CCIM នឹង​ប្តឹង​ទាស់​ប្រឆាំងនឹង​ព្រះរាជអាជ្ញា ដែល​មិន​ចាត់ការ​មន្ត្រី​រដ្ឋាភិបាល​ករណី​វាយ​អ្នកសារព័ត៌មាន VOD​

ដោយ៖​ ញឹម សុខន​​
ថ្ងៃពុធ ទី17 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM) ​ប្រកាស​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​មិន​ចាត់ការ​មន្ត្រី​រដ្ឋាភិបាល​បី​រូប ដែល​អង្គការ​នេះ​ប្តឹង​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ព្រឹត្តិការណ៍​វាយ​អ្នកសារព័ត៌មាន VOD ឲ្យ​បាក់ឆ្អឹង​មុខ ពេល​ចុះ​បំពេញ​ការងារ​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ ។​

​លិខិតបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធ៌ម​ឲ្យ​លោក ឡាយ សា​មាន ដោយ​ប្តឹង​ចោទ​មន្ត្រី​រដ្ឋាភិបាល​៣​រូប ដូចជា​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាលខណ្ឌ​ដូនពេញ លោក សុខ​សម្បត្តិ និង​អភិបាលរង លោក សុខ ពេញវុ​ធ ដែល CCIM យល់ថា​ជា​អ្នក​បង្កើត​ឲ្យមាន ព្រឹត្តិការណ៍​ប្រើ​ហិង្សា​វាយ​អ្នកសារព័ត៌មាន និង​ទាមទារ​សំនង​៣០០០០​ដុល្លារ​អា​មេ​រិច​សម្រាប់​ព្យាបាល​ផ្លូវចិត្ត​របស់​ជនរងគ្រោះ ។​

​ប៉ុន្តែ​ពាក្យបណ្តឹង​នោះ​ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ ជូន​ដំណឹង​មក CCIM កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​ថា​ពាក្យបណ្តឹង​នោះ​ត្រូវ​តម្កល់​ទុក​មិន​ចាត់ការ ព្រមទាំង​ផ្តល់​ពេល​២​ខែ​ឲ្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ។​

ប្រកាស​ព័ត៌មាន​ដដែល​បាន​ដកស្រង់​សំដី​នាយក​ប្រត្តិ CCIM លោក ប៉ា ងួនទៀង មក​ចុះ​ផ្សាយ​ថា ស្ថាប័ន​នេះ​នឹង​ប្តឹង​ឧទ្ធរណ៍ ជំរុញ​ឲ្យ​បើ​កការស៊ើបអង្កេត​ពេញដ៏័​ពេញលេញ​មួយ ករណី​អាជ្ញាធរ​វាយ​អ្នកសារព័ត៌មាន​នេះ ដោយ​អះអាង​ថា ជន​ណា​ម្នាក់​ត្រូវ​តែ​ចាប់​អោយ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នេះ និង​ជា​ការផ្ញើ​សារ​ថា ការ​បំបិទមាត់​អ្នកការ​សែត​តាមរយៈ​ហិង្សា​ជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ ។ ហើយ​អ្នក​ដែល​ព្យាយាម​ធ្វើ​ដូច្នេះ​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់ ។​

មេធាវី​របស់ CCIM លោក សេក សោភ័ណ ត្រូវបាន​ដកស្រង់​សំដី​មក​ចុះផ្សាយ​ដែរ​ថា តុលាការ​គួ​ផ្តល់​ដំណឹង​ក្នុង​រយៈពេល​ពីរ​ខែ ថា​តើ​ពួកគេ​បន្ត​នីតិវិធី​ក្នុង​ការចោទប្រកាន់​ឬក៏​យ៉ាងណា ប៉ុន្តែ​ករណី​នេះ វា​មាន​រយៈ​ជិត​ប្រាំពីរ​ខែ​ហើយ ។ ម្យាង​វិញ​ទៀត​មេធាវី​រូប​នោះ​យល់​ថា សេចក្តីជូនដំណឹង​របស់​ព្រះរាជអាជ្ញា មិន​បាន​ផ្តល់​ហេតុផល​ច្បាស់លាស់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​រឿងក្តី​នេះ​ត្រូវ​តម្កល់​មិន​ចាត់ការ​ទេ ។​

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង លោក មាស ច័ន្ទ​ពិសិដ្ឋ ប្រាប់ VOD ដោយ​ខ្លី​ថា លោក​គ្មាន​ពេល​បកស្រាយ​បន្ថែម លើស​ពី​អ្វី ដែល​លោក​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​CCIM​ទេ ។ លោក​ថា «​លោក​មក​មើល​ទៅ សំណុំរឿង​មិន​ចាត់ការ​ហ្នឹង ខ្ញុំ​យល់​ឃើញ​ហើយៗ ។ ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​មាន​អី​ត្រូវ​ឆ្លើយ​ប្រាប់​ព័ត៌មាន​អ៊ីចឹង​ទេ​» ។​

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​ផ្នែក​ព័ត៌មាន លោក មឿន ឈាន ណា​រិទ្ធិ សោកស្តាយ​ករណី​តុលាការ​មិន​ចាត់កា​រលើ​ជន​ដែល​ពាក់ព័ន្ធ​លើ​ការ​វាយ​អ្នកសារព័ត៌មាន​នេះ ដោយ​លោក​យល់ថា​វា​ជា​សញ្ញា​គ្រោះ ថ្នាក់​សម្រាប់​អ្នក​សារព័ត៌​ដទៃ​ទៅ​ថ្ងៃ​អនាគត ។ លោក​បញ្ជាក់ថា «​ខ្ញុំ​គិតថា កាល​ដែល​តុលាការ មិន​ចាត់ការ​ទៅ​លើ​ពាក្យបណ្តឹង​ចំពោះ​ការវាយប្រហារ​ទៅ​លើ​អ្នកសារព័ត៌មាន​ណា​ម្នាក់​នោះ វា​នឹង​ជះឥទ្ធិពល​អាក្រក់​ចំពោះ​បរិយាកាស នៃ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​នឹង​ជំរុញ​ឲ្យ​វប្បធ​ម៌និ​ទណ្ឌ​ភាព ចេះ​តែ​បន្ត​ទៅមុខ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​យើង​» ។​

លោក មឿន ឈាន ណា​រិទ្ធិ ជំរុញ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពិនិត្យមើល​ឡើងវិញ ពី​វិជ្ជាជីវៈ​ព្រះរាជ​អាជ្ញា និង​ចៅក្រម​ដើម្បី​ធានា​ពី​សេរីភាព​របស់​អ្នកសារព័ត៌មាន ស្របពេល​ដែល​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជាប្រកាន់​លិទ្ធិប្រជាធិបតេ​យ្យ ។ 

​លោក ឡាយ សា​មាន ត្រូវ​សន្តិសុខ​ខណ្ឌដូនពេញ មាន​គ្នា​ប្រមាណ​ពី​៦​ទៅ​១០​នាក់ ប្រដាប់​ដោយ​ដំបង ព្រួត​គ្នា​វាយ​រហូត​សន្លប់​នៅនឹងកន្លែង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤ ពេល​អ្នកសារព័ត៌មាន​រូបនោះ តាម​ផ្តិត​យក​ព្រឹត្តិការណ៍​បង្ក្រាប​របស់​សន្តិសុខខណ្ឌដូនពេញ ទៅលើ​អ្នក​តវ៉ា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ ៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles