មេធាវី​ដាក់​បណ្ដឹង​ប្ដឹង​លោក​ សម រង្ស៊ី ​នៅ​តុលាការ

លោក​ សម រង្ស៊ី នៅ​រដ្ឋសភា​កាលពី​កន្លង​មក​។ ហេង ជីវ័ន



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​មេធាវី​កងយោធពល​ខេមរភូមិន្ទ​ពី​ម្សិលមិញ​​បាន​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ញុះញង់​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែង​ថា​នឹង​ប្តឹង​គូប្រជែង​នយោបាយ​យូរ​អង្វែង​របស់​លោក​ទៅ​កាន់​តុលាការ​ពី​បទ​ «​ក្បត់​ជាតិ​»​។

លោក ​វង្ស ភក្តី មេធាវី​របស់​កងយោធពល​ខេមរភូមិន្ទ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​លោក​បាន​ដាក់​ «​ពាក្យ​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក​អសន្តិសុខ​ដល់​រដ្ឋ​»​។

ថ្លែង​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ភក្តី បាន​បញ្ជាក់​ថា ពាក្យ​បណ្តឹង​នេះ​កើត​ចេញ​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដែល​ក្រោយ​មក​ត្រូវ​បាន​បង្ហោះ​ជា​វីដេអូ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី កាលពី​ថ្ងៃ​អង្គារ​។

នៅ​ក្នុង​វីដេអូ​អម​ដោយ​សំណេរ​នោះ​គឺ​លោក​ សម រង្ស៊ី ​បាន​អំពាវនាវ​ដល់​កម្លាំង​ប្រដាប់​អាវុធ​កុំ​ឱ្យ​ «​បាញ់​ប្រហារ និង​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​» ​ទោះបី​មាន​បញ្ជា​ឲ្យ​ធ្វើ​ក៏ដោយ​។

បន្ទាប់ពី​ដឹង​រឿង​នេះ​លោក​ ហ៊ុន សែន បាន​ហៅ​ការ​អត្ថាធិប្បាយ​នោះ​ថា​ជា​៖ «​ការ​ប្រកាស​សង្គ្រាម​»​។

ប៉ុន្តែ​លោក​ ភក្តី បាន​ថ្លែង​ថា​ពាក្យ​បណ្តឹង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ «​បទ​បរិហារកេរ្តិ៍​ និង​បទ​ញុះញង់​​ឱ្យ​កងកម្លាំង​កុំ​ឲ្យ​ស្ដាប់​បញ្ជា​​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​»​។

ពាក្យ​បណ្តឹង​នោះ​បាន​ចោទប្រកាន់​លោក​ សម រង្ស៊ី ​ថា​បាន​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ ប៉ុន្តែ​ពាក្យ​ថា​ក្បត់ជាតិ​មិន​មាន​នៅ​ក្នុង​ឯកសារ​នោះ​ទេ​។

ពាក្យ​បណ្ដឹង​បាន​សរសេរ​ថា​៖ «​ខ្ញុំ​បាទ​សូម​ជម្រាប​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​មេត្តា​ជ្រាប​ថា​កាលពី​អំឡុង​ដើម​ខែ​ធ្នូ​ឆ្នាំ​ ២០១៧ ឈ្មោះ សម រង្ស៊ី ​បាន​ញុះញង់​ឱ្យ​កងកម្លាំង​កុំ​ឲ្យ​ស្ដាប់​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​ព្រម​ទាំង​ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ដែល​អំពើ​នេះ​ធ្វើឲ្យ​ប៉ះពាល់​សន្ដិសុខ​នៃ​រដ្ឋ​» ដោយ​បាន​បន្ថែម​ថា​ «​សកម្មភាព​របស់​លោក​ សម រង្ស៊ី ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ​»​។

លោក​ ភក្តី បន្ថែម​ថា​៖ «​យើង​​សង្ឃឹម​ថា​តុលាការ​នឹង​ចាត់​វិធានការ​បន្ទាន់​»​។

លោក​ សម រង្ស៊ី ​បាន​និរទេស​ខ្លួន​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ​ដើម្បី​​ចៀស​ពី​ការ​ផ្តន្ទាទោស​ពី​រឿង​នយោបាយ​។ រីឯ​លោក កឹមសុខា ដែល​ជា​អ្នក​ស្នង​តំណែង​របស់​លោក​ សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពួកគេ​បាន​បង្កើត​ឡើង​នោះ ពេល​នេះ កំពុង​រង់ចាំ​ការ​កាត់ក្តី​ពី​បទ​ក្បត់ជាតិ​ដែល​ថា​លោក​បាន​ទទួល​ដំបូន្មាន​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ គណបក្ស​សង្គ្រោះជាតិ​គឺជា​គូប្រជែង​ដ៏ធំ​បំផុត​មួយ​របស់​គណបក្ស​ប្រជាជន​ជា​យូរ​មក​ហើយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​មុន​ដោយ​ការ​សម្រេច​​របស់​តុលាការ​កំពូល​។

