ដោយ ហេង រស្មី
2019-09-23
RFA

លោក ងិន សុផាត (ឆ្វេង) លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី និងលោក ធឿន ប៊ុនធន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ រូប៖ គេផ្ដល់ឱ្យ
![]()
កូនសកម្មជនបក្សប្រឆាំងខេត្តរតនគិរីទទូចឱ្យប៉ូលិសដោះលែងឪពុកដើម្បីបានចូលរួមបុណ្យភ្ជុំ
កូនស្រីរបស់សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តរតនគិរីទទូចដល់ស្នងការដ្ឋាននគរបាលខេត្តដោះលែងឪពុករបស់លោកស្រីឱ្យមានសេរីភាពវិញ ដើម្បីបានជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ កូនស្រីសកម្មជនបក្សប្រឆាំងរូបនេះ អះអាងថា ឪពុករបស់លោកស្រីមិនបានប្រព្រឹត្តខុសច្បាប់ឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា ការចាប់ខ្លួនរបស់សមត្ថកិច្ចនេះ គឺជាការគំរាមកំហែងបំភិតបំភ័យដល់សកម្មជនគណបក្សប្រឆាំងឱ្យភ័យខ្លាច ដើម្បីកុំឱ្យពួកគេទៅទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
កូនស្រីមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តរតនគិរីលើកឡើងថា មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ឪពុករបស់លោកស្រីយកទៅដាក់ឃុំឃាំងដោយអយុត្តិធម៌បំផុត។
កូនស្រីមន្ត្រីគណបក្សសង្គ្រោះជាតិស្រុកអូរយ៉ាដាវលោកស្រី ងិន គង្គា ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី២៣ កញ្ញាថា លោកស្រីបានទៅសុំជួបឪពុកនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីជាច្រើនលើកច្រើនសារ កាលពីថ្ងៃទី២១ កញ្ញា ប៉ុន្តែមន្ត្រីប៉ូលិសប្រចាំការនៅទីនោះមិនអនុញ្ញាតឱ្យលោកស្រីបានចូលជួបឪពុកនោះទេ។ លោកស្រីហៅទង្វើរបស់មន្ត្រីប៉ូលិសនេះ ថាជាការធ្វើទុក្ខបុកម្នេញដ៏អាក្រក់បំផុតមកលើគ្រួសាររបស់លោកស្រី ដែលមិនធ្លាប់មានពីមុនមក។ លោកស្រីសង្កត់ធ្ងន់ថា ក្នុងរដូវបុណ្យកាន់បិណ្ឌបែបនេះ សូម្បីពពួកប្រេត និងអសុរកាយទាំងឡាយ ដែលមាននៅក្នុងជំនឿព្រះពុទ្ធសាសនា ក៏ត្រូវបានដោះលែងឱ្យមានសេរីភាព ដើម្បីបានទៅទទួលកុសលផលបុណ្យ ដែលញាតិសន្ដានរបស់ពួកគេបានឧទ្ទិសឱ្យដែរ ក៏ប៉ុន្តែលោកស្រីថាមន្ត្រីប៉ូលិសបែរជាចាប់ឪពុកលោកស្រីដាក់ឃុំឃាំងធ្វើឱ្យព្រាត់ប្រាសប្រពន្ធកូនទៅវិញ៖ «បើសិនខ្ញុំដឹងថាពុកខ្ញុំមានរឿងអីខុសយ៉ាងម៉េចៗ ដែលថាយើងទទួលបាន តែនេះខ្ញុំនិងម៉ាក់របស់ខ្ញុំអត់ដឹងរឿងអីសោះ គេថាមេបញ្ជាឱ្យចាប់ខ្លួនឪពុកខ្ញុំ។ ខ្ញុំគិតថាពេលខែបុណ្យទានគ្រួសារគេនៅជុំគ្នាហើយហេតុអីបានធ្វើគ្រួសារខ្ញុំ ខ្ញុំគិតថាសូម្បីតែប្រេត ក៏ដោះលែងដែរ តែពុកខ្ញុំមានកំហុសអី? ខ្ញុំអត់ដឹងអីសោះបែរជាជាប់ឃុំអីចឹង ក្រឡេកមើលគ្រួសារគេ គេសប្បាយរីករាយណាស់គេជុំគ្នា តែឯងម៉េចអីចឹង»។
លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោកងិន សុផាត និងប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី២១ កញ្ញា។ លោកស្រី ងិន គង្គា ឱ្យដឹងថា មន្ត្រីប៉ូលិសបានបញ្ជូនឪពុករបស់លោកស្រីទៅសាកសួរនៅស្នងការនគរបាលខេត្ត តាំងតែពីព្រឹកថ្ងៃដដែលរហូតមកទល់ពេលនេះ មិនទាន់ដោះលែងនៅឡើយទេ។ លោកស្រីទទូចសុំឱ្យមន្ត្រីប៉ូលិស និងសមត្ថកិច្ចកិច្ចពាក់ព័ន្ធដោះលែងឪពុករបស់លោកស្រីឱ្យមានសេរីភាពឡើងវិញ ដើម្បីបានទៅជួបជុំគ្រួសារធ្វើបុណ្យភ្ជុំបិណ្ឌរួមគ្នា។
អាស៊ីសេរីពុំអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី លោក យិន ចំណាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៣ កញ្ញា ដោយលោកចុចផ្ដាច់ទូរស័ព្ទម្ដងហើយម្ដងទៀត។
កូនស្រីសកម្មជនគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោកស្រី ងិន គង្គា ប្រាប់អាស៊ីសេរីនៅមុនពេលផ្សាយនេះថា មន្ត្រីប៉ូលិសបានបញ្ជូនឪពុកលោកស្រី និងប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន ទៅដល់សាលាដំបូងខេត្តរតនគិរីនៅរសៀលថ្ងៃទី២៣ កញ្ញា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃដដែលនេះ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ គឺជារឿងនយោបាយ ដោយសារពួកគេបានបង្ហោះសារនៅលើហ្វេសប៊ុក (Face book) គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ លោកចាត់ទុកទង្វើរបស់មន្ត្រីប៉ូលិសនេះថា ជាការគំរាមកំហែងបំភិតបំភ័យមកលើប្រជាពលរដ្ឋដោយខុសច្បាប់។ លោកសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ អនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពសម្ដែងមតិនិងឈឺឆ្អាលរឿងនយោបាយដោយសេរី៖ «ដូច្នេះខ្ញុំគិតថាសកម្មភាពនៃការចាប់ខ្លួននេះវាសរបញ្ជាក់អំពីការរឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងទៅ។ ខ្ញុំសុំឱ្យរដ្ឋាភិបាលពិសេសតុលាការ ត្រូវតែពិចារណាឱ្យបានដិតដល់នៅក្នុងការយកច្បាប់មកអនុវត្តចំពោះការប្រើប្រាស់នៃសេរីភាពការបញ្ចេញមតិ ណាមួយរដូវនេះជារដូវភ្ជុំបិណ្ឌផងយើងគួរថាកុំឃុំខ្លួនពួកគាត់អី ដើម្បីពួកគាត់បានធ្វើបុណ្យទានផង»។
គិតត្រឹមរសៀលថ្ងៃទី២៣ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ និងច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង។
លោក នី សុខា លើកឡើងថា ការចាប់ចងសកម្មជនជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ ពុំមែនជាដំណោះស្រាយនយោបាយឡើយ។ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំងក្ដៅក្រហាយ ហើយពួកគាត់អាចនឹងនាំតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ពីព្រោះសព្វថ្ងៃមានប្រជាពលរដ្ឋជិតកន្លះនគរដែលគាំទ្រគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អញ្ចឹងអា នី សុខា អ្ហែងហ្នឹង ដឹកនាំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទៅ !
ពីព្រោះអ្ហែងវាច្បាស់ថា សព្វថ្ងៃមានប្រជាពលរដ្ឋជិតកន្លះនគរដែលគាំទ្រគណបក្សប្រឆាំង ?
សម្តីអ្ហែងបែបនេះ បើគឹតតាមផ្លូវច្បាប់ អាចអូសកយកទៅសួរនាំរកហេតុផលបានហើយ !
Please don’t ask this beast regime to release your father’ haha’ no way’ because this bloody regime leaded by Veitcong mafia dictator and his veitcong germs groups so don’t ask you should do something better then this because you are in the cage of veitcong mafia groups ‘ so you can’t ask the mafia groups’ they only know how to jail or killed because they are not khmer ‘they are veitcong dogs’