គេ​រក​ឃើញ​ថា​ចៅ​ក្រម ព្រះ​រាជ​អាជ្ញា ៣០ រូប​ហួស​អាយុ​ចូល​និវត្តន៍

05 July 2012
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

អ្នក​ភូមិ​​បឹង​កក់​​អង្គុយ​​តវ៉ា​​នៅ​​មុខ​សា​លា​ដំបូង​រាជ​ធានីកាល​ពី​ខែ​ឧសភាទី​ដែល​ប្រធាន​តុលាការ​នេះហួស​អា​យុត្រូវ​ចូល​​និវត្តន៍​​។ រូប គីម​ឡុង

អ្នក​ភូមិ​​បឹង​កក់​​អង្គុយ​​តវ៉ា​​នៅ​​មុខ​សា​លា​ដំបូង​រាជ​ធានីកាល​ពី​ខែ​ឧសភាទី​ដែល​ប្រធាន​តុលាការ​នេះហួស​អា​យុត្រូវ​ចូល​​និវត្តន៍​​។
រូប គីម​ឡុង

ភ្នំពេញៈ ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ប្រមាណ ៣០ រូប​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ លើស​អាយុ​ចូល​និវត្តន៍​ ប៉ុន្តែ​រដ្ឋាភិបាល​ ពុំ​បាន​ដាក់​ឈ្មោះ​របស់​ពួក​គេ​ ក្នុង​បញ្ជី​ចូល​និវត្តន៍​ឡើយ​ ដែល​ទង្វើ​នេះ​ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ចាត់​ទុក​ថា ខុស​ច្បាប់ ខណៈ​ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា កំពុង​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ឡើយ​នោះ។

ក្នុង​បញ្ជី​ឈ្មោះ​ ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​កម្ពុជា ​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ទៅ និង​ដែល​ភ្នំពេញ​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់​ កាល​ពី​ម្សិលមិញ​បង្ហាញ​ថា មាន​ចៅក្រម ២៤ រូប និង​ព្រះ​រាជ​អាជ្ញា ៦ រូប​ លើស​អាយុ​ត្រូវ​ចូល​និវត្តន៍​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បម្រើ​ការងារ​ ក្នុង​ប្រព័ន្ធ​តុលាការ​សព្វ​ថ្ងៃ​នេះ។ ឯកសារ​បង្ហាញ​ថា មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ទាំង​នោះ មាន​អាយុ​លើស​ពី ៦០ ឆ្នាំ​ដែល​ជា​អាយុ​ត្រូវ​ចូល​និវត្តន៍​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន និង​ប្រធាន​ផ្នែក​តាម​ដាន​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា បាន​ថ្លែង​ថា រដ្ឋាភិបាល​ មិន​គួរ​អនុញ្ញាត​ឲ្យ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ទាំង​នោះ​ បម្រើ​ការ​ក្នុង​តួនាទី​របស់​ពួក​គេ​ទៀត​ទេ ព្រោះ​ពួក​គេ​លើស​អាយុ​ចូល​និវត្តន៍​៦០ ឆ្នាំ​ទៅ​ហើយ។

លោក នី ចរិយា បាន​មាន​ប្រសាសន៍​ថា៖​ «បើ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​បម្រើ​ការ​លើស​អាយុ​ចូល​និវត្តន៍ វា​ខុស​ច្បាប់ ព្រោះ​យើង​ពុំ​មាន​ច្បាប់​ពិសេស​សម្រាប់​ពួក​គេ​ទេ។ លោក​ថា ការណ៍​នេះ​បង្ហាញ​ថា វា​មាន​ភាព​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌។ [យើង​បាន]​ចោទ​ជា​សំណួរ ថា​តើ​ពួក​គេ​អាច​រក​យុត្តិធម៌​ជូន​ដល់​ប្រជាជន​បាន​ដែរ​ឬ​ទេ?»។

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ថា៖​«ប្រទេស​យើង​ មាន​[មន្ត្រី​រាជការ]​ចូល​និវត្តន៍​តិច​តួច​ណាស់។ យើង​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់ នៅ​ពេល​យើង​មាន​ច្បាប់ បើ​មិន​អ៊ីចឹង​ទេ វា​មិន​មែន​ជា​នីតិ​ច្បាប់​ទេ»។

ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ទាំង​នោះ ក៏​មាន​ចៅក្រម​នៅ​តុលាការ​កំពូល ៥ រូប ផង​ដែរ ​រួម​មាន​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល​ដែល​កើត​នៅ​ឆ្នាំ ១៩៤៤ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ដែល​កើត​នៅ​ឆ្នាំ ១៩៤០ ចៅក្រម ទី ណេង ដែល​កើត​នៅ​ឆ្នាំ ១៩៤៤ ចៅក្រម យស់ សុខឿន ដែល​កើត​នៅ​ឆ្នាំ ១៩៤៦ និង​ចៅក្រម ប្រាក់ គឹមសាន្ត ដែល​ពុំ​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ច្បាស់​លាស់។

ចៅក្រម​នៅ​សាលា​ឧទ្ធរណ៍ ៥ រូប​ក៏​ត្រូវ​គេ​រក​ឃើញ​លើស​អាយុ​ចូល​និវត្តន៍​ផង​ដែរ ​ដែល​រួម​មាន​លោក ជួន ស៊ុនឡេង អនុ​ប្រធាន​សាលា​ឧទ្ធរណ៍​ ដែល​កើត​នៅ​ឆ្នាំ ១៩៤៧ ចៅក្រម សំរិទ្ធ សុផល ដែល​កើត​នៅ​ឆ្នាំ ១៩៥០ ចៅក្រម អ៊ុំ សារិទ្ធ ដែល​កើត​នៅ​ឆ្នាំ ១៩៤៧ ចៅក្រម ងួន អ៊ឹម ដែល​កើត​នៅ​ឆ្នាំ ១៩៥២ និង​ចៅក្រម អ៊ឹង សារុន ដែល​កើត​នៅ​ឆ្នាំ ១៩៥១។

រីឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ លោក ជីវ កេង ដែល​ជា​ប្រធាន កើត​នៅ​ឆ្នាំ ១៩៥១ លោក គឹម អេង អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​កើត​នៅ​ឆ្នាំ ១៩៥២ លោក ថោង អុល ប្រធាន​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ កើត​នៅ​ឆ្នាំ ១៩៤៩ លោក កឹម ឈាន ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត​ កើត​នៅ​ឆ្នាំ​១៩៥២ និង​អ្នក​ស្រី ស៊ឹម សាមឿ អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​ ដែល​កើត​នៅ​ឆ្នាំ ១៩៥២ សុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ​ថា​ លើស​អាយុ​ចូល​និវត្តន៍។

លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​ចៅក្រម យស់ សុខឿន បាន​បដិសេធ​មិន​អធិប្បាយ ប៉ុន្តែ​លោក ថោង អុល ប្រធាន​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ​បាន​ថ្លែង​ថា ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ មិន​អាច​កំណត់​អាយុ​ចូល​និវត្តន៍​លើ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​បាន​ទេ ព្រោះ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ពុំ​មាន​ចែង​ឡើយ។

លោក ថោ​ង អុល បាន​គូស​បញ្ជាក់​ថា​៖​«ព្រះរាជក្រឹត្យ​ចែង​ថា ចៅក្រម​ដែល​មាន​អាយុ ៦០ ឆ្នាំ​ ត្រូវ​ចូល​និវត្តន៍ តែ​មាត្រា ២ នៃ​ព្រះរាជក្រឹត្យ​ ក៏​បាន​ចែង​ថា ចៅក្រម​ដែល​មាន​អាយុ ៦០ ឆ្នាំ​ អាច​បន្ត​តួនាទី​របស់​ខ្លួន​ទៅ​តាម​ការ​ចាំបាច់»។

លោក​ស្រី ស៊ឹម សាមឿ អនុ​ប្រធាន​សាលា​ដំបូង​ខេត្តកំពង់ធំ បាន​ថ្លែង​ថា លោក​ស្រី​ពុំ​ព្រម​ចូល​និវត្តន៍​ទេ ល្គឹក​ណា​ព្រះ​រាជក្រឹត្យ​ បាន​ចេញ​បង្គាប់​ឲ្យ​លោក​ស្រី​ធ្វើ​បែប​នោះ។

លោកស្រី​បាន​គូស​បញ្ជាក់​ថា៖​ «វា​មិន​ខុស​ច្បាប់​ទេ បើ​រាជ​ក្រឹត្យ​ពុំ​ត្រូវ​បាន​ចេញ​តម្រូវ​ឲ្យ​ចូល​និវត្តន៍​នោះ។ បើ​រាជ​ក្រឹត្យ​ត្រូវ​បាន​ចេញ​តម្រូវ​[ចៅក្រម]​ឲ្យ​ចូល​និវត្តន៍ ខ្ញុំ​នឹង​សុខ​ចិត្ត​ចូល​និវត្តន៍»។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មិន​អាច​ទាក់​ទង​ សុំ​ការ​អធិប្បាយ​បាន​ទេ។ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក ហ៊ី សុភា និង​នាយ​ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី លោក សម ប្រជា​មានិត បាន​បដិសេធ​មិន​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ទេ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​កម្ពុជា​ ពុំ​ទាន់​មាន​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​គ្រប់គ្រាន់ រដ្ឋា​ភិបាល​ មិន​អាច​បង្ខំ​ឲ្យ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ទាំង​នោះ ​ចូល​និវត្តន៍​បាន​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា៖​«យើង​កំពុង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ យើង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា។ យើង​នៅ​តែ​ខ្វះ​ធនធាន​មនុស្ស​ ក្នុង​ប្រព័ន្ធ​តុលាការ [ដូច្នេះ]​នៅ​ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់ យើង​ត្រូវ​ការ​ធនធាន​មនុស្ស»។

យ៉ាង​ណា​ក្តី លោក សុក សំអឿន បាន​លើក​ឡើង​ថា៖ «ការ​ធ្វើ​បែប​នេះ វា​ជា​ទម្លាប់​ទៅ​ហើយ ដែល​ច្បាប់​ពុំ​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។ ដូច្នេះ វា​មិន​មែន​ជា​នីតិ​ច្បាប់​ទេ។ ហេតុ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ខ្ញុំ​ទទួល​ស្គាល់​ពី​កង្វះ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា ប៉ុន្តែ​បើ​យើង​ចង់​ធ្វើ​ដូច​នេះ យើង​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់»៕ CR

What Next?

Recent Articles

15 Responses to "គេ​រក​ឃើញ​ថា​ចៅ​ក្រម ព្រះ​រាជ​អាជ្ញា ៣០ រូប​ហួស​អាយុ​ចូល​និវត្តន៍"

  1. Rationale says:

    មិនមែនជាកំហុសរបស់បុគ្គលជាមន្រ្តីរាជការម្នាក់ៗនោះទេ គឺជាកំហុសរបស់ប្រព័ន្ធដែលអនុវត្តច្បាប់ ។
    អ្នកដែលមានភារកិច្ចរៀបចំចេញរាជក្រិត្យដើម្បីបញ្ជាក់ពីសុពលភាពថា មន្រ្តីរូបណានោះត្រូវចូលនិវត្តន៍ ឬ បង្គាប់អោយបន្តភារកិច្ចក្រោយអាយុកំណត់ចូលនិវត្តន៍ គឺជាអ្នកដែលមិនបានបំពេញការងារ ឬ ទទួលខុសត្រូវលើការងាររបស់ខ្លួន ……
    មន្រ្តីនេះហើយដែលត្រូវទទួលការទិទៀនមុនគេបង្អស់….
    ឬមួយមន្រ្តីរូបនេះមានអាយុលើសពីច្បាប់ដែលកំណត់អោយចូលនិវត្តន៍ដែរ ហើយគាត់មានសុខភាពមិនបរិបូ៏ណនិងភ្លេចភ្លាំងច្រើន?

