លិខិត​មិត្ត​អ្នកអាន​៖​ការអប់រំ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវមាន​កំណែទម្រង់​ប្រកប​ដោយ​យុទ្ធសាស្ត្រ​​

ដោយ៖​ ម៉ាក់ ហ៊ាង​លី​ណា​
ថ្ងៃព្រហស្បតិ៍ ទី27 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ មាន​ទីតាំង​នៅ​តាម​បណ្តោយផ្លូវ​ព្រះមុនីវង្ស

ដូចដែល​យើង​បានដឹង​ហើយ​ថា​វិស័យ​សុខាភិបាល​ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ផ្ទុយទៅវិញ​វា​ត្រូវបាន​ចាត់ទុក​ជា​កត្តា​មួយ​ដ៏​ព្រៃផ្សៃ និង​អមនុស្សធម៌​នៅ​កម្ពុជា​។​នេះ​បើ​យោង​តាម​មតិ​មួយចំនួនធំ​។​យើង​បាន​សង្កេតឃើញថា​មាន​លំហូរ​ចេញ​នូវ​ប្រជាជន​ខ្មែរ​ទៅ​ព្យាបាល​ជំងឺ​នៅតាម​បណ្តា​ប្រទេសជិតខាង​នានា ជា​បន្តបន្ទាប់ ដោយសារ​មូលហេតុ​មួយចំនួន ដូចជា​គុណភាព​នៃ​កា​ព្យាបាល សេវាកម្ម សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ព្រម​ជាមួយ​តម្លៃ​នៃ​ការព្យាបាល​ជាដើម​។

​តាម​ការវិភាគ​ឫសគល់​ដែល​បង្ក​ជា​បញ្ហា​ខាងលើ គឺ​បណ្តាលមកពី​ការអប់រំ​សុខាភិបាល​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​។​មាន​មតិ​ជាច្រើន​បាន​លើកឡើង​ថា បុគ្គលិក​សុខាភិបាល​សុទ្ធសឹង​ជា​មនុស្ស​ជក់​ឈាម​ជាតិ​សាសន៍​គ្នាឯង​។​បើ​យើង​ក្រលេក​មើល​ដោយ​ចិត្ត​ទូលាយ យើង​នឹង​ឃើញ​ភាព​ពិត​មួយចំនួន​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ការកកើតឡើង​នៃ​ភាព​អ​មនសិការ អាត្មានិយម កលល្បិច​នៃ​និស្សិត​ពេទ្យ ចាប់​ពី​ជំហាន​ដំបូង​ឈានចូល​សាកលវិទ្យាល័យ​សុខាភិបាល​។ នៅ​ក្នុង​ថ្នាក់រៀន​នី​មួយៗ គេ​សង្កេតឃើញ​យ៉ាង​ច្បាស់​ពី​ចរិតលក្ខណ​:​ដែល​ខ្វះ​នូវ​ការអប់រំ​ផ្នែក​ចិត្តគំនិត ឲ្យក្លាយ​ជា​បុគ្គល​ចេះ​គោរព និង​ឲ្យ​តម្លៃ​លើ​អ្នកដទៃ ដូច​ជា​មិត្តភក្តិ អ្នក​ជិត មានព្រលឹង​ជា​ខ្មែរ ស្រលាញ់ និង​មាន​ឆន្ទៈ​ជាតិនិយម​។ យើង​ឃើញ​មាន​ការបែងចែក​ក្រុម​តាំងពីដើម​ឆមាស​រវាង​និស្សិត​អាហារូបករណ៍ និង​អ្នក​បង់ថ្លៃ​សិក្សា រួម​ជាមួយ​ឥរិយាបថ និង​ភាព​មោទនៈ​ជ្រុល រហូត​ដល់​មើល​ទៅ​និស្សិត​នៅ​សាកលវិទ្យាល័យ​ផ្សេងៗ​មិន​ស្មើ​ខ្លួន ដោយហេតុ​ថា​ខ្លួន​មាន​សមត្ថភាព​អាច​ប្រឡង​ចូលរៀន​ប្រកបដោយ​ជោគជ័យ ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់​។

