
ព្រះតេជគុណ ថាច់ ហាសំអាង មានសង្ឃដីកាទៅកាន់ពលរដ្ឋ។ រូបថត ហ្វេសប៊ុក
Wed, 23 May 2018
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មានការរិះគន់ជាច្រើនទៅលើសង្ឃដីការបស់ព្រះសង្ឃ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សីដែលព្រះអង្គមានសង្ឃដីកាដោយអះអាងសំអាងទៅតាមទ្រឹស្តីកម្មផល បុណ្យ បាបថា ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីនាពេលបច្ចុប្បន្នគឺដោយសារតែពួកគាត់មានបាបកម្ម ព្រោះជាតិមុនពួកគាត់ទាំងនោះបានយកដីធ្លីរបស់អ្នកដទៃ។
សង្ឃដីការបស់ព្រះសង្ឃដែលជាចៅអធិការវត្តសាមគ្គីរង្សីកាលពីថ្ងៃទី ១៨ ខែឧសភាដែលធ្វើឡើងនៅចំពោះមុខពលរដ្ឋរងគ្រោះដីធ្លី ជាច្រើនគ្រួសារដែលមកសុំស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដើម្បីទៅសុំអន្តរាគមន៍ពីក្រសួងដែនដីសុំឲ្យរកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនដែលអូសបន្លាយជាច្រើនឆ្នាំមកហើយនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។
នៅក្នុងវីដេអូឃ្លីបដែលបានចែកចាយតាមហ្វេសប៊ុក ព្រះសង្ឃហាសំអាងមានសង្ឃដីកាថា៖ «មកពីញាតិញោមមិនចេះធ្វើបុណ្យកុសល មិនចេះស្តាប់ធម៌ហ្នឹងហើយ បានហៅបាបកម្ម គេចេះតែលួចដីញាតិញោម ហើយអ្នកដែលលួចដីមិនមែនរាជរដ្ឋាភិបាលទេណាញាតិញោម កុំចេះតែចោទប្រកាន់រាជរដ្ឋាភិបាល»។
ព្រះអង្គបានពន្យល់ពីទ្រឹស្តីកម្មផលថា ដាំដើមស្វាយបានផ្លែស្វាយ មិនមែនផ្លែដូងទេ។ ព្រះអង្គថាការដែលពួកគាត់ទទួលរងកម្មពៀរវេរានេះដោយសារតែពួកគាត់ធ្លាប់ធ្វើបាបកម្មជាមួយអ្នកណាម្នាក់។ «អត់ទេញាតិញោម ចាំក្រសួងដែនដីមកគេដោះឲ្យហើយ មិនបាច់ភ័យទេ។ មកពីបាបកម្មញាតិញោមជាតិមុន ធ្លាប់លួចដីគេ។ ធ្វើម៉េចដឹងៗ? មុខញោមនេះជាតិមុនញែកយកដីគេត្រូវជាតិនេះគេយកដីវិញ។ បើមើលមិនឃើញអាត្មាជួយប្រាប់»។ ព្រះអង្គមានសង្ឃដីកាដូច្នេះសំដៅលើស្ត្រីអ្នកភូមិម្នាក់មកពីស្រុកបទុមសាគរ ខេត្តកោះកុង។
វីដេអូឃ្លីបនេះត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែក និងធ្វើឲ្យមានប្រតិកម្មជាច្រើន។
វីដេអូឃ្លីបដែលបង្ហោះនៅលើហ្វេសប៊ុកឈ្មោះ Lee Chantha ត្រូវបានចែករំលែកជាង ៤ ពាន់ដង និងមានការបញ្ចេញមតិយោបល់ជាច្រើន។ អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ChanChhan Keo បានសរសេរថា៖ «ព្រះសង្ឃអង្គនេះមិនជួយដល់អ្នករងគ្រោះត្រឡប់ជាយកទ្រឹស្តីកម្មផលមកដាក់បន្ទុកលើអ្នករងគ្រោះទៅវិញ គួរតែឈប់ប្រគេនចង្ហាន់លោកទៅទើបសម! ឆាន់ចង្ហាន់ឧបាសក ឧបាសិកា គួរតែនិយាយការពារអ្នករងគ្រោះ តែមិនដូច្នោះទម្លាក់កំហុសទៅលើអ្នករងគ្រោះទៅវិញគួរឲ្យអស់សំណើច!»។
លោក ទិត តេន អ្នករងគ្រោះដីធ្លីម្នាក់មកពីឃុំជីខក្រោម ស្រុកស្រែអំបិល ដែលបានទៅស្នាក់នៅវត្តសាមគ្គីរង្សីដែរនោះបានសម្តែងការហួសចិត្តនឹងសង្ឃដីកានេះ។
លោកថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា៖ «យើងមានអារម្មណ៍ថា មិនគួរណាព្រះសង្ឃមានពាក្យវាចាអសុរោះមកលើពួកគាត់ទេ គាត់តូចចិត្តតូចថ្លើមខ្លាំងណាស់ ប៉ុន្តែមិនដឹងធ្វើម៉េច។ យើងមិនដឹងថា អាជ្ញាធរដាក់សម្ពាធលើលោក ឬក៏យ៉ាងម៉េច! លោកចេញវាចាអ៊ីចឹង គឺគាបសង្កត់ និងប៉ះពាល់លើអារម្មណ៍របស់ប្រជាពលរដ្ឋ។ ធ្វើជាលោកហើយគួរមានសីលធម៌សមរម្យ។ អ្នកខ្លះស្រក់ទឹកភ្នែកដោយសារតែលោកចេញវាចាបែបនេះ»។
