តើ​ប្រទេស​ណា​ខ្លះ​បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩?

ដោយ មាន ឫទ្ធិ
2020-04-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​ប្រទេស​ណា​ខ្លះ​បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩?

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩ រដ្ឋាភិបាល​នៃ​ប្រទេស មួយ​ចំនួន​នៅ​លើ​ពិភព​លោក ជាពិសេស​ក្រុម​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹក​នាំ​បែប​កុម្មុយនិស្ត ឬ​ផ្ដាច់ការ បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ក្រោម​ហេតុផល​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ។ ចំណាត់​ការ​ដូច្នេះ រង​ការ​រិះគន់​ថា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល និង​ពលរដ្ឋ​ទូទៅ។ សង្គម​ស៊ីវិល​អន្តរជាតិ ចង់​ឃើញ​រដ្ឋ​អំណាច​នៃ​ប្រទេស​ទាំង​អស់ ផ្ដោត​លើ​ការ​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង មុន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នេះ។

មិន​ខុស​ពី​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​និន្នាការ​កុម្មុយនិស្ត ឬ​ប្រព័ន្ធ​គ្រប់គ្រង​បែប​ផ្ដាច់ការ​នៅ​លើ​ពិភព​លោក នៅ​កម្ពុជា រដ្ឋ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បណ្ដែតបណ្ដោយ​ឲ្យ​ឱកាស​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ កន្លង​ផុត​ទៅ ដោយ​ពុំ​បាន​កេង​យក​ប្រយោជន៍​នោះ​ឡើយ។ លោក​បាន​ប្រញ៉ាប់ប្រញ៉ាប់​ឆក់​យក​វិបត្តិ​នេះ ប្រែក្លាយ​ជា​ឱកាស ដើម្បី​ធានា​ភាព​យូរ​អង្វែង​នៃ​ការ​គ្រប់គ្រង និង​ក្តោបក្តាប់​អំណាច​របស់​លោក​ត​ទៅ​ទៀត។

ការ​ឆក់​យក​ឱកាស​នោះ​គឺ ការ​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន៖

ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​គ្មាន​ការ​ប្រមូល​មតិ​យោបល់​ពី​ពលរដ្ឋ​ទូទៅ ឬ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ឡើយ លើកលែង​តែ​អ្វី​ដែល​បាន​ដាក់​ចេញ​ដោយ​របប​ឯក​បក្ស​របស់​លោក។ ដោយ​ប្រើ​ពេល​មិនដល់ ៣សប្ដាហ៍​ផង ច្បាប់​នេះ បាន​ឆ្លង​ផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​គ្មាន​ការ​កែប្រែ។ បើ​ទោះ​ជា​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​រដ្ឋ​ដក​ហូត​សិទ្ធិ​សំខាន់ៗ របស់​ពលរដ្ឋ ជា​ពិសេស សិទ្ធិ​ដើរហើរ សិទ្ធិ​ប្រមូល​ផ្តុំ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ផ្ដល់ និង​ទទួល​បាន​ព័ត៌មាន​ក៏​ដោយ ច្បាប់​នេះ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ ច្បាប់​នេះ ធ្វើ​ឡើង​ដោយ​ចាត់​ទុក​បញ្ហា​ជំងឺ​រាតត្បាត​លើ​សុខភាព​សាធារណៈ ស្មើ​គ្នា​នឹង​បញ្ហា​ពេល​ប្រទេស​មាន​សង្គ្រាម ដែល​មាន​ន័យ​ថា ច្បាប់អាជ្ញាសឹក ក៏​អាច​ត្រូវ​យក​មក​អនុវត្ត ក្នុង​ពេល​មាន​អាសន្ន​ផ្នែក​ជំងឺ​រាតត្បាត ដូច​គ្នា​នឹង​ពេល​មាន​សង្គ្រាម​ដែរ។

មាត្រា ៥ នៃ​ច្បាប់​នេះ បាន​បើក​ដៃ និង​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ ឲ្យ​រដ្ឋ​អំណាច អាច​ដក​ហូត និង​រិតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ផ្តល់ និង​ទទួល​បាន​ព័ត៌មាន​ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន តាម​រយៈ​ការ​ដាក់​ចេញ​វិធានការ​ឃ្លាំមើល និង​តាម​ដាម​តាម​គ្រប់​មធ្យោបាយ ដោយ​ប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍​គ្រប់​រូបភាព។ ក្រៅ​ពី​នេះ ច្បាប់​នេះ ក៏​អនុញ្ញាត​ឲ្យ​រដ្ឋ ដាក់​ចេញ​នូវ​វិធានការ​ឥត​កំណត់​ដទៃ​ទៀត ដែល​រដ្ឋ​យល់​ថា មាន​ភាព​សម​ស្រប និង​ចាំបាច់។

វិធានការ​ឃ្លាំមើល និង​តាមដាន និង​វិធានការ​សមស្រប និង​ចាំបាច់​ដែល​គ្មាន​និយមន័យ​នេះហើយ កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន RSF ថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សេរីភាព​នៃ​ការ​ផ្ដល់​ព័ត៌មាន និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​។ នាយក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថា ច្បាប់​នេះ នឹង​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​មួយ​នៃ​ការ​តាមដាន​ឈ្លប​យកការណ៍ និង ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល ៣០​ឆ្នាំ កន្លងមក។

ការ​រិះគន់​ទាំង​នេះ​ត្រូវ​មន្ត្រី​បក្ស​កាន់​អំណាច និង​លោក ហ៊ុន សែន ច្រានចោល ក្រោម​ហេតុផល​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទូទៅ តែងតែ​កើត​មាន​ឡើង ក្នុង​ពេល​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ ក៏ប៉ុន្តែ ពួក​គេ​ពុំ​បាន​លើក​ឡើង​ទេ​ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន ពិសេស​នៅ​សហរដ្ឋ​អាមេរិក បាន​ហាម​ដាច់ខាត​ការ​ធ្វើ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់ ឬ​ដក​ហូត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​សារព័ត៌មាន ព្រោះ​សិទ្ធិ​ទាំង​ពីរ​នេះ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​វិស័យ​សារ​ព័ត៌មាន លោក ណុប វី មាន​ប្រសាសន៍​ថា លោក​ពិបាក​វាយ​តម្លៃ អំពី​យុទ្ធនាការ​ឈ្លប​យក​ការណ៍​របស់​រដ្ឋ​អំណាច​ដោយ​ប្រើ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ក៏ប៉ុន្តែ លោក​ថា ពលរដ្ឋ​ទូទៅ​ហាក់​ពុំ​មាន​ទំនុក​ចិត្ត ឬ​បាត់បង់​ទំនុក​ចិត្ត​តែ​ម្ដង ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ តាំង​ពី​មុន​ពេល​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ មក​ម៉្លេះ៖ «រឿង​ទំនុក​ចិត្ត​ចំពោះ​ការ​ឆ្លើយឆ្លង ឬ​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ វា​មាន​បញ្ហា ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត ចាប់​តាំង​ពី​ការ​លេច​ធ្លាយ​ការ​ទំនាក់ទំនង​តាម ទូរស័ព្ទ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អី​មក​ម៉្លេះ។ រឿង​ប្រមូល​ព័ត៌មាន​ឯកជន​នេះ មិន​មែន​ចេះ​តែ​កើត​ឡើង​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ​ទេ។ វា​មាន​ការ​លេច​ធ្លាយ​តាំង​ពី​មុន​មក​ម៉្លេះ តាំង​ពី​មុន​គណបក្ស​ប្រឆាំង​មិន​ទាន់​ត្រូវ​បាន​រម្លាយ មក​ម៉្លេះ»

នៅ​លើ​ពិភពលោក យ៉ាង​ហោច​ណាស់​មាន​រដ្ឋាភិបាល​ចំនួន ២៥ ប្រទេស បាន​ដាក់​ចេញ​កម្មវិធី​ប្រមូល​យក​ព័ត៌មាន និង​ឈ្លប​យកការណ៍​តាមដាន​ពលរដ្ឋ ពី​គ្រប់​មធ្យោបាយ ដូច​ជា តាម​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ GPS បណ្ដាញ​សង្គម វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព ដែល​មាន​ប្រព័ន្ធ​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល​បាន និង​ការ​ប្រើប្រាស់​ឧបករណ៍​យន្តហោះ ដ្រូន គ្មាន​មនុស្ស​បើក ជា​ដើម។

នៅ​ប្រទេស​ចិន រដ្ឋ​អំណាច​បាន​តម្រូវ​ឲ្យ មនុស្ស​រាប់​លាន​នាក់​នៃ​ប្រទេស​នេះ ចាំបាច់​ត្រូវ​ដំឡើង​កម្មវិធី តាមដាន​សុខភាព ឬ Health Codes នៅ​ក្នុង​ទូរសព័្ទ​របស់​ពួក​គេ ដើម្បី​តាមដាន​សកម្មភាព ឬ​កំណត់​ការ​រិតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ឬ​អ្នក​សង្ស័យ​ថា ឆ្លង​ជំងឺ​កូវីដ១៩។ រីឯ នៅ​ទីក្រុង​មូស្គូ នៃ​ប្រទេស​រុស្ស៊ី​វិញ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ ត្រូវ​តែ​មាន QR Codes នៅពេលធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ។ អាជ្ញាធរ​រុស្សី ក៏​គ្រោង​បំពាក់​ឧបករណ៍​កាម៉េរ៉ា​សុវត្ថិភាព​ជាង ១សែន ដែល​អាច​កំណត់​អត្តសញ្ញាណ ឬ​ស្គាល់​មុខ​មនុស្ស​បាន ដើម្បី​ពង្រឹង​វិធានការ​ដាក់​មនុស្ស ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ រីឯ​នៅ​ប្រទេស​ឥណ្ឌា​វិញ អាជ្ញាធរ​នៃ​ប្រទេស​នេះ បាន​សាកល្បង​ដាក់​ចេញ​កម្មវិធី​តាម​ដាន ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង ចែកចាយ​អាសយដ្ឋាន​របស់​អ្នក​ឆ្លង​ជំងឺ​ជាដើម។ ក្រៅពីនោះ អាជ្ញាធរ​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត ដូច​ជា នៅ​ប្រទេស​ប៉ូឡូញ ហូឡង់ អេស្ពាញ អ៊ៀកឡង់ និង​ចក្រភព​អង់គ្លេស​ជា​ដើម ក៏​សុទ្ធតែ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ ឬ​ចាប់​ផ្ដើម​ដាក់​ចេញ​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ ដើម្បី​ជួយ​តាមដាន និង​ស្វែង​រក​អ្នក​ដែល​សង្ស័យ​ថា ឆ្លង​ជំងឺ​កូវីដ១៩។

ការ​ដាក់​ចេញ​នូវ​វិធានការ​តាម​ដាន និង​ឈ្លប​យក​ការណ៍​កាន់​តែ​ខ្លាំង​ឡើង ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ រង​ការ​រិះគន់ ពីសង្គម​ស៊ីវិល​អន្តរជាតិ​ថា ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល ឬ​ពលរដ្ឋ​នៃ​ប្រទេស​រៀងៗ ខ្លួន។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភព​លោក Freedom House អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា ចាំបាច់​ត្រូវ​តែ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ទាំង​នៅ​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ដោយ​គោរព​តាម​គោលការណ៍​ចម្បងៗ មួយ​ចំនួន​នៃ​សេរីភាព​បុគ្គល។ គោល​ការណ៍​ចម្បង​ទាំង​នេះ រួម​មាន​ដូច​ជា ការ​ប្រមូល ឬ​ឈ្លប​យក​ការណ៍ ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព មាន​ភាព​ចាំបាច់​ខាង​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​គោលដៅ​ដើម្បី​កម្រិត​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង ដោយ​ត្រូវ​កំណត់​ពេល​វេលា ជាក់លាក់​នៃ​ការ​អនុវត្ត​វិធានការ​ដូច​នេះ។ អង្គការ​នេះ​ថា ការ​គោរព​សេរីភាព​សារ​ព័ត៌មាន គឺ​ពិត​ជា​មាន​សារ​សំខាន់​ចាំបាច់​ណាស់​ក្នុង​អំឡុង​ពេល​មាន​ភាព​អាសន្ន។ ដូច្នេះ​ហើយ រដ្ឋ​មិន​ត្រូវ​ដាក់​កម្រិត ឬ​រឹតត្បិត​ដោយ​ខុស​ច្បាប់​ទៅ​លើ​លំហូរ​ព័ត៌មាន​ដោយ​សេរី​នោះ​ទេ។ អង្គការ​នេះ​ថា ការ​ដាក់​ទោស​ទណ្ឌ​ផ្នែក​ព្រហ្មទណ្ឌ ដោយសារ​តែ​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត គឺ​ជា​ការ​អនុវត្ត​គ្មាន​សមាមាត្រ ហើយ​ងាយ​នឹង​រង​ការ​អនុវត្ត​តាម​ទំនើង​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋ។ អង្គការ​នេះ​ស្នើ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នានា គួរ​តែ​ប្រយុទ្ធ​នឹង​ព័ត៌មាន​មិន​ពិត ដោយ​បញ្ចេញ​នូវ​ព័ត៌មាន​ច្បាស់លាស់ ពិតប្រាកដ និង​ប្រកប​ដោយ​បច្ចុប្បន្ន​ភាព​វិញ។

