ដោយ អាស៊ីសេរី
2017-09-16

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងសារនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Sam Rainsy’s Facebook Page
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មចំពោះរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការអំពាវនាវឲ្យសហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្មនេះ ក្នុងពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងមានភាពតានតឹងខ្លាំងក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលស្ថាប័នប្រជាធិបតេយ្យ និងបណ្ដាញផ្សព្វផ្សាយមួយចំនួនត្រូវបានរដ្ឋាភិបាលផ្អាកធ្វើអាជីវកម្ម និងបង្ខំចិត្តបិទទ្វារដោយសាររងគំនាបនានា។
ថ្លែងទៅកាន់សារព័ត៌មានអូស្ត្រាលី អេ.ប៊ី.ស៊ី ញូវ (ABC News) កាលពីថ្ងៃទី១៥ ខែកញ្ញា លោក សម រង្ស៊ី ថា ទណ្ឌកម្មពីលោកសេរីអាចជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរទៅរកគន្លងលទ្ធិប្រជាធិបតេយ្យវិញ។ លោកថា នៅពេលផ្ដល់ជំនួយមកកម្ពុជា សហគមន៍អន្តរជាតិត្រូវភ្ជាប់នូវលក្ខខណ្ឌទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ឬដាក់ទណ្ឌកម្មលើបុគ្គលមន្ត្រីរដ្ឋាភិបាល ដូចជាមិនផ្ដល់ទិដ្ឋាការឲ្យធ្វើដំណើរទៅកាន់ប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី និងជប៉ុន ជាដើម។
លោក សម រង្ស៊ី ថា នៅពេលទណ្ឌកម្មប៉ះពាល់ដល់រដ្ឋាភិបាល និងប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្រ្តីក្នុងជួររដ្ឋាភិបាល ពួកគេនឹងពិចារណា។
បើទោះជាពេលនេះ រដ្ឋាភិបាលកម្ពុជា ហាក់កំពុងមានប្រទេសចិន ជាខ្នងបង្អែកក៏ដោយ លោក សម រង្ស៊ី ថ្លែងថា រដ្ឋាភិបាលកម្ពុជា នៅតែត្រូវការ និងពឹងផ្អែកខ្លាំងលើជំនួយរបស់លោកសេរី ព្រោះថា ប្រមាណ ៤០ភាគរយនៃថវិកាជាតិរបស់កម្ពុជា គឺជាជំនួយរបស់ប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលីជាដើម។ បន្ថែមពីលើនេះ លោកថា ប្រទេសប្រជាធិបតេយ្យទាំងអស់នេះ គឺជាទីផ្សារដ៏សំខាន់សម្រាប់ទំនិញឧស្សាហកម្មរបស់កម្ពុជា។
ក្រៅពីនេះ លោក សម រង្ស៊ី ក៏អំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យប្រទេសលោកសេរីដាក់ទណ្ឌកម្មចំពោះរដ្ឋាភិបាលកម្ពុជា នេះ ក៏ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា។ ជាការឆ្លើយតប លោក ហ៊ុន សែន ក៏ផ្អាកកិច្ចសហការជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកជិត ៥០នាក់ទៀតនៅកម្ពុជា ផងដែរ៕
Cambodian people all always support the Our good Cambodian leader sincerest Sam Rainsy for Cambodian democracy, nation, and people.
Cambodian people to the movement of association of democracy. It is all right to bring the harmony of nation, healthy, and peaceful and real democracy in the Our nation. Cambodian people believe our good Cambodian leader Sam Rainsy.
Thank you.