ក្រសួងការបរទេសកម្ពុជាថាការឲ្យពានរង្វាន់ដល់ ឈឹម ស៊ីថរ មិនតំណាងឲ្យឆន្ទៈពលរដ្ឋភាគច្រើន

កម្ពុជា-សង្គម
04/02/2023 – 07:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ © Internet


ក្រសួងការបរទេស​កម្ពុជា ​បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ការ​ដែល​ក្រសួងការបរទេស​អាមេរិក​បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ២០២២​ ទៅ​កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​មួយ​រូប​ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​ សម្រាប់​ក្រសួង​ការបរទេស​កម្ពុជា​វិញ​ ការ​ប្រគល់​ពាន​រង្វាន់​នេះ​មិន​តំណាង​ឲ្យ​ឆន្ទៈពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ទេ ​ហើយ​ក៏​មិន​អាច​យក​ទៅ​តតាំង​ជា​មួយ​តុលាការ​ខ្មែរ​បាន​ឡើយ ​ខណៈ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ យល់​ថា​ ពាន​រង្វាន់​មាន​ឥទ្ធិពល​ខ្លះ​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ករណី​នេះ។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​​ថ្ងៃទី២កុម្ភៈ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសកម្ពុជាបានគូសបញ្ជាក់​៣ចំណុច​​ដែល​ជាប្រតិកម្មចំពោះ​ការ​ប្រកគល់​ពានរង្វាន់​អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២សម្រាប់​កញ្ញា ឈឹំម ស៊ីថរ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងការបរទេសអាមេរិក។

បើតាម​ក្រសួងការបរទេសកម្ពុជា ពានរង្វាន់​នេះជារឿយៗត្រូវបាន​ប្រគល់ឲ្យបុគ្គល​ដែល​តស៊ូ​ដើម្បី​សន្តិភាព​ ការ​បង្រួប​បង្រួមជាតិ ការ​លុបបំបាត់​ការរើសអើងជាតិសាសន៍ អំពើ​ហិង្សា ការកាត់​បន្ថយ​សព្វាវុធ និង​ការបង្កើត​ស្នាដៃអ្វីមួយ។ ប៉ុន្តែ​ក្រសួងការបរទេសចាត់ទុកថា ការឲ្យពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ មិនតំណាងឲ្យ​ឆន្ទៈពលរដ្ឋភាគច្រើនទេ។ ម្យ៉ាងពានរង្វាន់នេះក៏មិន​មែន​ជា​មធ្យោបាយ​ក្នុង​ការតតាំង​ជាមួយ​តុលាការដែរ ខណៈ​ក្រសួងការទេស​ពន្យល់ថា ចំណាត់ការ​ផ្លូវច្បាប់​លើ​មេដឹកនាំ​សហជីព​រូបនេះ​ មិន​ពាក់​ព័ន្ធសិទ្ធិមនុស្ស ឬវិវាទការងារ​តែជាចំណាត់ការ​ទៅ​លើ​ការ​បំពាន​បម្រាម​តុលាការ​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស។

ទោះជាយ៉ាងណា សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស ពាន់រង្វាន់នេះគឺជាការផ្តល់តម្លៃខ្ពស់ សម្រាប់អ្នកការពារសិទ្ធិមនុស្ស តាមរយៈសកម្មភាពដែលកញ្ញា ឈឹម ស៊ីថរ បានលះបង់នាពេលកន្លងមក ហើយថាពានរង្វាន់នេះក៏ជាការលើកទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្សដទៃទៀត ។ បើតាមលោក នី សុខា ប្រធានសមាគមអាដហុក ចង់ឬមិនចង់ ការផ្តល់ពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ អាចមានឥទ្ធិពលខ្លះទៅលើការសម្រេចរបស់តុលាការ ក្នុងការពិចារណាដោះលែង និងទម្លាក់ចោលការចោទប្រកាន់មកលើប្រធាន​សហជីពរូបនេះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃទី២កុម្ភៈ បានប្រកាសប្រគល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ មេសហជីពរូបនេះកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ១០សប្តាហ៍មកហើយ ក្រោយអាជ្ញាធរកម្ពុជាចោទថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់មិនឱ្យចាកចេញពីប្រទេស អំឡុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ៕

What Next?

Recent Articles

One Response to "ក្រសួងការបរទេសកម្ពុជាថាការឲ្យពានរង្វាន់ដល់ ឈឹម ស៊ីថរ មិនតំណាងឲ្យឆន្ទៈពលរដ្ឋភាគច្រើន"

  1. Anonymous says:

    HAS…. it so funny HUN SEN ‘s noble peace price is real but so sad Miss CHHIM SITHOR is fake .I tell you what???????? didn’t you know that US was just kicking your ASS . I’m laughing my ass off when I see your reaction to this matter . why are you so dump you will weaking up if you think just a few minute . after all I can see some people living in a small hold just only seeing Vietcong and China is only their masters . wait to see if you will be the same after the election 2023.