ដោយ ម៉ែន សុធីរ
2017-08-15
RFA

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ Photo: RFA
![]()
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់ពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ថាគណបក្សប្រជាជនកម្ពុជា ពុំបានបង្គាប់ឲ្យអាជ្ញាធរមូលដ្ឋានដើរសួរនាំពលរដ្ឋបោះឆ្នោតឲ្យគណបក្សណា កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៤ នោះទេ។ ទោះជាយ៉ាងណា សមាជិក និងមេភូមិ ថាពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ ក្នុងការដើរសួរពលរដ្ឋបោះឆ្នោតឲ្យបក្សណានេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៥ សីហា ថា គណបក្សប្រជាជនកម្ពុជា ពុំបានអនុវត្តគោលការណ៍ផ្ទុយពីក្របខ័ណ្ឌច្បាប់ទេ ហើយសិទ្ធិសម្រេចបោះឆ្នោតឲ្យគណបក្សណាមួយរបស់ពលរដ្ឋ ជាការសម្ងាត់។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពុំមានគោលនយោបាយតម្រូវឲ្យសួរដេញដោលពលរដ្ឋថាបោះឆ្នោតឲ្យគណបក្សណាមួយទេ។
ចំពោះព័ត៌មានដែលឮថា ពលរដ្ឋមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) របស់វៀតណាម ជាង ៧០០គ្រួសារនៅឃុំឃ្សឹម ស្រុកស្នួល អាជ្ញាធរនឹងប្រគល់ដីជាកម្មសិទ្ធិស្របច្បាប់ បើពួកគាត់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធថាគឺជារឿងមិនពិត។ លោកអំពាវនាវឲ្យពលរដ្ឋកុំព្រួយបារម្ភរឿងនេះ ប្រសិនបើពលរដ្ឋអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់។
លោក សុខ ឥសាន បន្តថា រដ្ឋាភិបាលមានគោលនយោបាយដោះស្រាយវិវាទដីធ្លីដោយមិនរើសអើងនិន្នាការនយោបាយ ហើយដីណាគ្មានប្លង់រឹង ឬប័ណ្ណកម្មសិទ្ធិ គេដោះស្រាយតាមរយៈគណៈកម្មាធិការវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ តែបើដីមានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង ដោះស្រាយតាមប្រព័ន្ធតុលាការ។
លោក សុខ ឥសាន ថាថ្នាក់លើរបស់គណបក្សប្រជាជនកម្ពុជា តាមឋានានុក្រម នឹងចាត់វិធានការចំពោះអ្នកពាក់ព័ន្ធ មកសួរនាំឲ្យបានច្បាស់លាស់ជុំវិញរឿងនេះ ប្រសិនបើអាជ្ញាធរភូមិពិតជាដើរសួរនាំពលរដ្ឋថាបោះឆ្នោតឲ្យគណបក្សណា៖ «គណបក្សប្រជាជនកម្ពុជា អត់មានគោលការណ៍អីដែលធ្វើឲ្យច្បាប់ទេ កាលណាសួរចឹងបានន័យថា យើងអនុវត្តមិនត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យហើយ ព្រោះសិទ្ធិសម្រេចរបស់ពលរដ្ឋឋិតក្នុងលក្ខណៈសម្ងាត់»។
កាលពីពេលថ្មីៗនេះ ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល បានទៅប្រឹក្សាផ្នែកច្បាប់ជាមួយមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) រឿងអាជ្ញាធរបានដើរស្រង់ឈ្មោះ និងសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា ដែលនាំឲ្យអ្នកភូមិមានមន្ទិល និងបារម្ភពីសុវត្ថិភាព និងរឿងផ្ទាល់ខ្លួន ប្រសិនបើពួកគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន។
ទោះជាយ៉ាងណា សមាជិកភូមិត្រពាំងឈូក ឧបសម្ពន្ធភូមិស្រែថ្មី មួយរូបដែលបានដើរសួរនាំពលរដ្ឋ លោក ឈុំ សាមុត ទទួលស្គាល់ថា លោកពិតជាបានសួរពលរដ្ឋថាបោះឆ្នោតឲ្យគណបក្សណា ដើម្បីឲ្យអាជ្ញាធរធ្វើជំរឿនងាយស្រួលគ្រប់គ្រង។ លោកបញ្ជាក់ថា កិច្ចការងារនេះគឺជាបទបញ្ជាពីថ្នាក់លើ៖ «គោលបំណងចឹង បើបោះឆ្នោតឲ្យគណបក្សប្រជាជន គេនឹងវាស់វែងដីឲ្យឆាប់ៗ តែបើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គេមិនគិតគូរឲ្យទេ»។
អនុប្រធានភូមិត្រពាំងឈូក ឧបសម្ពន្ធភូមិស្រែថ្មី លោក ឃី ឆាយ ទទួលស្គាល់ដែរថា លោកពិតជាបង្គាប់ឲ្យសមាជិកភូមិ ស្រង់ឈ្មោះពលរដ្ឋមែន តែការស្រង់នោះដើម្បីធ្វើជំរឿនសមាជិកបក្សកាន់អំណាច ពុំប៉ះពាល់ដល់សិទ្ធិពលរដ្ឋទេ ហើយទង្វើនេះត្រូវអនុវត្តគ្រប់ឃុំទាំងអស់នៅស្រុកស្នួល៖ «ការងារបក្សគេស្រង់តាមសមាជិកបក្សគេទេ»។
ប៉ុន្តែជំទប់ទី១ ឃុំឃ្សឹម មកពីគណបក្សប្រជាជនកម្ពុជា លោក សាយ សំអុល បដិសេធថា អាជ្ញាធរពុំបានបង្គាប់ឲ្យសមាជិកភូមិ ដើរស្រង់ឈ្មោះពលរដ្ឋរឿងបោះឆ្នោតឲ្យគណបក្សណាទេ។ លោកថា រឿងនេះគឺជារឿងមិនពិត៖ «ខ្ញុំអត់បានដឹងដែរទេ»។
ចំណែកឯជំទប់ទី២ ឃុំឃ្សឹម មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ីម ជី ទទួលស្គាល់ថា មេឃុំពិតជាបង្គាប់ឲ្យមេភូមិ និងសមាជិកភូមិ ចុះស្រង់ឈ្មោះពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សណា ដែលនាំឲ្យពលរដ្ឋភ័យព្រួយ និងបារម្ភពីសុវត្ថិភាព។ លោកថា ពលរដ្ឋមួយចំនួនបានទៅសុំប្រឹក្សាផ្នែកច្បាប់នៅសមាគមអាដហុក ហើយកិច្ចការងារនេះ មេឃុំឃ្សឹម បានចាត់តាំងជំទប់ទី១ លោក សាយ សំអុល ជាអ្នកចាត់ចែងបញ្ជីឈ្មោះពលរដ្ឋណាដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៖ «តែខ្ញុំសួរទៅថ្នាក់ឃុំ គឺតម្រូវពីថ្នាក់ស្រុកឲ្យធ្វើចឹង»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុកបានទទួលពាក្យបណ្ដឹងរឿងនេះហើយ ដែលពលរដ្ឋមានវិវាទដីធ្លីជាង ៧០០គ្រួសារបារម្ភខ្លាចក្រែងអាជ្ញាធរមិនដោះស្រាយដីធ្លីជូន ប្រសិនបើគាត់ឆ្លើយថាមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកថា សមាគមអាដហុក នឹងចុះស៊ើបអង្កេតរឿងនេះឆាប់ៗ និងអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យបញ្ឈប់ទង្វើនេះដែលលោកចាត់ទុកថារំលោភសិទ្ធិពលរដ្ឋ និងផ្ទុយពីក្របខ័ណ្ឌច្បាប់៖ «យើងនឹងចុះជួបជាមួយមេឃុំ ឬអាជ្ញាធរដែលគាត់បានធ្វើកិច្ចការងារហ្នឹង តាមរយៈពលរដ្ឋដែលបានប្ដឹងពួកយើង»។
រដ្ឋធម្មនុញ្ញមាត្រា៣៤ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ចំណែកមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕
are you sure Mr SOK ESAN can you swear in front of ROYAL palace . your ANGKA LEIR has been order to ask people and you never admitted any wrong doing all the time. whit you if I compare to murder case in court I will put you as a second murder because you are the one who was involved in this case. one question are you ever go to temple at all what kind of religion are you???? KOE DAY Vietcong . ???????????????? peace for Cambodian
Sok e san will be punished by GOD one day’ .This veitcong germ guy never wrong ‘because his veitcong mafia dictator told him to say like puppet bird ‘