ទោះបី​ជា​មាន​ពាក្យ​បណ្តឹង​ថ្មី​នេះ​ក៏ដោយ ក៏​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា​វា​នៅ​តែ​ជា​ជំហរ​របស់​រដ្ឋាភិបាល​ដែល​ថា​លោក​ សម រង្ស៊ី ​បាន​ប្រព្រឹត្ត​ក្បត់​ជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​យក​ច្បាប់​ដាក់​ក្នុង​ដៃ​របស់​យើង​ទេ​»​។ លោក​បាន​ពន្យល់​​ថា​វា​អាស្រ័យ​លើ​តុលាការ​ថា​តើ​ត្រូវ​ចោទ​គាត់​ឬ​ក៏​អត់​?»​។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មូរ សុខហួរ បាន​ថ្លែង​ថា ការ​ចោទ​ពី​បទ​​ក្បត់ជាតិ​នេះ​គឺជា​ការ​ក្លែងបន្លំ​ទាំង​ស្រុង​។

លោកស្រី​បញ្ជាក់​ថា​កង្វះ​ពាក្យ​បណ្តឹង​ជាក់លាក់​ទាក់ទង​ទៅ​នឹង​បទ​ក្បត់ជាតិ​គឺ​វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​ថា​ពួកគេ​មិន​មាន​រឿងក្តី​នេះ​ទេ​។ លោកស្រី​បន្ត​ថា​៖ «​ពួកគេ​មិន​អត់ឱន​ចំពោះ​អ្នក​រិះគន់​ណា​ម្នាក់​ទេ​»​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី បាន​ថ្លែង​ថា​លោក​ សម រង្ស៊ី ​អាច​នឹង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ធ្វើ​។ លោក​ នី ​ថ្លែង​ថា​៖ «​វា​អាស្រ័យ​​លើ​រដ្ឋាភិបាល​…​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ធ្វើ​សកម្មភាព​យ៉ាង​​ណា​ក៏ដោយ វា​នឹង​កើត​ឡើង​»​។

ប៉ុន្តែ​ខណៈ​លោក​ សមរង្ស៊ី ​កំពុង​នៅ​ក្រៅ​ប្រទេស​គឺ​ប្រទេស​​បារាំង​នោះ​លោក​ នី ឆ្ងល់​ថា​តើ​បណ្តឹង​នេះ​គឺ​ដើម្បី​អ្វី​?

លោក​ មាស នី ថ្លែង​ថា​៖ «​តើ​ពួកគេ​អាច​ធ្វើអ្វី​បាន​ដល់​លោក​​ សមរង្ស៊ី​? ​លោក​ សមរង្ស៊ី អាច​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ពាក្យ​​បណ្តឹង​ ១០០ ​ករណី​នៅ​តុលាការ​»​។ លោក​បាន​បន្ថែម​ថា​ លោក​គិត​ថា​ការ​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៊ី និង​ការ​​ឆ្លើយតប​របស់​លោក​ ហ៊ុន សែន ទាំង​ ២ ​គឺ​ត្រូវ​បាន​ជំរុញ​ដោយ​កំហឹង​ផ្ទាល់​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​​ជា​បុគ្គល​ជា​ជាង​គណបក្ស​»​។

ដោយ​ហៅ​ការ​អំពាវនាវ​របស់​លោក​ សម រង្ស៊ី​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​លោក​ នី ​បាន​ថ្លែង​ថា​ជម្លោះ​រវាង​លោក​ សម រង្ស៊ី និង​លោក ហ៊ុន សែន គឺ​គ្មាន​អ្វី​ដែល​អាច​ជួយ​ប្រទេស​នេះ​ឲ្យ​ចាកចេញ​ពី​ភាព​តានតឹង​​ផ្នែក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​​នេះ​បាន​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ​សមរង្ស៊ី ​បាន​ថ្លែង​ការពារ​មតិ​របស់​លោក​ថា​គ្រាន់​តែ​ដើម្បី​គាំទ្រ​ «​លទ្ធិប្រជាធិបតេយ្យ​ និង​មនុស្ស​ជាតិ​» ​ប៉ុណ្ណោះ​៕


Contact authors: Andrew Nachemson and ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "មេធាវី​ដាក់​បណ្ដឹង​ប្ដឹង​លោក​ សម រង្ស៊ី ​នៅ​តុលាការ"

  1. Anonymous says:

    again this word NHOS NHOUNG is still hunting this nation never ending . I really hated this word my question is how many people will be hurt from this word . I guest this HUN SEN leadership is only know how to use this kind of word. this poor nation will never be a peace nation unless all this dump older generation gone from this tiny country. I guest HUN SEN himself never learn the history of his own nation . HUN SEN himself pointing finger to some who was the former official as a nation traitor my question is how do he knew it . sorry from my understanding HUN SEN is the same age to me but from my knowledge he only knew from some prediction word . I do not know how to tell to our young what is HUN SEN ‘s capable to lead this nation in any degree. but all I know HUN SEN is the lowest grade of all in our generation . beside that I knew for sure HUN SEN was a good jungle fighter that all . at this moment I know that this jungle fighter is so strong he is not just fighting whit his opponent but the sad problem is he also fighting whit international community. too bad so sad the consequent is come as all of us seeing. GOD bless Cambodia and all Cambodian