
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លើកដៃគាំទ្រលើច្បាប់ចំនួន ៤ ដែលទើបតែត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា។ ហេង ជីវ័ន
Wed, 25 October 2017
ម៉ិច ដារ៉ា and Andrew Nachemson
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នជាតិកំពូលរបស់ប្រទេសកាលពីម្សិលមិញ បានប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ដែលច្បាប់ទាំងនេះ បើកផ្លូវឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង ដែលទើបតែត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ។
ការប្រកាសគាំទ្ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅលើការធ្វើវិសោធនកម្មច្បាប់ទាំងនេះ គឺស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការធ្វើវិសោធនកម្មច្បាប់ទាំងនេះក្នុងគោលបំណងដើម្បីយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋស្ទើរពាក់កណ្តាលប្រទេស បានបោះឆ្នោតគាំទ្រយកទៅបែងចែកឲ្យគណបក្សផ្សេង។
ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលច្បាប់ចំនួន ៤ នេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភា ដែលសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តច្បាប់ទាំង ៤ នេះយ៉ាងលឿន ដោយគ្មានអ្នកជំទាស់ ដែលច្បាប់ទាំងនេះ នឹងបើកផ្លូវឲ្យយកអាសនៈចំនួន ៥៥ របស់គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិជាង ៥០០០ នៅទូទាំងប្រទេស យកទៅបែងចែកឲ្យគណបក្សផ្សេង ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតគាំទ្រ។
លោកអ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីម្សិលមិញថា ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យធម្មនុញ្ញភាព និងប្រកាសយល់ស្រប លើការធ្វើវិសោធនកម្មច្បាប់ទាំង ៤ នេះ ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាច្បាប់បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ- សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា ខេត្ត រាជធានីក្រុង ស្រុក ខណ្ឌ។
លោកអ៊ុត ឈន បានថ្លែងដូច្នេះថា៖ «ក្រុមប្រឹក្សាបានពិនិត្យច្បាប់ទាំងនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញថា តើច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ ឬក៏អត់ ដូច្នេះខ្លឹមសារគោល គឺច្បាប់ទាំងអស់នេះ គឺផ្អែកលើគោលការណ៍តាមរដ្ឋធម្មនុញ្ញចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សដូច្នេះក្នុងច្បាប់នោះគឺមានចែងបែបនេះ»។
បើតាម លោក អ៊ុត ឈន កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការពិនិត្យមើល ថាតើនរណាជាអ្នករៀបចំចាត់ចែងបោះឆ្នោត ជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយភារកិច្ចអ្នកដែលរៀបចំការបោះឆ្នោតហ្នឹងគឺ គ.ជ.ប។
លោកបញ្ជាក់ថា៖ «ដូច្នេះ ក្នុងការសម្រេចច្បាប់វិសោធនកម្មទាំង ៤ ហ្នឹង គឺផ្អែកលើគោលការណ៍ទាំងហ្នឹង ដូច្នេះគ្មានអ្វីដែលខុសនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងទេ។…គឺគ្មានគំនិតធ្វើឲ្យមានឯកបក្សទេ។…ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចច្បាប់ចំនួន ៤ ដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញ ដូច្នេះច្បាប់ទាំង ៤ សម្រេចមុននេះ គឺសុទ្ធតែយោងតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់»។
លោក ឈន បានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មច្បាប់ទាំង ៤ នេះ គឺអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ មិនមែនជាការគាបសង្កត់ទៅលើគណបក្សណាមួយនោះទេ ហើយច្បាប់ទាំងនេះ «ធ្វើឡើងយ៉ាងត្រឹមត្រូវ។ ការដែលធ្វើច្បាប់នេះមានការប្រយ័ត្នប្រយែងខ្លាំងណាស់ មិនមែនចេះតែធ្វើទេ គឺធ្វើតាមរដ្ឋធម្មនុញ្ញ ដែលច្បាប់មានចែង»។
បើតាមលោកឈន ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបញ្ជូនច្បាប់ទាំងនេះទៅរដ្ឋសភាវិញ បន្ទាប់ពីប្រកាសយល់ព្រម។
ប៉ុន្តែ លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញធ្វើតាមតែអ្វីដែលរដ្ឋាភិបាលស្នើប៉ុណ្ណោះ។
លោកមានប្រសាសន៍ កាលពីម្សិលមិញ នៅមុនពេលការអនុម័តរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៅលើច្បាប់ទាំងនេះថា៖ «យើងបានដឹងលទ្ធផលរួចហើយ។ ១០០ ភាគរយ ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រកាសថា វាស្របតាមរដ្ឋធម្មនុញ្ញ»។
លោក សុធារ៉ា បានបន្ថែមថា៖ «វាមិនខុសប្លែកពីអ្វីដែលក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើសម្រាប់វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនោះទេ»។
លោក សុធារ៉ា បានគូសបញ្ជាក់ថា វិសោធនកម្មច្បាប់ទាំងនេះគឺ «ផ្ទុយនឹងរដ្ឋធម្មនុញ្ញ» ដោយលោកបានចង្អុលទៅកាន់មាត្រា ៧៦ ដែលចែងថា សមាជិករដ្ឋសភា ត្រូវតែត្រូវជ្រើសរើសដោយការបោះឆ្នោត «ផ្ទាល់»។
លោក សុធារ៉ា បញ្ជាក់ថា៖ «ពួកគេត្រូវតែជាតំណាងឱ្យអ្នកបោះឆ្នោតនិងប្រជាពលរដ្ឋ»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ដែលបានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន បានយល់ស្របថា ច្បាប់ដែលបានធ្វើវិសោធនកម្មគឺបានរំលោភលើមាត្រា ៧៦។
លោកស្រីបានអះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញគឺ «លម្អៀងទាំងស្រុងទៅនឹងសមាជិកគណបក្សប្រជាជន»។
លោកស្រីថ្លែងថា៖ «ពួកគេមិនហ៊ានធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់មុខតំណែងរបស់ពួកគេទេ»។
កាលពីម្សិលមិញនេះដែរ លោកគី តិច មេធាវី តំណាងក្រសួងមហាផ្ទៃ បានដាក់ភ័ស្តុតាងបន្ថែមទៀត ទៅកាន់តុលាការកំពូល ក្នុងសំណុំរឿងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
លោក គី តិច បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងបានដាក់ភ័ស្តុតាងលេខ ២២ ទៅតុលាការកំពូលទាក់ទងទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី (អតីតប្រធានគណបក្ស សង្គ្រោះជាតិ) ដែលបានអំពាវនាវឲ្យកងទ័ពបង្វែរកាណុងប្រឆាំងនឹងរដ្ឋាភិបាល…»៕ NS
Contact authors: ម៉ិច ដារ៉ា and Andrew Nachemson
I knew all these guy are what Vietcong called ( PAKACHUN) be for they come to their position they have to go in this Vietcong trap . when ANGKA LEIR said they have to agree they can not oppose any order. HUN SEN was KHANG LEIR but the ANGKA LEIR is not HUN SEN I think Cambodian know what I mean. GOD bless Cambodia