HRW អាជ្ញាធរ​គួរ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ មិន​ត្រូវ​ចាប់ខ្លួន​តែ​អ្នកកាសែត​ដែល​ផ្សាយ​សម្រង់​សម្ដី​របស់​គាត់​ទេ

ដោយ ជីវិតា
2020-05-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

Photo: RFA


ស្រប​ពេល​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ កាន់តែ​ខិត​ជិត​ចូល​មកដល់​ថ្ងៃ​ទី​៣ ឧ​សភា រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក៏​រង​ការរិះគន់​កាន់តែ​ខ្លាំង​ដែរ ចំពោះ​អំពើ​បង្ក្រាប​អ្នកសារព័ត៌មាន​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​យល់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​គួរតែ​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ​ដែរ បន្ទាប់​ពី​អាជ្ញាធរ​ចាប់​អ្នកកាសែត​អនឡាញ (online) លោក សុវណ្ណ រិទ្ធី ដាក់​ពន្ធនាគារ។

អ្នកឃ្លាំមើល​សេរី​សា​ព័ត៌មាន​សំខាន់ៗ​នាំគ្នា​រិះគន់​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ បន្ទាប់ពី​បាន​ចុះផ្សាយ​សម្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ និង​គ្មាន​ការ​ហាមឃាត់៖ «សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​លើក​កម្ពស់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​មានការ​កើន​ឡើងជា​លំដាប់​ពី​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ពីព្រោះ​ថា នៅ​កម្ពុជា​យើង​ដឹង​ហើយ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​គាត់​អាច​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​គាត់​ដោយ​សេរី។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ មេសា បាន​ចាប់ខ្លួន​នាយក​សារព័ត៌មាន​ធីវីអេហ្វប៊ី (TVFB) លោក សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ ក្រោយ​ពី​លោក​ចុះផ្សាយ​សម្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាម (Brad Adams) និយាយ​ថា កិច្ចការ​ដ៏​សំខាន់​មួយ​របស់​អ្នកសារព័ត៌មាន​ក្រៅ​តែ​ពី​វិភាគ​ព័ត៌មាន និង​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ស្ដាប់​ហើយ​នោះ គឺ​ផ្សាយ​សម្រង់​សេចក្ដី​ថ្លែងការណ៍ ឬ​សម្ដី​ពិតប្រាកដ​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​មក​ចុះផ្សាយ ប៉ុន្តែ​លោក​ថា ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​អ្នកសារព័ត៌មាន​ណា​យកពាក្យ​សម្ដី​ដែល​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​មក​ចុះផ្សាយ​អាច​មាន​ទោស​ឧក្រិដ្ឋ៖ «លោក​ហ៊ុន សែន លោក ស ខេង និង​លោក ខៀវ កញ្ញារីទ្ធ មិនដែល​មាន​ជំនឿ​លើ​សេរីភាព​សារព័ត៌មាន​ប៉ុន្មាន​ទេ​។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ពួកគេ​បាន​ចាប់ចង និង​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ឃាត​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដោយសារតែ​ចុះផ្សាយ​សម្ដី​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ។ នេះ​គឺជា​ការ​វិវដ្ដ​ថ្មី​ដ៏​អាក្រក់​មួយទៀត ដែល​មានន័យថា អ្នកសារព័ត៌មាន​លែង​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ហើយ ពីព្រោះ​កិច្ចការ​ចម្បង​មួយ​របស់​អ្នកសារព័ត៌មាន​គឺ​ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​យក​មក​ចុះ​ផ្សាយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​សំនួរ​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​ភីអិនអិន (PNN) អំពី​ថា​តើ រដ្ឋ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូឌុប​ដែល​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ដែរ​១៩ ឬទេ? លោក ហ៊ុន សែន តប៖ «​ក្មួយ​ដែល​សួរ​មក​ពូ​ថា អ្នក​រត់ម៉ូតូឌុប​គាត់​ត្អូញត្អែរ​តើ​មាន​រដ្ឋ​ប៉ះប៉ូវ​ទេ លក់​ម៉ូតូ​ចាយ​សិន​ទៅ ទិញ​អង្គរ​ស៊ី​សិន ព្រោះ​បើ​ឱ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំងអស់​ងាប់​បាត់ រដ្ឋ​ឯណា​មាន​លុយ​?»។

