
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ RFI/Siv Channa
បន្ទាប់ពីកងទ័ព ស្ថាប័ន អង្គភាពស៊ីវិលនានារបស់រដ្ឋនៅថ្ងៃនេះ បានធ្លាក់មកព្រោងព្រាធនូវប្រតិកម្មលើការលើកឡើងរបស់លោកសម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ជាប្រតិកម្មដែលធ្វើឡើងតាមក្រសួងនីមួយៗ តាមខេត្តនានា ថ្កោលទោស លោក សម រង្សី ដែលបានថ្លែងនៅក្នុងឃ្លីបវីដេអូកាលពីឆ្នាំ២០១១ ឲ្យកងទ័ពនិងប្រជាជនខ្មែរងើបឈរឡើង ទំលាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីតំណែង។
ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ សាលារាជធានីភ្នំពេញ សាលាខេត្តសៀមរាប ខេត្តបាត់ដំបង ។ល។និង។ល។ សុទ្ធតែបានចេញញត្តិដូចៗគ្នា សម្តែងនូវការមិនពេញចិត្ត ចំពោះការលើកឡើងរបស់លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្ស សម រង្សី ដែលបានអំពាវនាវកាលពី៧ឆ្នាំមុន ឲ្យកងទ័ព បែរចុងកាណុង រួបរួមគ្នាជាមួយប្រជាជនងើបឈរឡើងទំលាក់លោកហ៊ុន សែន ចេញពីដំណែង។
ជាការកត់សម្គាល់ខ្លឹមសារនៃញត្តិត្រូវបានសរសេរដូចៗគ្នាថា«បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជានឹងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះ សង្គ្រាមដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ ដូច្នេះហើយការចាត់វិធានការទាន់ពេលវេលាចំពោះអំពីក្បត់របស់សម រង្ស៊ី និង កឹម សុខា គឺជាភាពឈ្លាសវៃប្រកបដោយស្មារតីទទួលខុសត្រូវបំផុតចំពោះជាតិ និងប្រជាជនរបស់សម្តេចតេជានាយករដ្ឋមន្ត្រី»។
ក៏ប៉ុន្តែថ្លែងប្រាប់វិទ្យុ RFI ជាភាសាខ្មែរ នៅប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ លោកសម រង្សី បានបញ្ជាក់ថា គេអាចកាត់ត អាចច្បិចខ្សែរអាត់ណាមួយ វីដេអូឃ្លីបណាមួយយកមកបង្ហាញ ក្រៅពីបរិបទរបស់វា គឺខុសពីន័យដើមរបស់វា។ អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានលើកឡើងថាលោកមិនបាននិយាយអញ្ចឹងទេ ដោយចង្អុលឲ្យមើលឧទាហរណ៍ជាប្រវត្តិសាស្ត្រ នៅប្រទេសរ៉ូម៉ានី និងនៅសហភាពសូវៀតកន្លងទៅ។
ទោះយ៉ាងណាចរន្តប្រឆាំងលោកសម រង្សី មកទល់ពេលនេះ ហាក់ដូចជាបានកក្រើកឡើង និងមានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាបន្តបន្ទាប់ ដោយថ្ងៃនេះដែរទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានបង្ហោះឃ្លីបវីដេអូដែលលោកសម រង្សី បានថ្លែងនៅរដ្ឋម៉ាស្សាជូសែត សហរដ្ឋអាមរិកកាលពីឆ្នាំ២០១១ ព្រមទាំងបកប្រែជាភាសាអង់គ្លេសផងដែរ នូវអ្វីដែលលោកសម រង្សីបាននិយាយ៕
Cambodian people all love Sam Rainsy. Sam Rsinsy our good leader of Cambodian people bring peace, democracy, and growth. Cambodian people always vote Sam Rainsy Prime minister for people, nation.