​បរិស្ថាន​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​និស្សិត ព្រម​ជាមួយ​សាស្ត្រាចារ្យ​ក្នុង​ការបង្រៀន​ប្រកបដោយ​គុណភាព​។ ផ្ទុយ​ពី​ការរំពឹង​ទុក វា​ហាក់ដូចជា​គ្មាន​ស្តង់ដារ​ឲ្យមាន​ផាសុខភាព ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអប់រំ​វិស័យ​នេះ​ឡើយ​។ ជាក់ស្តែង ថ្នាក់រៀន​គ្មាន​ការកំណត់​ចំនួន​និស្សិត​ឲ្យបាន​ត្រឹមត្រូវ និង​យុត្តិធម៌​។ ជំនាន់​ខ្លះ ចែក​ជា​ពីរ​ក្រុម​មាន​ចំនួន​សិស្ស​មិន​ស្មើគ្នា ក្រុមខ្លះ​ផ្ទុក​និស្សិត​រហូតដល់ ១០០​នាក់​។ សូម​មិត្ត​អ្នកអាន នឹកគិត​ថា​តើ​យើង​អាច​មាន​អារម្មណ៍ រឺ​ការផ្ចង់គំនិត​ក្នុង​ការ​ត្រងត្រាប់​ស្តាប់​គ្រូ​ឬទេ ទាំង​តែ​ថា​យើង​មើលមិនឃើញ​ក្តារខៀន និង​មុខ​គ្រូ​ផង​? បន្ថែម​លើ​នេះ​ទៀត សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​ខ្វះខាត និង​ខូចខាត​មិន​អាច​ប្រើ​បាន ដូចជា​ម៉េក្រូ ស្លា​យ​(Slide) ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក​គ្មាន​ទឹក ទាំង​តែ​ថា​សាកលវិទ្យាល័យ​ស្ថិតនៅ​ជិត​រដ្ឋាករទឹក អាហា​រដ្ឋា​ន​គ្មាន​រសជាតិ និង​មិន​សាក​សម​នឹង​តម្លៃ ចំណត​តូចចង្អៀត បុគ្គល​គ្មាន​សុជីវធម៌ និង​ទំនួល​ខុស​ត្រូវ​។ ភាព​រាំងស្ទះ​មួយទៀត​គឺ គំនិត​អភិរក្ស​ជ្រុលនិយម និង​ខ្វះ​ការវិភាគ​ដែល​កំណត់​ថា​បណ្ណាល័យ​ត្រូវ​បិទ​នាពេល​ថ្ងៃត្រង់ យោង​ទៅតាម​បំណង​ដែល​គិតគូរ​ដល់​សុខភាព​និស្សិត​។ ការពិត​វា​ជា​ឧបសគ្គ​ចំពោះ​និស្សិត​ទៅ​វិញ​ដោយ​ប៉ះពាល់​ទៅលើ​សុខភាព ដោយហេតុ​ថា​ថ្នាក់រៀន​ត្រូវ​បាន​បិទ​ជាប្រចាំ លើកលែង​តែ​ពេល​គ្រូបង្រៀន​ប៉ុណ្ណោះ ធ្វើឲ្យ​ម្នាក់ៗ​គ្មាន​កន្លែង​សម្រាក​បន្ទាប់ពី​ទទួលទាន​បាយ​ថ្ងៃត្រង់ ដែល​នឹង​ត្រូវ​បន្ត​១​ឫ​២​ម៉ោង​ក្រោយ ទាំង​អាកាសធាតុ​អាច​កម្លោច​សាច់មនុស្ស​បាន​។

​លើសពីនេះ​ទៀត កត្តា​សាស្ត្រាចារ្យ​ក៏​ជា​សំពាយ​មួយ​យ៉ាងធ្ងន់ធ្ងរ​នៃ​និស្សិត​គ្រប់រូប​ដែរ​។ ថ្វី​ត្បិត​តែ​សាស្ត្រាចារ្យ​ទាំងអស់​សុទ្ធតែ​មាន​មុខ​តំណែង សញ្ញាបត្រ​ខ្ពង់ខ្ពស់ តែ​មិន​ប្រាកដ​ថា​ពួកគាត់​ទាំងអស់​មាន​សមត្ថភាព ទេពកោសល្យ ជំនាញ និង​យុទ្ធសាស្ត្រ​ក្នុង​ការបង្រៀន​ដែរ​។ ក្នុងចំណោម​សាស្ត្រាចារ្យ​ទាំងអស់ មាន​មួយ​ចំនួន​មិន​ខុស​ពី​ថ្នាំ​ងងុយគេង​ដែល​នាំ​និស្សិត​សុបិន្ត​កណ្តាលថ្ងៃត្រង់ ដោយសារ​សំឡេង​មិន​លះ និយាយ​លឿន​ហួស​ដែល​ធ្វើ​ឲ្យ​សិស្ស​មិនអាច​ចាប់​ទាន់ រហូត​ដល់​អាច​កត់ត្រា​ទាន់​នោះ រួម​ជាមួយ​ការ​ខ្វះ​បច្ចេកទេស​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍ ការ​បន្ធូរ​សម្ពាធ ការបង្ក​ភាពសប្បាយ​រីករាយ ភាព​សិទ្ធិ​ស្នា​ល និង​វិធីសាស្ត្រ​ក្នុង​ការងាយស្រួល​ចងចាំ​ផ្សេងៗ​ជាដើម​។

​ដោយឡែក​សាស្ត្រាចារ្យ​ខ្លះ​តែងតែ​ជាប់រវល់​នៅ​ដើម​ឆមាស ហើយ​តែងតែ​ថែម​ម៉ោង​ជានិច្ច​នៅ​កៀក​ការប្រឡង​បញ្ចប់ ដែល​ជា​ពេលវេលា​វិល​វក់ ចែកពេល​មិនទាន់​ក្នុង​ការ​យល់​មេរៀន មានតែ​ទន្ទេញ​យក​តែ​ម្តង​។​លទ្ធផល​ប្រហែលជា​ជោគជ័យ តែ​ចំណេះដឹង និង​ការស្វែងយល់​សូន្យ​។​នេះ​សបញ្ជាក់​ពី​ភាពខ្វះ​គុណភាព​ទាំង​គ្រូ និស្សិត និង​មហាវិទ្យាល័យ​ទាំងមូល​។

​ជាងនេះទៅទៀត មាន​ភាពចម្រូងចម្រាស់​នៃ​ប្រព័ន្ធ ព្រម​ជាមួយ​កម្មវិធីសិក្សា ដូច​ជា​ថ្មីៗ​នេះ​មាន​ដំណឹង​ថា​សាកលវិទ្យាល័យ​មាន​គម្រោង​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​ពី​ភាសា​បារាំង​មក​ជា​អង់គ្លេស​វិញ ក្នុង​គោលបំណង​ផ្សារភ្ជាប់​និស្សិត​នឹង​ភាសា​អន្តរជាតិ ប្រកួតប្រជែង​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ាន​នា​ឆ្នាំ​២០១៥​ខាងមុខនេះ​។ ក្នុង​គោលជំហរ​ផ្សេងទៀត វា​ជា​ការសម្រេចចិត្ត​ដែល​គ្មាន​ផែនការ និង​ការគិតគូរ​ដិត​ដល់​ទៅ​លើ​កត្តា​ជាច្រើន​តួយ៉ាង កត្តា​គ្រូបង្រៀន ឯកសារ​របស់​សាស្ត្រាចារ្យ សៀវភៅ សំណៅ​ឯកសារ​បណ្ណាល័យ ទម្លាប់​របស់​គ្រូ​ដែល​មិន​អាច​កែប្រែ​ភ្លាមៗ​បាន ថែម​ទាំង​បណ្តាលឲ្យ​មាន​ការត្រឡប់ត្រ​លិន​ច្របូកច្របល់​ចូល​គ្នា​រវាង​ភាសា​ទាំងពីរ​នេះ​។

ព្រម​ពេល​ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ​សុខាភិបាល​ហាក់បីដូច​ខ្វះ​ប្រសិទ្ធភាព​ឆ្លើយតប​នឹង​គោលបំណង​របស់​មុខវិជ្ជា​មួយចំនួន​ដែល​មាន​សារៈសំខាន់​ក្នុង​ការបង្ហាត់​ពួកគេ​ឲ្យមាន​គំនិត​ស្នេហា​ជាតិ ផ្នត់គំនិត​ក្នុង​ការចែករំលែក ស្មារតី​ជាតិនិយម ស្រលាញ់​ប្រជាជន​ខ្លួន និង​ការតម្រង់ទិស​ក្នុង​មាគ៌ា​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ដូច​ជា​ការរីកចម្រើន​ផ្ទាល់ខ្លួន​(Personal Growth) ប្រវត្តិសាស្ត្រ​កម្ពុជា ខេមរៈ​វិជ្ជា ជាដើម​។ មិនតែប៉ុណ្ណោះ វា​ចាំបាច់​ក្នុងការ​ដុសខាត់​អត្តចរិត ឲ្យមាន​ការ​សណ្តោស​ប្រណី​ចំពោះ​អ្នកក្រីក្រ បង្កើន​សាមគ្គីភាព និង​ភាព​អំណ​ត់​តាមរយៈ​សកម្មភាព​ក្នុងការ​ចុះជួយ​កុមារកំព្រា ជនពិការ មនុស្ស​ចាស់ តាម​ស្រុក​តំបន់​នានា​។ ម្យ៉ាងវិញទៀត អំពើពុករលួយ ដូច​ជា​ការ​សូកលុយ​ក្នុង​កិច្ចការរដ្ឋបាល ការកែ្លងបន្លំ​ប្រឡង​ជាប់ ការផ្តល់​ឲ្យ​មិន​ស្មើគ្នា​នូវ​ឱកាស​ក្នុង​ការចុះ​បេសកកម្ម​សំខាន់ៗ​មួយចំនួន ព្រម​ជាមួយ​ការទំនាក់ទំនង​គ្នា​តាម​ខ្សែកាប​ដែល​ក្លាយជា​ប្រពៃណី​ទៅហើយ​។ ជាក់ស្តែង ការ​អែបអប​ជាមួយ​ប្រធាន​ថ្នាក់​ក្លាយ​ជា​កាតព្វកិច្ច​ដែល​មិត្ត​រួម​ថ្នាក់​ព្យាយាម​ទាំង​ក្នុង​លក្ខណៈ​មិត្តភាព និង​ស្នេហា ដើម្បី​ជា​ខ្សែ​មាន​ឱកាស​ឃើញ​មុខ​ក្នុង​សកម្មភាព​សង្គម​នឹង​គេ​។ រាល់​កំហុស និង​ការខ្វះចន្លោះ​ខាងលើ ត្រូវ​បាន​សម្តែង​ជា​មតិ​ថា​ការអប់រំ​សុខាភិបាល​ដែល​មាន​គុណភាព​មិន​ស្រប​នឹង​តម្លៃ​។​

​ជា​ដំណោះស្រាយ វា​ជា​ការចាំបាច់​ដែល​រដ្ឋាភិបាល​រួម​ជាមួយ​បុគ្គលិក​ពាក់ព័ន្ធ​បើក​ចិត្តគំ​និតឲ្យ​ទូលំទូលាយ​ទទួល​យក​មតិ​រិះគន់ បណ្តុះ​ឆន្ទៈ និង​ចាត់​ជា​សកម្មភាព​ក្នុង​ការកែតម្រូវ​ជា​ប្រព័ន្ធ​ឲ្យមាន​តម្លាភាព​។ ក្នុង​ការកែប្រែ​មួយចំនួន ពិតជា​អាច​សម្រេចបាន​ដោយ​ថវិកា​ដ៏​តិចតួច​ប៉ុណ្ណោះ ដូច​ជា​សម្ភារៈ​ថ្នាក់រៀន ការគ្រប់គ្រង​ចំនួន​និស្សិត ការផ្លាស់ប្តូរ​បុគ្គលិក​បណ្ណាល័យ​ជាដើម​។ ស្របពេល​ជាមួយគ្នានេះ យើង​ក៏​អាច​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ក្នុង​ការជ្រើសរើស​បុគ្គលិក ពោរពេញ​ដោយ​សីលធម៌ និង​ទំនួល​ខុស​ត្រូវ តួ​យ៉ាង​ក្រុម​អាហា​រដ្ឋា​ន ក្រុម​ផ្ញើ​យានជំនិះ បុគ្គលិក​រដ្ឋបាល​ដែល​ទទួល​សំណូក​ផ្សេងៗ​។ ដើម្បី​ធានាឲ្យបាន​នូវ​គុណភាព វា​ជា​ភារកិច្ច​របស់​ព្រទ្ធឹបុរស​ជា​ប្រធាន​មហាវិទ្យាល័យ​ក្នុង​ការត្រួតពិនិត្យ​ឲ្យបាន​ដិត​ដល់​នូវ​ភាពជាក់ស្តែង​នៃ​ការបង្រៀន និង​ផ្តល់​ជូន​នូវ​សិទ្ធិ​ទៅ​និស្សិត​ក្នុង​ការវាយតម្លៃ​នៃ​ការបង្ហាត់​។

ជាងនេះទៅទៀត គ្រប់​ប្រធាន​ថ្នាក់​ទាំង​អស់​គួរតែ​មាន​ការហ្វឹកហាត់​ក្នុង​ការចែករំលែក​ឱកាស ដោយ​អព្យាក្រឹត​ទៅ​មិត្ត​រួម​ថ្នាក់ និង​មាន​ការបោះឆ្នោត​ជា​រៀងរាល់ឆ្នាំ​ម្តង​។ កម្មវិធីសិក្សា​គួរតែ​សម្រួល​ឲ្យមាន​ម៉ោង​គ្រប់គ្រាន់​ទៅ​តាម​មុខវិជ្ជា និង​ភាពស្មុគស្មាញ​របស់​មេរៀន រួមផ្សំ​នឹង​ការបែងចែក​ក្រុម​សិក្សា​តូចៗ​ដែល​រៀបចំ​ដោយ​មហាវិទ្យាល័យ​តែម្តង ពីព្រោះ​វា​អាច​ជៀសវាង​ការប្រកាន់​គ្នីគ្នា អ្នក​ពូកែ និង​ខ្សោយ​ជាដើម​។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ​គួរតែ​មាន​ការយកចិត្ត​ទុកដាក់​អប់រំ​ចិត្តសាស្ត្រ​របស់​និស្សិត ដើម្បី​ធានា​ថា​ពួកគេ​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​មាន​មនសិការ ស្រលាញ់​ខ្មែរ​គ្មា​ឯង និង​ជា​កម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​៕

លិខិតមិតអ្នកអាន(Letter to Editor)

VOD បើកឲ្យមានទស្សនៈរបស់អ្នកអាន៖

  • លិខិតមិតអ្នកអាន(Letter to Editor)
  • ទស្សនៈអ្នកវិភាគ(Opinion Piece)

បញ្ចេញទស្សនៈលោកអ្នកមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉េល

lettertoeditor@vodhotnews.com

យើងរីករាយនឹងផ្សាយលិខិតរបស់លោកអ្នក

 

​ម៉ាក់ ហ៊ាង​លី​ណា ជា​និស្សិត​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​
​សរសេរ​មកកាន់ ម៉ាក់ ហ៊ាង​លី​ណា តាមរយៈ​heanglina.mak@gmail.com

What Next?

Recent Articles

2 Responses to "លិខិត​មិត្ត​អ្នកអាន​៖​ការអប់រំ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវមាន​កំណែទម្រង់​ប្រកប​ដោយ​យុទ្ធសាស្ត្រ​​"

  1. Judge says:

    ដរាបណា យេីងទទួលស្គាល់ថា វប្បធម៌ឆ្លៀត ធ្វេីចោរ គួរលះបង់ នោះអ្វីៗក៏អាចកែលំអបានដែរ។ ដេីម្បីរាស្ត្រខ្មែរ និង កិត្យានុភាព នៃប្រទេស ក្នុងចំណោម អាសីុ អគ្នេយ៏ នោះ ល្មមដល់ពេល ធ្វេីការកែទំរង់ហេីយ។
    សំនៀង

  2. people says:

    it really good article to read .cambodian doctors are really smart’ass and so arrogance ,specially the young just come out from school they think nobody compare with’.they got the brain become a doctor but dog brain because they have no moral at all ,when they see the poor people they look down at them .when they told me they are doctors ,i told them doctor khes jrook.GOD bless all cambodian people’