ដោយ៖ ឆុង ស៊ីណាន | ថ្ងៃពុធ ទី2 កញ្ញា 2015, 09:12 PM
http://vodhotnews.com
រដ្ឋាភិបាលសម្រេចបង្កើនថវិកាវិភាគទានរបស់ខ្លួនសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដល់៦លានដុល្លារក្នុងឆ្នាំ២០១៦ ដើម្បីរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការបស់មន្ទីរពេទ្យក្នុងការជួយព្យាបាលកុមារនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃពុធនេះឲ្យថា ដើម្បីទ្រទ្រង់ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឆ្នាំ ២០១៥នេះ រដ្ឋាភិបាលនឹងបង្កើនវិភាគទានទឹកប្រាក់ចំនួន២លានដុល្លាអាមេរិក បន្ថែមថវិកាវិភាគទានជាប្រាក់ចំនួន៣,២លានដុល្លារអាមេរិកដែលបានសម្រេចផ្ដល់ឲ្យមន្ទីរពេទ្យរួចមកហើយ។ ចំណែកឆ្នាំ២០១៦ រដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ដល់៦លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា នៅពេលខាងមុខ រដ្ឋាភិបាលនឹងខិតខំពិនិត្យលទ្ធភាពពង្រឹងការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត និងស្វែងរកវិធីសាស្ត្រសមស្រប ដើម្បីរក្សាមន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យរដ្ឋប្រកបដោយស្តង់ដារសេវាសុខភាពគំរូ។
គួរបញ្ជាក់ថា កាលពីដើមខែសីហា មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីការខ្វះលទ្ធភាពរកថវិកាបន្តសង្គ្រោះកុមារក្រីក្រកម្ពុជា។ ប្រធាន និងជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner បានអំពាវនាវដល់សហគមន៍អន្តរជាតិ រដ្ឋាភិបាលស្វីស និងរាជរដ្ឋាភិបាលកម្ពុជាឲ្យយកចិត្តទុកដាក់ករណីនេះ ដោយអះអាងថា កុមារកម្ពុជាជាងមួយម៉ឺននាក់នឹងបាត់បង់ជីវិតឬក៏មិនអាចរួចផុតពីពិការភាពឡើយ ប្រសិនបើអត់មានការព្យាបាលដោយមន្ទីរពេទ្យមួយនេះ។
តាមរបាយការណ៍របស់លោក Beat Richner ឲ្យដឹងថា រយៈពេល៧ខែឆ្នាំ២០១៥នេះ មន្ទីរពេទ្យនេះបានព្យាបាលកុមារដែលមានអាការៈធ្ងន់ធ្ងរបាន១៣៦៧០នាក់។ លោកថា ចំនួននេះបានកើនឡើង៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៤ ដែលមានតែ១០២៣១នាក់ ដែលត្រូវបានសង្គ្រោះ។
លោក Beat Richner លើកឡើងទៀតថា សម្រាប់បណ្តាឆ្នាំខាងមុខនេះ លោកពុំអាចរកប្រាក់៨៥%សម្រាប់ការចំណាយលើការព្យាបាលកុមារទៀតទេ ដោយលោកថា គ្រាន់តែក្នុងឆ្នាំ២០១៥ បានចំណាយអស់៤៣លានដុល្លារអាមេរិក។ មន្ទីរពេទ្យគន្ធបុប្ផាត្រូវអ្នកគ្រប់គ្រងអះអាងថា បានចំណាយថវិកាសរុបក្នុងមួយថ្ងៃប្រមាណជា១២ម៉ឺនដុល្លារ៕
សរសេរមកកាន់លោក ឆុង ស៊ីណាន តាមរយៈ Chhong.sinan@yahoo.com
រដ្ឋាភិបាលសម្រេចបង្កើនថវិកាវិភាគទានរបស់ខ្លួនសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដល់៦លានដុល្លារក្នុងឆ្នាំ២០១៦ ដើម្បីរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការបស់មន្ទីរពេទ្យក្នុងការជួយព្យាបាលកុមារនៅកម្ពុជា។
មួយឆ្នាំចំណាយ៤៣លានដុល្លារ រដ្ឋាភិបាលជួយ៦លាន តើអាចទប់ទល់បានទេ គួរអោយអាណិតកុមារកម្ពុជាណាស់ ដែលរដ្ឋាភិបាលមួយនេះតែងតែអួតក្តែងៗថារីកចំរើនគ្រប់វិស័យ តែធាតុពិតសូម្បីតែកុមារមានជម្ងឺមិនមានលទ្ធភាពជួយផង នេះមិនគិតទាំងមនុស្សចាស់ដែលេចេញទៅព្យាបាលនៅបរទេសផង បើធ្វើមិនល្អកុំអួតអីប្រហែលជាមានគេអាណិត