សហជីព​ចាត់​ទុក​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​រោងចក្រ​ជូហួយ​ថា​ជា​រឿង​អយុត្តិធម៌

ដោយ សូត សុខប្រាថ្នា
2014-12-18
RFA

កម្មករ​រោងចក្រ ជូហួយ កំពង់ចាម ៦២០
កម្មករ​រោងចក្រ​ស្បែក​ជើង ជូហួយ (JUHUI) ឈរ​មុខ​មន្ទីរ​ការងារ ខេត្ត​កំពង់ចាម ដើម្បី​ឱ្យ​ខាង​មន្ទីរ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Saut Sokprathna

សមាជិក​សហជីព​ស៊ីខៅឌូ (CCAWDU) ឲ្យ​ដឹង​ថា ការ​ដោះស្រាយ​បញ្ហា​ការងារ​នៅ​ក្នុង​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHUI) នៅ​ខេត្ត​កំពង់ចាម ដែល​កើត​ឡើង​កន្លង​មក​នោះ គឺ​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន។

លើស​ពី​នេះ វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ជាច្រើន​រយ​នាក់ ដែល​ព្រម​ទទួល​យក​ដំណោះស្រាយ​មួយ​ដែល​មិន​ស្រប​ច្បាប់។ ចំណែក​ខាង​តំណាង​រោងចក្រ​យល់​ថា ការ​លើក​ឡើង​យ៉ាង​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​សហជីព ប៉ុន្តែ​ស្ថានភាព​ការងារ​នៅ​ក្នុង​រោងចក្រ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទៀត​ទេ។

ភាគី​រោងចក្រ​ស្បែក​ជើង​ជូហួយ នៅ​ខេត្ត​កំពង់ចាម អះអាង​ថា ស្ថានភាព​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ ប៉ុន្តែ​នៅ​មាន​កម្មករ និង​សហជីព​ជាច្រើន​យល់​ថា បញ្ហា​នៅ​រោងចក្រ​មិន​ទាន់​ស្ងប់ស្ងាត់​ទេ ពីព្រោះ​ថា ការ​ដោះស្រាយ​បញ្ហា​កន្លង​មក គឺ​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ។

បន្ថែម​ពី​លើ​នេះ​ទៀត មាន​កម្មករ និង​សហជីព​មួយ​ចំនួន គឺ​ជាប់​ក្នុង​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​នៅ​ឡើយ និង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់។

អគ្គ​លេខា​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ លោក ឯក សុភក្តី មាន​ប្រសាសន៍​ថា ខាង​ភាគី​រោងចក្រ​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ការងារ​ជូន​កម្មករ​នោះ​ទេ ក្រៅ​តែ​ពី​យក​ប្រព័ន្ធ​តុលាការ​មក​ប្រើប្រាស់​នោះ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ មាន​កម្មករ​ប្រមាណ ២០០​នាក់ មិន​ព្រម​ទទួល​យក​សំណង​ពី​រោងចក្រ ដោយ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ផ្សេង ពីព្រោះ​ពួក​គាត់​យល់​ថា​ជា​ការ​បញ្ឈប់​មួយ​ដែល​មិន​ស្រប​តាម​ច្បាប់​ការងារ។ លើស​ពី​នេះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ប្រមាណ ២​ពាន់​នាក់ ដែល​ព្រម​ចូល​ធ្វើ​ការ​ជា​កម្មករ​ថ្មី​នោះ៖ «ហេតុ​អី​បាន​ខ្ញុំ​ថា​ជាង ២​ពាន់​នាក់​ជាង​ហ្នឹង ព្រោះ​គាត់​ឈប់​ទៅ​ដោយ​អយុត្តិធម៌ គាត់​ទទួល​លុយ​គេ​ទៅ​ដោយ​អយុត្តិធម៌»

លោក ឯក សុភក្តី បន្ត​ថា ភាគី​រោងចក្រ​នៅ​តែ​បន្ត​ដាក់​ពាក្យ​បណ្ដឹង​មក​តុលាការ ស្រប​ពេល​ការ​ប្រជុំ​ពិភាក្សា​គ្នា​កន្លង​មក ថា​មិន​ឲ្យ​ប្តឹងផ្តល់​គ្នា​ទៀត​នោះ​ទេ។ ដោយ​ឡែក​ការ​កោះ​ហៅ​កម្មករ និង​សហជីព​ស៊ីខៅឌូ ជាង ១០​នាក់ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ធ្នូ លោក​យល់​ថា តុលាការ​ធ្វើ​តាម​នីតិវិធី​នៃ​ពាក្យ​បណ្ដឹង ក៏ប៉ុន្តែ​វា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​បំបាក់​ស្មារតី​ក្រុម​កម្មករ​តែ​ប៉ុណ្ណោះ និង​ម្យ៉ាង​បញ្ជាក់​ថា តុលាការ​មិន​បាន​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ឬ​កម្មករ​នោះ​ទេ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​ជូហួយ លោក តេង សម្បត្តិ មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់ ឬ​ការ​លើក​ឡើង​យ៉ាង​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​គេ ពីព្រោះ​កម្មករ​ប្រមាណ ៣​ពាន់​នាក់ នាំ​គ្នា​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ​ហើយ។ លោក​បន្ត​ថា មិន​មាន​កម្មករ​ណា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ការងារ​កន្លង​មក​នោះ​ទេ ចំណែក​ពាក្យ​បណ្ដឹង​យ៉ាង​ណា​នោះ គឺ​ខាង​មេធាវី​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​ប្រាប់​បង​ថា​រឿង​ហ្នឹង​វា​ផុត​ដៃ​ខ្ញុំ​ហើយ គឺ​ទីប្រឹក្សា ឬ​មេធាវី​គេ​ចាត់​ចែង​រឿង​ហ្នឹង ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ច្បាស់​ដែរ»

យ៉ាង​ណា មេធាវី​ការពារ​ក្តី​ឲ្យ​កម្មករ និង​សហជីព​ទាំង​នោះ គឺ​លោក គីម សុជាតិ ឲ្យ​ដឹង​ថា ភាគី​រោងចក្រ​បាន​ប្ដឹង​កូន​ក្តី​លោក​ជាង ១០​នាក់ ទាក់ទង​បទល្មើស​បី​ផ្សេង​គ្នា។ ក្នុង​នោះ ភាគី​រោងចក្រ​ប្ដឹង​មនុស្ស ១២​នាក់ ពី​បទ​មិន​បាន​គោរព​តាម​សាល​ដីកា​រក្សា​ការពារ​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​រយៈពេល ៤៨​ម៉ោង​កាល​ពី​ខែ​កញ្ញា។ ចំណែក ១៥​នាក់​ទៀត គឺ​ត្រូវ លោក តេង សម្បត្តិ ប្ដឹង​ពី​បទ​ញុះញង់​កម្មករ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៦ តុលា។ រីឯ ៤​នាក់​ដែល​មាន​ឈ្មោះ​ជាប់​ក្នុង​ពាក្យ​បណ្ដឹង​មុនៗ​នោះ ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​រឿង​ផ្ដើម​គំនិត​គាំទ្រ​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២៥ តុលា។

លោក សុជាតិ ឲ្យ​ដឹង​ទៀត​ថា កូន​ក្តី​លោក​បាន​ចូល​បំភ្លឺ​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ ២​នាក់​ទៀត​មិន​ទាន់​សាកសួរ​ទេ ដោយ​ត្រូវ​លើក​ទៅ​ថ្ងៃ​ក្រោយ។ លោក​យល់​ថា បណ្ដឹង​របស់​ភាគី​រោងចក្រ និង​ការ​កោះ​ហៅ​កម្មករ រួម​នឹង​សហជីព​នេះ គឺ​ជា​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​ពី​សំណាក់​ក្រុមហ៊ុន​ទៅ​លើ​កម្មករ ដើម្បី​ចាប់​បង្ខំ​ឲ្យ​ខាង​ពួក​គាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​មួយ ដោយ​គ្មាន​វត្តមាន​សហជីព។ បន្ថែម​ពី​នេះ​ទៀត លោក​ថា គឺ​ជា​ពាក្យ​បណ្ដឹង​មួយ​ដែល​គ្មាន​ទឡ្ហីករណ៍​ច្បាស់​លាស់៖ «ចំពោះ​ពាក្យ​បណ្ដឹង​ថា​មិន​គោរព​តាម​សាល​ដីកា​តុលាការ​នោះ គឺ​គាត់​បាន​អនុវត្ត​ហើយ គឺ​គាត់​បាន​ចូល​ហើយ។ ប៉ុន្តែ​ពេល​កម្មករ​ចូល​ទៅ​នោះ គាត់​មាន​ការ​ខឹង​សម្បារ​ជាមួយ​ក្រុមហ៊ុន ប៉ុន្តែ​គាត់​មិន​បាន​រក​ដំណោះស្រាយ»

លោក​បន្ថែម​ថា លោក​នឹង​ប្រមូល​ភស្តុតាង ឬ​សាក្សី​ដែល​ដឹង​ពី​វិវាទ​ការងារ​នៅ​ក្នុង​រោងចក្រ​ជូហួយ បន្ថែម​ទៀត​ដាក់​ជូន​ទៅ​ព្រះរាជអាជ្ញា សម្រាប់​ជា​មូលដ្ឋាន​ដើម្បី​កុំ​ឲ្យ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ទាំង​នោះ។

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ជូហួយ លោក ហ៊ិត ហ៊ុន ដែល​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​នោះ​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ទាំង​ប៉ុន្មាន លោក និង​កម្មករ​ផ្សេង​ទៀត មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​យល់​ថា ការ​ប្ដឹង​ពួក​លោក​ដោយ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ គឺ​ប្រៀប​ដូច​កំពុង​បំបិទ​សិទ្ធិ​សេរីភាព​ពួក​គាត់​យ៉ាង​នោះ​ឯង ពីព្រោះ​រាល់​សកម្មភាព​ទាំងអស់​របស់​ពួក​គាត់ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​អាជ្ញាធរ​រហូត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ខាង​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ ថា​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ​តាម​ផ្លូវ​តុលាការ ហើយ​គ្រោង​នឹង​ប្ដឹង​ទៅ​សហគមន៍​អន្តរជាតិ ចំពោះ​សកម្មភាព​របស់​ភាគី​រោងចក្រ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ចូលរួម​រំលោភ​សិទ្ធិ​កម្មករ​នា​ពេល​កន្លង​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles