ក្រសួងមហាផ្ទៃនឹង​បណ្តេញ លោក ឈាន ពិសិដ្ឋ ចេញពីក្របខណ្ឌនគរបាល

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 5:14 PM
http://vodhotnews.com

សន្ដិសុខ | សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)


ក្រសួងមហាផ្ទៃបានឲ្យដឹងថា នឹងប​ណ្តេញនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពី​ក្រប​​ខណ្ឌមន្រ្តីនគរបាលជាតិ ហើយថានឹងចាប់យកទៅផ្តន្ទាទោសតាមច្បាប់​។

លោក ឈាន ពិសិដ្ឋ ដែលធ្លាប់ផ្តួលខ្លួនមុខ​រថ​យន្ត​មន្ត្រី​បក្ស​ប្រឆំា ​បាន​ប្រើ​អាវុធ​ខ្លី​ បាញ់​​ទៅ​លើ​លោក​ សេម មករា នាយផ្នែករដ្ឋបាល ចំស្មារ​ខាង​ឆ្វេងបណ្តាលអោយដាច់រលាត់កាលពីសប្តាហ៍មុន។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់VOD នៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុង​ប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បាន​បាញ់លើលោក សេម មក​រា​ កាល​ពីថ្ងៃទី៩មេសា។ លោកបន្តថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវ​បណ្តេញ​ចេញ​ពីក្រ​បខ​ណ្ឌ​នគរ​បាល​ជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។ លោកនិយាយថា​ «គ្រាន់​តែលើក​កំាភ្លើង​វាខុសច្បាប់ដែលអាច​ទទួលទោសព្រហ្មទណ្ឌហើយ ។ បាញ់មេឯងទៀត​ បាញ់ទំាងឯកសណ្ឋានទៀត សមតែនឹងគុក»។

លោក ខៀវ សុភ័គ បានបង្ហើប​ថា ក្រុមសមត្ថកិច្ចបានដឹងពីតម្រុយដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់ពីទីតំាងនោះទេ ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ។

កាល​ពីខែ​ធ្នូ​ ឆ្នាំ​មុន លោក ឈាន ពិសិដ្ឋ ត្រូវ​បានគេបង្ហោះវីដេអូ ដែលបង្ហាញ​ថាគាត់​បាន​ធ្វើជាដេកដួលនៅមុខ​រថយន្ត​ សកម្ម​ជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ លោក ឌិន ពុទ្ធី ដោយ​ចោ​ទថា​មន្ត្រីបក្ស​ប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក​ លោក​ ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់ឃុំ​ខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ​ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​ដោះ​លែង​វិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រសួងមហាផ្ទៃនឹង​បណ្តេញ លោក ឈាន ពិសិដ្ឋ ចេញពីក្របខណ្ឌនគរបាល"

  1. PHKA says:

    មកដល់ពេលដេកមែនទែនក្នុងគុកហើយ ទុកគ្មានឡាននៅពីមុខ ក៍ដួលស្តូកលើការ៉ូដែរ។

  2. Rasmei says:

    When he had pretended to be unconscious in front of a car, everyone thought including the government, he was right!!! Now, he became wrong clearly!!!

    It means that whenever you guys tolerate the wrong man, he will surely commit another crime!!!

  3. people says:

    He committed crimes so KARMA ‘