មុនជួបលោក ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសជប៉ុនផ្ញើសារថា ជប៉ុនបន្តជំរុញឱ្យកម្ពុជាដើរលើមាគ៌ាទៅរកប្រជាធិបតេយ្យ

កម្ពុជា-ជប៉ុន
21/08/2020 – 09:07
ដោយ៖ វណ្ណ សុគន្ធា
RFI

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន © FB

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ លោកម៉ូតេហ្គី តូស៊ីមីសឺ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែ​សីហា​។ នៅ​ថ្ងៃ​សៅរ៍​ស្អែក​ លោក​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​នៅ​ពេល​ព្រឹក​ និង​ បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ពេល​រសៀល​។ ប៉ុន្តែ​ មុន​ជំនួប​នេះ​ លោក​ម៉ូតេហ្គី តូស៊ីមីសឺ បាន​ផ្ញើសារ​ជា​មុន​ថា​ ជប៉ុន​នឹង​បន្ត​ជំរុញ​ឱ្យ​កម្ពុជា​ដើរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​។

តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ លោកម៉ូតេហ្គី តូស៊ីមីសឺ បានសម្តែងនូវការចាប់អារម្មណ៍របស់លោកចំពោះយុវជននយោបាយកម្ពុជា១០រូបដែលបានទៅទស្សនកិច្ចនៅជប៉ុន និង បានជួបជជែកជាមួយរូបលោ​កដោយផ្ទាល់កាលពីដើមឆ្នាំ២០២០នេះ។ លោកសង្កត់ធ្ងន់ថា យុវជនកម្ពុជាទាំងអស់នេះបានបង្ហាញពីស្មារតីចង់អភិ​វឌ្ឍប្រទេសរបស់ខ្លួនខ្លាំងណាស់។ លោករដ្ឋមន្រ្តីការបរទេសជប៉ុន បានប្រៀបប្រដូចធន​ធានមនុស្សរបស់កម្ពុជាទៅនឹងកំពូលប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នា​ជាច្រើនដើម្បីឱ្យខ្ពស់។ នៅត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ដើម្បីឱ្យប្រ​ទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។

សាររបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះ ធ្វើឡើងមុនរូបលោកជួបជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ និង បន្តជួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីកាបរទេសកម្ពុជានៅពេលរសៀលនៃថ្ងៃដដែលនេះ។ លោករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់នៅថ្ងៃនេះមុនជំនួបនៅថ្ងៃស្អែកថា លោករង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអ​ន្តរជាតិកម្ពុជា លោកបណ្ឌិតគិន ភា មើលឃើញថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះ នឹងផ្តល់ភាពវិជ្ជមានច្រើនសម្រាប់កម្ពុជា។ បន្ថែមពីលើការរឹតបន្តឹងចំណងមិត្ត​ភាព លោកបណ្ឌិតគិន ភា មើលឃើញថា កម្ពុជាអាចនឹងទទួលបានជំនួយបន្ថែមពីជប៉ុនតាមរយៈដំណើរទស្សនកិច្ចនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

ចំពោះបញ្ហានេះ រដ្ឋមន្រ្តីការបរទេសជប៉ុនបានលើកឡើងថា ជប៉ុននឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត លោករដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះថា នឹងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការ រីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់៕

What Next?

Recent Articles

One Response to "មុនជួបលោក ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសជប៉ុនផ្ញើសារថា ជប៉ុនបន្តជំរុញឱ្យកម្ពុជាដើរលើមាគ៌ាទៅរកប្រជាធិបតេយ្យ"

  1. Anonymous says:

    Cambodia will never have democracy unless HUN SEN is out .