ដូច​គ្នា​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ជាង ១០០ស្ថាប័ន ដែល​ភាគ​ច្រើន​មក​ពី​ស្ថាប័ន​សារ​ព័ត៌មាន ក្នុង​នោះ​ក៏​រួមមាន​ទាំង​អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ក៏​បាន​ដាក់​ចេញ​ជា​លក្ខខណ្ឌ​ស្នើ​ឡើង​ចំនួន ៨ចំណុច ដែល​រដ្ឋ​ត្រូវ​បំពេញ​ឲ្យ​បាន មុន​ពេល​អនុវត្ត​វិធានការ​ប្រមូល ឬ​ឈ្លប​យក​ការណ៍។ លក្ខខណ្ឌ​ទាំង​នោះ មាន​ដូច​ជា ការ​ធានា​ថា ការ​ឈ្លប​យកការណ៍​ធ្វើ​ឡើង​ស្រប​ច្បាប់ មាន​ភាព​ចាំបាច់ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ឆ្លង និង​មាន​ភាព​សមាមាត្រ ដោយ​ត្រូវ​កំណត់​ពេល​វេលា​ជាក់លាក់ និង​ថា រដ្ឋ​ត្រូវ​ធានា​ថា ទិន្នន័យ​ដែល​ប្រមូល​បាន​នេះ បម្រើ​ឲ្យ​តែ​គោលដៅ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ តែ​មួយ​គត់ ពិតប្រាកដ ហើយ​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ដទៃ ឬ​គោលដៅ​ពាណិជ្ជកម្ម​ឡើយ។ ក្រៅពីនោះ គឺ​រដ្ឋ​ត្រូវ​ធានា​ថា ការ​ឈ្លប​យក​ការណ៍​នេះ មិន​បម្រើ​ឲ្យ​គោលដៅ ដើម្បី​រើសអើង​ប្រឆាំង​ពូជសាសន៍ ពលរដ្ឋ​ក្រីក្រ និង​សំឡេង​រិះគន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តើ​ប្រទេស​ណា​ខ្លះ​បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩?"

  1. Anonymous says:

    >>>>>>>>>>>>>>>>>>>>> I KNOW THE ANSWERS <<<<<<<<<<<<<<<<<<<<<<<<<<> he was so skinny without enough food for many month just about falling down one day he was so sick and stay in their camp at the time every one gone to work so he had that opportunity still some food to eat so he will nor going to staving to die. he was trying to dig DAM LONGMY to et it raw so sad one of them saw him they took him to punished in the hole under the ground . some time they took him to asked some question he acting he is a mental person he did this for manty time they still not believe him . until last day he et his own ass then they said he was true mental person until than he acting all the way till those KHMER RUE group gone from that camp. now he was free in democracy nation . this was what happen to our life during that day that make us so angry when we that kind of spy. the only the people shouting out CHHAIYO PAK PAKDEWATT KAMPOUCHEA from POL POT,HUN SEN , HENG SAMRIN , CHEA SIM said that kind of word that all mean they are the same group of those killer. HUN SEN is every true a former ANGKA LEIR his hand was full of Cambodian blood. please get this evil animal out not to let him murder more Cambodian . GOD bless Cambodia and it’speople