លោក ទិត តេន ថ្លែងបន្តថា៖ «សង្ឃដីកានេះធ្វើឲ្យយើងកាន់តែមានកំហឹង កាន់តែឈឺចិត្ត។ យើងអត់បានយកដីគេសោះ តែឧកញ៉ា និងខាងក្រុមហ៊ុនទេ ជាអ្នកបំពានលើដីយើង ហើយមកថាឲ្យបងប្អូនដែលរងគ្រោះទៅវិញ គួរឲ្យអាណោចអាធ័មណាស់ ហើយតូចចិត្តតូចថ្លើម។ រឿងអីយកអតីតកាលមកប្រៀបធៀបឥឡូវនេះ។ យើងកាន់ព្រះពុទ្ធសាសនាមានយុត្តិធម៌ទៀងត្រង់ មកចេញវាចាបែបនេះវាមិនសមស្របទេ»។
ទោះយ៉ាងណាព្រះសង្ឃ ថាច់ ហាសំអាង មានសង្ឃដីកាជាមួយភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថា ព្រះអង្គនៅតែប្រកាន់ជំហររបស់ព្រះអង្គចំពោះពាក្យទាំងនោះដោយផ្អែកលើទ្រឹស្តីព្រះពុទ្ធសាសនា។ ប៉ុន្តែព្រះអង្គបញ្ជាក់ថា វីដេអូនោះត្រូវបានគេកាត់ធ្វើឲ្យបាត់ន័យដើម។
ព្រះអង្គបន្ថែមថា៖ «អាត្មាមានសង្ឃដីកាទៅតាមច្បាប់ព្រះពុទ្ធសាសនាតើ! អាត្មាថាប្រហែលជាជាតិមុន ញាតិញោមធ្លាប់បានសាងបាបកម្មយកដីគេពីជាតិមុនហើយ បានជាតិហ្នឹង គេមកឆក់ប្លន់ដីធ្លីយើងវិញ។ ប៉ុន្តែនៅពេលបន្តអាត្មាថា ទោះបីយើងបានសាងបាបកម្មពីជាតិមុនក៏ដោយ ជាតិនេះយើងទទួលបាបកម្មហ្នឹង ញាតិញោមនៅតែបន្តការតស៊ូមិនត្រូវលះបង់ការតស៊ូទេ ប៉ុន្តែញាតិញោមត្រូវស្ដាប់ន័យអាត្មាមិនទាន់ អ្នកសារព័ត៌មានយកន័យអាត្មាមិនទាន់បែរជាទៅថា អាត្មាជេរស្តីឲ្យប្រជាពលរដ្ឋទៅវិញ»។
ព្រះអង្គបន្តថា៖ «ឃ្លាអាត្មានិយាយ អាត្មានៅតែប្រកាន់ជំហរដែរ។ អាត្មាអ្នកកាន់ព្រះពុទ្ធសាសនា អាត្មានៅតែនិយាយតាមព្រះ វាមិនដែលអ្នកណាដែលទទួលនូវបាបកម្មហើយមិនធ្លាប់សាងពីជាតិមុនទេ។ ជាតិមុនយើងធ្លាប់បានសាងបាបកម្មហ្នឹង បានជាតិនេះវាបែរមកយើងត្រូវតែទទួលយកតាមព្រះពុទ្ធសាសនា»។
ទោះយ៉ាងណាព្រះសង្ឃអង្គនេះបានបញ្ជាក់ថាព្រះអង្គក៏បានជំរុញឲ្យពលរដ្ឋត្រូវតែខំតស៊ូតទៅទៀត ដើម្បីបានដីរបស់ខ្លួនមកវិញ និងថាព្រះអង្គធ្លាប់បានជួយពលរដ្ឋរងគ្រោះជាច្រើនមកហើយរហូតដល់មានការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលទៀតផង។
យ៉ាងណាក៏ដោយអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Sak Pheak Nuon បាននិយាយថា៖ «ទៅដល់ទះលោកមួយដៃ លោកសួរថា ម៉េចបានវ៉ៃអាត្មា? ប្រាប់ទៅលោកវិញថា ជាតិមុនលោកបងវ៉ៃខ្ញុំ ទើបជាតិនេះ ខ្ញុំវ៉ៃលោកបងវិញ»។
លោក មាន ព្រហ្មមុនី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកោះកុងថ្លែងថាលោកក៏ធ្លាប់បានបួសរៀន ទ្រឹស្តីព្រះពុទ្ធសាសនាដែរ។ លោកថាព្រះពុទ្ធបង្រៀនមនុស្សឲ្យរឹងមាំ ហើយប្រឈមមុខដោះស្រាយបញ្ហា។ «ទ្រឹស្តីព្រះពុទ្ធលោកឲ្យរួមគ្នាដោះស្រាយបញ្ហា ហើយព្រះពុទ្ធអត់ឲ្យទៅបង្ករងគ្រោះដល់អ្នកដទៃទេ បើប៉ះពាល់ដល់អ្នកដទៃជាអំពើបាបហើយ មិនគិតជាតិមុនជាតិក្រោយទេ»។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាថ្លែងថា ការលើកឡើងរបស់ព្រះសង្ឃ ថាច់ ហាសំអាង ប្រហែលជាព្រះអង្គផ្អែកលើឯកសារ ឬភ័ស្តុតាងរបស់ព្រះអង្គ។ លោកថ្លែងថាក្រសួងមិនមានវែកញែករឿងធម៌វិន័យទេ គឺធ្វើតែលើកិច្ចការរដ្ឋបាលប៉ុណ្ណោះ ចំណែកធម៌វិន័យ គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈសង្ឃ៕
Contact author: នៀម ឆេង
សូមសួរលោកសង្ឃនេះថា ចុះខ្មែរជិត3លាននាក់ដែលស្លាប់ក្នុងសម័យខ្មែរក្រហម ជាផលកម្មពីជាតិមុនដែរឬទេ ?