newspaper
ជុន ចាន់បុត្រ អ្នកវិភាគដ៏ឆ្នើម ដែលគួរចង់ស្ដាប់
សាលារាជធានីភ្នំពេញថា សំណើរៀបចំប្រារព្ធទិវានារីអន្តរជាតិ លើកទី១១៤ នៅទីលានប្រជាធិបតេយ្យ របស់ក្រុមអង្គការសង្គមស៊ីវិល ត្រូវរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារតែចំនួនអ្នកចូលរួម លើសពីសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ។ តំណាងអ្នករៀបចំកម្មវិធី លើកឡើងថា ក្រសួងមហាផ្ទៃ គួរតែអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធទិវានារីអន្តរជាតិ នៅថ្ងៃទី៨ មីនា ខាងមុខនេះ តាមការគ្រោងទុក។
ពលករខ្មែររាប់រយនាក់ ដែលធ្វើការនៅប្រទេសថៃ បានចាញ់បោកមេខ្យល់ ឱ្យបង្កើតគណនីធនាគារថៃ យកទៅលក់ឱ្យក្រុមឧក្រិដ្ឋជនតាមអនឡាញ (Online) ដែលធ្វើឱ្យពលករខ្មែរខ្លះ ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ក្រោយប៉ូលិសថៃរកឃើញថា គណនីធនាគាររបស់ពួកគាត់ បានទទួលលុយពីក្រុមឧក្រិដ្ឋជនតាមអនឡាញ រាប់ម៉ឺនដុល្លារ។ មន្ត្រីសង្គមស៊ីវិលឱ្យដឹងថា ករណីនេះ កើតឡើងតាំងពីឆ្នាំ២០២២ រហូតដល់សព្វថ្ងៃ ប៉ុន្តែពុំឃើញមាន អាជ្ញាធរកម្ពុជា-ថៃ សហការគ្នាស៊ើបអង្កេតចាប់ខ្លួន មេខ្យល់ទាំងនោះមកផ្ដន្ទាទោសចំពោះមុខច្បាប់នោះឡើយដែលធ្វើឱ្យពលករខ្មែរ ជាច្រើនបន្តរងគ្រោះ។
ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី៥មីនាដោយបានច្រានចោលលើការលើកឡើងរបស់ម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ដែលថា នគរបាលជាតិកម្ពុជាបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនឈ្មោះ Tie Xiao Jun បានអះអាងថា ខ្លួនជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិនដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់ និងបានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមចិន Weibo កាលពីថ្ងៃទី៣មីនាថា នគរបាលជាតិកម្ពុជាបានលក់ព័ត៌មានស្តីពីការធ្វើទារុណកម្មលើពលរដ្ឋចិននៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញទៅឱ្យក្រុមឧក្រិដ្ឋជន។
សារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ដោយ ដកស្រង់សម្ដីអគ្គស្នងការនគរបាលថៃ លោក ថាតឆៃ ភីតាណេឡាបុត្រ (Thatchai Pitaneelaboot) ថា តុលាការថៃក៏បានចេញដីកាចាប់ខ្លួនជនជាតិចិនពីរនាក់ដែលជាមេក្រុមក្នុងអំពើឆបោកតាមអនឡាញដែលប៉ូលិសកម្ពុជា និងថៃបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីចុងខែកុម្ភៈ។ ប្រភពដដែលបញ្ជាក់ថា មនុស្សប្រមាណ ១រយនាក់ដែលត្រូវបានឃាត់ខ្លួន ត្រូវបានប៉ូលិសថៃកំពុងសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ ហើយពួកគេភាគច្រើនជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ប៉ូលិសថៃឱ្យដឹងទៀតថា មនុស្សប្រមាណ ១រយនាក់នោះគឺជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជនដែលដំណើរការប្រតិបត្តិការឆបោកតាមអនឡាញ។
ពលរដ្ឋរស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អះអាងថា អស់រយៈពេល២ថ្ងៃមកហើយ ដែលមានគ្រឿងចក្រចូលឈូសឆាយដីព្រៃសហគមន៍អ្នកតាថ្មព្រង់អស់ជាង៣០ហិកតារ។ ពលរដ្ឋបន្ថែមថា អាជ្ញាធរនៅតំបន់នោះបានគប់គិតគ្នាលួចធ្វើប័ណ្ណកម្មសិទ្ធិចំនួន ៦កន្លែងនៅក្នុងព្រៃសហគមន៍ ដោយសំអាងថា អាជ្ញាធរត្រូវការដី ៩៣ហិកតារ ដើម្បីធ្វើកន្លែងចាក់សំរាម ប៉ុន្តែពលរដ្ឋបដិសេធមិនឲ្យដីព្រៃសហគមន៍នេះឡើយ។
តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២១ ខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលសង្ឃឹមថា តុលាការកំពូលនឹងសម្រេចសេចក្ដីដោយផ្អែកលើការពិត និងមិនលំអៀងទៅគណបក្សកាន់អំណាច។ ជុំវិញករណីនេះ អតីតជំទប់ទី២ សង្កាត់ប៉ោយប៉ែត អ្នកស្រី ចៅ រតនៈ ដែលឪពុករបស់អ្នកស្រីកំពុងជាប់ពន្ធនាគារដែរនោះមានក្ដីរំពឹងតិចតួចថា តុលាការនឹងសម្រេចឱ្យលោក សុខ ស៊ុនណារ៉េត នៅក្រៅឃុំបណ្ដោះអាសន្ន។ អ្នកស្រីថាតុលាការនឹងសម្រេចឱ្យ មន្ត្រីបក្សប្រឆាំងទាំងឡាយណារួចទោស ឬនៅក្រៅឃុំ ប្រសិនបើពួកគាត់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬចេញវីដេអូសុំទោសរដ្ឋាភិបាល។
បីថ្ងៃក្រោយព្រឹទ្ធសភា ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅថ្ងៃទី២៦ ខែកុម្ភៈ ផ្ដល់ការយល់ស្របដោយគ្មានការជជែកសួរដេញដោលលើសេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ព្រះមហាក្សត្រ។ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់នេះជាផ្លូវការនៅថ្ងៃទី១ ខែមីនា ចំថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក។ អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត បានសរសេរលើហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រឡាយព្រះហស្តលេខា នៅថ្ងៃសៅរ៍ទី១ ខែមីនា ដែលត្រូវនឹងថ្ងៃឈប់សម្រាកបែបនេះ អាចដោយសារតែលោក ហ៊ុន សែន មិនចង់ចុះហត្ថលេខា ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បន្ទាប់ពីព្រះមហាក្សត្រយាងចេញពីកម្ពុជា។
ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឲ្យសហគមន៍មូលដ្ឋានទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ខណៈសហគមន៍មូលដ្ឋានកំពុងប្រឈមនឹងការគំរាមកំហែងស្ទើរគ្រប់រូបភាព ដោយសារការការពារធនធានធម្មជាតិ។ អ្នកឃ្លាំមើល និងសហគមន៍មូលដ្ឋាន ស្នើដល់អាជ្ញាធរ ឲ្យស្ដាប់នូវគោលការណ៍ណែនាំរបស់ក្រសួង និងបើកលម្ហសេរីភាពដល់សហគមន៍ ឲ្យចូលរួមការពារធនធានធម្មជាតិ។
គ្រូពេទ្យជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺទឹកនោមផ្អែម ដោយត្រូវចៀសវាងទទួលទានភេសជ្ជៈប៉ូវកម្លាំងលើសកម្រិត ជាពិសេសកុមារ។ ការអំពាវនាវនេះធ្វើឡើង ក្រោយពីក្រសួងសុខាភិបាលបង្ហាញពីអត្រាអ្នកកើតជំងឺទឹកនោមផ្អែម កើនឡើងច្រើន រហូតជាង ២សែនករណី ក្នុងឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនបានកើនឡើងចំនួន ៥៩% ដែលជាកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ តាមលោករដ្ឋមន្ត្រី កំណើននៃការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុករបស់ប្រព័ន្ធសុខាភិបាលកម្ពុជា តែថា នេះក៏ជាក្តីព្រួយបារម្ភពីកំណើនអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ។
សព្វថ្ងៃ ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយនៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនៅបន្ដទទួលទានទឹកអណ្ដូងដែលជីកនៅខាងក្រោយផ្ទះរបស់ពួកគេ ទោះបីជាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ តាមពលរដ្ឋ ទឹកអណ្ដូងមានរសជាតិឆ្ងាញ់ជាងទឹកស្អាត។ តែបន្ទាប់ពីអ្នកជំនាញបានយកទឹកអណ្តូងទៅពិនិត្យ និងរកឃើញមានសារធាតុកខ្វក់នៅក្នុងទឹកមក ពលរដ្ឋដែលទទួលទានទឹកនោះហាក់មានការប្រុងប្រយ័ត្នជាងមុន។ ចំណែកអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនបញ្ជាក់ថា ពលរដ្ឋគួរតែយកទឹកអណ្តូងទៅដាំឱ្យឆ្អិន ឬច្រោះឱ្យស្អាតសិន មុននឹងទទួលទានដើម្បីបង្ការបញ្ហាផ្សេងៗ។
គ្រួសារ និងអង្គការសង្គមស៊ីវិលស្នើឱ្យតុលាការកំពូលដោះលែងឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះពួកគាត់ថាការចាប់ខ្លួន និងការចោទប្រកាន់នេះធ្វើឡើងក្រោមហេតុផលនយោបាយ។ តុលាការកំពូលគ្រោងបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នលើ អតីតទាហានសឹករងខេត្តកំពង់ស្ពឺ និងជាឪពុករបស់ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី០៥ខែមីនា ដែលត្រូវបានចោទប្រកាន់ពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជាបង្កើនកំណើនសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជាចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ហើយឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាកម្មករ និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជាពិបាកចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដោយសារតែមេដឹកនាំក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារត្រកូល ហ៊ុន មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាឆ្នាំងបាយរបស់ពលរដ្ឋ។
ពលរដ្ឋប្រមាណ៥០នាក់ប្រមូលផ្តុំគ្នា ដាក់ញត្តិជាលើកទី៤ ស្នើឱ្យក្រសួងមហាផ្ទៃដកតំណែងមេភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារមេភូមិនេះមិនបានដោះស្រាយបញ្ហាអសន្តិសុខដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំមកហើយ។ ទោះជាយ៉ាងណា មេភូមិ ឆ្លើយតបថា ការដកដំណែងរបស់លោកគឺអាស្រ័យទៅលើថ្នាក់ដឹកនាំ។ ពលរដ្ឋប្រមាណ៥០នាក់រស់នៅក្នុងភូមិព្រែកតាគង់១ នៅរសៀលថ្ងៃទី៣ ខែមីនា បានជួបជុំគ្នានៅខាងមុខក្រសួងមហាផ្ទៃ ដើម្បីតាមដានលិខិតស្នើសុំបញ្ចប់តួនាទីមេភូមិព្រែកតាគង់១ ដែលអ្នកភូមិបានដាក់ជូនក្រសួងមហាផ្ទៃកាលពីលើកមុន។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ឃុំនៅក្នុងផ្ទះរយៈពេល២ឆ្នាំមកហើយ គិតត្រឹមថ្ងៃទី៣ មីនា នេះ ខណៈសាលាឧទ្ធរណ៍ភ្នំពេញមិនទាន់បន្តនីតិវិធីរឿងក្តីដែលលោកប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សចង់ឃើញសាលាឧទ្ធរណ៍ភ្នំពេញកាត់ក្តី ដោយឯករាជ្យពីរឿងនយោបាយ និងប្រគល់សេរីភាពជូនមេបក្សប្រឆាំងរូបនេះវិញ។ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣។ ប៉ុន្តែក្តីក្តាំដែលសហគមន៍ជាតិ និងអន្តរជាតិរិះគន់ថាជារឿងនយោបាយនេះ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញអូសបន្លាយនីតិវិធីរហូតដល់សព្វថ្ងៃ។
ជនជាតិដើមភាគតិចកួយចំនួន ២ភូមិនៅខេត្តព្រះវិហារ បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញពីទុក្ខកង្វល់ និងការរំលោភដីព្រៃជំនឿទ្រង់ទ្រាយធំ ពីសំណាក់អភិបាលរងខេត្តព្រះវិហារ អ៊ុក គឹមសាន។ ពួកគាត់ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពឈូសឆាយព្រៃជំនឿ និងដីស្រែចម្ការរបស់ពួកគាត់ ខណៈអាជ្ញាធរខេត្តព្រះវិហារមិនអើពើ។
នៅថ្ងៃទី៣មីនា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសបំបែកសំណុំរឿងឃាតកម្មជនជាតិចិនសម្លាប់នារីខ្មែរម្នាក់ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ ៦០ម៉ែត្ររាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនបុរសជនជាតិចិនចំនួន២នាក់ សមត្ថកិច្ចជំនាញបានអះអាងពីការបន្តស្រាវជ្រាវតាមចាប់ជនជាតិចិនម្នាក់ទៀតដែលជាមេក្លោងរៀបចំគម្រោងឃាតកម្មនោះ។ ជនសង្ស័យជនជាតិចិនទាំង ២នាក់មានឈ្មោះ CHEN CONG អាយុ ៣០ឆ្នាំ ជាគូស្នេហ៍នារីរងគ្រោះត្រូវបានឃាត់ខ្លួននៅអាគារព្រីនស៍ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងឈ្មោះ LI HAOHAO អាយុ ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅសង្កាត់ចាក់ចង្រែលើ ខណ្ឌមានជ័យ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ អំពើឃាតកម្មបានកើតឡើងកាលពីយប់ថ្ងៃទី២៧ កុម្ភៈ ដោយមានបុរសជនជាតិចិនម្នាក់ទៀតឈ្មោះ YANG KAIXIN អាយុ ២៦ឆ្នាំ ជាមេក្លោងរៀបចំគម្រោង។
អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សជាប់កម្អែលកុម្មុយនិស្តឆ្អិនឆ្អៅប្តូរឈ្មោះជា «គណបក្សប្រជាជនកម្ពុជា» នោះ កាលពីចុងខែកុម្ភៈ បានបង្ហាញឱ្យពិភពលោកឃើញពីសន្តានពិតនៃបក្សរបស់ខ្លួន។ នោះគឺលោកបានសណ្ដោងកូនប្រុសជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត និងមន្ត្រីគ្រាក់ៗក្រោមឱវាទ ទៅពពាក់ពពូនបន្តកន្ទុយគ្នាជួបជាមួយអតីតចៅហ្វាយនាយចាស់របស់ខ្លួនគឺក្រុមមេដឹកនាំនៃប្រទេសវៀតណាម នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយគណបក្សកុម្មុយនិស្តវៀតណាម (CPV) និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រៃនគរ ដែលវៀតណាមដាក់ឈ្មោះថា ទីក្រុងហូជីមិញ (Ho Chi Minh City)។
អ្នកច្បាប់ សង្គមស៊ីវិល និងគណបក្សប្រឆាំងអះអាងថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម មានចរិតបំបែកបំបាក់ជាតិ អាចជាហេតុធ្វើឱ្យព្រះមហាក្សត្រ យាងទៅពិនិត្យសុខភាពនៅប្រទេសចិន នៅពេលសេចក្តីព្រាងច្បាប់នេះឆ្លងផុតពីដៃព្រឹទ្ធសភា។ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាថា ច្បាប់នេះនឹងចូលជាធរមានឆាប់ៗ ទោះអវត្តមានព្រះមហាក្សត្រក៏ដោយ ព្រោះប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទទួលសិទ្ធិចុះហត្ថលេខាជំនួស ព្រះមហាក្សត្រក្នុងតួនាទីលោកជាប្រមុខរដ្ឋស្តីទី។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហ័ងសាប (Jirayu Huangsab) ថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃចន្ទ ទី៣ ខែមីនា ថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី និងទីភ្នាក់ងាររដ្ឋពាក់ព័ន្ធ សិក្សាបន្ថែមលើគំនិតនៃការចង់សាងសង់ជញ្ជាំងរវាងប្រទេសថៃ និងកម្ពុជា ដើម្បីបង្ការការឆ្លងដែនខុសច្បាប់ ការចរាចរណ៍ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងការជួញដូរពាណិជ្ជកម្មខុសច្បាប់។ អ្នកនាំពាក្យរូបនេះ លើកឡើងថាលទ្ធភាពនៃការសាងសង់ជញ្ជាំងនេះគឺអាចស្ថិតក្នុងតំបន់ជាប់ព្រំដែនប៉ោយប៉ែតរបស់កម្ពុជា។
មតិអ្នកអាន