រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រកាស​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ថែម​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ​មាន ឫទ្ធិ
2023.01.31 =
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រកាស​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ថែម​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ផ្លូវ​ល្បឿនលឿន ពីខេត្ត​រាជធានីភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ។ រូប៖ ហ្វេសប៊ុក​ក្រសួង​សាធារណការ


រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង រំពឹង​ពី​ការកាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​ពី​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ថែម​ទៀត​ដោយ​ធ្វើការ​កែសម្រួល​ឱ្យ​ត្រូវ​នឹង​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​។ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន រិះគន់​ថា ការ​កែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មិន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​ទេ ដោយសារតែ​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ប្រព្រឹត្ត​អំពើពុករលួយ​យក​លុយ​ពី​ជនល្មើស។

ក្រសួង​មហាផ្ទៃ កំពុង​កែសម្រួល​ច្បាប់​ចរាចរណ៍​ថ្មី​មួយ​បន្ថែម​ទៀត​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អះអាង​ថា ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន កម្ពុជា​នឹង​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​ច្បាប់​ថ្មី​នេះ​ផ្ដោត​លើ​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន និង ទាំង​ទប់ស្កាត់​បញ្ហា​អ្នក​បើកបរ​មាន​សារធាតុ​គ្រឿង​ស្រវឹង។

លោក ស ខេង ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ថា ច្បាប់​ចរាចរណ៍​ចាស់ មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ប៉ុន្តែ​នឹង​មាន​ច្បាប់​ថ្មី​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន។

លោក ស ខេង៖ «ខ្ញុំ​សង្ឃឹម​អ៊ីចឹង​[​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​]​ព្រោះ​ថា ដោយសារ​ច្បាប់​ចាស់​នេះ​វា​មាន​ចំណុច​មួយចំនួន​វា​អត់​ស្រប ពេល​នឹង​បញ្ហា​ខ្លះ​វា​មិនទាន់​លិច​ឡើង អត់​មាន​ចែង​ក្នុង​ច្បាប់​ទេ។ ឧទាហរណ៍​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ជាដើម ផ្លូវ​ហាយ​វេរ​(Hight way) ជាដើម ពេល​ហ្នឹង​វា​មិនទាន់​មាន​។ ខ្ញុំ​គិតថា​ជួយ វា​ជួយ​បាន​ច្រើន»។

កន្លងមក លោក ស ខេង បញ្ជាក់​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​កែប្រែ​ខុសពី​ច្បាប់​ចាស់ រហូតដល់​ជាង​៦០​ភាគរយ​(៦០%) ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​កំណត់​ថា អ្នក​បើកបរ​យានយន្ត​ទាំងអស់ មិន​ត្រូវ​ស្ថិត​ក្រោម​ស្ថានភាព​ស្រវឹង ក្នុង​នោះ​មាន​ទាំង​គ្រឿងញៀន មាន​ទាំង​ជាតិ​ស្រវឹង​ផ្សេងទៀត ហើយ​អ្នកបើកបរ​យានយន្ត តម្រូវ​ឲ្យ​ធ្វើតេស្ដ​គ្រឿងញៀន​មុន​ផ្ដល់​ប័ណ្ណបើកបរ។

ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល មិនសូវ​រំពឹង​ថា ច្បាប់​ថ្មី អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ទេ ប្រសិនបើ​ការអនុវត្ត​ច្បាប់ នៅតែ​ទន់ខ្សោយ និង​មាន​អំពើពុករលួយ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ឡាំ សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែមករា ថា លោក​គាំទ្រ​ចំពោះ​ការបង្កើត​ច្បាប់​ថ្មី​មួយចំនួន​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​លោក​បារម្ភ​ថា មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​នៅតែ​អនុវត្ត​មិន​មាន​ភាពស្មើគ្នា និង​គ្មាន​ប្រសិទ្ធភាព​ខ្ពស់ រវាង​ពលរដ្ឋ​ធម្មតា និង​អ្នកមាន​លុយ​មាន​អំណាច។

