ដោយ មួង ណារ៉េត
2021-01-15
RFA

ផែនទីបង្ហាញតំបន់នៃបឹងតាមោគ រាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុក
រដ្ឋាភិបាលបន្តនិរាករណ៍គម្រោងលុបបឹងតាមោក ឬបឹងកប់ស្រូវ ជាង២០ហិកតារថែមទៀត ដោយសម្រេចលុបចោលគម្រោងដូរដីជាមួយឯកជន។ សង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ច ស្វាគមន៍ការសម្រេចនេះ និងជំរុញឱ្យរដ្ឋាភិបាល បន្តនិរាករណ៍គម្រោងលើបឹងតាមោកបន្ថែមទៀត។
រដ្ឋាភិបាល សម្រេចកាត់យកផ្ទៃបឹងតាមោក ទំហំប្រមាណ២០ហិកតារ ឬជាង ១លាន ៥សែនម៉ែត្រការ៉េ ពីគម្រោងឯកជន ត្រលប់ទុកជាសម្បត្តិរដ្ឋវិញ។
លិខិតរបស់រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ចុះថ្ងៃទី១៣ មករា ដែលទើបត្រូវបានផ្សព្វផ្សាយ មិនបញ្ជាក់ពីហេតុផល នៃការដកហូតដីនោះ ត្រលប់មកវិញទេ។ លោកគ្រាន់តែបង្គាប់ឱ្យនិរាករណ៍គម្រោងដោះដូរដីរបស់ លោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី ដើម្បីសាងសង់អគារទីបញ្ជាការស្រាល ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញវិញ។ឮកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញអនុក្រឹត្យកាត់ផ្ទៃដីបឹងតាមោក ទំហំ ២០ហិកតារ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅជាកម្មសិទ្ធិ លោក លន់ ហាក់ និង លោកស្រី ឈុន ចាន់ធី ដើម្បីដោះដូរដីមួយកន្លែង ទំហំទទឹងជាង២០ម៉ែត្រ បណ្ដោយជាង៤០ម៉ែត្រ នៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសាងសង់អគារទីបញ្ជាការកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានទេ នៅថ្ងៃទី១៤ មករា។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់បានបញ្ជាក់ថា ការសម្រេចណាមួយរបស់រដ្ឋាភិបាល ចំពោះការកែសម្រួលផ្ទៃបឹងតាមោក គឺដើម្បីផលប្រយោជន៍សាធារណៈទាំងអស់។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ស្វាគមន៍ការនិរាករណ៍គម្រោងលុបបឹងតាមោក ជាបន្តបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ លោកយល់ថា ការនិរាករណ៍គម្រោងទាំងឡាយ នៅលើផ្ទៃបឹងតាមោក ជាផលល្អសម្រាប់ជួយរំដោះទឹកពីរាជធានីភ្នំពេញ។ លោកចង់ឱ្យរដ្ឋាភិបាល បន្តនិរាករណ៍រាល់គម្រោងលុបបឹងតាមោកទាំងអស់ ហើយយកទៅអភិវឌ្ឍន៍ នៅទីតាំងផ្សេង ដែលមិនប៉ះពាល់ដល់បឹងនេះ៖ «ខ្ញុំគិតថា អានេះ វាជាសញ្ញាមួយវិជ្ជមាន ប៉ុន្តែនៅចាំមើលទៅមុខទៀត ក្រែងលោមានហេតុផលអ្វីនៅពីក្រោយការនិរាករណ៍ហេតុផលទាំងអស់ហ្នឹងណា»។
រដ្ឋាភិបាល បាននិរាករណ៍គម្រោងលុបបឹងតាមោក ទំហំប្រមាណ៣០ហិកតារម្ដងរួចមកហើយ ដោយគម្រោងនោះ មានពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជន ឈ្មោះ ធីភី ម៉ូរ៉ាល់គ្រុប (TP Moral Group) ។ គម្រោងដែលនិរាករណ៍កាលពីថ្ងៃទី៥ មករា ជាគម្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គម្រោងសង់អគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគម្រោងសង់អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ទោះបីជាយ៉ាងណា ផ្ទៃបឹងតាមោក ច្រើនរយហិកតារទៀត កំពុងប្រឈមលុប ដោយសារ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសាងសង់គម្រោងផ្សេងៗ រួមមានទាំងរដ្ឋ និងឯកជន។ ក្នុងនោះ ក៏មានចំណែករបស់សមាជិកគ្រួសារមន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាល និងជាសាច់ញាតិ របស់ដន្លង លោក ហ៊ុន សែន។
លោក ហ៊ុន សែន បានចេញអនុក្រឹត្យចុះថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ កាត់ផ្ទៃបឹងតាមោក ទំហំជាង១០ហិកតារ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ឱ្យទៅ កូនស្រីបង្កើតរបស់រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងត្រូវជាកូនប្រសារបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោកស្រី ជា សុផាម៉ាដែន ដែលកាន់កាប់ជាកម្មសិទ្ធិឯកជន។ បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានកាត់ផ្ទៃបឹងតាមោក ជាង៤០ហិកតារ ប្រគល់ទៅឱ្យឈ្មួញ ធ្លាប់មានប្រវត្តិចម្រូងចម្រាសដណ្ដើមពលរដ្ឋ គឺម្ចាស់ក្រុមហ៊ុនផានអ៊ីមិច (Phan Imex) លោកស្រី ស៊ុយ សុផាន។
លោក ហ៊ុន សែន ក៏បានកាត់ផ្ទៃបឹង ទំហំ៣០ហិកតារ ផ្សេងទៀត ប្រគល់ទៅឱ្យភរិយារបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ គឺ លោកស្រី គឹម ហ៊ាង ជាថ្នូរទៅ នឹងការដោះដូរដីទំហំសរុបជិត១០ហិកតារ ដោយ ដី៣ហិកតារ ស្ថិតនៅខាងកើតវិមានឈ្នះ-ឈ្នះ ដី២ហិកតារ ស្ថិតតំបន់ទីក្រុងរណបអភិវឌ្ឍន៍ លី យ៉ុងផាត់ ជ្រោយចង្វារ និងដីជិត ៥ហិកតារទៀត ស្ថិតនៅអតីតទីលានចាក់សំរាមស្ទឹងមានជ័យ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា ការយកគម្រោងរដ្ឋនានា ទៅអភិវឌ្ឍន៍លើបឹងតាមោក នឹងធ្វើឱ្យចំណេញច្រើន ដល់សេដ្ឋកិច្ច និងជួយសម្រួលភាពកកស្ទះ ក្នុងក្រុងភ្នំពេញ ប៉ុន្តែ លោក មិនចង់ឱ្យរដ្ឋាភិបាល អភិវឌ្ឍន៍គម្រោងច្រើនពេកទេ ព្រោះប៉ះពាល់ ដល់បរិស្ថាន។ លោកបន្តថា រដ្ឋាភិបាល គួរតែអភិវឌ្ឍន៍គម្រោងខ្លះ នៅបឹងតាមោក ដោយមានការបង្ហាញប្លង់មេ ត្រឹមត្រូវ និងលៃលកយ៉ាងណា ត្រូវទុកផ្ទៃបឹង ធានាឱ្យបានថា ការអភិវឌ្ឍន៍មិនប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា រដ្ឋាភិបាល លើកគម្រោង មួយចំនួនទៀត ទៅអភិវឌ្ឍន៍ នៅតំបន់ឧត្ដុង្គមានជ័យវិញ គឺ នៅតំបន់ភ្នំឧត្ដុង្គ នៃខេត្តកណ្ដាល និងស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង ហើយត្រូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿន ជាដើម ដើម្បីជំនួស ឱ្យការអភិវឌ្ឍន៍ច្រើនពេក នៅលើបឹងតាមោក៖ «មែនទែនទៅ ផ្ទៃបឹងនេះ បើសិនមានការអភិវឌ្ឍន៍ យើងអត់ដឹងផែនការរដ្ឋាភិបាលយ៉ាងម្ដេចទេ ប៉ុន្តែបើសិនណា ទុកមួយផ្នែកធំ វាជារឿងល្អ ហើយការអភិវឌ្ឍន៍តំបន់ផ្សេងទៀត ក៏ជាការចាំបាច់ដែរ ដូចជា ការអភិវឌ្ឍន៍តំបន់ឧត្ដុង្គមានជ័យ ដូចខ្ញុំលើកឡើងអ៊ីចឹង ជាការចាំបាច់ ជាការប្រមើលមើលទៅ ឧទាហរណ៍ថា ៥០ទៅ១០០ឆ្នាំទៀតអ៊ីចឹងណា ព្រោះមកដល់ពេលនេះ ការប្រើប្រាស់ដីធ្លីក្នុងក្រុងភ្នំពេញ វាស្ទើរតែអស់សក្ដានុពលហើយ»។
របាយការណ៍របស់អង្គការសមាគមធាងត្នោត ចេញកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០មក រដ្ឋាភិបាល បានលុប បឹងធម្មជាតិ នៅក្នុងរាជធានីភ្នំពេញ អស់ចំនួន១៦បឹងហើយ។ ចំណែក បឹងនៅសល់ចំនួន ១០ទៀត កំពុងប្រឈមការចាប់លុប ដោយផ្នែកៗ ជាបណ្ដើរៗ៕
I guest ..I have been around the world but I never hearing any government developing their country this way . this is what I should say the dangerous of lace of education.