អ្នក​គាំទ្រ​សង្រ្គោះ​ជាតិ​នៅ​ឯ​នាយ​សមុទ្រ​ព្រម​ដើរ​លើ​ផ្លូវ​តែ​មួយ​វិញ​ បន្ទាប់​ពី​ប្រេះ​ឆា

ដោយ អ៊ឹង ប៊ុនថន
02/03/2018
RFI

media
លោក ​អ៊ុង រិទ្ធី ជា​ប្រធានអតីត​គណបក្ស​សង្រ្គោះ​ជាតិ ​សហរដ្ឋ​អាមេរិក (@សហការី)
@សហការី


បន្ទាប់​ពី​មាន​ការ​ប្រេះ​ឆា​គ្នា​មួយ​រយៈ​ដោយ​សារ​តែ​មាន​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​នោះ ​អ្នក​គាំទ្រ ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​វិល​ត្រឡប់​មក​ដើរ​លើ​ផ្លូវ​តែ​មួយ​វិញ​ហើយ​។​ ការ​ព្រម​ព្រៀង​គ្នា​នេះ ​គឺ​តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ ​កាល​ពី​ថ្ងៃ​ទី​២៤​​ខែ​កុម្ភៈ ​ ហើយ​ត្រូវ​បាន​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ​លោក​ស្រី មូរ សុខហួរ និង​លោក អ៊ូ ច័ន្ទឬទ្ធិ ចេញ​លិខិត​អបអរ​សាទរ​ជា​បន្ត​បន្ទាប់​គ្នា​មក​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នោះ បាន​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​សហរដ្ឋ​អាមេរិក​ដែល​មាន​លោក អ៊ុង រិទ្ធី ជា​ប្រធាន និង​គណបក្ស​សង្រ្គោះ​ជាតិ​ទ្វីប​អាមេរិក​ខាង​ជើង ដែល​មាន លោក ជា គឹមលី ជា​ប្រធាន បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ក្នុង​ការ​បង្រួប​បង្រួម​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​ពីរ​ក្រុម​នេះ ដោយ​បង្កើត​សាខា​បក្ស​តែ​មួយ​ដែល​មាន​ឈ្មោះ​ថា​ គណបក្ស​​សង្រ្គោះ​ជាតិ​ អាមេរិក។

សាខា​គណបក្ស​ប្រឆាំង​ប្រចាំ​នៅ​អាមេរិក​នេះ គឺ​មាន​សមាសភាព​មនុស្ស​សំខាន់​ចំនួន​៧​នាក់​ ដោយ​ក្នុង​នោះ លោក អ៊ុង រិទ្ធី ជា​ប្រធាន និង​លោក ជា គីមលី ជា​អនុប្រធាន​សាខា​​គណបក្ស​សង្រ្គោះ​ជាតិ​ អាមេរិក។

ការ​វិល​ត្រឡប់​មក​ដើរ​លើ​ផ្លូវ​តែ​មួយ​វិញ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី គេ​មើល​ឃើញ​ថា ក្រុម​អ្នក​គាំទ្រ​ អតីត គណបក្ស​សង្រ្គោះ​ជាតិ នៅ​ឯនាយ​សមុទ្រ ​មាន​ការ​ប្រេះ​ឆា​គ្នា នៅ​ពេល ​លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្រ្កោះ​ជាតិ ប៉ុន្តែ​លោក កឹម សុខា ប្រកាស​មិន​ចូល​រួម។

កាល​ណោះ លោក ​អ៊ុង រិទ្ធី ជា​ប្រធានអតីត​គណបក្ស​សង្រ្គោះ​ជាតិ ​សហរដ្ឋ​អាមេរិក ​ក៏​បាន​ប្រកាស​លា​លែង​ពី​ចលនា​សង្គ្រោះ​ជាតិ​ គឺ​ក្រោយ​ប្រកាស​បង្កើត​ចលនា​នេះ​បាន​បី​ថ្ងៃ​ប៉ុណ្ណោះ។ លោក​អ៊ុង រិទ្ធី បាន​លើក​ហេតុ​ផល​នៃ​ការ​សម្រេច​លា​លែង​របស់​លោក​ថា ដោយ​សារ​តែ​លោក​មើល​ឃើញ​ពី​ការ​មិន​យល់​ស្រប​គ្នា​ក្នុង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ក្រុម អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​មាន​សមានចិត្ត​នឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា វិល​មក​រួម​គ្នា​តែ​មួយ​វិញ​នេះ ត្រូវ​បាន​ទទួល​ការ​អបអរ​ពី​អតីត​មេ​ដឹក​នាំ​កំពូលៗ នៃ​អតីត គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដ៏​ធំ​មួយ​នេះ។

លោក អេង ឆៃអាង និង​លោក​ស្រី មូរ សុខហួរ អនុប្រធាន អតីត​គណបក្ស​សង្រ្គោះ​ជាតិ រួម​ទាំង​លោក អ៊ូ ច័ន្ទឬទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​ប្រឆាំង​នេះ បាន​នាំ​គ្នា​ចេញ​លិខិត​អបអរ ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា​ថា ការ​ដែល​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ សម្រេច​រួម​បញ្ជួល​គ្នា​នេះ​ គឺ​ស្រប​តាម​ឆន្ទៈ​របស់​អ្នក​គាំទ្រ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ឆ្ពោះ​ទៅ​សង្រ្គោះ​ជាតិ​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា។

សម្រាប់ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១​ខែ​មីនា​នេះ​ថា​ លោក​អបអរ​សាទរ ការ​បង្រួប​បង្រួម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​ទាំង​អស់ នៅ​សហរដ្ឋ​អាមេរិក​នឹង​ប្រទេស​កាណាដា ដែល​បាន​សម្រេច​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ខណៈ លោក អ៊ុង រិទ្ធី មក​ពី​ខាង​អតីត​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ជា គីមលី​ មក​ខាង​អតីត​គណបក្ស សម រង្ស៊ី៕

What Next?

Recent Articles

One Response to "អ្នក​គាំទ្រ​សង្រ្គោះ​ជាតិ​នៅ​ឯ​នាយ​សមុទ្រ​ព្រម​ដើរ​លើ​ផ្លូវ​តែ​មួយ​វិញ​ បន្ទាប់​ពី​ប្រេះ​ឆា"

  1. Anonymous says:

    Khmers United, All cambodians abroad and inside the country will win together. Very happy for negotiations between all sides. It is united Khmers.??????