​រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់​វិភាគទាន​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដល់​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​

ដោយ៖​ ឆុង ស៊ីណាន​ | ថ្ងៃពុធ ទី2 កញ្ញា 2015, 09:12 PM​
http://vodhotnews.com

​រដ្ឋាភិបាល​សម្រេច​បង្កើន​ថវិកា​វិភាគទាន​របស់​ខ្លួន​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដល់​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​រួមចំណែក​ទ្រទ្រង់​ដល់​ប្រតិបត្តិកា​របស់​មន្ទីរពេទ្យ​ក្នុង​ការជួយ​ព្យាបាល​កុមារ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ថា ដើម្បី​ទ្រទ្រង់​ចីរភាព​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា សម្រាប់​ឆ្នាំ ២០១៥​នេះ រដ្ឋាភិបាល​នឹង​បង្កើន​វិភាគទាន​ទឹកប្រាក់​ចំនួន​២​លាន​ដុល្លា​អាមេរិក បន្ថែម​ថវិកា​វិភាគទាន​ជា​ប្រាក់​ចំនួន​៣,២​លាន​ដុល្លារ​អាមេរិក​ដែល​បាន​សម្រេច​ផ្ដល់​ឲ្យ​មន្ទីរពេទ្យ​រួច​មកហើ​យ​។ ចំណែក​ឆ្នាំ​២០១៦ រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​ដល់​៦​លាន​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែម​ថា នៅពេល​ខាងមុខ រដ្ឋាភិបាល​នឹង​ខិតខំ​ពិនិត្យ​លទ្ធភាព​ពង្រឹង​ការគាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្ត​ទៀត និង​ស្វែងរក​វិធីសាស្ត្រ​សមស្រប ដើម្បី​រក្សា​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​រដ្ឋ​ប្រកបដោយ​ស្តង់ដារ​សេវា​សុខភាព​គំរូ​។​

​គួរបញ្ជាក់​ថា កាលពីដើម​ខែ​សីហា មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រកាស​ពី​ការខ្វះ​លទ្ធភាព​រក​ថវិកា​បន្ត​សង្គ្រោះ​កុមារ​ក្រីក្រ​កម្ពុជា​។ ប្រធាន និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ រដ្ឋាភិបាល​ស្វីស និង​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​យកចិត្តទុកដាក់​ករណី​នេះ ដោយ​អះអាង​ថា កុមារ​កម្ពុជា​ជាង​មួយ​ម៉ឺន​នាក់​នឹង​បាត់បង់​ជីវិត​ឬ​ក៏​មិន​អាច​រួចផុត​ពី​ពិការភាព​ឡើយ ប្រសិន​បើ​អត់​មាន​ការព្យាបាល​ដោយ​មន្ទីរពេទ្យ​មួយ​នេះ​។​

​តាម​របាយការណ៍​របស់លោក Beat Richner ឲ្យដឹងថា រយៈពេល​៧​ខែ​ឆ្នាំ​២០១៥​នេះ មន្ទីរពេទ្យ​នេះ​បាន​ព្យាបាល​កុមារ​ដែល​មាន​អាការៈ​ធ្ងន់ធ្ង​របាន​១៣៦៧០​នាក់​។ លោក​ថា ចំនួន​នេះ​បាន​កើនឡើង​៣០% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៤ ដែល​មាន​តែ​១០២៣១​នាក់ ដែល​ត្រូវបាន​សង្គ្រោះ​។​

​លោក Beat Richner លើកឡើង​ទៀត​ថា សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខនេះ លោក​ពុំ​អាច​រកប្រាក់​៨៥%​សម្រាប់​ការចំណាយ​លើ​ការព្យាបាល​កុមារ​ទៀត​ទេ ដោយ​លោក​ថា គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៥ បាន​ចំណាយ​អស់​៤៣​លាន​ដុល្លារ​អាមេរិក​។ មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​អ្នកគ្រប់គ្រង​អះអាងថា បាន​ចំណាយ​ថវិកា​សរុប​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​១២​ម៉ឺន​ដុល្លារ​៕

​សរសេរ​មកកាន់លោក ឆុង ស៊ីណាន តាមរយៈ Chhong.sinan@yahoo.com

What Next?

Recent Articles

One Response to "​រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់​វិភាគទាន​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដល់​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​"

  1. រដ្ឋាភិបាល​សម្រេច​បង្កើន​ថវិកា​វិភាគទាន​របស់​ខ្លួន​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដល់​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​រួមចំណែក​ទ្រទ្រង់​ដល់​ប្រតិបត្តិកា​របស់​មន្ទីរពេទ្យ​ក្នុង​ការជួយ​ព្យាបាល​កុមារ​នៅ​កម្ពុជា​។​
    មួយឆ្នាំចំណាយ​៤៣លានដុល្លារ រដ្ឋាភិបាលជួយ៦លាន​ តើអាចទប់ទល់បានទេ គួរអោយអាណិតកុមារកម្ពុជាណាស់​​ ដែលរដ្ឋាភិបាលមួយនេះតែងតែអួតក្តែងៗថារីកចំរើនគ្រប់វិស័យ តែធាតុពិតសូម្បីតែកុមារមានជម្ងឺមិនមានលទ្ធភាពជួយផង នេះមិនគិតទាំងមនុស្សចាស់ដែលេចេញទៅព្យាបាលនៅបរទេសផង បើធ្វើមិនល្អកុំអួតអីប្រហែលជាមានគេអាណិត