ទេសចរ​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ការ​បាញ់​កាំជ្រួច​នៅ​តាម​ឆ្នេរ​សមុទ្រ

ដោយ ដែន អយុធ្យា
2016-12-03
RFA

ក្មេង​រង​របួស​ដោយសារ​ការ​បាញ់​កាំជ្រួច​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided
ក្មេង​រង​របួស​ដោយសារ​ការ​បាញ់​កាំជ្រួច​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided


ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ដែល​បាន​ចូល​ទៅ​កម្សាន្ត​តាម​តំបន់​ឆ្នេរ​នានា នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​រដ្ឋបាល​ខេត្ត​នេះ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដុត​កាំជ្រួច​នៅ​តាម​តំបន់​ឆ្នេរ​នៅ​ពេល​រាត្រី ហើយ​តែង​បង្ក​ឲ្យ​មនុស្ស​រង​របួស បណ្ដាល​មក​ពី​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស។ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រតិបត្តិករ​ទេសចរណ៍​ប្រចាំ​ខេត្ត​នេះ ក៏​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ដុត​កាំជ្រួច​​នេះ​ដែរ ហើយ​សំណូម​ដល់​អភិបាល​ខេត្ត​នេះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។

ប្រតិបត្តិករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ លើក​ឡើង​ថា ការ​ដុត​កាំជ្រួច​នៅ​តាម​ឆ្នេរ​តែង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ប៉ះពាល់​ដល់​ម្ហូប​អាហារ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ពេល​កាំជ្រួច​ផ្ទុះ​ខុស​បច្ចេកទេស។

ពួកគេ​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ដុត​កាំជ្រួច​នៅ​ពេល​រាត្រី​តាម​ឆ្នេរ​នានា ពិសេស​ឆ្នេរ​អូរឈើទាល ត​ទៅ​ទៀត៖ «អាជ្ញាធរ​ខេត្ត​មិន​គួរ​ឲ្យ​សមត្ថកិច្ច​ដើរ​ចាប់​មុខ​ចាប់​ក្រោយ​ទៅ​លើ​អ្នក​លក់​កាំជ្រួច និង​ដុត​កាំជ្រួច​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា ដូច​រាល់​ថ្ងៃ​នេះ​ទៀត​ទេ គឺ​គួរ​តែ​ដាក់​ជា​ស្លាក​សញ្ញា​ទាក់ទង​ការ​លក់ ឬ​ការ​បាញ់​កាំជ្រួច ឲ្យ​ភ្ញៀវ​បាន​ដឹង​អំពី​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​លក់ និង​អ្នក​បាញ់​កាំជ្រួច ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​រាល់​ថ្ងៃ​នេះ។ នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ ដូចជា​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម គឺ​ការ​ដុត​កាំជ្រួច​តែង​បង្ក​ឲ្យ​មាន​ការ​ឆេះ​រោង ឬ​តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​នៅ​តាម​ឆ្នេរ​អូរឈើទាល បង្ក​ឲ្យ​មនុស្ស​រង​របួស និង​ប៉ះពាល់​ដល់​ការ​ទទួលទាន​ចំណី​អាហារ ពិសេស​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរ​ជាដើម»

កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦ ការ​ដុត​កាំជ្រួច​កម្សាន្ត​នៅ​តាម​ឆ្នេរ​អូរឈើទាល ខុស​បច្ចេកទេស​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ចំនួន ៣​នាក់ ជា​ភ្ញៀវទេសចរ​មក​ពី​ខេត្ត​កំពត និង​រាជធានី​ភ្នំពេញ រង​របួស​ធ្ងន់​ស្រាល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

​ចំណែក​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​អភិបាល​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​នេះ ឲ្យ​ពិចារណា​បញ្ឈប់​សកម្មភាព​ដុត ឬ​បាញ់​កាំជ្រួច​នៅ​តាម​ឆ្នេរ​នេះ​ដែរ។

​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ចាត់​ទុក​ការ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​បាញ់​កាំជ្រួច​នៅ​ពេល​រាត្រី តាម​ឆ្នេរ​នានា នៅ​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​អូរឈើទាល ជាដើម ថា​ជា​ផ្នែក​មួយ​បង្កើត​ឲ្យ​មាន​អសុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ៖ «នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​យើង​នេះ គឺ​កន្លង​មក​យើង​ធ្លាប់​ឃើញ​សកម្មភាព​បាញ់​កាំជ្រួច​នេះ បាន​បណ្ដាល​ឲ្យ​ឆេះ​តូប​លក់​ដូរ​របស់​ក្រុម​អាជីវករ និង​ខ្លះ​ទៀត​ការ​បាញ់​កាំជ្រួច​នេះ បាន​បង្ក​ឲ្យ​មាន​រង​របួស​ដល់​ភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​នៅ​ជិត​ខាង​អ្នក​ដុត​កាំជ្រួច​នោះ។ ជាង​នេះ​ចំហាយ​រំសេវ ដែល​សាយ​ភាយ​ចេញ​ពី​ការ​បាញ់​កាំជ្រួច​នោះ បាន​ធ្លាក់​មក​លើ​ចំណី​អាហារ​របស់​ភ្ញៀវ ដែល​អង្គុយ​ពិសា​អាហារ​នៅ​តាម​តំបន់​ឆ្នេរ។ ដោយ​ឡែក​ចំពោះ​ការ​បាញ់​កាំជ្រួច នាំ​ឲ្យ​រង​របួស​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​ធ្នូ ខ្ញុំ​យល់​ឃើញ​ថា គឺ​ជា​ការ​ធ្វេសប្រហែស ឬ​ជា​ការ​គ្រប់គ្រង មិន​បាន​ដិតដល់​ទៅ​លើ​បម្រាម​ហាម​ឃាត់​ការ​គ្រប់គ្រង​គ្រឿង​ផ្ទុះ​នៅ​តាម​តំបន់​ឆ្នេរ របស់​អាជ្ញាធរ»

មិន​ទាន់​មាន​អត្ថាធិប្បាយ​បែប​ណា​ពី​លោក យន្ត មីន អភិបាល​ខេត្ត​ខេត្ត​ព្រះសីហនុ និង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​នេះ ទាក់ទង​ការ​បាញ់​កាំជ្រួច​តាម​ឆ្នេរ​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​នេះ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​ធ្នូ។ ប៉ុន្តែ​បញ្ហា​នេះ​កន្លង​មក អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុឡេង ធ្លាប់​បាន​លើក​សំណើ​ជូន​ថ្នាក់​លើ​ឲ្យ​បញ្ឈប់​សកម្មភាព​បាញ់​កាំជ្រួច នៅ​តាម​យប់​តាម​ឆ្នេរ​សមុទ្រ​នានា ហើយ​ត្រៀម​ទីតាំង​ផ្សេង​ដាច់​ដោយ​ឡែក​ដើម្បី​ទុក​ឲ្យ​ភ្ញៀវទេសចរ ដែល​ចង់​ទៅ​បាញ់​កាំជ្រួច​កម្សាន្ត និង​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដល់​ភ្ញៀវទេសចរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ សកម្មភាព​បាញ់​កាំជ្រួច នៅ​តាម​ឆ្នេរសមុទ្រ​នៅ​ពេល​រាត្រី នៅ​តែ​បន្ត​កើត​មាន និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។

កម្លាំង​នគរបាល​មូលដ្ឋាន​ប្រចាំការ​នៅ​តាម​តំបន់​ឆ្នេរ​អូរឈើទាល បាន​ឲ្យ​ដឹង​ថា កាំជ្រួច​ដែល​ដុត​ផ្ទុះ​ខុស​បច្ចេកទេស ហើយ​តែ​បង្ក​គ្រោះថ្នាក់​នៅ​ពេល​កន្លង​មក គឺ​មួយ​ផ្នែក​ត្រូវ​ភ្ញៀវ​ទិញ​ពី​អាជីវករ​ដើរ​លក់​នៅ​តាម​ឆ្នេរ និង​មួយ​ចំនួន​ទៀត ត្រូវ​ភ្ញៀវទេសចរ​នាំ​យក​តាម​រថយន្ត​ពី​តំបន់​ផ្សេងៗ និង​បាន​ដុត​កម្សាន្ត​ពេល​រាត្រី​តាម​ឆ្នេរ​នានា មាន​ឆ្នេរ​អូរ​ឈើទាល ជាដើម។

កម្លាំង​នគរបាល​មួយ​ចំនួន​ដែល​ប្រចាំការ​នៅ​តាម​តំបន់​ឆ្នេរអូរឈើទាល ក៏​ចង់​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​បទបញ្ជា មិន​ឲ្យ​មាន​លក់​កាំជ្រួច និង​បាញ់​កាំជ្រួច នៅ​តាម​តំបន់​ឆ្នេរ​នៅ​ពេល​រាត្រី​នេះ​ដែរ ព្រោះ​តែង​បង្ក​ឲ្យ​មនុស្ស​រង​របួស ឬ​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​តំបន់​ឆ្នេរ​ភាគ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles