ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2020-07-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ពាក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី ដែល​ករណី​ឃាតកម្ម​របស់​លោក នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។ អ្នក​ទាំង​នេះ​នៅ​តែ​ទាមទារ​រក​យុត្តិធម៌ និង​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា។

ពលករ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ពាក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី ដែល​ករណី​ឃាតកម្ម​របស់​លោក នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។ អ្នក​ទាំង​នេះ​នៅ​តែ​ទាមទារ​រក​យុត្តិធម៌ និង​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា។

 រូប៖ ពលករ​នៅ​ប្រទេស​ថៃ ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២០


ប្រជាពលរដ្ឋ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង​ និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​និទណ្ឌភាព​ ឬ​ភាព​គ្មាន​ទោស​ពៃរ៍​នៅ​កម្ពុជា ។ ពួក​គេ​ថា នឹង​ចូល​រួម​ផ្ដល់​ស្នាមមេដៃ និង​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ឲ្យ​លើស​ពី ៥០ម៉ឺន​នាក់(៥០០.០០០នាក់) ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី(ICC) ជួយ​រក​យុត្តិ​ធម៌​ជូន​ក្រុម​ជន​រង​គ្រោះ ដោយ​អំពើ​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌ ក្រោម​​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នា​ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា ចាប់​តាំង​ពី​ពិធី​បុណ្យ​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត​កែម ឡី កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា។

ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​បក្ស​ប្រឆាំង លើក​ឡើង​ថា ពួកគេ​បាន​យល់​ដឹង​ច្រើន​ពី​អំពើ​ឃាតកម្ម​ដោយ​រដ្ឋ​អំណាច​នៅ​កម្ពុជា​ជាង​ពីរ​ទសវត្សរ៍​មក​នេះ ហើយ​ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​តែង​តែ​គេច​ផុត​ពី​សំណាញ​ច្បាប់ ដូច្នេះ​ពួក​គេ​គាំ​ទ្រ​ចំពោះ​ការ​បង្កើត​ចលនា​មួយ​ដែល​ស្វែង​រក និង​ជំរុញ​ឲ្យ​មានការ​រួមគ្នា​ក្នុង​ការ​ថ្កោល​ទោស​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​នៅ​ក្នុង​របប​លោក ហ៊ុន សែន នាំ​យក​ជនល្មើស​ទៅ​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​នូវ​និទណ្ឌភាព​ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា។

សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀស​ខ្លួន លោក ជីម សុផាត ដែល​បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី ក្នុង​ខេត្ត​សមុទ្រ​ប្រាកាន ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១២ កក្កដា​ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ លោក​សាទរ​ចំពោះ​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​យុទ្ធនាការ​នេះ ហើយ​លោក​រំពឹង​ថា ​ជន​មាន​អំណាច​ដែល​នៅ​ពី​ក្រោយ​ខ្នង និង​ឃាតក​​​ពិត​ប្រាកដ​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នឹង​ត្រូវ​បាន​នាំ​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។ លោក​បន្ត​ថា ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព ក្រៅ​តែ​ពី​ជន​សាមញ្ញ​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង ក៏​មាន​អ្នក​នយោបាយ អ្នក​សារព័ត៌មាន តារាភាពយន្ត តារា​ចម្រៀង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ រួម​ទាំង​ព្រះសង្ឃ​ជា​បញ្ញវន្ត​ជា​ដើម ដែល​ត្រូវ​បាន​ធ្វើ​ឃាត ប៉ុន្តែ​តុលាការ​ក្រោម របប​លោក ហ៊ុន សែន ​មិន​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន​នៅ​ឡើយ​ទេ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ៖ «ប្រទេស​យើង​មាន​ច្បាប់ ប៉ុន្តែ​ការ​សម្លាប់​មនុស្ស​ដូច​ជា​សេរី សេរី​ណាស់ សម្លាប់​អត់​មាន​ខ្លាច​​ញញើត​ទេ ដោយ​សារ​តែ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ធំ​។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ខ្មែរ ខ្ញុំ​ប្ដេជ្ញា​ចិត្ត រក​យុត្តិ​ធម៌​ជូន​លោក​បណ្ឌិត កែម ឡី ឲ្យ​ខាន​តែ​បាន ជា​ពិសេស​អ្នក​ដែល​ស្លាប់​បាត់​បង់​ជីវិត កែម ឡី ឈុត វុទ្ធី ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​អ្នក​ដទៃៗ ទៀត​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​លោក ហ៊ុន សែន»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​លោក​ស្រី នួន សុខុម បញ្ជាក់​ជំហរ​ថា លោក​ស្រី​គាំ​ទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឲ្យ​មាន​យុទ្ធ​នា​ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នេះ ដើម្បី​ផ្លាស់​ប្ដូរ​របប​ផ្ដាច់​ការ​នៅ​កម្ពុជា ហើយ​រក​យុត្តិ​ធម៌​ជូន​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ទៅ​ដោយ​ភាព​អយុត្តិធម៌៖ «គឺ​ខ្ញុំ​ចង់​ទាម​ទារ​ឲ្យ​មាន​យុត្តិ​ធម៌​ឡើង​វិញ​នៅ​ប្រទេស​ខ្មែរ​យើង មាន​សិទ្ធ​សេរី​ភាព​ក្នុង​​ការ​បញ្ចេញ​មតិ។ សូម្បី​តែ​ខ្មែរ​យើង​បញ្ចេញ​មតិ និយាយ​អ្វី​ដែល​ជា​ការ​ពិត ក៏​យើង​និយាយ​អត់​បាន អញ្ចឹង​ហើយ​យើង​ធ្វើ​ពិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​ថ្មី»

ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប ៤ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ល្បី​ល្បាញ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា​នោះ ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ​បាន​ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម ​ជា​ពិសេស​ហិង្សា​នយោបាយ នាំ​មក​នូវ​យុត្តិ​ធម៌​ដល់​ជន​រងគ្រោះ នាំ​មក​នូវ​ភាព​ស្ងប់​ចិត្ត និង​កក់​ក្ដៅ​ជូន​ដល់​ប្រជា​រាស្ត្រ​ខ្មែរ។

សេចក្ដី​ថ្លែង​ការណ៍​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​ពលករ​ខ្មែរ​ជាច្រើន​គាំទ្រ និង​ចូល​រួម​ធ្វើ​យុទ្ធនាការ​នេះ​ដោយ​ផ្ទាល់​ និង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សង្គម​ជាដើម ជាពិសេស​សកម្មជន និង​ពល​រដ្ឋ​នៅ​ក្រៅ​ប្រទេស។ លើស​ពី​នេះ សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ បាន​ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ​ឲ្យ​បាន​ដឹង​ដល់​ពលករ​ខ្មែរ​នៅ​តាម​តំបន់ និង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ដូចជា ខេត្ត​នុនថបុរី ខេត្ត​សមុទ្រ​ប្រាកាន ខេត្ត​រ៉ាក់​យ៉ង ដែល​មាន​ពលករ​ជា​ច្រើន​កំពុង​រស់​ និង​ធ្វើ​ការ។

ក្រៅ​ពី​ប្រទេស​ថៃ​នោះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក ម៉ាត់ វណ្ណនី បាន​បញ្ជាក់​ថា លោក ក៏​គាំ​ទ្រ​ចំពោះ​យុទ្ធនាការ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ ដោយ​យល់ថា យុទ្ធនាការ​នេះ អាច​ផ្ដល់​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។ លោក ​មាន​ក្តី​សង្ឃឹម​ច្រើន ដោយ​សារ​យុត្តិធម៌​សម្រាប់​មនុស្ស​ គឺជា​រឿង​សំខាន់ ហើយ​ករណី​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ បាន​ដឹង និង​ឃើញ​កាន់​តែ​ច្បាស់​អំពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក ​អះ​អាង​ថា ទោះបី​ជា​កម្ពុជា​មិន​ទាន់​មាន​បត្យាប័ន ជាមួយ​ប្រទេស​លោក​សេរី​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​បទ​ល្មើស​នេះ ​អាច​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ប្រសិន​បើ​ពួកគេ​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រ​ទេស៖ «យើង​គាំ​ទ្រ យើង​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ គឺ​យើង​ចូល​រួម​តាម​រយៈ ដូច​ជា​យើង​ផ្ដល់​ស្នាម​មេ​ដៃ និង​ឈ្មោះ ហើយ​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ដើម្បី​ឲ្យ​ប្រជា​ជន​ខ្មែរ នៅ​ទូទាំង​ពិភព​លោក​ហ្នឹង គាត់​បាន​ដឹង​ឮ​អំពី​អំពើ​និទណ្ឌភាព ក៏​ដូច​ជា​អំពើ​អយុត្តិធម៌​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង។ ចំណុច​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​គេ​ចង់​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុ​ជា យើង​មិន​អាច​រក​យុត្តិ​ធម៌​បាន​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ។ ដូច្នេះ​ហើយ បាន​ជា​យើង​ស្វែង​រក​យុត្តិ​ធម៌​នៅ​អន្តរ​ជាតិ​ទៅ​វិញ»

ចំណែក​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត ជា​ជាង​ជួល​ជុល​កុំព្យូទ័រ និង​កាមេរ៉ា​សុវត្ថិ​ភាព នៅ​ខេត្ត​សៀមរាប លោក នង ធារ៉ា លើក​ឡើង​ថា តាម​ការ​សង្កេត​ឃើញ​របស់​លោក គឺ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​ករណី​សម្លាប់​ហើយ​រក​ឃាតក​ពិត​មិន​ឃើញ ដូច្នេះ​លោក​ក៏​ចង់​ឲ្យ​តុលា​ការ​វែកមុខ​រក​ឃាតក​ពិត​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ មិន​មែន​យក​ឃាតក​សិប្ប​និម្មិត​មក​ផ្ដន្ទាទោស​ជំនួស​នោះ​ទេ៖ «ខ្ញុំ​គាំ​ទ្រ​ពេញ​ទំហឹង​នូវ​យុទ្ធនាការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ បើ​សិន​ជា​យើង​មិន​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ពេល​នេះ អ្នក​រង​គ្រោះ​ទៅ​ថ្ងៃ​ក្រោយ​ហ្នឹង វា​អាច​មាន​ទៀត។ យើង​ចង់​បាន​ប្រទេស​កម្ពុជា​យើង​​មួយ​ដែល​ស្អាត​ស្អំ​ មិន​មាន​និទណ្ឌភាព និយាយ​រួម​ទៅ​មិន​មាន​អ្នក​ណា​មួយ​ស្ថិត​នៅ​លើ​ច្បាប់ ចង់​ឲ្យ​នៅ​ក្រោម​ច្បាប់​ទាំង​អស់​គ្នា អ្នក​ណា​ប្រព្រឹត្ត​ខុស មក​ទទួល​ខុស​ចំពោះ​មុខ​ច្បាប់​មក»

ទាក់​ទង់​នឹង​ករណី​នេះ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន បាន​ទេ​ នៅ​ថ្ងៃ​ទី១២ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ដោយឡែក អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​លោក សុខ ឥសាន ចាត់​ទុក​សកម្ម​ភាព​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​ថា ជា​នយោបាយ​បោក​ប្រាស់​ ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ និង​ដើម្បី​កេង​​ចំណេញ​​នយោបាយ​ពី​រឿង​ឃាតកម្ម​​បណ្ឌិត កែម ឡី។ បន្ថែម​ពី​នេះ លោក​ចោទ​ថា អ្នក​ដែល​ចូល​រួម ឬ​គាំទ្រ​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​​ដែល​ត្រូវ​បាន​​តុលា​ការ​កំពូល​រំលាយ​កាល​ពី ឆ្នាំ​២០១៧ ហើយ​នោះ គឺ​ជា​ការ​ចូលរួម​ប្រព្រឹត្ត​អំពើខុស​ច្បាប់​ផង​ដែរ៖ «បើ​គាត់​ចង់​ធ្វើ​ឲ្យ​លុប​វប្ប​ធម៌​និទណ្ឌភាព ឲ្យ​មក​ស្រុក​ខ្មែរ ដើម្បី​ទៅ​​ជាប់​​គុក​សិន​​បាន​វា​​ត្រឹម​ត្រូវ វា​បាត់​អា​វប្បធម៌​និទណ្ឌភាព។ អញ្ចឹង បង​ប្អូន​ដែល​ជឿ​តាម ដើរ​តាម​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ គឺ​ថា សុទ្ធ​តែ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់។ បើ​សិន​ណា​ជា​គាត់​ចង់​មិន​ឲ្យ​មាន​​បញ្ហា តាម​ផ្លូវ​ច្បាប់ គាត់​កុំ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ អា​ហ្នឹង​អត់​មាន​បញ្ហា​អី​ទេ។ អញ្ចឹង ត្រង់​ថា គាត់​ធ្វើ​អី អា​ហ្នឹង​ជា​សិទ្ធ​របស់​គាត់​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​បើ​ធ្វើ​ក្នុង​ប្រទេស​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​គណ​បក្ស​ឈ្នះ​ឆ្នោត អា​ហ្នឹង​គាត់​ធ្វើ​អ្វី​ដែល​ត្រូវ​ច្បាប់ អា​ហ្នឹង​រួច​ខ្លួន អត់​មាន​បញ្ហា តែ​បើ​ធ្វើ​ខុស​ច្បាប់ អា​ហ្នឹង​វា​មាន​បញ្ហា​ចំពោះ​​ផ្លូវ​​ច្បាប់»

រីឯ​នា​យក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​រំលឹក​ខួប​ជូន​លោក​បណ្ឌិត កែម ឡី គឺ​ជា​ប្រពៃ​ណី​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អង្គ​ការ​ជាតិ អន្តរ​ជាតិ​ជាច្រើន ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក​បណ្ឌិត​ កែម ឡី។ សម្រាប់​យុទ្ធនាការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នេះ លោក​យល់​ថា ជា​សិទ្ធ​សេរី​ភាព​របស់​បុគ្គល​គ្រប់​រូប​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​សម្រាប់​តុលាការ​អន្តរ​ជាតិ គឺ​អាស្រ័យ​ទៅ​លើ​យុត្តាធិការ​របស់​គេ៖ «ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​យល់​ថា​ ចង់​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី​ អា​នេះ​វា​ជា​សិទ្ធ​សេរី​ភាព​របស់​គាត់​ទេ។ កន្លង​មក​ មាន​តែ​លោក​ជួប សម្លាប់ មួយ​ទេ ​ដែល​ត្រូវ​បាន​ចាប់ ហើយ​​នឹង​​ផ្ដន្ទាទោស អញ្ចឹង​គឺ​យើង​ចង់​ឲ្យ​មាន​ការ​ពន្លឿន​ការ​ស៊ើប​អង្កេត ដើម្បី​រក​អ្នក​ពាក់​ព័ន្ធ ហើយ​នឹង​ជន​​ដៃ​ដល់​យក​​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​ការ​ផ្ដល់​យុត្តិ​ធម៌​ដល់​លោក​បណ្ឌិត កែម ឡី។ តាម​ការ​ពិត​ទៅ​ប្រទេស​យើង​មាន​ច្បាប់ មាន​ទម្លាប់ ហើយ​កាល​ដែល​មាន​បទ​ល្មើស​កើត​ឡើង​ក្នុង​ការ​ធ្វើ​ឃាត ឬ​ក៏​ឃាត​កម្ម អា​ហ្នឹង​ត្រូវ​តែ​ស្វែង​​រក​យុត្តិ​ធម៌​សម្រាប់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត ដើម្បី​បំបាត់​នូវ​និទ្ទណ្ឌភាព​សម្រាប់​ប្រទេស​​យើង​ដែល​ជា​ប្រទេស​មួយ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ»

ក្នុង​រយៈ​កាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទណ្ឌភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា។ គិត​ត្រឹម​តែ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ជន​រងគ្រោះ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក្លាយ​ជា​ជន​ពិការ ហើយ​ជនល្មើស​មិន​ត្រូវ​បាន​វែក​មុខ។ ដោយ​ត្រួសៗ ជន​រងគ្រោះ​ទាំង​នោះ រួម​មាន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារា​ភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្ម​ជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ ព្រម​ទាំង​ទាហាន និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជិត ១០០នាក់ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ១៩៩៧។ ចំណែក​ឃាតកម្ម​មក​លើ​អ្នក​សារព័ត៌មាន​វិញ គិត​ចាប់​ពី​ឆ្នាំ១៩៩៤ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ចំនួន ១០​នាក់​ហើយ ត្រូវ​បាន​ធ្វើ​ឃាត បន្ទាប់​ពី​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ឬ​រាយ​ការណ៍​អំពើ​ពុករលួយ​របស់​មន្ត្រី​អ្នក​មាន​អំណាច ។ ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ចុង​ក្រោយ​នេះ គឺ​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ដើម្បី​យុត្តិ​ធម៌​នៅ​កម្ពុជា"

  1. Anonymous says:

    Cambodian people and her country only rely on UN ‘ that can help ‘otherwise won’t go anywhere ‘

  2. Sosocheath says:

    ៥០មុឺននាក់ហ្នឹង សូម្បីតែហែកកាដួយស្អុយ
    ម៉ែអ្ហែងឲ្យចេញកូនម្តងដប់ ក៏រកមិនបានដែរ
    អាពូជសំផឹង !
    អ្ហែងភ្លេចអារឿងស្នាមមេដៃ ដែលកន្លងមក
    ពួកអាកូនមីកាដួយអាយះអ្ហែងហ្នឹង ផ្តឹតម្នាក់ឯង
    ជាងម៉ារយនាក់ហេីយមែនទេ អាពូជឆ្កែ !

  3. Anonymous says:

    that was HUN NAL’s slaved words how can this animal said his boss was a high educated person according to what his slave speaking on media every one is already know the boss and his slave are the lowest educated person on art. get lost go hell the person like you should have not been born as human being.

  4. Anonymous says:

    So Socheath = So Cheth = death ? Number •