ស្ត្រី​ប្រឆាំង​ការ​រំលាយ​បក្ស​ត្រូវ​ឃាត់​​សួរ ខណៈ​បុរស​បញ្ជូន​ទៅ​តុលាការ

ឈ្មោះ តាន់ តុងហ៊ី អាយុ ៤៤ ​ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​ករណី​ដើរ​បាច​ឯកសារ​ព័ត៌មាន​ញុះញង់​ដើម្បី​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ត្រី​ម្នាក់​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​សាកសួរ​កាលពី​ម្សិលមិញ​បន្ទាប់ពី​គាត់​បាន​មក​ស្រែក​តវ៉ា​មិន​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាច​ខិត្តប័ណ្ណ​តាម​ផ្លូវ ខណៈ​បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​ម្សិលម្ង៉ៃ​ក្នុង​ករណី​ដូច​គ្នា​។

ស្ត្រី​រូប​នេះ​ឈ្មោះ មោង ចន្ថន អាយុ​ ៤៧ ​ឆ្នាំ​មុខរបរ​ជា​កសិករ​នៅ​ភូមិ​អង្ក្រង​ ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ គាត់​ត្រូវ​ឃាត់​ខ្លួន​នៅ​ផ្លូវ​លេខ​ ២៤០ ​កែង​ផ្លូវ​លេខ​ ១៩ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​។

លោក ជួប សុគន្ធ នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​ចតុមុខ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​រូប​នេះ​ហើយ​ភ្លាមៗ​នោះ​ក៏​​បញ្ជូន​គាត់​ទៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​សួរ​នាំ និង​ចាត់ចែង​តាម​ច្បាប់​។

លោក​ថា​៖ «​ពេល​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​អំឡុង​ពេល​គាត់​កំពុង​ចែកចាយ​ខិត្តប័ណ្ណ​…»​។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ថ្លែង​យ៉ាង​ខ្លី​ថា គេ​កំពុង​សួរនាំ​ និង​ថា​លោក​រវល់​ណាស់​។

បើ​តាម​វីដេអូ​ស្ដ្រី​រូប​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​អ្នក​ស្រី​មកពី​ខេត្ត​ព្រៃវែង​ដោយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ដើម្បី​ស្ដាប់​សវនាការ​រឿង​រំលាយ​បក្ស​ប្រឆាំង​។

អ្នកស្រី​បន្ត​ថា​មក​តែ​ម្នាក់ឯង​ទេ​ដោយ​អ្នកស្រី​បាន​សរសេរ​អក្សរ​លើ​ខិត្ត​ប័ណ្ណ​ផ្ទាល់​រួច​កូ​ពី​ជាច្រើន​សន្លឹក​ដើម្បី​បោះ​តាម​ផ្លូវ ប៉ុន្ដែ​មិន​ទាន់​បោះ​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​។ អ្នកស្រី​ថា​៖ «​ខ្ញុំ​មក​ចែក​ខិត្តប័ណ្ណ បោះ​តាម​ផ្លូវ​ឲ្យ​គេ​មើល ដើម្បី​ឲ្យ​កូន​ខ្មែរ​ជួយ​ដោះស្រាយ​…»​។

ករណី​ដូច​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចាប់​បញ្ជូន​បុរស​ម្នាក់​ឈ្មោះ តាន់ តុងហ៊ី អាយុ ៤៤ ​ឆ្នាំ​ទៅ​កាន់​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​ដើរ​បាច​ឯកសារ​ព័ត៌មាន​ញុះញង់​ដើម្បី​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ដោយ​លោក​ថា​ជាប់​រវល់ ប៉ុន្ដែ​តាម​របាយការណ៍​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ជន​សង្ស័យ​បាន​សារភាព​ថា​​បាន​ដើរ​បាច​ឯកសារ​ញុះញង់​ច្រើន​កន្លែង​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ៥ ខែ​តុលា​ថ្មីៗ​កន្លង​មក​។

របាយការណ៍​នេះ​បន្ត​ថា​គឺ​រូបគេ​ជា​អ្នក​ធ្វើ​ពិតប្រាកដ​មែន​ដោយ​មាន​ផែនការ​បាច​លើ​ ៥៨ ​គោលដៅ តែ​ពេល​បាច​បាន​ ៥០ ​គោលដៅ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​​ក៏​ផ្អាក​សិន​រួច​បាន​រត់​គេច​ទៅ​ថៃ​នៅ​ថ្ងៃ​ទី​ ៦ ​តុលា​។ លុះ​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា​ឆ្នាំ​នេះ រូបគេ​ក៏​មក​ខ្មែរ​វិញ ដើម្បី​ចែក​ឯកសារ ប៉ុន្ដែ​ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែ​​វិច្ឆិកា ឆ្នាំ​២០១៧៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles