ពលរដ្ឋ​ព្រះវិហារ​គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​ករណី​អ្នក​មាន​អំណាច​រំលោភ​ដី

ដោយ អាស៊ីសេរី
2018-01-11

មេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA
មេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


តំណាង​ប្រជាពលរដ្ឋ​មកពី​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចំនួន ៥៦​គ្រួសារ គ្រោង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី ក្នុង​រឿង​ដី​ដែល​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​ជា​ខ្នងបង្អែក។

ពលរដ្ឋ​រស់នៅ​ក្រុម​ទី​៦ រំដេង ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រម្យទម ស្រុក​រវៀង លោក ទុយ ឆេង ថ្លែង​ថា នៅ​ថ្ងៃ​ទី​១២ មករា អ្នក​ភូមិ​ចំនួន ៥​នាក់ នឹង​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ដែល​ក្រុមហ៊ុន ដែលខម កម្ពុជា (Delcom Cambodia) រំលោភ​យក​តាំងពី​ឆ្នាំ​២០០២ មក ដោយមាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ក្រុមហ៊ុន​នេះ​មាន​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស ជា​ខ្នងបង្អែក​ថែម​ទៀត។

លោក​បន្ត​ថា កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ អាជ្ញាធរ​ភូមិ​ឃុំ បាន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចសន្យា ដើម្បី​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ច្បាស់លាស់​តែ​ផ្ទុយទៅវិញ នៅ​ពេល​ពលរដ្ឋ​ផ្ដិតមេដៃ​ហើយ បែរជា​ចោទ​ថា ពលរដ្ឋ​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ទៅវិញ។ បញ្ហា​នេះ​លោក​ថា ប្រៀប​បាន​ពលរដ្ឋ​ចាញ់បោក​អាជ្ញាធរ៖ «បាន​ថា​ចាញ់បោក​ហ្នឹង​ប្រជាពលរដ្ឋ​អ្នក​មិន​យល់ដឹង​ហើយ​គាត់ ខ្លាច​ការ​គំរាមកំហែង​របស់​អ្នក​មាន​អំណាច​ផង​ម្យ៉ាងទៀត គាត់​អ្នក​ល្ងង់ខ្លៅ​ផង​គេ​អាន​ប្រាប់​ដំបូង​ហ្នឹងឯង​ថា ធ្វើ​កិច្ច​សន្យា​ថា អត់​មាន​ដី​ក្រុមហ៊ុន​ដី​អី​ទេ គេ​ថា​ដី​ប្រជាពលរដ្ឋ​តែ​ផ្ទុយទៅវិញ នៅ​ពេល​ធ្វើ​បាន​ហើយ​ប្រជាពលរដ្ឋ​ផ្ដិតមេដៃ​លើ​ឯកសារ​ហ្នឹងហើយ​ដល់ពេល​យក​មក​ឲ្យ​ឃុំ​វាយ​ត្រា គេ​កែ​ពាក្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ក្រុមហ៊ុន​មួយ​កន្លែង​ទៅវិញ គេ​ចោទ​ប្រកាន់​ថា គេ​បាន​អាន​ឲ្យ​ស្ដាប់​ហើយ​តើ​ម៉េច​មិន​តវ៉ា តែ​តាម​ការពិត​អត់​មាន​ពាក្យ​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ផង តែ​ពួក​អស់នេះ​គេ​យក​ខ្នង ហ៊ីង ប៊ុនហៀង ទៅ​ផ្អែក»

ប្រភព​ដដែល​អះអាង​ថា ពួកគាត់​ចំនួន ៥៦​គ្រួសារ​រស់នៅ​លើ​ដី​ទំនាស់ តាំងពី​១៩៩៧​មក មាន​ឯកសារ​កាន់កាប់​ដីធ្លី និង​អាជ្ញាធរ​ទទួលស្គាល់​ត្រឹមត្រូវ។

ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ក្រុមហ៊ុន​បាន​ព័ទ្ធ​របង​ការដ្ឋាន​រំលោភ​យក​ដីចម្ការ​អ្នកភូមិ​អស់​ចំនួន ១២៧​ហិកតារ ពោល​គឺ​នៅ​សល់​តែ ២០​ហិកតារ​ទៀត​ប៉ុណ្ណោះ ដែល​ពួកគាត់​នៅ​បង្កបង្កើនផល​បាន។ បញ្ហា​នេះ​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ហើយ​មាន​ការ​ប៉ះទង្គិច​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ជាច្រើន​ដង នៅ​ពេល​ដែល​ពលរដ្ឋ​ចូល​ទៅ​ធ្វើ​ចម្ការ ដោយសារ​ខ្វះខាត​បញ្ហា​ជីវភាព។ ចំណែក​អាជ្ញាធរ​វិញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​ខាង​ក្រុមហ៊ុន និង​គំរាមកំហែង​ពលរដ្ឋ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles