឺ"

  1. Phanna says:

    អាមួយនេះខ្លាំងជាងសម្តេច​ ព្រោះវាហ៊ានមើលងាយតុលាកាសម្តេច!

  2. PHKA says:

    មកដល់ពេលដេកមែនទែនក្នុងគុកហើយ ទុកគ្មានឡាននៅពីមុខ ក៍ដួលស្តូកលើការ៉ូដែរ។
    Leave a Reply

  3. Rasmei says:

    Perpetrators will never say he is wrong!!!!