លោក ស ខេង បញ្ជា​សមត្ថកិច្ច​ត្រៀម​ចាត់​វិធានការ​អ្នក​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

ដោយ អាស៊ីសេរី
2018-05-28

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA


អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​នៅតែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ ក្នុង​ហ្វេសប៊ុក (Facebook) ដោយ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បើ​ទោះបី​​ជា​លោក ស ខេង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាមដាន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​អំពាវនាវ​នេះ​ក៏ដោយ។ អ្នកគាំទ្រ​បក្ស​ប្រឆាំង​យល់ឃើញ​ថា សារ​អំពាវនាវ​នេះ គឺជា​ការ​បញ្ចេញមតិ​ដោយ​ពុំ​ខុសច្បាប់​នោះ​ឡើយ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ លោក នីវ ចំរើន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​មិន​ត្រូវ​ការ​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​នោះ​ទេ ព្រោះ​របប​នេះ​បាន​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក នីវ ចំរើន អះអាង​ទៀត​ថា ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ ត្រូវ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ហើយ​ត្រូវ​មាន​គណបក្សប្រឆាំង​ចូលរួម​បោះឆ្នោត​មិនមែន​ដូច​សព្វថ្ងៃ មានតែ​គណបក្ស​កាន់អំណាច​និង​គណបក្ស​តូចៗ​ដែល​គ្មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​នោះ​ទេ។ លោក​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​លោក​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ។ «»

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ផ្ដល់​សម្ភាសន៍​ឱ្យ​អ្នកសារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​នៅ​រាជធានី ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៨ ឧសភា ថា អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅលើ​ជន​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់។ «»

យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នេះ ដោយសារ​ថ្មីៗ​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុង​ស្រុក កុំ​ឱ្យ​នាំ​គ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួង​មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នកធ្វើ​សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ ការព្រមាន​បែបនេះ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ការបោះឆ្នោត យល់ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា ការ​អំពាវនាវ​ដោយ​ការ​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មិន​មាន​ឥទ្ធិពល​ដល់​អ្នកបោះឆ្នោត​ទេ ព្រោះ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ផ្ទាល់។ «»

ក្រោយ​ពី​លោក ស ខេង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅលើ​អ្នកធ្វើ​ឱ្យ​រាំងស្ទះ​ដំណើរការ​បោះឆ្នោត​ភ្លាម អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក ធ្វើ​ពហិការ​ចូលរួម​បោះឆ្នោត​កាន់តែ​ច្រើន ដោយសារ​ខ្លះ​ថា មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​ទេ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់ ខ្លះ​ថា​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ និង​ខ្លះ​ទៀត​ថា​នៅ​ថ្ងៃ​ទី​២៩ កក្កដា នៅ​ដេក​ផ្ទះ​ឈ្នះ​ឯង​ជាង​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

–>

What Next?

Recent Articles

3 Responses to "លោក ស ខេង បញ្ជា​សមត្ថកិច្ច​ត្រៀម​ចាត់​វិធានការ​អ្នក​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត"

  1. Người bạn Khmer says:

    Samdach Kralar Phom stop arguing

  2. Anonymous says:

    They have a law to dissolve opposition party(cnrp) and people lost the M-P they trust so why go to vote for?? people must have their own law too’ don’t need to go to vote because all parties are the robbers and thugs of mafia dictator ‘

  3. Anonymous says:

    Go or no go is our choice, no one can force us.
    The election is meaningless, why do we need to vote for????????
    Shame on your dictatorship!!!!!⚡️???⚡️
    We need free and fair election. Without CPP and CNRP, 2018 election is nonsense.
    People should stay home to let dictator ? wins by himself.