លោក ឡាំ សុជាតិ៖ «ស្រុក​យើង​វា​អត់​មានច្បាប់​គ្រប់​គ្រង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​បើកបរ​បាន ហើយ​បុក​គេ​ស្លាប់​អាង​តែ​យក​លុយ​ទៅ​សង ហើយ​អត់​មាន​ជាប់គុក​ជាប់​ច្រវាក់​អ៊ី​ទេ។ អ៊ីចឹង​ម៉េច​ខ្លាច​ច្បាប់​បើ បើកបរ​ស្រវឹង​អាង​មាន​លុយ​សង ហើយ​អាយុ​ជីវិត​សង​ថោក ហើយ​អស់​លុយ​តិច​ទៀត។ ថោក​ជាង​ឡាន​ទៀត គិត​ទៅ​ជីវិត​មនុស្ស​មួយ​ថោក​ជាង​ឡាន​ទៀត​។ អ៊ីចឹង​វា​គួរតែ​អ្នក​ដែល​បើកបរ​ស្រវឹង​ហើយ​បង្ក​របួស​ឬ​ស្លាប់​គួរតែ​ជាប់គុក​ក្នុង​ពេល​ខ្លី​ណាមួយ​ពិតប្រាកដ​មិន​អាច​អត់​បាន​ទេ»។

អ្នកជំនាញ​ផ្នែក គោលនយោបាយ​រូប​នេះ​សង្កេតឃើញ​ថា បញ្ហា គ្រោះថ្នាក់​ចរាចរណ៍​កន្លង​ទៅ​កម្រង​ឃើញ​សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស​នឹង​ផ្លូវច្បាប់ ជាពិសេស​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​អ្នកមាន​លុយ​មានអំណាច តែង​តែង​មាន​ការ​អន្តរាគមន៍ និង​ចំណាយ​ប្រាក់​បញ្ចប់​រឿង​។

ជាក់ស្ដែង កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ដ​បុក​ម៉ូតូ​មួយគ្រឿង​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ចំនួន​៣​នាក់​រង​របួស​ធ្ងន់ ក្នុង​នោះ​ក៏​មាន​ទារិកា​អាយុ​២​ខែ​ម្នាក់​ស្លាប់​ផង​ដែរ​។ ប៉ុន្តែ​ករណីនេះ សមត្ថកិច្ច​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ដោះលែង​ជន​បង្ក ក្រោយ​បង់លុយ​ជាង ២​ពាន់ (២ .៥០០)​ដុល្លារ។

ស្រដៀង​គ្នា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ រថយន្ត​ទំនើប​ឡិចស៊ីស​សេរី ៥៧០ របស់​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​កើត​ហេតុ មក​ដល់​ពេល​បច្ចុប្បន្ន អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ឡើយ។

ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ក៏បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​អ្នក​បើកបរ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ ហើយ​បែរជា​ប្រើ​លុយ​ដោះស្រាយ​បញ្ចប់រឿង​ដើម្បី​រួចខ្លួន​។ ទោះ​លោក ស ខេង ថ្លែង​បែបនេះ​ក៏ដោយ ប៉ុន្តែ​អ្នក​ដែល​បង្ក​ហេតុ នៅតែ​រួច​ផុត​ពី​សំណាញ​ច្បាប់។

លោក ឡាំ សុជាតិ សង្កេត​ឃើញ​ថា ការ​មិន​ស្វែង​ការពិត​នៃ​ជនល្មើស ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​តុលាការ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់ និង​អស់ជំនឿ​លើ ចំណាត់ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​។ លោក​យល់ថា ច្បាប់​ល្អ ឬ​មិនល្អ អាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​របស់​សមត្ថកិច្ច ។ ដូច្នេះ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ជាជាង​បង្កើត​ថ្មីៗ​ច្រើន តែ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles