ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ១២ តុលា ២០២២ | ម៉ោង ២០:២៥
VOD

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ទទួលស្គាល់ថា ការអូសបន្លាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជារឿងធំដុំ ដែលពិតជាបានប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ប៉ុន្តែក្រសួងអាចត្រឹមដើរតួជាអ្នកផ្សះផ្សាវិវាទ និងគ្មានសិទ្ធិដាក់សម្ពាធបង្ខំភាគីណាមួយឡើយ។
ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ លើកឡើងក្នុងសន្និសីទនោះថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២១ ចំពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ លោកថា បើទោះជាយ៉ាងនេះក្ដី ក្រសួងការងារបានព្យាយាមសម្របសម្រួលជាច្រើនលើក និងឈានដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ ប៉ុន្តែនៅតែមិនអាចឈានដល់ចំណុចរួម។
លោក ហេង សួរ បន្តថា ក្រសួងបានប្រជុំផ្សះផ្សាជិត២០លើកហើយ ចាប់តាំងពីខែមីនា ឆ្នាំ២០២២នេះ ប៉ុន្តែបញ្ហាជាប់គាំង គឺនៅត្រង់ថា ភាគីកម្មករទាមទារដាច់ខាតថាត្រូវចូលធ្វើការវិញ ចំវើការវិាគីមួយទាមទារដាច់ខាតថាត្រឹមររណែកឯភាគីថៅកែដាច់ខាតមិនទទួលយក ដោយសុំសងជាសំណងវិញ។
យ៉ាងណា លោកទទួលស្គាល់ថា ការអូសបន្លាយករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺជារឿងធំ ដែលបានប៉ះពាល់ដល់មុខមាត់ក្រសួងការងារក្នុងនាមរដ្ឋាភិបាលផងដែរ ខណៈលោកមើលឃើញថា ច្រកចេញគឺមានតែភាគីថៅកែ និងកម្មករ យល់ពីនីតិវិធី ព្រមទាំងយោគយល់អធ្យាស្រ័យគ្នា បើពុំនោះទេ គឺដំណាក់កាលតុលាការ។
លោកថា៖ «[ការអូសបន្លាយវិវាទនេះ តើមានផលប៉ះពាល់ដល់ក្រសួងការងារ ឬទេ?] ក្រសួង គឺមិនដែលចាត់ទុកវិវាទការងារនៅក្រុមហ៊ុនណាហ្គានេះជារឿងតូចនោះទេ គឺយើងបានយកចិត្តទុកដាក់ ហើយយើងបានព្យាយាមជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើម៉េចឱ្យមានការយោគយល់គ្នា។ ប៉ុន្តែក្រសួងក៏មិនអាចរំលោភច្បាប់ ដែលវាធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគ ឬមួយក៏អីទេ»។
លោក ហេង សួរ ថាក្រសួងការងារជាអ្នកផ្សះផ្សាវិវាទ តែគ្មានសិទ្ធិដាក់សម្ពាធបង្ខំភាគីណាមួយឡើយ គឺមានតែដំណាក់កាលតុលាការតែប៉ុណ្ណោះ ដែលអាចបកស្រាយថាភាគីណាមួយខុសឬត្រូវ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កន្លងមក ក្រសួងការងារបានបំពេញតួនាទីរបស់ខ្លួនដោយតុល្យភាពហើយ ក្នុងនោះមានការបង្កបរិយាកាសអំណោយផលសម្រាប់អ្នកបណ្ដាក់ទុនវិនិយោគ ហើយថែមទាំងការពារសិទ្ធិកម្មករខ្មែរថែមទៀត។ យ៉ាងណា លោកមើលឃើញករណីកូដកម្មរបស់កម្មករណាហ្គាវើលដ៍នេះ គឺមានសាច់រឿងនយោបាយជ្រៀតចូលច្រើន។
លោកថា៖ «ខ្ញុំឃើញនៅក្នុងសាច់រឿងថ្មីៗនេះ ដូចជាកម្មករណាហ្គាវើលដ៍ វាហាក់បីដូចជាចូលរឿងនយោបាយច្រើនបន្តិចនៅក្នុងសាច់រឿងហ្នឹង។ យើងទទួលស្គាល់ហើយ ក៏ប៉ុន្តែការវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានកម្រិតមួយខ្ពស់ដែលជាវិជ្ជាជីវៈហ្នឹង គឺបានប្រឹងប្រែងរក្សាស្ថានភាពត្រឹមត្រូវ»។
សកម្មជនសហជីព និងជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ជា សុខុម លើកឡើងថា ក្រុមកូដករមិនបានទាមទារលក្ខខណ្ឌធ្ងន់ធ្ងរណាមួយ ក្រៅតែពីចង់ឱ្យថៅកែទទួលយកសហជីពឯករាជ្យដែលអាចការពារកម្មករបាន ឱ្យចូលធ្វើការវិញនោះទេ។
កញ្ញាបន្តថា ច្បាប់ស្ដីពីសហជីព និងច្បាប់ស្តីពីការងារ បានចែងច្បាស់ពីការការពារសិទ្ធិកម្មករ ពោលគឺថៅកែពុំអាចបញ្ឈប់កម្មករស្រេចតែចិត្ត ដោយពុំមានទំនួលខុសត្រូវឡើយ។ កញ្ញាថា កម្មករបានគោរពតួនាទីរបស់ខ្លួនបានម៉ឺងម៉ាត់ណាស់ តែថៅកែទៅវិញទេដែលដើរប្រាសចាកពីច្បាប់ ស្របពេលក្រសួងការងារផ្អៀងលើអ្នកមានលុយ ហើយបើកដៃឱ្យពួកគេបំពានសិទ្ធិកម្មករថែមទៀត។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា តាមពិត ក្រសួងការងារមានអំណាចក្នុងដៃ មានសិទ្ធិនិងតួនាទីគ្រប់គ្រាន់ ដើម្បីចេញមុខដោះស្រាយវិវាទការងារនេះដោយយុត្តិធម៌តាមច្បាប់ការងារដែលបានចែង។ យ៉ាងណា លោកថា ករណីនេះអាចដោះស្រាយទៅបាន គឺអាស្រ័យលើឆន្ទៈរបស់ក្រសួង ដើម្បីជំរុញឱ្យក្រុមហ៊ុនបំពេញភារកិច្ចតាមច្បាប់កម្ពុជា ក៏ដូចជាបញ្ឈប់ការរើសអើងសហជីព។
សម្រាប់មន្ត្រីសហជីពរូបនេះ ក្រុមហ៊ុនណាហ្គាមានចេតនាបំបាត់សហជីពការពារសិទ្ធិកម្មករ ដោយមិនអាចប្រកែកបាន។ ជាក់ស្តែង លោកថា ថៅកែបានជ្រើសយកជម្រើសបញ្ឈប់កម្មករដែលភាគច្រើន សុទ្ធតែជាថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយលើកហេតុផលបញ្ហាហិរញ្ញវត្ថុ ខណៈក្រសួងការងារមិនបានផ្ទៀងផ្ទាត់តាមច្បាប់សហជីព និងច្បាប់ស្តីពីលក្ខខណ្ឌបញ្ឈប់កម្មករឡើយ។
វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការតវ៉ារបស់កូដករនេះបានទេ នៅថ្ងៃពុធនេះ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជាង៩ខែមកនេះ អះអាងថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HUN NAL is so smart