  2. ខ្ញុំជាខ្មែរ says:

    មិនមែននោះទេ គឹមកពីចៅក្រមទាំងនោះពួកែរកលុយអោយមេៗ អញ្ចឹងហើយគាត់មិនចង់អោយ
    ចូលនិវត្តនោះទេ

  3. ទោះជាចាស់ យ៉ាងណាក៏ដោយ ក៏គាត់នៅតែបម្រើជាតិ សាសនា ព្រះមហាក្សត្រដែរ។ នេះជាវិរះភាពមួយកម្ររកបាន!

  4. និយាយឡើង ខ្វះ ធនធានមនុស្ស ចេះតែ និយាយ ម៉ង និស្សិតច្បាប់ និង និស្សិត ចៅក្រម ម៉ា កាគោក ហើយចេះស្រែកទៅកើត ។ បើខ្លួនដល់អាយុហើយចុះចេញ​ ទៅ អោយ ក្មេងជំនាន់ ក្រោយ ដែលចេញពីសាលា ធ្វើម្តងទៅ នៅក្រាញ់ដល់ណា ។

  5. Vichet says:

    តើកម្ពុជា ពុំទាន់មានចៅក្រម និងព្រះរាជអាជ្ញា ដែលមានវិជ្ជាជីវៈ មានសមត្ថភាព គ្រប់គ្រាន់ឬ? បានជា អ្នកទាំងនោះ មិនចូលនិវត្តន៍?

  6. កម្ពុជា​មិនមាន​ចៅក្រម​ និងព្រះរាជអាជ្ញា ដែលមានវិជ្ជាជីវៈ និងសមត្ថភាព គ្រប់គ្រាន់​ដើម្បី​បំរើបក្ស នៅឡើយទេ ៕

  7. កូនខ្មែរសុទ្ធសាធ says:

    លោក​ ផៃ ស៊ីផាន និយាយថាខ្វះធនធានមនុស្ស ចុះ និស្សិតដែលទៅរៀនច្បាប់ជារៀងរាល់ឆ្នាំ
    មិនមានជាធនធានមនុស្សទេឬ? គ្មានធនធានមនុស្សបង្កើតអំពើពុករលួយ បំរើបក្ស ទេដឹង?
    នេះហើយជារបប ប៉ុល ពត លាក់មុខនោះ ពីព្រោះពួកនេះប្រើតែមនុស្សចាស់ៗងាយស្រួល
    បព្ជា បើជ្រើសនិស្សិតចេញពីសាលាមកធ្វើការពិបាកក្នុងការបព្ជាពីព្រោះនិស្សិតទើបចេញពី
    សាលាប្រៀបបាននិងក្រដាសសអញ្ចឹងមុននិងធ្វើអ្វីមួយគិតច្រើនរកហេតុផល ដូចនេះពិបាកពួក
    ប្រព្រឹត្តអំពើពុករលួយ​ បំរើបក្ស មិនបំរើរាស្ត្រ ដូចរូបលោក ផៃ ស៊ីផានជាដើម ពិបាកក្នុងការ
    បញ្ជាអោយធើ្វតាម​។

  8. ចូលរូមចំនែកផង says:

    ពួកគាត់កើបលុយមិនអស់ចិត្តទេ សម័យ សម្តេច តេជោ អ្នកធំ មានចរឹតស្រដៀងៗគ្នា។

  9. hunsenn let them work , who dare to deny and reject to his decision

  10. Taksin says:

    ពួកអ្នកល្ងង់រៀនសូត្របានតិចហើយបានឡើងធ្វើធំគឺមិនចេះខ្មាស់អៀននិងមុខមហាសែនក្រាស់ មិនចង់ចុះចេញពីអំណាចទេដូចជាចៅក្រមមួយចំនួនរួមទាំហ៊ុនសែនផង។ បើគេអ្នក​រៀនសូត្របាន ខ្ពស់និងយល់ដឹងច្រើនគេសុំចូលនិវត្តន៍ជាយួយាណាស់មកហើយ សូម​មេត្តារៀនសូត្រពីគំរូដ៍ល្អ របស់ជប៉ុនផង បើសិនជាអសម្ថភាពក្នុងការដឹកនាំតែបន្តិច​គឺគេសុំលាលែងនិងចុះចេញពីដំណែង ហើយតែលោកធំខ្មែរមួយចំនួនបើបាន​កាន់តំណែងអ្វីមួយគឺចង់កាន់មួយជីវិតជាគឺហ៊ុនសែន​ នេះតែម្តង។

  11. ឆ្កែស៊ីអាចម៍សុទ្ធ!

  12. ចំាតែចុះតើ កៅអីនេះជាកៅអី VIP ផងមិនងាយបានអង្គុយទេ(សូមសើចម៉ាឆ្អែតសិន)
    អង្កុយដល់ចាស់ងាប់ន៎ បើតាមដឹងក្រោយ៧៩មក ចៅក្រមមួយចំនួនធំរៀនមិនចប់វិទ្យាល័យផង ហេតុតែឆ្លាតរឿតពុករលួយ ដូចនេះមេវា ដាក់ឱយវាង្គុយចំកន្លែងខ្លាញ់តាម៉ង់៕៕៕៕៕

  13. ជនរងគ្រោះ says:

    បើគ្រាន់តែស្តាប់គេនិយាយ អានពត៏មាន ហាក់ដូចជាមានសង្ឃឹមរស់នៅក្នុងសង្គមខ្មែរ ប៉ុន្តែអ្នកធ្លាប់រងគ្រោះហើយរត់ទៅពឹងច្បាប់បានដឹងថាយ៉ាងណា។ មិនថាតែតុលាការ ព្រះរាជអញ្ញា ស៊ីប្រាក់ខែរដ្ឋ សួម្បីតែ ពួកស៊ីប្រាក់ខែអង្ការក៍ពុករលួយដែរ។ ពូកគេខ្លះយកស្លាកអង្ការមកពាក់ តែធ្វើការជាអ្នករតការ ពីជនរងគ្រោះទៅតុលាការប៉ុណ្ណោះ។ សួមអង្គារធំៗដែលផ្តល់ជំនួយជួយពិនិត្យមើលអង្ការតូចៗផងថាតើពួកគេបានធ្វើការបំរើប្រជាជនពិតប្រាកដ។

  14. ជនរងគ្រោះ says:

    សូមបញ្ឈប់ការអោយតំលៃមនុស្សទៅលើភាពហ៊ីហា សម្ភារ លុយកាកទៅ បើមិនដូច្នេះទេ ពួកតុលាការ និង​ ព្រះរាជអញ្ញាទាំងនោះមិនខ្វល់ថាលុយគេបានដោយវិធីណាទេ ពីព្រោះពួកគេនៅតែមានតំលៃក្នុងសង្គម តាមពិតទៅពួកនោះអាក្រក់ជាងចោរទៅទៀត គេជំរិតទារលុយពីជនរងគ្រោះរាប់រយនាក់ គ្មានទេមនោសញ្ជេតនា ។ លុយដែលពួកគេចាយ ហ៊ីហា គឺជាលុយដែលបានពីជនរងគ្រោះ លុយដែលពោរពេញដោយភាពក្តៅក្រហាយ លុយដែលបង្កប់ដោយភាពឈឺចាប់ ប៉ុន្តែកូនប្រពន្វ ប្តីរបស់គេចាយយ៉ាងសប្បាយ មានមុខមានមាត់ក្នុងសង្គម។

  15. ណារី says:

    ពន្យាកំណើត!! ដើម្បី ស្វែងរកផលប្រយោជន៍ ………..ធនធានមនុស្ស គដូចអាចម៍ភេ ពេញៗ
    សកលវិទ្យាល័យច្បាប់អោយតែមានការប្រលងដោយយុត្តិធម៌….ឈប់ទៅៗៗទុកអោយក្មេង
    គ្នាបានរំរើប្រទេសជាតិផង កុំនៅធ្វើដុំថ្មបាំងផ្លូវយូរពេក!!!!!!!!!!!!!!!!!!!។