ថ្ងៃទី 1 មិថុនា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានរកឃើញថា ក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ មកដល់ថ្ងៃបញ្ចប់យុទ្ធនាការនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ គឺការបំភិតបំភ័យ ភាពមិនប្រក្រតី និងការរារាំងសកម្មភាពឃោសនារបស់គណបក្សនយោបាយនានា ដែលកើតឡើងទៅលើសកម្មជនគណបក្សនយោបាយ និងប្រជាពលរដ្ឋ បើគិតជាចំនួនមធ្យមក្នុងមួយថ្ងៃមានការថយចុះ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។
របាយការណ៍ ដែលបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលរបស់ ខុមហ្វ្រែល លើកឡើងថា ក្នុងពេលឃោសនាបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ២០០២ កើតឡើងជាង ១០ ករណី ក្នុងមួយថ្ងៃ។ រីឯការបោះឆ្នោត ឆ្នាំ២០០៧ កើតឡើងប្រមាណ ៨ ករណី ក្នុងមួយថ្ងៃ និងឆ្នាំ២០១២ កើតឡើងប្រមាណ ៦ ករណី ក្នុងមួយថ្ងៃ។
ខុមហ្វ្រែល លើកឡើងថា ករណីទាំងនោះ មានដូចជា ការហែកខិត្តប័ណ្ណ ការទិញសន្លឹកឆ្នោត ការរំខានក្នុងពេលឃោសនា ការទម្លាក់ស្លាកគណបក្សនយោបាយ ដែលសរុបប្រមាណជិត ១០០ ករណី។ ខុមហ្វ្រែល ក៏សង្កេតឃើញមានអំពើហិង្សា ២ ករណី ដែលក្នុងនោះ ១ ករណី ក្រុមក្មេងស្ទាវវាយលើស្ត្រីម្នាក់ ជាសកម្មជនគណបក្សសមរង្ស៊ី នៅខេត្តបាត់ដំបង និង ១ ករណីទៀត ស្ត្រីជាភរិយាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានវាយដំលើសកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចនៅខេត្តបាត់ដំបង។
ក្រៅពីនោះ ខុមហ្វ្រែល ក៏បានសង្កេតរកឃើញថា ភាពមិនប្រក្រតីក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនានា ដែលបានកើតឡើង ករណីនេះភាគច្រើនគឺនៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពត កោះកុង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កណ្តាល ពោធិ៍សាត់ រតនគិរី និងតាកែវ។ ភាគច្រើននៃអ្នកប្រព្រឹត្ត ក្នុងករណីខាងលើ គឺសកម្មជនគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ ដែលរងគ្រោះ ច្រើនពីអំពើទាំងនេះ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោក ធន សារាយ ប្រធានគណៈកម្មការនាយក ខុមហ្វ្រែល បានថ្លែងក្នុងសន្និសីទកាសែតថា គណបក្សនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលនេះ មានចរិតចាស់ទុំច្រើនក្នុងការដោះស្រាយបញ្ហា។ រីឯភាពមិនប្រក្រតី និងការបំភិតបំភ័យ រួមទាំងអំពើហិង្សា បានថយចុះ។ ក្នុងនោះ ការសម្លាប់សកម្មជនគណបក្សនយោបាយ មិនកើតមានឡើយ។
យ៉ាងណាក៏ដោយ ខុមហ្វ្រែល រកឃើញថា បើទោះបីករណីទិញសន្លឹកឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត បានរកឃើញចំនួនប្រមាណ ១០ ករណី ក៏ពិតមែន ប៉ុន្តែករណីឲ្យលុយ និងចែកអំណោយមុនថ្ងៃឃោសនាបោះឆ្នោត គឺកើតឡើងនៅស្ទើរគ្រប់ទីកន្លែង។
យោងតាមរបាយការណ៍ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ គ.ជ.ប. បានទទួលពាក្យបណ្តឹងជិត ៦០ ករណី។ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧ ពាក្យបណ្តឹងបានកើតឡើងនៅថ្នាក់ឃុំសង្កាត់ និងថយចុះនៅថ្នាក់ខេត្ត។ បណ្តឹងភាគច្រើន គឺទាក់ទងទៅនឹងការហែកខិត្តប័ណ្ណ ការរំខានសកម្មភាពឃោសនាបោះឆ្នោត និងការទម្លាក់ស្លាកគណបក្សនយោបាយ ហើយបណ្តឹងទាំងនេះច្រើនធ្វើឡើងដោយគណបក្សប្រឆាំងសមរង្ស៊ី។ ការដោះស្រាយ បណ្តឹងភាគច្រើន គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានពុំពេញចិត្តនឹងការដោះស្រាយរបស់មន្ត្រីដោះស្រាយបណ្តឹង ដោយមូលហេតុមកពីមន្ត្រីនោះសុទ្ធតែមកពីគណបក្សកាន់អំណាច។
មិនទាន់មានប្រតិកម្មបែបណាពី គ.ជ.ប. និងគណបក្សនយោបាយ ជុំវិញរបាយការណ៍របស់ខុមហ្វ្រែលខាងលើនៅឡើយទេ៕ S

ការបោះឆ្នោតឃុំសង្កាត់នាពេលនេះ មានចរិតចាស់ទុំច្រើន?