អ្នកភាគនយោបាយលោក គឹម សុខ អះអាងថា បក្សប្រជាជនកម្ពុជាកំពុងបែកបាក់ផ្ទៃករណីអឺរ៉ុបដក EBA
By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
អ្នកវិភាគអះអាងថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់សហភាពអឺរ៉ុប បានធ្វើឱ្យផ្ទៃក្នុងរបស់លោក ហ៊ុន សែន និងផ្ទៃក្នុងរបស់បក្សកាន់អំណាចមានការរង្គោះរង្គើល។
អ្នកវិភាគនយោបាយឯករាជ្យដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេស ហ្វាំងឡង់ (Finland) លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា មនុស្សដែលនៅជុំវិញលោក ហ៊ុន សែន កំពុងបាក់ទឹកចិត្តពីសម្ពាធមិនធូរស្រាលរបស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម។
លោក គឹម សុខ អះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានចេញប្រតិកម្មច្របូកច្របល់ ហើយករណីខ្លះទៀតបកស្រាយបញ្ច្រាសគ្នា សូម្បីតែមនុស្សម្នាក់ដែលលោក ហ៊ុន សែន ទុកចិត្តបំផុតក៏និយាយអំពីបញ្ហាEBA ដោយគំនិតច្របូកច្របល់ដែរ។
បន្ថែមពីនេះ លោក ហ៊ុន សែន បានព្យាយាមលួងអារម្មណ៍ខ្លួនឯង និងបង្វែងការណ៍ពិត។ ពេលខ្លះលោក ហ៊ុន សែន អះអាងថា កម្ពុជាមានការសោកស្ដាយដែលសហភាពអឺរ៉ុបព្រមានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ហើយពេលខ្លះទៀតលោក ហ៊ុន សែន អះអាងថា មិនមានបញ្ហាអ្វីទេ ប្រសិនបើអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។
លើសពីនេះ លោកថា លោក ហ៊ុន សែន ក៏បានប្រើកូនទាំងពីររបស់ខ្លួន ដើម្បីធ្វើការងារមួយចំនួន និងស្ទាបស្ទង់កម្លាំងក្នុងបក្សដែលមិនពេញចិត្ត ហើយត្រៀមបង្ក្រាបក្រុមទាំងនោះ ព្រមទាំងប្រើវិធីបន្លំមហាជនឱ្យបំភ្លេចរឿង EBA និងបង្ហាញថា របបមួយនេះមិនព្រួយបារម្ភចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ។
លោក គឹម សុខ បញ្ជាក់ថា សារសម្លេងដែលផ្ទៃក្នុងនៃរបបលោក ហ៊ុន សែន បញ្ចេញមកក្រៅនោះ បញ្ជាក់ថា កូនប្រុសលោក ហ៊ុន សែន ទីពីរ គឺលោក ហ៊ុន ម៉ានិត ដែលកាន់កិច្ចការខាងផ្នែកចារកម្មយោធា បានសម្ដែងការព្រួយបារម្ភចំពោះកម្លាំងបញ្ញាវន្តក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការធ្លាក់ទឹកចិត្តនឹងសម្ពាធ EBA ពីអឺរ៉ុបនិងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិក ដែលជាប្រភពចំណូលដ៏ធំនិងច្រើនលើសលប់សម្រាប់សង្គមសេដ្ឋកិច្ច និងវិស័យអាទិភាពនានារបស់កម្ពុជា៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.