Wed, 7 March 2018
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីបានការពារឈ្នះក្តីក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិដ៏ចម្រូងចម្រាស លោក គី តិច ត្រូវបានតែងតាំងជាប្រធានក្រុមមេធាវីរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យមួយ ដែលបានចុះហត្ថលេខាដោយលោក សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៨។
ការតែងតាំងនេះក៏ធ្វើឡើងបន្ទាប់ពីលោក គី តិច ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០១៨ នេះផងដែរ។
យោងតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីហើយដែលទើបតែត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃម្សិលមិញ បានចែងថា៖ «យើងត្រាស់បង្គាប់តែងតាំងឯកឧត្តម គី តិច ជាប្រធានក្រុមមេធាវីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន»។
ព្រះរាជក្រឹត្យបានបន្ថែមថា៖ «សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តនេះតទៅ»។
ក្រៅពីធ្វើជាមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃហើយបានឈ្នះក្តីក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាលោក គី តិច ក៏ធ្វើជាមេធាវីតំណាងឲ្យរដ្ឋាភិបាល តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតក្នុងសំណុំរឿងជាច្រើនដែលប្តឹងអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនទៀត ហើយលោក គី តិច ត្រូវបានគេសង្កេតឃើញថាតែងតែឈ្នះក្តីនៅគ្រប់សំណុំរឿងទាំងនោះ។
លោក គី តិច មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការតែងតាំងលោក គី តិច ជាប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលគឺ «ផ្អែកលើគុណសម្បត្តិទៅលើស្នាដៃរបស់គាត់ដែលបានសម្រេចស្នាដៃជូនជាតិ និងប្រជាជន…វាជាការពិតហើយធ្វើមេធាវីនៅពេលដែលគាត់ឈ្នះក្តី គាត់ត្រូវឡើងដូច្នេះហើយ។ ឈ្នះទាំងអស់ឲ្យតែឈ្នះ គឺជាស្នាដៃរបស់គាត់ហើយ»។
ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថាការឈ្នះក្តីមិនដែលចាញ់របស់លោក គី តិច នាពេលកន្លងមកភាគច្រើនវាមិនមែនដោយសាររឿងច្បាប់ទេ។
លោកបញ្ជាក់ថា៖ «រឿងអ្វីក៏ដោយឲ្យតែគាត់ដាក់ គឺដឹងតែឈ្នះហើយពីព្រោះតុលាការនៅលើដៃរបស់គាត់ ពីព្រោះតុលាការគាត់មិនឯករាជ្យ។ ការដែលគាត់ឈ្នះក្តី ដោយសារគាត់ការពាររាជរដ្ឋាភិបាល និងបុគ្គលអ្នកកាន់អំណាច ដូចនេះគាត់ត្រូវតែឈ្នះបែបនេះហើយ»។
លោក ច័ន្ទរ័ត្ន បញ្ជាក់ថាលោកមិនចាប់អារម្មណ៍នឹងការតែងតាំងនេះទេ «ដោយសារនៅស្រុកយើងនេះតែងតាំងតំណែងវាច្រើន ហើយងាយៗ ហើយមិនសូវមានសារៈសំខាន់»៕
Contact author: ម៉ិច ដារ៉ា

This guy is a special vietnamese agent that controls Hun Sen since 1993. He can order one eye man to do whatever he wants, He doesn’t need this job.