ដោយ មាន ឫទ្ធិ
2022.08.23
RFA

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាល់ឌីវ (Maldives) លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) (ឆ្វេង) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ សរសើរកម្ពុជាចំពោះការចូលរួមចំណែករបស់ប្រទេសនេះក្នុងប្រព័ន្ធពហុភាគីនិយម និងការថែរក្សាសន្តិភាពនៅលើពិភពលោក។
លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) ដែលជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាល់ឌីវ (Maldives) ផងនោះ បានសរសេរយ៉ាងដូច្នេះនៅលើទំព័រទ្វីតធ័រ (Twitter) របស់លោក ក្រោយពីលោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា។ លោកសរសេរថា ជំនួបនោះផ្តោតលើការពិភាក្សាលើបញ្ហាមួយចំនួន ដូចជាការប្រែប្រួលថ្មីៗនៅកម្ពុជា គំនិតផ្ដួចផ្ដើមរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កិច្ចគាំទ្រចំពោះការផ្តល់វ៉ាក់សាំងរបស់អង្គការសហប្រជាជាតិ និងការការពារសិទ្ធិមនុស្ស។ លោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃជំនួបនេះទេ។ លោកគ្រាន់តែសរសេរយ៉ាងខ្លីបន្ថែមថា លោកកោតសរសើរកម្ពុជាចំពោះការ ចូលរួមចំណែកក្នុងប្រព័ន្ធពហុភាគីនិយម និងការថែរក្សាសន្តិភាពនៅលើពិភពលោក។
Honored to call on H.E. Samdech Hun Sen, Prime Minister of Kingdom of Cambodia
— Abdulla Shahid (@abdulla_shahid) August 22, 2022
Discussions touched on ??s recent transformation, initiatives as ASEAN Chair, UN vaccine support & protection of human rights
Commended ?? for its contributions to
?multilateralism
?@UNPeacekeeping pic.twitter.com/nVNwgetdRI
ទំព័រហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក អាប់ឌូឡា សាហ៊ីដ បានលើកឡើងទៅកាន់លោកថា កម្ពុជាគឺជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិមកការពារសន្តិភាព។ ក៏ប៉ុន្តែ លោកថា ពេលនេះ កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមបណ្តាប្រទេសដទៃទៀតជាច្រើនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ លោក ហ៊ុន សែន អះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកដដែលថា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនេះ ក៏បានសម្ដែងនូវក្តីគោរពជូនលោកដែលបានដឹកនាំកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ដែលលោកអះអាងថា «មិនទុកឱ្យអ្នកណាម្នាក់» នៅក្រៅឆាក និងមិននាំឱ្យមាន «ការសងសឹកគ្នា» ទៅវិញទៅមកឡើយ។
វិទ្យុអាស៊ីសេរី កំពុងទាក់ទងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិជុំវិញការអះអាងរបស់លោក ហ៊ុន សែន ដែលថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានលើកឡើងយ៉ាងដូច្នេះ ខណៈរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្តបើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ដោយចាប់ចងក្រុមអ្នករិះគន់រដ្ឋាភិបាល មានដូចជា សកម្មជនបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម យុវជន សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានដាក់គុកជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន តែងរិះគន់ពីតួនាទីរបស់អង្គការសហប្រជាជាតិនៅកម្ពុជាកាលពីសម័យអ៊ុនតាក់ (UNTAC) នៅដើមទសវត្សរ៍ទី៩០ ថាមិនបាននាំមកនូវសន្តិភាពពិតប្រាកដដល់កម្ពុជាទេ ខណៈរូបលោកបានក្រសោបយកសមិទ្ធផលទាំងអស់ និងចេញមុខថា លោកគឺជាតួអង្គតែម្នាក់គត់ដែលបានដឹកនាំកម្ពុជាឱ្យមានសន្តិភាព។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិរូបនេះ ក៏បានមានជំនួបដាច់ដោយឡែកជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃដដែលនេះដែរ។ លោកសរសេរនៅលើទំព័រទ្វីតធ័ររបស់លោកថា លោកមានកិច្ចសន្ទនាប្រកបដោយការគិតគូរអំពីតួនាទីរបស់ស្ថាប័នសភាក្នុងប្រព័ន្ធពហុនិយមសាកល។ លោកបន្តថា លោកបានរំឭកឡើងវិញអំពីការចូលរួមចំណែករបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងការកើនឡើងភាពជាដៃគូរវាងកម្ពុជានិងអង្គការសហប្រជាជាតិលើបញ្ហាជាច្រើន។
Pleasure meeting H.E. Samdech Heng Samrin, President of the National Assembly of the Kingdom of Cambodia.
— Abdulla Shahid (@abdulla_shahid) August 22, 2022
Had a thoughtful conversation on the role of parliaments in global multilateralism.
Recalled UN contributions in Cambodia & growing ????? partnership on various issues. pic.twitter.com/FTfBnyWMV8
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ន កម្ពុជាបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩។ ការចូលរួមចំណែកនេះ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស ផ្នែកបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ដើម្បីស្វែងយល់ពីតួនាទីប្រកបដោយស្ថាបនារបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងនាមជាប្រធានអាស៊ាន ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
WOW …AH LNGOUNG though he is so smart . ok your CHHNEAS CHHNEAS win win policy is only good at retaliation in your own nation . the king of FESS BOK did not care about any thing else watching on FESS BOK to see some one say some thing bad about him than he us his dollar KA to hurt them . your are an evil un educated indeed no question to ask