Fri, 8 December 2017
Leonie Kijewski
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសកាលពីយប់ម្សិលមិញថាក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចេញនូវការរឹតបន្តឹងទិដ្ឋាការទៅលើបុគ្គលណា «ដែលពាក់ព័ន្ធការធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា» បន្ទាប់ពីមានការរំលាយគណបក្សប្រឆាំងធំបំផុតកាលពីខែមុន និងការចាប់ឃុំខ្លួនលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងកាលពីខែកញ្ញា។
បើតាមសេចក្តីប្រកាសព័ត៌មានដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ចំណាត់ការនេះគឺជា «ការឆ្លើយតបដោយផ្ទាល់ទៅនឹងសកម្មភាពប្រឆាំងប្រជាធិបតេយ្យជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា» ដោយលើកយកនូវការរំលាយគណបក្សសង្គ្រោះជាតិការហាមប្រាមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិមិនឲ្យធ្វើនយោបាយ ការដាក់ពន្ធនាគារលោក កឹម សុខា ការដាក់កំហិតលើសង្គមស៊ីវិល និង «ការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»។
លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនកាលពីជាង ៣ ខែមុនដោយទំនងជារំលោភបំពានទៅលើអភ័យឯកសិទ្ធិសភារបស់លោក និងត្រូវបានចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
ការថ្លែងមួយកាលពីឆ្នាំ ២០១៣ របស់លោក កឹម សុខា ដែលក្នុងនោះលោកបាននិយាយអំពីការគាំទ្ររបស់អាមេរិកនៅក្នុងការអភិវឌ្ឍអាជីពនយោបាយរបស់លោកត្រូវបានប្រើដោយរដ្ឋាភិបាលដើម្បីជាហេតុផលសម្រាប់ការចាប់ខ្លួននេះហើយនៅក្នុងរយៈកាលប៉ុន្មានខែនេះ អាមេរិកត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ដោយមន្ត្រីរដ្ឋាភិបាលថានៅពីក្រោយការបង្កើត «បដិវត្តន៍ពណ៌»។
ភ្លាមៗបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ សេតវិមានបានប្រកាសថា ខ្លួននឹងកាត់ថវិកាសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយនឹងដាក់នូវវិធានការផ្សេងៗទៀតជាបន្តបន្ទាប់។ វាមិនប្រាកដទេកាលពីម្សិលមិញថា តើមន្ត្រីណាមួយនឹងស្ថិតនៅក្នុងគោលដៅនៃការរឹតបន្តឹងទិដ្ឋាការនេះប៉ុន្តែសេចក្តីប្រកាសព័ត៌មាននេះក៏បានថ្លែងផងដែរថា ការរឹតបន្តឹងទិដ្ឋាការនឹងអនុវត្តផងដែរទៅលើសមាជិកគ្រួសាររបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងនោះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក David Josar បានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថាទាំងចំនួន និងអត្តសញ្ញាណនៃបុគ្គលទាំងនោះមិនអាចបង្ហាញបានទេ។
លោកបន្តថា៖ «កំណត់ត្រាទិដ្ឋាការជាការរក្សាការសម្ងាត់ក្រោមច្បាប់អាមេរិក ហើយហេតុដូច្នេះយើងមិនអាចផ្តល់សេចក្តីលម្អិតអំពីករណីបុគ្គលណាមួយទេ»។ លោកបានបន្ថែមថារាល់ករណីទិដ្ឋាការដទៃៗទៀតនឹងដំណើរការដូចធម្មតា។
លោកស្រី Nauert សរសេរថាការលុបចោលការរឹតបន្តឹងនេះនឹងត្រូវភ្ជាប់ទៅនឹងការបញ្ឈប់សកម្មភាពនៃការបង្ក្រាបនយោបាយនាពេលថ្មីៗ។ «យើងនឹងបន្តតាមដានស្ថានភាពហើយនឹងចាត់វិធានការបន្ថែមតាមការចាំបាច់ ខណៈរក្សាចំណងមិត្តភាពជិតស្និទ្ធរបស់យើងជាមួយប្រជាជនកម្ពុជា»។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានហៅចំណាត់ការនេះថាជា «ជំហានសំខាន់មួយ»។
លោកស្រីបានសរសេរតាមអ៊ីមែលកាលពីម្សិលមិញថា៖ «សហរដ្ឋអាមេរិកបានឮការអំពាវនាវពីអ្នកបោះឆ្នោត ៣ លាននាក់ដែលបោះឆ្នោតឲ្យមានការផ្លាស់ប្តូរវិជ្ជមាន។ មន្ត្រីជាន់ខ្ពស់ និងសមាជិកគ្រួសាររបស់ពួកគេធ្វើដំណើរជាទៀងទាត់ទៅប្រទេសលោកខាងលិច។ ពួកគេនឹងមានអារម្មណ៍ទទួលសម្ពាធនេះ ជាពិសេសអ្នកដែលមានទ្រព្យសម្បត្តិ និងកូនទៅរៀននៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក»។
