សភា​គាំទ្រ​មន្ត្រី​ គ.ជ.ប និង តំណាងរាស្ត្រ​ថ្មី

(​ពី​ឆ្វេង​) ​លោក នុត សុខុម លោក ឌឹម សុវណ្ណារុំ និង​លោក ហ៊ែល សារ៉ាត់ នៅ​រដ្ឋសភា​ម្សិលមិញ​។ សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមាជិក​រដ្ឋសភា​ ១០៤ ​រូប​មកពី​ ៤ ​គណបក្ស​ដែល​ចូល​ប្រជុំ​នៅ​រដ្ឋសភា​ពី​ម្សិលមិញ​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ផ្តល់​ទំនុក​ចិត្ត​ដល់​មន្ត្រី​ ៣ ​រូប​ឲ្យ​ជាប់​ជា​អនុប្រធាន​ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​ខណៈ​សមាជិកសភា​ថ្មី​ ១៦ ​រូប​ក៏​ត្រូវ​បាន​ផ្ដល់​សុពលភាព បើទោះ​ណា​ជា​មាន​ការ​រិះគន់​ថា ដំណើរការ​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ក៏ដោយ​។

រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក​ ហេង សំរិន បាន​បោះឆ្នោត​ឲ្យ​លោក នុត សុខុម អតីតមន្ត្រី​​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​អនុប្រធាន​ គ.ជ.ប លោក ហ៊ែល សារ៉ាត់ អតីតមន្ត្រី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក​ ឌឹម សុវណ្ណារុំ អតីត​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​សមាជិក​ជំនួស​អតីតមន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​លាលែង​​ក្រោយ​បក្ស​ខ្លួន​ត្រូវ​រំលាយ​។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ថ្លែង​មុន​ផ្អាក​ការ​ប្រជុំ​ថា​៖ «​អនុលោម​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទុក​ចិត្ត​អម្បាញ់មិញ​នេះ​ខ្ញុំ​សូម​ប្រកាស​ថា ឯកឧត្តម​ នុត សាខុម ជា​អនុប្រធាន ឯកឧត្តម​ ឌឹម សុវណ្ណារុំ ​ជា​សមាជិក និង​ឯកឧត្តម ហ៊ែល សារ៉ាត់ ជា​សមាជិក​ត្រូវ​បាន​អង្គសភា​បោះឆ្នោត​ជាប់​នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​ ៩ នីតិកាល​ទី​ ៥ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៧ ខែ​ធ្នូ​ឆ្នាំ​ ២០១៧​។ សូម​អង្គសភា​​អបអរសាទរ​»​។

ថ្លែង​បន្ទាប់ពី​ចាកចេញ​ពី​មន្ទីររដ្ឋសភា​លោក នុត សុខុម បាន​ប្ដេជ្ញា​ថា​នឹង​បម្រើ​ផលប្រយោជន៍ និង​ប្រជាជន​ដោយ​សតិសម្បជញ្ញៈ​។

លោក​ថា​៖ «​ខ្ញុំ​មាន​សេចក្ដី​រំភើប​​រីករាយ​ និង​សូម​ថ្លែង​អំណរគុណ​…​ដល់​អង្គសភា​ទាំង​មូល​ដែល​លោក​បាន​បោះឆ្នោត​ផ្តល់​សេចក្ដី​ទុកចិត្ត​ដល់​ខ្ញុំ​ក្នុង​ឋានៈ​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។ ជា​ការ​តបស្នង​មាន​តែ​ការ​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ក្នុង​ស្ថាប័ន​ដ៏មាន​សារៈសំខាន់​នេះ​ដើម្បី​ជា​ឧត្តមប្រយោជន៍​ជូន​ជាតិ​ និង​ប្រជារាស្ត្រ​»​។

ទោះ​ជា​យ៉ាង​ណា​លោក នុត សុខុម មិន​បាន​ឆ្លើយ​នឹង​សំណួរ​ស្ដីពី​ឯករាជភាព​របស់ គ.ជ.ប ​ក្រោយពី​អវត្តមាន​មន្ត្រី​មកពី​គណបក្ស​ប្រឆាំង​ទេ​ដោយ​លោក​​គ្រាន់​តែ​បញ្ជាក់​ថា​ «​តើ​យល់​ពី​ពាក្យ​តស៊ូ​ទេ​? តស៊ូ​នេះ​គឺ​លំបាក​​ហើយ​យក​ជីវិត​ទៅ​ប្ដូរ ដូច្នេះ​ខ្ញុំ​ធ្វើ​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្ញុំ​ក្នុង​រឿង​ជាតិ​…»​។

សភា​គាំទ្រ​មន្ត្រី គ.ជ.ប និង​ តំណាងរាស្ត្រ​ថ្មី


លោក​ ហ៊ែល សារ៉ាត់ សមាជិក​​ គ.ជ.ប ​ថ្មី​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា​រាល់​ការ​​រិះគន់​គឺជា​សិទ្ធិ​បុគ្គល ហើយ​តួនាទី​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

លោក​ថា​៖ «​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អ៊ីចឹង​អ្វីៗ​យើង​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ ហើយ​ខ្ញុំ​ក៏​អរគុណ​ដែរ​ដល់​រដ្ឋសភា​ដែល​បាន​បោះឆ្នោត​ជ្រើស​តាំង​ឲ្យ​ខ្ញុំ​បាទ​ផ្ទាល់​ជា​សមាជិក​ គ.ជ.ប​…»​។

រីឯ​លោក ឌឹម សុវណ្ណារុំ ជា​​សមាជិក​ថ្មី​ម្នាក់​ទៀត​ដែល​ធ្លាប់​​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​​នៃ​ពិធីការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ:​នៃ​សាលាក្តី​ខ្មែរក្រហម និង​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​កាន់​តំណែង​ជា​សមាជិក​​ចេញ​ពី​បេក្ខជន​សេរី​នេះ​ដែរ​។

តប​នឹង​សំណួរ​ដែល​ថា​លោក​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ជំហរ​ទៅ​គណបក្ស​កាន់​អំណាច​លោក​​ សុវណ្ណារុំ ថ្លែង​ការពារ​ថា​៖ «​ខ្ញុំ​គិត​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​បញ្ចេញ​មតិ​ដ៏ពេញលេញ​អ៊ីចឹង​អ្នក​ណា​ក៏​​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ដែរ តែ​ការពិត​វា​នៅ​តែ​ជា​ការ​ពិត​…»​។

លោក​ថា​៖ «​ខ្ញុំ​គិត​ថា​គេ​រើស​តាម​នីតិវិធី ហើយ​ខ្ញុំ​បាន​ប្រឡង​ជាប់​…​អ៊ីចឹង​អ្នក​ណា​និយាយ​យ៉ាង​ម៉េច​ពី​ខ្ញុំ​ឲ្យ​គេ​និយាយ​ចុះ ប៉ុន្តែ​ការពិត​នៅ​តែ​ជា​ការពិត ខ្ញុំ​មាន​កិត្តិយស ខ្ញុំ​មាន​បទពិសោធ​ការងារ​ច្រើន​ហើយ​ខ្ញុំ​បាន​ធ្វើ​កិច្ចការងារ​សង្គម​ច្រើន​ណាស់​តាំងពី​​ឆ្នាំ​ ១៩៩៥ ​មក​ទល់​ពេល​នេះ​»​។

លោក​ថា​សមាសភាព​អនុប្រធាន និង​សមាជិក​ទាំង​ ៣ ​នាក់​នឹង​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​យ៉ាងយូរ​ ៧ ​ថ្ងៃ ។

លោក​ថា​៖ «​ខ្ញុំ​បាន​ត្រៀម​រួច​ជាស្រេច​ហើយ​ដើម្បី​ធ្វើ​ជា​បុគ្គល​មួយ​មាន​អព្យាក្រឹត​ដែល​ជា​សមាជិក​ថ្មី​របស់ គ.ជ.ប…​អ៊ីចឹង​អ្នក​ណា​ឈប់​ ឬ​អ្នក​ណា​ដែល​បន្ត​ការងារ​វា​មិន​ពាក់ព័ន្ធ​ស្ថាប័ន​ គ.ជ.ប ទេ​មាន​ន័យ​ថា​ស្ថាប័ន​​ គ.ជ.ប គេ​មាន​ត្រីវិស័យ​គេ​មាន​មាគ៌ា​របស់​ខ្លួន​ត្រឹមត្រូវ​ហើយ​»​។

ក្នុង​ឱកាស​នោះ​ដែរ​រដ្ឋសភា​ក៏​បាន​ប្រកាស​សុពលភាព​សមាជិក​ថ្មី​នៃ​រដ្ឋសភា​ទាំង​ ១៦ ​រូប​មក​​ពី​គណបក្ស​ប្រជាជន​ ១៥ ​រូប និង​ ១ ​រូប​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ សមាជិក​សភា​ថ្មី​ទាំង​ ១៦ ​រូប​បាន​ធ្វើ​សច្ចា​ប្រណិធាន​ក្នុង​ថ្ងៃ​តែ​មួយ​នា​ព្រះបរមរាជវាំង​​មុន​ចូល​កាន់​តំណែង​។

លោក ម៉ា ឈឿន តំណាងរាស្ត្រ​ថ្មី​មកពី​គណបក្ស​ប្រជាជន​បាន​ថ្លែង​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​មុន​ធ្វើ​ដំណើរ​ទៅ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង​ថា​៖ «​ខ្ញុំ​ប្ដេជ្ញាចិត្ត​បម្រើ​ប្រជារាស្ត្រ​ឲ្យ​បាន​ល្អ​ប្រសើរ​ប្ដេជ្ញា​ចូលរួម​បម្រើ​ក្នុង​ការ​តាក់​តែង​ច្បាប់​ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​របស់​ប្រទេស​ជាតិ​»​។

លោក កន សាវាង្ស ជា​មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុមហ្វ្រែល​ថ្លែង​ថា​ការ​ជ្រើសរើស​សមាសភាព​​ គ.ជ.ប ថ្មី​ហាក់​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​ដែល​តម្រូវ​ឲ្យ​រើស​ចេញ​ពី​គណបក្ស​នយោបាយ​។

លោក​លើក​ជា​ចម្ងល់​ថា​៖ «​បើ​តាម​នីតិវិធី​ត្រូវ​តែ​ជ្រើសរើស​ចេញ​ពី​សមាសភាព​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ក៏​ប៉ុន្តែ​ការ​អនុម័ត​ជាក់ស្ដែង​ ៣ ​នាក់​នេះ​យើង​មើល​ឃើញ​ថា​​មាន​ ២ មកពី​ខាង​ហ៊្វុនស៊ិនប៉ិច​ ១ ​គណបក្ស​សញ្ជាតិ​កម្ពុជា​..​មួយ​ទៀត​មកពី​ NGO ​ឬ​គណបក្ស​​កាន់អំណាច បើ​តាម​នីតិវិធី​គឺ​មិន​ត្រឹមត្រូវ​ទេ​»​។

លោក​ថា​សមាសភាព​ត្រូវ​ធ្វើ​​តាម​ទិដ្ឋភាព​ច្បាប់ ប៉ុន្តែ​លោក​ហាក់​គ្មាន​ជំនឿ​លើ​សមាសភាព​ដែល​គ្មាន​ការ​គាំទ្រ​ពី​ម្ចាស់ឆ្នោត​ហើយ​តំណាងរាស្ត្រ​ថ្មី​ក៏​គ្មាន​ភាព​ជា​តំណាង​ម្ចាស់​ឆ្នោត​ដែរ​។

លោក​បន្ថែម​៖ «​បើ​យើង​មើល​សមាសភាព​គឺ​អាច​មាន​ចន្លោះ​ប្រហោង​ត្រង់​ថា តាមពិត​ទៅ​​បើ​សមាជិក គ.ជ.ប ក៏ដោយ​សភា​ក៏ដោយ​គឺ​កើត​ចេញ​អំពី​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​…​ក៏​ប៉ុន្តែ​យើង​មើល​ទៅ​សមាសភាព​ដែល​កើត​ចេញ​របស់​រដ្ឋាភិបាល​សភា​តំណាងរាស្ត្រ​ដែល​ក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​ទៅ​គឺ​ថា​មិនមែន​ជា​អ្វី​ដែល​ពលរដ្ឋ​លោក​បាន​បោះឆ្នោត​ឲ្យ​នោះ​ទេ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា សមាសភាព​ គ.ជ.ប ​ថ្មី​នឹង​មិន​អាច​ធានា​បាន​ពី​ឯករាជ្យ​ហើយ​លោក​ក៏​គ្មាន​ជំនឿ​ចិត្ត​លើ​ស្ថាប័ន​​នេះ​ដែរ​ដោយសារ​វា​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​បក្ស​កាន់​អំណាច​រួច​ទៅ​ហើយ​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ចាត់ចែង​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ​ទោះបី​យ៉ាង​ម៉េច​ក៏ដោយ ក៏​ស្ដាប់​តាម​ការ​ចាត់ចែង​របស់​បក្ស​កាន់​អំណាច​ដែរ​។ សម្រាប់​ខ្ញុំ​ជា​បុគ្គល ខ្ញុំ​អត់​មាន​ជំនឿ​ទេ​ព្រោះ​ស្ថាប័ន​មួយ​នេះ​យើង​ដឹង​តាំងពី​មុន​ហើយ តាំងពី​ ២០១៣ យើង​តែងតែ​មាន​បញ្ហា​ក្រោយ​ពេល​បោះឆ្នោត ហើយ​ស្ថាប័ន​នេះ​តែងតែ​ប្រកាស​ខ្លួនឯង​ថា​​ជា​ស្ថាប័ន​ឯករាជ្យ ស្ថាប័ន​ដែល​គោរព​តាម​ឆន្ទៈ​ពលរដ្ឋ ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​មាន​បញ្ហា​ក្រោយ​ពេល​បោះឆ្នោត​គ្រប់​ពេល​ទាំងអស់​ទើប​តែ​បោះឆ្នោត​ ២០១៧ ​នេះ​ពេល​បោះឆ្នោត​ឃុំ សង្កាត់ យើង​ឃើញ​មាន​ភាព​ប្រសើរ​»​។

លោក​ថា​តំណាងរាស្ត្រ​ថ្មី​មិន​ត្រូវ​ទទួល​បាន​ការ​ស្វាគមន៍​ ឬ​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ​។ ​លោក​ថា​៖ «​ពលរដ្ឋ​មិន​​អាច​ទទួល​យក​បាន​ទេ ព្រោះ​សុទ្ធ​តែ​ជា​បុគ្គល​ដែល​លោក​មិន​បាន​បោះឆ្នោត​ឲ្យ​…»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "សភា​គាំទ្រ​មន្ត្រី​ គ.ជ.ប និង តំណាងរាស្ត្រ​ថ្មី"

  1. people says:

    So funny’ and laughable ‘because this country doing like stupid depend on veitcong mafia dictator’s mouth.