មេធាវី៖ ក្នុងចំណោមសកម្មជន៣០នាក់ដែលរងការវាយដំ មានតែ១ករណី ដែលជនសង្ស័យត្រូវបានចាប់ខ្លួន

កម្ពុជា-សង្គម
18/01/2021 – 07:58
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក កែវ ថៃ និងកូនប្រុស ដែលរងការវាយដំ
លោក កែវ ថៃ និងកូនប្រុស ដែលរងការវាយដំ © FB

​គិត​មកទល់​ពេលនេះ​ ​មាន​សកម្មជន​គណបក្សប្រឆាំង​យ៉ាងហោចណាស់​៣​០​នាក់​ហើយ​ ​ដែល​រង​ការ​វាយដំ​ពីសំណាក់​ជន​មិន​ស្គាល់​មុខ​ ​ខណៈ​ជនរងគ្រោះ​ចាត់ទុកថា​ជា​ហិង្សា​ផ្នែក​នយោបាយ​។​ ​បើ​តាម​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំងនេះ​ ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​នោះ​ ​គឺ​មានតែ​១​ករណី​ប៉ុណ្ណោះ​ដែល​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង​។

លោកមេធាវី សំ សុគង់ ​ដែល​ការពារ​ក្តី​ឲ្យ​សកម្មជនគណបក្សប្រឆាំង ទទូចឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត និង​ស្វែង​រក​ចាប់​ខ្លួន​ជនល្មើស ដែលតែងតែជិះ​ម៉ូតូ ​ប្រើ​ដំបង និង​ដុំថ្ម លួច​ឆ្មក់​វាយ​ប្រហារទៅលើ​សកម្មជននយោបាយជាបន្តបន្ទាប់មកនេះ ដែលមានយ៉ាងហោចណាស់៣០នាក់ហើយ​។

ករណីថ្មីចុងក្រោយនេះ គឺកើតលើយុវជន ថុល សំណាង ដែលអះអាង​ថា មានជន​មិន​ស្គាល់​មុខ ២នាក់ បាន​ជិះ​ម៉ូតូ​ឆ្មក់​វាយ​រូបគេ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រៃ​គរ ស្រុក​ស្អាង នៅម៉ោង៨យប់ ថ្ងៃ​ទី១៦ ខែមករា។ សកម្មជនរូបនេះ ចាត់ទុកករណីហិង្សាមកលើខ្លួនថា ជា​រឿង​នយោបាយ​ បន្ទាប់ពីលោក​បាន​ចូល​រួម​ឃ្លាំមើល​សវនាការ​លើសំណុំរឿង លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី១៥ មករា។ នៅ​ថ្ងៃ​ទី១៥ មករា នោះក៏មានជន​មិន​ស្គាល់​មុខ២នាក់ ​បាន​ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែរ គឺ លោក ធន់ ចន្ថា ដោយ​ប្រើ​ដែក​សោ ខណៈ​ជន​រង​គ្រោះ កំពុង​ឃ្លាំមើល​សវនាការ នៅ​ម្ដុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

បើតាម លោក សំ សុគង់ ជនរងគ្រោះខ្លះ បានដាក់បណ្តឹងទៅ​កាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ចាប់​ខ្លួន​ជន​ល្មើស​មកដាក់ទោស​ តែមកទល់ពេលនេះគឺមានតែ១​ករណី​ប៉ុណ្ណោះ ​ដែល​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅខេត្តកំពង់ឆ្នាំង។ ការចាប់ខ្លួននេះ បន្ទាប់ពីបានវាយប្រហារលើក្មេងប្រុសអាយុ១៥ឆ្នាំ ​ជាកូនប្រុស​របស់ លោក កែវ ថៃ ជាអតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ។

ដោយទំនងជាឆ្លើយតប​នឹងករណី​ហិង្សា​លើ​សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់មកនេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ បាន​ចេញ​សេចក្ដីថ្លែងការណ៍ថា ជន​រង​គ្រោះ ក្នុង​អំពើ​ហិង្សា និង​ក្នុង​បទ​ល្មើស​នានា ចាំបាច់​ត្រូវ​ដាក់​ពាក្យបណ្ដឹងមក​សមត្ថកិច្ច ដើម្បី​ជា​មូលដ្ឋានបម្រើឲ្យ​ការ​ស៊ើប​អង្កេត។ តែជាមួយគ្នានោះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លើកឡើងថា មនុស្ស​មួយ​ចំនួន​តូច តែងតែ​ប្រកាស​ថា ខ្លួន​ជា​ជន​រង​គ្រោះ ប៉ុន្តែ​ព្យាយាម​គេចវេះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច។

ទោះ​យ៉ាង​ណា ជនរងគ្រោះមួយចំនួនក្នុងករណី​ហិង្សា ដែលគេថា​ជារឿងនយោបាយនេះ គឺពួកគេមួយចំនួន មិន​មានជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌ខ្មែរឡើយ ទើបពួកគេ​ខ្លះមិនបាន​ដាក់ពាក្យ​បណ្តឹង ខណៈពាក្យបណ្តឹង​របស់ពួកគេ​ជាច្រើន​នៅជាប់គាំង។ នេះបើតាម លោក សំ សុគង់៕

What Next?

Recent Articles

One Response to "មេធាវី៖ ក្នុងចំណោមសកម្មជន៣០នាក់ដែលរងការវាយដំ មានតែ១ករណី ដែលជនសង្ស័យត្រូវបានចាប់ខ្លួន"

  1. so socheath says:

    វាគួរឲ្យអស់សំណើចណាស់ ដែល មេធាវី សំ សុគង់ ជាមេធាវីការពារក្តី
    ឲ្យពួកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ចេះត្រឹម ចោទប្រកាន់
    លើអំពើហឹង្សា ថាជារឿងនយោបាយ ​ !
    ជាមេធាវី បើចេះត្រឹមតែទម្លាក់កំហុស ដាក់គេឯង ដោយមិនស្វែងរកការពិតបែបនេះ
    មិនខុសអីពីពាក្យចាស់បុរាណថា ស៊ីបាយ បង្ហិនតែអង្ករនោះទេ ។