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាមន្ត្រីកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិក៏បានស្វាគមន៍ការហាមប្រាមទិដ្ឋាការនេះផងដែរ។ កញ្ញាបានថ្លែងក្នុងសារមួយថា «ចំណាត់ការបន្ថែមទៀតនឹងធ្វើឡើង» ប្រសិនបើមិនមានការកែប្រែពីរដ្ឋាភិបាលកម្ពុជា។
កញ្ញារំពឹងថាចំណាត់ការទាំងនោះនឹងរួមមានការដាក់ទណ្ឌកម្មទៅលើបុគ្គលទាំងនោះការកាត់ជំនួយចំពោះរដ្ឋាភិបាលកម្ពុជាដែលកញ្ញាថានឹងសម្រេចនៅខែនេះរួមជាមួយនឹងការពិនិត្យទៅលើប្រព័ន្ធអនុគ្រោះពន្ធ (GSP)។
ក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) កម្ពុជាទទួលបានការអនុគ្រោះពាណិជ្ជកម្មដូចជាការនាំចូលទៅអាមេរិកដោយមិនបង់ពន្ធសម្រាប់ទំនិញមួយចំនួន។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃបានយល់ស្របថាការរឹតបន្តឹងទិដ្ឋាការនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ លោកថ្លែងថាការរឹតបន្តឹងនេះគឺមិនយុត្តិធម៌ និងជាវិធានការមួយដោយមន្ត្រីអាមេរិកដើម្បី «រក្សាមុខមាត់របស់ពួកគេ»។
លោកថ្លែងតាមអ៊ីមែលថា៖ «ប្រជាពលរដ្ឋកម្ពុជាមិនខ្លាចទេ។ យើងមើលឃើញវាជាវិធានការអាក្រក់មួយ»។ លោក វណ្ណៈ បន្ថែមថានេះបង្ហាញថា «មន្ត្រីអាមេរិកមួយចំនួន» មិនគោរពគោលនយោបាយនៃការមិនជ្រៀតជ្រែតរបស់លោក ដូណាល់ ត្រាំ។
លោកបានចោទសួរថា៖ «តើមន្ត្រីអាមេរិកកំពុងធ្វើការសារភាពថាពួកគេពិតជាកំពុងគាំទ្រជនក្បត់ជាតិ និងគណបក្សនយោបាយមួយដែលជារបស់បរទេសមួយចំនួនដើម្បីផ្តួលរំលំអាជ្ញាធរស្របច្បាប់របស់កម្ពុជា?»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថាទង្វើនេះគឺជា «រឿងដ៏ចម្លែក» ដែលបង្ហាញថាអាមេរិកកំពុងនៅខាងគណបក្សប្រឆាំងហើយមិនខ្វល់អំពីនីតិរដ្ឋ និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «នេះជាលេសរបស់ពួកគេដើម្បីនៅខាងអាយ៉ងរបស់ខ្លួន»។ «ពួកគេសហការគ្នាដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលស្របច្បាប់»។
ទោះយ៉ាងណាលោក ឥសាន ថ្លែងថាចំណាត់ការនេះមិនមានអ្វីបារម្ភសម្រាប់រដ្ឋាភិបាលទេ។ «ការហាមប្រាមទិដ្ឋាការនឹងមិនធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ទេ ពួកគេអាចមកលេងឪពុកម្តាយរបស់ពួកគេ[នៅទីនេះ] គ្មានបញ្ហាទេ»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងតាមអ៊ីមែលថាវាជា «ការសោកស្តាយដែលយើងឈានដល់ចំណុចនេះ»។ លោកស្រីបន្តថា៖ «វាដល់ពេលដែលអាជ្ញាធរចាត់វិធានការរឹងមាំដើម្បីស្តារសេរីភាព និងយុត្តិធម៌ស៊ីវិលដែលសមាជិកសង្គមស៊ីវិលអាចធ្វើការងាររបស់ពួកគេដោយមិនមានការរារាំង»។
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបានលើកឡើងស្រដៀងគ្នានេះផងដែរថាប្រទេសកម្ពុជាបានឈានដល់ «គោលនយោបាយចាញ់‑ចាញ់» នៅក្នុងប៉ុន្មានខែថ្មីៗនេះ។
លោកថ្លែងថា៖ «ខ្ញុំភ័យខ្លាចប្រទេសមួយចំនួនដទៃៗទៀត…រួមមានសហភាពអឺរ៉ុបអាចនឹងដាក់ [ទណ្ឌកម្ម] ប្រភេទនេះផងដែរ និង/ឬទម្រង់មួយចំនួននៃទណ្ឌកម្មសេដ្ឋកិច្ចដែលអាចមានផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា»។
លោក កុល បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រឡប់ទៅរកការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បី «ស្តារក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។
ក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ៕ PS
រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា
Contact author: Leonie Kijewski

Please do more action and tell all allies to punish this beast regime’ because this beast regime never respect constitution or law&order ‘they are former khmer rough killers and some of them are veitcong germs (Youn-spy) who control cambodia behind the door and used one eye dictator to be leader .U S and Allies and international must do more because this beast regime deserve it. GOD bless all cambodian people’