ថ្ងៃទី 5 ឧសភា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំឧត្តុង្គ: ព្រះសង្ឃ តាអាចារ្យ យាយជី និងពុទ្ធបរិស័ទរាប់ពាន់នាក់ បានជួបជុំ ដើរហែក្បួនធម្មយាត្រា ក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២។
ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២
ពិធីជួបជុំ ប្រារព្ធបុណ្យវិសាខបូជា រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សហការជាមួយក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ពិធីបុណ្យវិសាខបូជា ជាផ្លូវការ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ( ឧដុង្គ ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ មានការនិមន្តចូលរួមដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយករង លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្ត្រីរាជការ និងអាជ្ញាធរដែនដី រួមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២
ក្បួនធម្មយាត្រា នៅភ្នំឧដុង្គ នាព្រឹកមិញ នាំមុខដោយឡានបុស្សបុក តម្កល់រូបបដិមា តំណាងឲ្យព្រះសម្មាសម្ពុទ្ធ ពេលប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ ក្បួនធម្មយាត្រា ក៏មានឆៃយ៉ាំ របាំត្រុដិ ការទូងស្គរ ភ្លេងពិណពាទ្យ ព្រមទាំងព្រះសង្ឃ តាអាចារ្យ យាយជី និងពលរដ្ឋខ្មែរក្មេងចាស់ ចូលរួមដើរដង្ហែ អមឡានបុស្សបុក ជុំវិញព្រះមហាសក្យមុនីចេតិយ។
ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
បុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសចំពោះថ្ងៃជាមង្គលទាំងបី គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាន នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោករដ្ឋមន្ត្រី មិន ឃិន ព្រមទាំងភរិយា ក្នុងពិធីបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
ពិធីបុណ្យនៅថ្ងៃសៅរ៍ ១៥ កើត ខែពិសាខ ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ មានពិធីដង្ហែប្រទក្សិណជុំវិញភ្នំព្រះរាជទ្រព្យ ជាទីតាំងព្រះមហាសក្យមុនីចេតិយ ថ្វាយគ្រឿងសក្ការបូជា សូត្របទសរភញ្ញ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជា នៅមុខជណ្តើរធំ ឡើងទៅកាន់កំពូលភ្នំ និងដាក់បាត្រប្រគេនព្រះសង្ឃ ៣០០ អង្គ។
ពេលរសៀល ចាប់ពីម៉ោង ២ តទៅ នមស្សការព្រះរតនត្រ័យ សមាទានសីល សូត្រនមស្ការគាថា និងសម្ដែងធម្មទេសនា។
តាមកម្មវិធី នៅថ្ងៃអាទិត្យ ១ រោច ខែពិសាខ ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ចាប់ពីម៉ោង ៨ ព្រឹក តទៅ ទុកឱកាសប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទបំពេញកុសល ដោយសទ្ធាជ្រះថ្លា តាមប្រពៃណី។
ពេលប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំឧដុង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមបំពេញមហាកុសល តាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនាផង និងអនុមោទនាយកផលានិសង្ស ដោយរីករាយ។
ចង្ហាន់ ម្ហូបខ្ចប់ ទឹកបរិសុទ្ធ និងមីកញ្ចប់ ជាដើម ត្រូវបានពុទ្ធបរិស័ទ ដាក់បាត្រ ប្រគេនព្រះសង្ឃ ៣០០ អង្គ និងគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ថ្វាយព្រះមហាសក្យមុនីចេតិយ និងព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ នៅព្រឹកថ្ងៃ ១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២៕ S

សូមផ្សព្វផ្សាយ ពីព័ត៌មានអំពី ថាតើអ្នកណាស្ថិតនៅក្នុងក្រុមអព្យាក្រឹត និងអ្នកជាអ្នកនយោបាយ។ តើអ្នកណាមានតួនាទីធ្វើអ្វី និង តើធ្វើដូចម្ដេចដើម្បីឲ្យពលរដ្ឋខ្មែរទទួលបានប្រជាធិបតេយ្យពេញលេញ?
ណេងណុងៗៗៗៗៗ អនុមោទនាលោកអើយ!!!! គឹល!ៗៗ