សង្គម​ស៊ីវិល​សាទរ​ចំពោះ​សេចក្ដីប្រកាស​ហាមឃាត់​មិន​ឲ្យ​យក​អនីតិជន​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង

ដោយ សេក បណ្ឌិត
2024.04.23
RFA

សង្គម​ស៊ីវិល​សាទរ​ចំពោះ​សេចក្ដីប្រកាស​ហាមឃាត់​មិន​ឲ្យ​យក​អនីតិជន​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង

កម្មវិធីដឹកនាំដោយក្រមហ៊ុនស្រាបៀកម្ពុជា របស់ក្រុមហ៊ុនជីបម៉ុង គ្រុប ហៅយុវជនឡើងលើសង្វៀនប្រដាល់ ផឹកស្រាបៀបង្ហាញអតិថិជន និងផ្សព្វផ្សាយតាមកញ្ចប់ទូរទស្សន៍ និងបណ្ដាញសង្គម។ រូប៖ ផ្សព្វផ្សាយលើហ្វេសប៊ុក BTV Cambodia


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ដែល​បាន​ចេញ​សេចក្ដីប្រកាស​ហាមឃាត់​ការ​យក​អនីតិជន​មក​ប្រគល់​រង្វាន់ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពាក់​ព័ន្ធ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ មន្ត្រី​សង្គម​ស៊ីវិល ក៏​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​សេចក្ដីប្រកាស​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​រង់ចាំ​ទាល់តែ​មាន​ការ​រិះគន់​ពី​ពលរដ្ឋ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ មេសា ថា ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ផលិត​ស្រាបៀ គឺ​ដើម្បី​អូសទាញ​ឲ្យ​យុវជន និង​ពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រើប្រាស់​នូវ​ផលិតផល​ស្រា​បៀ​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង គឺជា​ពលរដ្ឋ ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ គាំទ្រ​សេចក្ដីប្រកាស​របស់​ក.ប.ប ដែល​ហាមប្រាម​ការ​យក​អនីតិជន មក​ទទួល​រង្វាន់ និង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង។

លោក យង់ គិមអេង៖ «ជុំវិញ​ការ​អនុវត្ត​នេះ យើង​ឃើញ​ប្រសិទ្ធភាព​ពិបាក​នឹង​មើល ជួន​កាល​អ៊ីចឹង​ទៅ​ការ​អនុវត្ត​ហ្នឹង​អាច​បាន​តែមួយ​ភ្លែត ដោយសារ​តែ​មាន​សម្ពាធ​ពី​សាធារណជន ហើយ​ក្រោយ​មក​ទៀត​ក៏​ស្ងាត់​ទៅវិញ​ទៅ ហើយ​ឃើញ​មានការ​ផ្សព្វផ្សាយ​ព្រោងព្រាត​អ៊ីចឹង​ទៅ គឺ​បាន​ន័យ​ថា ការ​អនុវត្ត​ហ្នឹង​គឺ​អត់​ទាន់​ឈាន​ទៅ​ដល់​កម្រិត​មួយ ដែល​ថា ជា​ឆន្ទៈ​ខាង​នយោបាយ និង​ការអនុវត្ត​ជា​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​ហ្នឹង​កើតឡើង យើង​ឃើញថា នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ អ៊ីចឹង​ហើយ​បាន​ជា​ប្រសិទ្ធភាព​នៅ​ឡើង​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​បាទ»។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃទី​២២ មេសា បាន​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​ស្ដីពី​ការអនុវត្ត​មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជំរុញ​ការ​លក់ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ដែល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និមល បាន​ចុះ​ហត្ថលេខា កាលពី​ថ្ងៃទី​១២ ខែ​មេសា កន្លង​ទៅ។ សេចក្ដីប្រកាស​នេះ បាន​ហាមឃាត់​ការ​ផ្សព្វផ្សាយ​មិន​សុចរិត​មួយ​ចំនួន រួមមាន​ការ​យក​អនីតិជន​មក​ប្រគល់​រង្វាន់ និង​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​ជំរុញ​ឲ្យ​អនីតិជន​អនុវត្ត​សកម្មភាព​ផ្ទុយ​ពី​សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព ឬ​ការ​អភិវឌ្ឍ​របស់​អនីតិជន។

ទោះជា​យ៉ាងណា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ អាជ្ញាធរ​តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន បាន​ទទួល​ស្រាបៀ​រាប់រយ​កេស ពី​ក្រុមហ៊ុនផលិតស្រាបៀ និង​បាន​ផ្សព្វផ្សាយ​ដោយ​ប្រយោល​តាមរយៈ​ការ​សរសេរ​សារ​អរគុណ​ក្រុមហ៊ុន​ស្រាបៀ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​ស្ថាប័ន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ បាន​ប្រារព្ធ​ពិធី​បុណ្យ​ផ្សព្វផ្សាយ​គ្រោះថ្នាក់ ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង និង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង ជាពិសេស​ត្រូវ​ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់រហ័ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment