លោក ហ៊ុន សែន ឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច

កម្ពុជា
24/04/2024 – 09:15
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក​ ហ៊ុន សែន បាន​ប្រាប់​មេធាវី​របស់​លោក​នៅ​យប់​ថ្ងៃ​ទី​២៣  ខែ​មេសា​ឆ្នាំ​២០២៤​ឲ្យ​ដកពាក្យ​បណ្តឹងប្រ​ឆាំង​នឹង​លោក​ជា ប៉ូច បន្ទាប់​ពី អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​រូប​នេះ ​ចេញ​លិខិត​សុំទោស​លោក​។ ​ក្នុង​ពេល​ជាមួយ​គ្នា ប្រមុខ​គណ​បក្ស​កាន់​អំណាច​ក៏បាន​គូសបញ្ជាក់​ពី​ការ​ទទួល​យក​ការ​សុំ​ទោស​ពី​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​កំហុស ​និង​ប្រកាស​ផ្តាច់ខ្លួន​ចេញ​ពី លោក សម រង្ស៊ី។​ តែ លោក​ ហ៊ុន សែន មិន​ភ្លេច​ព្រមាន​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យជន​ណា ​ឬក្រុម​ណាដែល​នៅ​បន្ត​ដើរ​តាម​មេ​បក្ស​ប្រឆាំង​លោក ​សម ​រង្ស៊ី ​ទេ។​​​​​

លោក ហ៊ុន សែន ឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច


នៅក្នុងលិខិតសុំទោសទៅកាន់លោក ហ៊ុន សែន ក្នុងថ្ងៃទី២៣  ខែមេសាឆ្នាំ២០២៤ លោក ជា ប៉ូចបានអះអាងថា លោកបានផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី និងឈប់ធ្វើ សកម្មភាពនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សភ្លើងទៀន រួមទាំងគណបក្សណាដែលមាននិន្នាការប្រឆាំង។

ភ្លាមៗនៅថ្ងៃដដែលនោះ ប្រមុខគណបក្សកាន់ អំណាច លោក ហ៊ុន សែន បានឆ្លើយតបវិញតាមរយៈសារលើហ្វេសប៊ុកថា ក្នុងស្មារតីបង្រួបបង្រួមជាតិ លោកទទួលយកការសុំអភ័យទោសពីលោក ជា ប៉ូច ហើយថាលោកនឹងឲ្យមេធាវីដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

ក្នុងសារដដែល លោក ហ៊ុន សែន ក៏បាន គូសបញ្ជាក់ពីការទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស  និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ ដែលលោក ហ៊ុន សែនចង់សំដៅដល់លោក សម រង្ស៊ី។ តែលោក ហ៊ុន សែន មិនភ្លេចព្រមានថា លោកនឹងមិនអត់ឱនឲ្យជនណា  ឬក្រុមណាដែលនៅបន្តដើរតាមមេបក្សប្រឆាំងរូបនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា  លោកនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់លើ គណបក្សប្រជាជនកម្ពុជា ឬលើរូបលោកត ទៅ ទៀតដោយគ្មានការលើកលែង។

លោក ហ៊ុន សែនឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច
លោក ហ៊ុន សែនឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច © ជា ប៉ូច

សូមបញ្ជាក់ថាកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានបដិសេធមិនទទួលយកការសុំទោសពីលោក ជា ប៉ូច  ខណៈលោក ជា ប៉ូច នៅជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន។ កាលណោះ សារព័ត៌មាន Fresh News បានផ្សាយសំឡេងរបស់ លោក ជា ប៉ូច ទាក់ទងនឹងអ្វីដែលបក្សកាន់អំណាចចោទថាជាចេតនាផ្តួលរំលំរដ្ឋាភិបាល។ នៅថ្ងៃទី១៥ ខែឧសភា លោក ជា ប៉ូច ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃបានសរសេរលិខិតបំភ្លឺខ្លីមួយទៅកាន់លោក ហ៊ុន សែន ដែលមានខ្លឹមសារថា  លោកបាននិយាយមានការឆ្គំាឆ្គងប៉ះពាល់ដល់លោក ហ៊ុន សែន ដែលលោកធ្វើការសុំទោសពីចម្ងាយ។

ពេលនោះ គណបក្សភ្លើងទៀនក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា  ខ្លួនមិនជាប់ ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គលឡើយ។ បន្ទាប់មក  លោក ហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយអះអាងពីការមិនចង់វែងឆ្ងាយតទៅទៀត។ ប៉ុន្តែពេលនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅសល់តែរឿងបុគ្គល ជា ប៉ូច មួយទៀតដែលមិនទាន់ចប់៕

What Next?

Recent Articles

Leave a Reply

Submit Comment