សហរដ្ឋ​អាមេរិក​ជំរុញ​កម្ពុជា​ឱ្យ​មាន​តម្លាភាព​​លើ​គម្រោង​ព្រែក​ជីក

១៦ មេសា ២០២៤
ហាន ណូយ
វីអូអេខ្មែរ

គម្រោង​ស្ថាបនា​ព្រែក​ជីក​​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ ​១.៧០០​លាន​ដុល្លារ​អាមេរិក​នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​ នា​ចុង​ឆ្នាំ​ ២០២៤​ នេះ។
គម្រោង​ស្ថាបនា​ព្រែក​ជីក​​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ ​១.៧០០​លាន​ដុល្លារ​អាមេរិក​នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​ នា​ចុង​ឆ្នាំ​ ២០២៤​ នេះ។

ភ្នំពេញ — សហ​រដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​មាន​តម្លាភាព​កាន់​តែ​ច្រើន​លើ​គម្រោង​ព្រែក​ជីក​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ ​១.៧០០​លាន​ដុល្លារ​អាមេរិក ​ដែល​អ្នក​តាម​ដាន​ខ្លះ​និយាយ​ថា​ អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ ដើម្បី​ពង្រឹង​វត្តមាន​យោធា​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បង្ក​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ដល់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ​ដូចជា​វៀតណាម។​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក ​Wesley Holzer ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖​ «ប្រជាជន​កម្ពុជា​រួម​ជា​មួយ​ប្រជាជន​ក្នុង​ប្រទេស​ជិត​ខាង ​និង​តំបន់​ទាំង​មូល​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​តម្លាភាព​ពី​ការងារ​ធំៗ​ណាមួយ​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​គ្រប់​គ្រង​ទឹក​ក្នុង​តំបន់ ​និរន្តរភាព​កសិកម្ម ​និង​សន្តិសុខ»។​

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC) ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​និង​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន ​ដើម្បី​ជួយ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​និង​ប្រទេស​ជា​សមាជិក​យល់​យ៉ាង​ពេញ​លេញ ​វាយ​តម្លៃ ​និង​រៀបចំ​សម្រាប់​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន។​

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ គម្រោង​ព្រែក​ជីក​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ក្នុង​ការ​ដឹក​ជញ្ជូន​ និង​ការ​តភ្ជាប់។ ​ប៉ុន្តែ​គម្រោង​មួយ​នេះ​ក៏​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​វៀតណាម​ផង​ដែរ​ទាំង​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ទឹក​ទន្លេ​មេគង្គ ​និង​ការ​ដឹក​ជញ្ជូន​ទំនិញ។​

ក្រោយ​មាន​ការ​លើក​ឡើង​អំពី​ការ​បារម្ភ​នានា​នៃ​គម្រោង​ផ្លូវ​ទឹក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​ដែន​សមុទ្រ​ក្នុង​ខេត្ត​កែប ​អតីត​នាយក​រដ្ឋមន្ត្រី ​លោក​ ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃទី​៩​ ខែ​មេសា ​ឆ្នាំ​ ២០២៤ ​ថា៖​ «ព្រែកជីក​តេជោ​ហ្វូណន ​គឺ​ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម​សុទ្ធ​សាធ ​ដែល​វា​ជួយ​ឱ្យ​កម្ពុជា​ទិស​និរតី​ មាន​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ​បន្ថែម​លើ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ដង​ទន្លេ​មេគង្គ​ដែល​មាន​ស្រាប់។ ​វា​ជួយ​ឱ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មាន​ទឹក​ប្រើប្រាស់​សម្រាប់​បង្ក​បង្កើន​ផល ​ជួយ​រំដោះ​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា ​ជួយ​បង្កើន​នូវ​ផល​ត្រី​ទឹកសាប​ នៅ​តាម​ព្រែក​នេះ»។​

លោក ​ហ៊ុន សែន ​ដែល​ជា​អ្នក​អនុម័ត​គម្រោង​ព្រែកជីក​នេះ ​មុន​ពេល​លោក​លាលែង​ពី​តំណែង ​បន្ត​ថា​ កម្ពុជា​និង​វៀតណាម​ជា​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​មិត្តភាព ​និង​សហ​ប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់​វិស័យ ​និង​ថា​ ចិន​និង​វៀតណាម​ក៏​មាន​ទំនាក់​ទំនង​ល្អ ​និង​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែរ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ដែល​ថា​ ​គម្រោង​ព្រែក​ជីក​នេះ​នឹង​អាច​សម្រួល​ដល់​កងទ័ព​ចិន​ក្នុង​ការ​ប្រើប្រាស់ ​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃ​ទី​ ១១ ​ខែ​មេសា ​ឆ្នាំ​ ២០២៤ ​បាន​លើក​ឡើង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​កម្ពុជា​យក​កងទ័ព​បរទេស​មក​ដាក់​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ​ និង​ថា​ កម្ពុជា​មិន​មាន​មហិច្ឆតា​ធ្វើ​បែប​នេះ ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែរ។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ក្នុង​ពិធី​មួយ​ថា៖ ​ «យើង​មិន​ឱ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ។ ​ទី ២​ យើង​មិន​ឱ្យ​ប្រើប្រាស់​ប្រទេស​យើង​ជា​មូលដ្ឋាន​ប្រឆាំង​ជាមួយ​ប្រទេស​ណា​នោះ​ទេ។​ កុំ​ថា​ មូលដ្ឋាន​ទ័ព ​សូម្បី​តែ​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រឆាំង​ប្រទេស​ណា​មួយ​ក៏​យើង​មិន​ឱ្យ​ដែរ។ ​នេះ​ជា​មូលដ្ឋាន​របស់​យើង»។​

លោក​ Brian Eyler ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈ​មណ្ឌល ​Stimson Center ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ប្រាប់​វីអូអេ​ថា​ វា​នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់​អំពី​គម្រោង​នេះ ​ហើយ​វា​ហាក់​ដូច​ជា​កំពុង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​លឿន​ ដោយ​មិន​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ក្នុង​កម្រិត​សមរម្យ ​និង​មិន​មាន​ការ​ពិភាក្សា​ក្នុង​កម្រិត​តំបន់​ឡើយ។ ​លោក​ Brian ​បន្ថែម​ថា​ គម្រោង​នេះ​ក៏​ហាក់​ដូច​ជា​កំពុង​បង្កើត​ឱ្យ​មាន​ភាព​មិន​ស្រប​គ្នា​រវាង​កម្ពុជា​និង​វៀតណាម ​និង​បង្ខំ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ជ្រើស​រើស​ភាគី​ម្ខាង​ថា​ពួក​គេ​គាំទ្រ​វៀតណាម​ ឬ​គាំទ្រ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់។​

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖ ​«កិច្ចព្រម​ព្រៀង​មេគង្គ​ឆ្នាំ​ ១៩៩៥​ និង ​MRC ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បញ្ចៀស​លទ្ធផល​អវិជ្ជមាន​ និង​មហន្តរាយ​ធ្ងន់ធ្ងរ​នានា​ដែល​អាច​កើត​មាន​ឡើង។ ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ MRC ​ចាំ​បាច់​ត្រូវ​ចូលរួម​គ្រប់​កម្រិត​នៃ​គម្រោង​នេះ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ វា​មិន​មាន​ឡើយ»។​

អ្នក​វិភាគ​នយោបាយ​អន្តរ​ជាតិ ​លោក រ៉ឹម សុខវី ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​«នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថ​ភាព ​ដើម្បី​ការពារ​គម្រោង​នេះ​មិន​ឱ្យ​បរាជ័យ»​ឡើយ។ ​លោក​បន្ថែម​ថា​ គម្រោង​នេះ​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​មុខ​មាត់​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​ទើប​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​បាន​ជិត​៩​ខែ។​

អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​ លោក ​ផន រឹម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ គម្រោង​ស្ថាបនា​ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​ នា​ចុង​ឆ្នាំ​ ២០២៤​ នេះ ​ដោយ​ «មិន​មាន​ការ​ប្រែ​ប្រួល​ទេ» ​រហូត​មក​ដល់​ពេល​នេះ។​

បើ​តាម​គម្រោង ​ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។​ រដ្ឋាភិបាល​អះអាង​ថា​ ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​មួយ​នេះ ​ហើយ​ព្រែក​ជីក​មួយ​នេះ​នឹង​បង្កើត​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ។​ ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង​ព្រែក​ជីក​នេះ តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ។ ​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ចិន​នឹង​គ្រប់គ្រង​ផ្លូវ​ទឹក​នេះ ​ក្នុង​រយៈ​ពេល​កំណត់​ណាមួយ ​អាច​ដល់​៥០​ឆ្នាំ ​មុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់គ្រង​វិញ៕​

What Next?

Recent Articles

Leave a Reply

Submit Comment