ប្រសាសន៍​របស់​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន សែន នេះ​ត្រូវ​បាន​លោក សុវណ្ណ រិទ្ធី ស្រង់​យក​មក​ចុះផ្សាយ​។ នៅ​ថ្ងៃ​ទី​៧​មេសា​ដដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និង​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ចរិត​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ផ្អែក​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

បន្ថែម​ពីលើ​ការ​ចាប់​ដាក់គុក​នេះ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​បន្ទាប់ គឺ​ទី​៨ មេសា​បានសម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក សុវណ្ណ រិទ្ធី ដោយ​មិន​ឱ្យ​គេហទំព័រ​TVFB បើក​ដំណើរការ​តទៅទៀត​។​

លោក ប្រ៊េដ អាដាម ហៅ​សេចក្តី​សម្រេច​នោះ​ថា ខុសច្បាប់​ព្រោះ​ក្រសួង​ព័ត៌មាន​បាន​រំលោភ​អំណាច​តុលាការ៖ «លោក ខៀវ កញ្ញារីទ្ធ ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ព័ត៌មាន​ពី​ទូរទស្សន៍​អនឡាញTVFB គឺជា​ការ​រំលោភបំពាន​ច្បាប់ ដូច្នេះ​សមត្ថកិច្ច​គួរតែ​ទៅ​សួរនាំ​លោក ខៀវ កញ្ញារីទ្ធ ថា ហេតុ​អី​បានជា​គាត់​រលោភ​ច្បាប់​កម្ពុជា ពីព្រោះ សម្រាប់​គាត់​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គឺ​មាន​តួនាទី​ត្រឹម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ប្រសិនបើ​មាន​នរណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន ពោល​គឺ​គាត់​មិន​អាច​សម្រេចចិត្ត​ជំនួស​តុលាការ​បានទេ​។ ពេលនេះ លោក ខៀវ កញ្ញារីទ្ធ មិន​ត្រឹមតែ​រំលោភច្បាប់​របប​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រំលោភបំពាន​នីតិវិធី​យុត្តិធម៌​ទៀត​ផង ពីព្រោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន ឬក៏​អត់​នោះ​គឺជា​ការងារ​របស់​តុលាការ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​ថា ជា​ស្ថាប័ន​ឯករាជ​ពី​អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ អនុញ្ញាត​ឱ្យ​ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ត្រឹម​ផ្អាក​ការផ្សាយ​នៃ​ស្ថាប័ន​សារព័ត៌មាន​ណាមួយ ដែល​ក្រសួង​រក​ឃើញ​ថា រំលោភច្បាប់​របប​សារព័ត៌មាន ប៉ុន្តែ​មិនបាន​ផ្ដល់​ដល់​ក្រ​សូង​នូវ​អំណាច​លុបចោល​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ណាមួយ​ឡើយ។

មាត្រា​១២​នៃ​ច្បាប់​របប​សារព័ត៌មាន​ចែងចា៖ ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ផ្អាក​ការផ្សាយ​មិន​ឱ្យ​ហួស​ពី​សាមសិប (៣០)​ថ្ងៃ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា ក៏​មាន​ចែង​អំពី​នីតិវិធី​ដោះស្រាយ​នៅ​ពេល​ណា​អ្នកសារព័ត៌មាន​ណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន​ដែរ ប៉ុន្តែ​ពុំ​មាន​ទោស​ព្រហ្មទណ្ឌ ឬ​ទោស​ជាប់ពន្ធនាគារ​ឡើយ។

មាត្រា​១០​ចែងថា ៖ ជន​ណា​ម្នាក់​ដែល​យល់ថា អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត ធ្វើ​ឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធិ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ធ្វើ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ពី​បទ​មូល​បង្កាច់។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ (៧​ថ្ងៃ​) ឬ​នៅ​លេខ​បន្ទាប់​ក្រោយពី​បាន​ទទួល​ការ​ទាមទារ​ឱ្យ​កែតម្រូវ។

លើស​ពី​នេះ តុលាការ​អាច​បង្គាប់​ឱ្យ​បង់​ផាក​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៥​លាន​រៀល ប្រសិនបើ​តុលាការ​រក​ឃើញ​ថា សារព័ត៌មាន​នោះ​ចុះផ្សាយ​អត្ថបទ​ក្នុង​បំណង​បំផ្លាញ​កិត្តិយស​អ្នកដទៃ ប្រាសចាក​ពី​ការពិត ។​

ប៉ុន្តែ​ប្រសិនបើ​អត្ថបទ​ដែល​ចុះផ្សាយ​នោះ​ត្រូវ​បាន​តុលាការ​បញ្ជាក់​ថា វា​ជា​ការពិត​វិញ នោះ​មិនមែន​ជា​បទ​បរិហារកេរ្តិ៍​ទេ​។ ឧទាហរណ៍​៖ ការ​ចុះផ្សាយ​សម្ដី​ថ្លែងការណ៍​ត្រឹមត្រូវ​របស់​ម​ន្រី្ត​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ក្លែងបន្លំ​គឺ​ត្រូវ​បាន​ច្បាប់​របប​សារព័ត៌មាន​ការពារ។

មាត្រា​៤​ចែងថា​៖ ការ​បោះពុម្ព​ផ្សាយ​នូវ​ព័ត៌មាន​ផ្លូវការ​ដូចជា សេចក្ដី​ថែ្លងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​ណាមួយ ។ល។ មិន​អាច​ត្រូវ​ឲ្យ​ផ្ដន្ទាទោស​បាន​ឡើយ ប្រសិនបើ​ការផ្សាយ​នោះ​មាន​លក្ខណៈ​សមស្រប​តាម​សភាព​ពេញលេញ ឬ​សេចក្ដី​សងេ្ខប​ត្រឹមត្រូវ​តាម​រឿង​ពិត​។ ព័ត៌‌មាន​ផ្លូវការ​ដែល​ជា​កម្មវត្ថុ​នៃ​មាត្រា​នេះ សំដៅ​រួម​ទាំង៖ សេចក្ដាំ​ថ្លែងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​នៃ​ផែ្នក​នីតិ​ប្រតិបតិ្ត រួម​ទាំង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី និង​មន្ត្រី​នានា​ផង។

លោក ប្រ៊េដ អាដាមស៍ ហៅ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ជំនួស​ច្បាប់​របប​សារព័ត៌មាន មក​ចាប់ខ្លួន​លោក​សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ បន្ទាប់ពី​អ្នកសារព័ត៌មាន​រូប​នេះ ចុះផ្សាយ​សម្រង់​សេចក្ដីថ្លែងការណ៍​ត្រឹមត្រូវ​តាម​សម្តី​ពិត​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ខ្លាំង​។ លោក​ថា បើ​រដ្ឋអំណាច​ចាប់​លោក សុវណ្ណ រិទ្ធី ដាក់គុក​ដូច្នេះ សមត្ថកិច្ច​ក៏​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ៖ «សូម្បីតែ​នៅ​ក្នុង​ប្រទេស​ចិន ឬ​ប្រទេស​វៀតណាម ក៏​ខ្ញុំ​មិនដែល​ឮ​ថា អ្នកសារព័ត៌មាន​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ស្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​មក​ចុះផ្សាយ​នោះ​ទេ ពីព្រោះ​វា​មិន​ទំនង​សោះឡើយ​។ ប្រសិនបើ​លោក​សុវណ្ណ ឬ​ទ្ធី បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មែន​នោះ អញ្ចឹង​វីវរ​ហើយពី​ព្រោះ​លោក ហ៊ុន សែន ខ្លួនឯង​នោះ​ហើយ​ដែល​ជា​អ្នក​បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពីព្រោះ​គាត់​ទេតើ​ដែល​ជា​អ្នក​និយាយ​ចេញ ហើយ​អ្នកកាសែត​គ្រាន់តែ​ជា​អ្នក​នាំសារ​យក​សម្ដី​គាត់​ទៅ​ផ្សាយ​ប៉ុណ្ណោះ​។ ដូច្នេះ សមត្ថកិច្ច​គួរ​ត្រូវ​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅលើ​លោក សុវណ្ណ រិទ្ធី បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ពីព្រោះ​អ្នក​ទាំងពីរ​ប្រព្រឹត្ត​អំពើ​នេះ​ដូចគ្នា​។

លោក ប្រ៊េដ អាដាមស៍ ថា បើ​លោក​ហ៊ុន សែន ចង់​រករឿង​អ្នកកាសែត​ដែល​គ្រាន់តែ​ជា​អ្នក​នាំសារ​នោះ ក៏​គួរ​ត្រូវ​ប្រើ​ច្បាប់​របប​សារព័ត៌មាន​ដែរ មិន​ត្រូវ​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​នោះ​ទេ ពីព្រោះ​ច្បាប់​របប​សារព័ត៌មាន​ដែល​រដ្ឋសភា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥​នោះ គឺ​ដើម្បី​គ្រប់គ្រង​អ្នកសារព័ត៌មាន​នោះ​ឯង​។ ការ​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) និង​ការ​ដក​លុប​អាជ្ញាប័ណ្ណ​របស់​គាត់​នេះ​បណ្តាល​ឱ្យ​មានការ​ថ្កោល​ទោល​ពី​គ្រប់ទិសទី។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សេរីភាព​សារព័ត៌មាន​រៀបចំ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ពិនិត្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ចំនួន​១៨០​។ កម្ពុជា​ដែល​ទទួល​ចំណាត់ថ្នាក់​ស្ទើរ​នៅ​បាត​តារាង​កាលពី​ឆ្នាំ​២០១៩ ទៅ​ហើយ​នោះ នៅ​ឆ្នាំ​២០២០​នេះ ធ្លាក់​ចុះ​មួយ​កាំ​ទៀត ទៅដល់​លេខ​១៤៤ ក្នុងចំណោម​១៨០​ប្រទេស​នៅ​លើ​ពិភពលោក៕

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ​ធ្លាក់​ចុះ​មួយ​កាំ​ទៀត​ ពេល​មាន​ជំងឺ​កូវីដ-១៩


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "HRW អាជ្ញាធរ​គួរ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ មិន​ត្រូវ​ចាប់ខ្លួន​តែ​អ្នកកាសែត​ដែល​ផ្សាយ​សម្រង់​សម្ដី​របស់​គាត់​ទេ"

  1. Anonymous says:

    that what it mean by being a strong man of Cambodia . sit is so cheap and not worse than animal. how can some Cambodian see HUN SEN is their great leader . every thing came from stilling nothing have been offer from this poor people. after all not just Cambodian that did not like this guy the foreigner are also did not like this evil either. GOD bless Cambodia and it’s people

  2. so socheath says:

    សុំអញ្ជើញអាពូជឆ្កែ ប្រ៊ែដ អាដាម (Brad Adams) មកចាប់ចុះអត់ថាអីទេ !
    កុំឈរព្រុសដូចឆ្កែ អាពូជឆ្កែ ប្រ៊ែដ អាដាម (Brad Adams) !

  3. Anonymous says:

    mr So socheat said he is the newspaperman’ but when he writing seem to be so cheap’ how can people reading your papers mr so socheat?? come on ‘be a gentlemen o k’ don’t be a street kid and a low life style . mr Sen said first and then the guy followed his words but at the end the goats in the cage haha’ the monkey so smart’ and accused the goats that never know how to eat rice haha’ so communist is the killers’ when they wanted to kill dog ‘they said this dog is mad’ like they pointed the finger to a few khmer rough ‘ what about a lot of khmer rough still working now including the queen ‘ Why don’t they tell the khmer rough court what happen during the killing field ?? communist china&veitname used their dogs to killed khmer and now they used their dogs(puppet) to hide the truth ‘ . how can khmer people get the justice?? This khmer rough court just a joke and hiding the killers’ but GOD will punish theses killers for ever’