មេរៀនខ្លះៗពីការដួលរលំរបបលន់នល់ថ្ងៃទី១៧ខែមេសា


|
https://www.vodhotnews.com

លោក លន់ នល់ អតីតមេដឹកនាំក្នុងរបបសាធារណរដ្ឋ (រូបពី AP)

ថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥គឺថ្ងៃដែលរបបសាធារណរដ្ឋដឹកនាំដោយលោក លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដួលរលំទាំងស្រុង ដោយសាររបបនេះទន់ខ្សោយ មានអំពើពុករលួយធ្ងន់ធ្ងរ បណ្តាលឲ្យប្រជាពលរដ្ឋជួបទុក្ខលំបាក ហើយអាមេរិកដោះដៃពីកម្ពុជា។​

របបសាធារណរដ្ឋចាប់កំណើតឡើងនៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ។​ របបថ្មីនេះមានការគាំទ្រទាំងស្រុងពីរដ្ឋាភិបាលអាមេរិក។​

អំពើពុករលួយ បក្ខពួកនិយមធ្វើឲ្យប្រជាពលរដ្ឋកាន់តែរងទុក្ខ ខណៈអាមេរិកនៅតែបន្តទម្លាក់គ្រាប់បែកធ្វើឲ្យពលរដ្ឋខ្មែរសម្រេចចូលរួមជាមួយចលនាខ្មែរក្រហមកាន់តែខ្លាំង។​

ស្របពេលដែលចលនាកម្មុយនីស្តកំពុងតែរីករាលដាលលើបរិបទនយោបាយអន្តរជាតិនោះហើយសម្តេចសីហនុចូលរួមជាមួយខ្មែរក្រហមកាន់តែធ្វើឲ្យចលនាខ្មែរក្រហមស្ទុះឡើងកាន់តែខ្លាំងមួយកម្រិតទៀត។​

នៅពេលដែលខ្មែរក្រហមត្រូវការកម្លាំងទ័ពទប់ទល់ជាមួយចលនាពួកខ្មែរក្រហមនោះគឺកម្លាំងចុះខ្សោយស្តារលែងឡើងទៅហើយ។​
ការចុះខ្សោយដោយសារតែអំពើពុករលួយ កេងប្រវ័ញ្ចក្នុងជួរកងទ័ព។ នៅក្នុងជួរព័ទមានតែឈ្មោះគ្មានទ័ព ឬ ហៅទ័ពខ្មោចនោះ តម្រូវឲ្យរដ្ឋអំណាចកេណ្ឌកម្លាំងថ្មីនិងក្មេងៗទៅច្បាំងទាំងគ្មានបទពិសោធន៍ទទួលការបណ្តុះបណ្តាលបានតិច ឬ មិនទទួលបានការបណ្តុះបណ្តាលនោះវាកាន់តែគ្រោះថ្នាក់មួយកម្រិតទៀត។​

ដើមឆ្នាំ១៩៧៥ ចលនាខ្មែរក្រហមកាន់កាប់ទឹកដីជាច្រើនកន្លែងហើយបន្តដំណើរវាយយករាជធានីភ្នំពេញ។ ចលនាខ្មែរក្រហមស្ទុះទៅមុខ ចំណែកកម្លាំងលោក លន់ នល់ ចេះតែថយក្រោយរហូតដល់អស់ផ្លូវថយបន្តឬហៅថាទាល់ច្រក។

ឯកសារស្តីពីប្រវត្តិសាស្ត្រកម្ពុជាពីសតវត្សទី១ដល់ទី២០បានលើកឡើងថា ដោយសារអំពើពុករលួយ ធ្វើឲ្យគ្រួសារទាហានរបស់លោក លន់ នល់ ​ជួបការលំបាកទាហាននៅតាមទីតាំងប្រយុទ្ធខ្វះស្បៀងអាហារ ខ្វះសព្វាវុធនិងសីលធម៌ធ្លាក់ចុះធ្ងន់ធ្ងរជាដើម។

លោក លន់ នល់ មើលទៅសភាពការណ៍ទប់ទល់លែងបាន នៅថ្ងៃទី១ខែមេសាឆ្នាំនោះបានសម្រេចភៀសខ្លួនទៅប្រទេសឥណ្ឌូនេស៊ី នឹងបន្តសុំសិទ្ធិទៅរស់នៅរដ្ឋហាវ៉ៃទឹកដីសហរដ្ឋអាមេរិក។​ លោក លន់ នល់ បន្តរស់នៅអាមេរិក​រហូតដល់ស្លាប់នៅទីនោះនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ១៩៨៥។​

ចំណែកទ្រង់ ស៊ីសុវត្ថិ សិរិមតៈ សម្រេចមិនចាកចេញពីប្រទេសទេទោះជាមានការជួយសម្របសម្រួលពីអាមេរិកឲ្យព្រះភៀសព្រះកាយក៏ដោយគឺព្រះអង្គរក្សាដង្ហើមចុងក្រោយឲ្យចប់នៅលើដីកំណើត។

សារចុងក្រោយរបស់ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ផ្ញើទៅអាមេរិកគឺថា កំហុសធំរបស់របបសាធារណរដ្ឋជឿជាក់លើអាមេរិកខ្លាំងពេក។

នៅថ្ងៃទី១២ខែមេសាជាពេលវេលាចុងក្រោយ ដែលស្ថានទូតអាមេរិកស្នើឲ្យព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ចាកចេញពីកម្ពុជា ប៉ុន្តែព្រះអង្គបដិសេធបើទោះជាដឹងថា ពួកខ្មែរក្រហមដាក់ឈ្មោះព្រះអង្គនិងមេដឹកនាំរបបសាធារណរដ្ឋជាន់ខ្ពស់៦រូបផ្សេងទៀតជាជនក្បត់ត្រូវសម្លាប់ក៏ដោយ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles